28.4 C
Phnom Penh

ព្រះ​សង្ឃធ្វើ​ធម្មយាត្រាបិទ​ផ្លូវ​ជាតិ​លេខ​៥​ ដោយសារ​​ខឹង​អាជ្ញាធរមិន​អនុញ្ញាត​ឲ្យ​ចូល​សម្រាក​ក្នុង​វត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​សង្ឃ​ដែលកំពុង​​ធ្វើ​ធម្មយាត្រា​ឆ្ពោះ​មក​រាជធានីភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ថ្ងៃអង្គារ នៅ​មុខ​រដ្ឋ​សភា​​ នៅ​តែ​​មិន​បាន​ទទួល​​ការ​ស្វាគមន៍​​ដោយ​កក់​ក្តៅ​​ពី​វត្ត​មួយ​ចំនួន​នៅ​តាម​ផ្លូវ​ ហើយ​បាន​តវ៉ា​ដោយ​ការ​បិទ​ផ្លូវ​ជាតិ​​កាលពី​រសៀល​ម្សិលមិញ​។

អ្នក​​ធ្វើ​​ធម្មយាត្រា​ប្រហែល​១០០​នាក់​រួម​ទាំង​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​ដែរ​នោះ បាន​បិទ​ផ្លូវ​ជាតិ​លេខ​៥​​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ កាល ពីល្ងាច​ម្សិលមិញ បន្ទាប់ពី​វត្តមួយ​នៅ​ក្នុង​ក្រុង​កំពង់​ឆ្នាំង មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ធម្ម​យាត្រា​ចូល​សម្រាក​នៅ​ក្នុង​វត្ត​នោះ។

លោក ស ម៉ូរ៉ា ប្រធា​ន​ស​ហ​ព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​ និង​សេវាកម្ម​កម្ពុជា​ មាន​​ប្រសាសន៍​ថា “យើង​បាន​បិទ​ផ្លូវ​តាំង​ពី​ម៉ោង​៥​ល្ងាច​ ហើយ​យើង​កំពុង​អង្គុយ​​និង​ឈរ​នៅ​តាម​​​​​​​​​​ផ្លូវ​នេះ​ ព្រោះគណៈ​​​​កម្មាធិការ​វត្ត​​នោះ​​​មិន​អនុញ្ញាត​ឲ្យ​យើង​ចូល​សម្រាក​ក្នុង​វត្ត​ទេ​”។ លោក​បាន​បន្ថែម​ថា “ព្រះ​សង្ឃ​នៅ​វត្ត​នេះ​បាន​ព្រម​ព្រៀង​អនុញ្ញាត​ឲ្យ​យើង​ចូល​សម្រាក​ ប៉ុន្តែ​​គណៈ​កម្មាធិការ​វត្ត​​បាន​ជំទាស់​ ហើយ​បាន​ចាក់​សោ​កុដិ​ព្រះ​សង្ឃ​ទាំង​អស់​”។

កាលពី​ថ្ងៃពុធ ព្រះ​តេជគុណ​ ប៊ុន​ ប៊ុន​ទិញ ដែល​ដឹកនាំ​បណ្ដាញ​ព្រះ​សង្ឃ​ឯក​រាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​បាន​ជួយ​រៀប​ចំ​ដំណើរ​ធម្មយាត្រា​នេះ​បាន​មាន​សង្ឃដីកា​ថា វត្ត​​បាន​​ព្រម​​ព្រៀង​ឲ្យ​អ្នក​ធ្វើ​ធម្មយាត្រា​ចូល​ស្នាក់​នៅ​​​​​​​​​​មួយ​យប់​ដោយ​ស្ទាក់​ស្ទើរ​​បន្ទាប់​ពី​​បាន​បដិសេធ​លើក​ដំបូង​ដោយ​សារ​ខ្លាច​​ខុស​ច្បាប់​​​​​​​អាជ្ញាធរ​មូល​ដ្ឋាន​។ គេ​មិន​អាច​​ទាក់​ទង​គណៈកម្មាធិការ​វត្ត​ដើម្បី​សុំការ​បំភ្លឺ​បាន​ទេ​។

លោក អ៊ា ប៊ុនធឿន ​នាយការិយាល័យ​​នគរ​បាល​ចរា​​ចរ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា វត្ត​នេះ​​​​មិន​ព្រម​ឲ្យ​អ្នក​ធ្វើ​ធម្មយាត្រា​ចូល​សម្រាកទេ ពីព្រោះ​ពួកគេ​មិន​បាន​ទទួល​ការ​អនុញ្ញាត​​​​​​​ជាមុន​។ លោក ប៊ុនធឿន បាន​មាន​ប្រសាសន៍​ថា “អ្ន​ក​ធ្វើ​ធម្មយាត្រា​បាន​បិទ​ផ្លូវ​ ពីព្រោះពួក​គេ​ខឹង​នឹង​ព្រះ​សង្ឃ​​វត្ត​នេះ​ដែល​បាន​បិទ​ខ្លោង​ទ្វារ​វត្ត​មិនឲ្យ​ពួក​គេ​​ចូល​ ពីព្រោះ​ពួក​គេ​មិន​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ជាមុន។ ខ្ញុំ​និង​មន្ត្រី​របស់​ខ្ញុំ​កំពុង​ស្នើសុំ​ឲ្យ​ពួកគេ​ចាក​ចេញ​ពី​ផ្លូវ​នេះ​ដើម្បី​ធ្វើ​ចរាចរ​ណ៍​”។

ព្រះ​សង្ឃ​ប្រហែល​១០០​អង្គ បាន​ចាប់​ផ្ដើម​ធ្វើ​ធម្មយាត្រា​រយៈ​ពេល​១០​ថ្ងៃ​ កាល​ពីថ្ងៃ​អាទិត្យ​ ចេញ​ពី​ចំណុច​នានា​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥​ ដើម្បី​ប្រគល់​ញត្តិ​​អំពី​​ការ​រំលោភ​​សិទ្ធិមនុស្ស ​ជូន​សមាជិក​សភា​គណ​​​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ពេល​មក​ដល់​រដ្ឋសភា​។ ​ប៉ុន្តែ​ មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ជំទាស់​នឹ​ងធម្ម​យាត្រា​នេះ ហើយ​វត្ត​មួយ​ចំនួន​នៅ​តាមផ្លូវ​ជា​តិ​នេះ​​​បាន​បដិសេធ​មិន​ឲ្យ​ពួកគេ​ចូល​ទេ។

ព្រះតេជគុណ​ កែវ សុម៉ាលី ដែល​ស្ថិត​នៅ​​ក្នុង​ចំណោម​ព្រះ​សង្ឃ​១៩​អង្គ​ និង​អ្នក​គាំទ្រ​៨០​នាក់​ ដែល​កំពុង​ធ្វើ​ធម្មយាត្រា​ឆ្ពោះ​មក​រាជធានីភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ​៣​បាន​មាន​​​សង្ឃ​ដីកា​កាលពីម្សិលមិ​ញ​ថា វត្តមួយ​នៅ​ក្នុង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ធម្មយាត្រា​ចូល​ឈប់​សម្រាក​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ទេ ប៉ុន្តែ​ក្រុម​អ្នក​ធ្វើ​ធម្មយា​ត្រា​បាន​ចូល​ទៅ​ក្នុង​វត្ត​​នោះ​តែ​ម្ដង​។

ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​ថា “គណៈ​កម្មាធិការ​វត្ត​នោះ​បាន​បដិសេធ​នៅ​ពេល​យើង​​​ស្នើ​សុំ​ឈប់​សម្រាក​​សម្រាប់​អាហារ​ថ្ងៃត្រង់​នៅ​ក្រោម​ដើម​ឈើ​ធំមួយ​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​យើង​មិន​ស្ដាប់​ពួកគេ​ទេ ពីព្រោះ​យើង​គ្មាន​កន្លែង​ផ្សេង​ឈប់​សម្រាក​ឡើយ។ អាត្មា​គិត​ថា គណៈកម្មាធិការ​វត្ត​នេះ​​​មិន​ចង់​​​​ឲ្យ​យើង​ចូល​សម្រាក​ ពីព្រោះ​ពួក​គេ​ចោទ​យើង​ថា​ ជាក្រុម​ប្រឆាំង​៕ គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស