តុលាការខេត្តកណ្ដាលបានចោទប្រកាន់មនុស្សប្រាំនាក់កាលពីម្សិលមិញ ពីបទលួចមានស្ថានទម្ងន់ទោសចំពោះការសង្ស័យថា ពួកគេបានជាប់ពាក់ព័ន្ធនៅក្នុងការលួចសារីរិកធាតុព្រះពុទ្ធកាលពីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ជាមួយនឹងកោដ្ឋមាសមួយដែលតម្កល់នៅក្នុងព្រះសក្យមុនីចេតិយនៅលើកំពូលភ្នំព្រះរាជទ្រព្យ។
លោក សំ រិទ្ធីវាសនា ព្រះរាជអាជ្ញារងខេត្តកណ្ដាល បានមានប្រសាសន៍ថា ជនសង្ស័យទាំងប្រាំនាក់ត្រូវបានព្រះរាជអាជ្ញាសាកសួរនៅតុលាការខេត្ត ហើយត្រូវបានឃុំខ្លួនរង់ចាំការស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរ។
នគរបាលបាននិយាយកាលពីថ្ងៃសុក្រថា សន្ដិសុខប្រាំមួយនាក់ក្នុងចំណោមសន្តិសុខនៅព្រះសក្យមុនីចេតិយត្រូវបានឃាត់ខ្លួនយកមកសាកសួររឿងលួចសារីរិកធាតុនេះ។
លោក រិទ្ធីវាសនា បានមានប្រសាសន៍ថា “ខ្ញុំបានចោទពួកគេកាលពីម្សិលមិញពីបទលួចមានស្ថានទម្ងន់ទោស ហើយបានបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួររួចហើយ”។ ប៉ុន្តែលោកបានបដិសេធមិនប្រាប់ព័ត៌មានលម្អិតផ្សេងទៀតអំពីជនសង្ស័យទំាងនេះទេ ពីព្រោះអាជ្ញាធរកំពុងស៊ើបអង្កេតរឿងនេះ។
អត្ថបទមួយចេញផ្សាយតាមគេហទំព័ររបស់នគរបាលជាតិកាលពីម្សិលមិញ បង្ហាញអត្តសញ្ញាណជនសង្ស័យម្នាក់ឈ្មោះ ផា សុខែម អាយុ៥៦ឆ្នាំជាប្រធានសន្ដិសុខនៅព្រះសក្យមុនីចេតិយនេះ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ដែលមន្ត្រីរបស់លោកកំពុងសហការនៅក្នុងការស៊ើបអង្កេតនេះបានមានប្រសាសន៍ថា គេបានរកឃើញព្រះពុទ្ធរូបជាង២០អង្គនៅក្នុងផ្ទះរបស់លោក សុខែម ដែលស្ថិតក្នុងឃុំព្រែកព្នៅ ស្រុកពញាឮ។
លោក ម៉ក់ ហុង មិនបានមានប្រសាសន៍អំពីសារៈសំខាន់នៃព្រះពុទ្ធរូបដែលគេបានរកឃើញនៅផ្ទះជនសង្ស័យរូបនេះទេ។ លោកបានមានប្រសាសន៍ថា “នគរបាលខេត្តកណ្ដាលបានចាប់ខ្លួនបុរសអាយុ៥៦ឆ្នាំម្នាក់ និងបានរកឃើញព្រះពុទ្ធរូបជាច្រើន។ នគរបាលកំពុងស៊ើបអង្កេតថា តើបុរសនេះជាប់ពាក់ព័ន្ធនឹងការលួចសារីរិកធាតុនេះមែន ឬអត់”។
សារីរិកធាតុចោរលួចនេះត្រូវបានដង្ហែមកពីប្រទេសស្រីលង្កា មកកាន់រាជធានីភ្នំពេញតាំងពីទសវត្សរ៍ឆ្នាំ១៩៥០ដើម្បីរំឭកដក់ពុទ្ធសករាជគម្រប់២.៥០០ព្រះវស្សា។ កាលពីឆ្នាំ២០០២មនុស្សរាប់សែននាក់បានឈរតម្រង់ជួរនៅតាមផ្លូវចន្លោះពីរាជធានីភ្នំពេញទៅភ្នំព្រះរាជទ្រព្យ នៅពេលដែលព្រះមហាក្សត្រ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដង្ហែសារីរិធាតុនោះទៅកាន់ព្រះសក្យមុនីចេតិយដែលសាងសង់អស់ទឹកប្រាក់៤,៥លានដុល្លារនេះ។
ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញបានមានសង្ឃដីកាកាលពីម្សិលមិញថា វាជារឿងអាម៉ាស់ណាស់ប្រសិនបើអាជ្ញាធររកសារីរិកធាតុទាំងនេះមិនឃើញ។ ព្រះតេជគុណបានមានសង្ឃដីកាថា “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវទទួលខុសត្រូវចំពោះរឿងនេះ ហើយរដ្ឋាភិបាលត្រូវរកសារីរិកធាតុឲ្យឃើញវិញ។ សារីរិកធាតុទាំងនេះជានិមិត្តរូបដ៏សំខាន់ដែលបង្ហាញពីការគោរពព្រះពុទ្ធសាសនានៅកម្ពុជា”។
ព្រះតេជគុណ ឃឹម សន ក៏បានមានសង្ឃដីកាដែរថា ព្រះសង្ឃនិងជួបជុំគ្នានៅភ្នំឧដុង្គនៅថ្ងៃនេះ ឬថ្ងៃស្អែកដើម្បីធ្វើសមាធិ ប៉ុន្តែព្រះអង្គបានមានសង្ឃដីកាថា ការធ្វើសមាធិនេះមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការលួចសារីរិកធាតុនេះទេ។
លោក សុខ អឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល មានប្រសាសន៍ថា ទោះបីជាចាប់បានជនសង្ស័យទាំងប្រាំនាក់នៅក្នុងរឿងនេះក៏ដោយ ក៏លោកមិនដឹងតម្រុយទាល់តែសោះថា សារីរិកធាតុទាំងនោះនៅទីណាដែរ។ លោកបានមានប្រសាសន៍ថា “អាជ្ញាធរកំពុងស៊ើបអង្កេត ប៉ុន្តែមិនទាន់មានតម្រុយណាមួយឡើយ”៕ គឹមហឿន