28 C
Phnom Penh

​​​អ្នក​​​ផ្សព្វ​​​ផ្សាយ​​​សាសនាគ្រិស្ត​​​​​​​​​នឹង​​​ត្រូវ​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​ក្មេង​​​ប្រុស​​​ប្រាំ​​​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​ប្រឆាំង​​​ការ​​​ជួញដូរ​​​មនុស្ស​​​បានលើក​​​ឡើង​​​ថា បុរស​​​ជន​​​ជាតិ​​​អាមេរិក​​​ ​​​ ឈ្មោះ ដានី​​​ញែល ចន​​​សុន ជា​​​អ្នក​​​ផ្សព្វ​​​ផ្សាយ​​​សាសនា​​​គ្រិស្ត​​​ដែ​​​ល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពីបទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​ប្រព្រឹត្ត​​​នៅក្នុង​​​សហរដ្ឋ​​​អាមេរិក​​​ នឹង​​​ចូល​​​ខ្លួន​​​ទៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញនៅ​​​ថ្ងៃ​​​នេះ ដើម្បី​​​ទទួល​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​ក្មេង​​​ប្រុស​​​អនីតិជន​​​កម្ពុជា​​​ប្រាំ​​​នាក់​​​នៅ​​​ឯ​​​មណ្ឌល​​​កុមារ​​​​​​កំព្រា​​​​​​មួយ​​​កន្លែង​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

ការ​​​រំលោភ​​​បំពាន​​​នេះ​​​បានកើត​​​ឡើង​​​នៅ​​​មណ្ឌល​​​កុមារកំព្រា Home of Hope ​​​ក្នុងសង្កាត់​​​បឹងទំពុន​​​ ខណ្ឌ​​​មាន​​​ជ័យ​​​ ជា​​​គម្រោង​​​មួយ​​​ក្នុង​​​ចំណោម​​​គម្រោង​​​​​​មួយ​​​ចំនួននៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​អង្គការ​​​គ្រីស្ទាន   Hope Transitions របស់​​​ជន​​​សង្ស័យ​​​។ លោក ប៉ុល ពិថី ប្រធាន​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៃ​​​ក្រសួង​​​មហាផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រតិបត្តិការ​​​ឃាត់​​​ខ្លួនជន​​​សង្ស័យ​​​ធ្វើ​​​ឡើង​​​ដោយ​​​​​​​​​​​ការិយាល័យ​​​សហ​​​ព័ន្ធ​​​ស៊ើប​​​អង្កេត​​​ FBI របស់​​​សហរដ្ឋ​​​អាមេរិក​​​ ប៉ុន្តែ ការ​​​លាត​​​ត្រដាង​​​តាម​​​ក្រោយ​​​ដោយ​​​កុមារ​​​រស់​​​នៅ​​​ជាមួយ​​​ជន​​​សង្ស័យ​​​នៅ​​​មណ្ឌល​​​កុមារ​​​កំព្រា​​​ បាន​​​បង្ហាញ​​​ពីវិសាល​​​ភាព​​​ធំ​​​ធេង និង​​​ភាព​​​ស្មុគ​​​ស្មាញ​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “[កាលពី​​​ម្សិលមិញ​​​] យើង​​​បាន​​​ឆែក​​​ឆេរ​​​កន្លែង​​​របស់​​​ជន​​​សង្ស័យ​​​ដើម្បី​​​រក​​​ភ័ស្តុតាង​​​ ប៉ុន្តែ សំណុំ​​​រឿង​​​នេះ​​​ស្មុគ​​​ស្មាញ​​​ណាស់​​​ ហើយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​មនុស្ស​​​ជាច្រើន​​​”។ លោក​​​​​​មាន​​​ប្រសា​​​សន៍​​​ទៀត​​​ថា ការ​​​សាក​​​សួរ​​​កុមារ​​​ កាលពី​​​ថ្ងៃច័ន្ទ បាន​​​រកឃើញ​​​ជន​​​រង​​​គ្រោះ​​​បី​​​នាក់​​​ ប៉ុន្តែ ការ​​​សាក​​​សួរ​​​បន្ថែម​​​ទៀត​​​បានធ្វើ​​​ឲ្យ​​​ចំនួន​​​ជន​​​រង​​​គ្រោះកើន​​​ឡើង​​​ដល់​​​ប្រាំនាក់។

លោក យី ម៉ូដែន អនុប្រធាន​​​ចុះ​​​ប្រតិបត្តិ​​​ការ​​​ផ្ទាល់​​​នៃអង្គការសកម្មភាព​​​ដើម្បីកុមារ​​​ដែល​​​បាន​​​ជួយ​​​តាម​​​ដាន​​​សកម្មភាព​​​របស់​​​ដានី​​​ញែល ចន​​​សុន និង​​​ជួយ​​​អាជ្ញាធរ​​​កម្ពុជា​​​សាក​​​សួរ​​​កុមារ​​​នៅ​​​មណ្ឌល​​​កុមារ​​​កំព្រា​​​ ​​​Home of  Hope ​​​​​​​​​ បានមាន​​​ប្រសាសន៍​​​​​​ កាលពី​​​ម្សិលមិញ​​​​​​ថា ពេលនេះ​​​កុមារ​​​ទាំង​​​២៩នាក់​​​ត្រូវ​​​បាន​​​ផ្លាស់​​​​​​ទៅ​​​​​​រស់​​​នៅ​​​ក្នុង​​​បរិស្ថាន​​​ថែទាំ​​​ដែល​​​មាន​​​​​​សុវត្ថិភាព​​​ហើយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​រង​​គ្រោះ​​​​​​ទាំង​​​ប្រាំ​​​នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​អង្គការ​​​ Hagar [International Cambodia] ជា​​​អ្នក​​​មើល​​​ថែ រីឯ​​​កុមារ​​​ដែល​​​នៅ​​​សេស​​​សល់​​​ទាំង​​​២៤នាក់​​​មក​​​ពី​​​អង្គការ​​​ ​​​​​​Hope Transitions ត្រូវ​​​បាន​​​បញ្ជូន​​​ឲ្យ​​​អង្គការ​​​ Aspeca [ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​របស់​​​បារាំង​​​ដែល​​​គ្រប់​​​គ្រង​​​មណ្ឌល​​​កុមារ​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ប្រទេស កម្ពុជា​​​] ជា​​​អ្នក​​​មើល​​​ថែ​​​”។

ការ​​​ស៊ើប​​​អង្កេត​​​បាន​​​លាត​​​ត្រដាង​​​ថា មណ្ឌល​​​កុមារកំព្រា​​​ Hope Transitions ក៏​​​ធ្វើ​​​ប្រតិបត្តិការ​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ពី​​​រដ្ឋា​​​ភិ​​​បាល​​​ដែរ  ដែលលោក​​​ យី ម៉ូដែន ​​​មាន​​​ប្រសា​​​សន៍​​​​​​ថា វា​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​​​ជា​​​ចាំបាច់​​​ឲ្យ​​​រដ្ឋាភិបាល​​​ត្រួត​​​ពិនិត្យ​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ប្រសើរ​​​នៅ​​​តាម​​​មណ្ឌល​​​ថែទាំ​​​កុមារ​​​នានា​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

លោក យី ម៉ូដែន បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “យើង​​​ទើបតែ​​​ដឹង​​​រឿង​​​ [ ចន​​​សុន​​​] ដោយ​​​សារ​​​តែ​​​ការ​​​ស៊ើបអង្កេត​​​របស់​​​ FBI ប៉ុន្តែ​​​យើង​​​បាន​​​រក​​​ឃើញ​​​ថា គ្មានការ​​​ចុះ​​​បញ្ជី​​​ទេ​​​ ហើយ​​​ថា គាត់បានរស់នៅមណ្ឌល​​​​​​កុមារកំព្រា​​​ជា​​​មួយ​​​ ដោយ​​​គ្មាន​​​ការ​​​គោរព​​​តាម​​​គោល​​​ការ​​​ណ៍​​​ណែនាំ គ្មាន​​​ការ​​​ការពារ​​​កុមា​​រ​​​ឡើយ ពោលគឺ​​​គ្មាន​​​អ្វី​​​ទាំង​​​អស់​​​។ លោក​​​បាន​​​បន្ត​​​ថា បច្ចុប្បន្ន​​​​​​អង្គការ​​​សកម្មភាព​​​ដើម្បីកុមារ​​​កំពុង​​​ស៊ើប​​​អង្កេត​​​អង្គការ​​​មួយ​​​ចំនួន​​​ទៀត​​​ ដែល​​​មាន​​​បុគ្គលិក​​​ជាប់​​​សង្ស័យ​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​កុមារ​​​ដែល​​​ស្ថិត​​​ក្រោម​​​ការ​​​មើល​​​ថែទាំ​​​របស់​​​ខ្លួន​​​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​ Hope Transitions ក៏​​​ធ្វើ​​​ប្រតិបត្តិការ​​​គម្រោង​​​នៅក្នុង​​​ខេត្ត​​​ព្រៃវែង​​​ និង​​​ខេត្ត​​​កំពតផងដែរ​​​ ហើយ​​​ដំណាក់​​​​​​កាល​​​បន្ទាប់​​​នៃសុំណុំ​​​រឿង​​​នេះ​​​​​​ត្រូវ​​​ស៊ើប​​​អង្កេត​​​ពី​​​ទំហំ​​​ពេញ​​​លេញ​​​នៃ​​​បណ្តាញ​​​របស់ ដានី​​​ញែល ចន​​​សុន ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

យោង​​​តាម​​​អាចារ្យសាសនាគ្រិស្ត​​​ ​​​ស៊ីណៃ ភឿក ប្រធាន​​​អង្គការ New Hope for Orphans (NHO) ជាអង្គការ​​​ក្រៅ​​​រដ្ឋាភិបាលគ្រីស្ទាន​​​ដែល​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​​​​ត្រឹម​​​ត្រូវ​​​ និង​​​ដែល ដានី​​​ញែល ចន​​​សុនី បាន​​​ធ្វើ​​​ជា​​​អ្នក​​​ទី​​​ប្រឹក្សា​​​​​​​​​ស្ម័គ្រ​​​ចិត្ត​​​របស់ក្រុ​​​ម​​​ប្រឹក្សា​​​នាយក​​​រហូត​​​ដល់​​​កាលពី​​​បី​​​ឆ្នាំ​​​មុន​​​ បានមាន​​​ប្រសាសន៍​​​​​​ថា ជន​​​សង្ស័យ​​​បានរស់​​​នៅក្នុង​​​​​​​​​ប្រទេស​​​កម្ពុជា​​​​​​អស់​​​រយៈពេល​​​​​​១០ឆ្នាំ​​​មក​​​ហើយ​​​។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ភ្ញាក់​​​ផ្អើល​​​ណាស់​​​ពី​​​ព្រោះគាត់​​​បាន​​​ជួយ​​​ដល់​​​គម្រោង​​​ជាច្រើន​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​​​បាន​​​ជួយ​​​ប្រជាពលរដ្ឋ​​​ក្រី​​​ក្រ​​​ជាច្រើន​​​នៅ​​​ទី​​​នេះ​​​”។

លោក​​​​​​ ស៊ីណៃ ភឿក ដែល​​​បាន​​​ជួយ​​​​​​នគរ​​​បាល​​​នៅក្នុង​​​ការសាក​​​សួរ​​​ជន​​​រងគ្រោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិ​​​ន​​​អាច​​​និយាយ​​​ច្រើន​​​​​​ពេក​​​អំពី​​​​​សំណុំ​​​រឿង​​​នេះបានទេ​​​ ពីព្រោះ​​​ការ​​​ស៊ើប​​​អង្កេត​​​ដែល​​​មានការ​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​ដោយ FBI កំពុង​​​តែ​​​បន្ត​​​។ លោក​​​ក៏​​​មាន​​​ប្រសា​​​សន៍​​​​​​ដែរ​​​ថា តាម​​​ដែល​​​លោក​​​ដឹង​​​គឺថា ដានី​​​ញែល ចន​​​សុន ជាអ្នក​​​ចុះ​​​បញ្ជី​​​អង្គការ​​​  ​​​​​​Hope Transitions ហើយ​​​ថា គាត់​​​ទទួល​​​បាន​​​អាជ្ញាប័ណ្ណ​​​ពីរសម្រាប់​​​សាងសង់​​​ព្រះ​​​វិហារ​​គ្រិស្ត​​​នៅ​​​តាម​​​ខេត្ត។

អាចារ្យ​​​គ្រិស្ត​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តាម​​​ទស្សនផ្ទាល់​​​ខ្លួន​​​ ខ្ញុំ​​​មិនជឿថា គាត់​ធ្វើ​​​អ្វី​​​ផ្តេស​​​ផ្តាស​​​លើកុមារ​​​នោះ​​​ទេ​​​។ ខ្ញុំ​​​ស្គាល់​​​គាត់​​​ប្រាំបួន​​​ឆ្នាំ​​​ហើយ ហើយ​​​គាត់​​​ជា​​​សុភាព​​​បុរស​​​។ អ្នក​​​កាសែត​​​មិន​​​គួរ​​​សរសេរ​​​ចុះ​​​ផ្សាយ​​​ថា គាត់​​​បាន​​​ធ្វើរឿង​​​ទាំង​​​អស់​​​នេះ​​​ឡើយ ពីព្រោះ​​​ពេល​​​នេះ​​​វា​​​មិនទាន់​​​មានការ​​​បញ្ជាក់​​​ច្បាស់លាស់នោះ​​​ទេ​​​”៕​​​ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស