31 C
Phnom Penh

គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើការ​តវ៉ា​ចូល​ដល់​ថ្ងៃ​ទីពីរ​ដោយ​ហែក្បួន​តាម​ម៉ូតូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្ងៃ​ទី​២នៃ​ការ​តវ៉ា​ជារៀង​រាល់ថ្ងៃ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ទាម​ទារ​​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើងវិញ​​  ការដង្ហែក្បួនត្រូវបាន​បញ្ចប់​កាល​ពី​ល្ងាចម្សិល​មិញដោយ​មាន​ការ​ហែក្បួន​តាម​ម៉ូតូ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​ដឹក​នាំ​ដោយ ​លោក សម រង្ស៊ី និង​លោក កឹម សុខា មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​​ទីលាន​ប្រជា​​ធិបតេយ្យ​ ដោយ​ធ្វើការ​រាំ​ច្រៀង​ជាមួយ​ត​ន្ត្រី​​ប្រគំ​ផ្ទាល់​ និង​បរិភោគ​អាហារ​សម្រន់នៅ​ពេល​រសៀល នៅឯទីលាន​ប្រជា​ធិបតេយ្យ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗនៅ​មុន​ពេល​​​លោក សម រង្ស៊ី និង​លោក កឹម សុខា​ មក​ដល់​នៅ​ម៉ោង​​៥ល្ងាច។

លោក អេង​ ឆៃអ៊ាង អនុប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​​ជា​តិ​ បាន​ស្វាគមន៍អ្នក​គាំទ្រមុន​​កា​រមក​ដល់​របស់​មេដឹក​នាំ​ទាំង​ពីរ ​ដោយ​​​​អះ​អាង​ថា អាជ្ញាធរ​មាន​ការ​ភ័យខ្លាច​អ្នក​តវ៉ា​របស់​គណបក្ស​ប្រឆាំង​។ លោក​ អេង ឆៃអ៊ាង បាន​មាន​ប្រសាសន៍​ថា “កង​រាជ​អាវុធ​ និង​នគរបាល​បាន​ឈរ​ជើង​​​ការ​ពារ​ក្រសួង​និង​ស្ថាប័ន​សំខាន់​ៗ​មួយ​ចំនួន​ ពីព្រោះ​ពួកគេ​បារម្ភ​ថា យើង​នឹង​ឡោម​ព័ទ្ធ​ស្ថាប័ន​ទាំង​នោះ” ដោយ​​លោក​ពន្យល់​ថា គណបក្ស​​មិន​ទាន់​មាន​គម្រោង​ធ្វើ​បែប​នេះ​នៅឡើយ​ទេ។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​នឹង​ទៅ​ឡោម​ព័ទ្ធ​ ក្រសួង​និង​ស្ថាប័ន​ទាំង​នេះ​នៅ​ថ្ងៃ​ណាមួយ នៅ​ពេល​ដែល​យើង​មិន​ទទួល​បាន​ការ​ឆ្លើយ​ត​​ប​ពី​ពួកគេ​នោះ”។

លោក សម រង្ស៊ី និង​លោក កឹម សុខា​ បាន​មក​ដល់​វេទិកា​ដោយ​មាន​កាន់​មួក​ការ​ពារ​សុវត្ថិ​ភាព​នៅក្នុង​ដៃ​ ហើយ​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​សុន្ទរ​កថា​ខ្លី​​​បញ្ជាក់​​​​ឡើង​វិញ​ពីការ​ទាម​ទារ​របស់​គណ​បក្ស​​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចុះ​ចេញ​​​ពីតំណែង​ ឬ​​​ស្នើ​​​​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​ដើម​ឆ្នាំ​២០១​៤​នេះ​ បន្ទាប់​មក​លោក​​​​​​​បានហុច​មីក្រូ​ហ្វូន​ទៅ​ឲ្យ​លោក​ សម រង្ស៊ី ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ជួន​កាល​យើង​ជួប​ជាមួយ​ប្រជា​ពល​រដ្ឋ​ ហើយ​​​ពួកគាត់​លើក​ឡើង​ថា ពួកគាត់​ចង់​ឲ្យ​យើង​ហែ​ក្បួន​ដោយ​ថ្មើរ​ជើង​ ប៉ុន្តែ​ថ្ងៃ​នេះ​យើង​បាន​សម្រេច​ចិត្ត​ “ហែក្បួនតា​​ម​ម៉ូតូ” ជាមួយ​បង​ប្អូន​។ ដូច្នេះ​អ្នក​ដែល​មាន​ម៉ូតូ​ហើយ​ចង់​ជិះ​​​​នោះ សូម​អញ្ជើញ​!”។ ការ​ហែក្បួន​បាន​ចាប់​ផ្ដើម​​តាម​បណ្ដោយ​​​​​ផ្លូវ​លេខ​១០៨​ ហើយ​ឆ្ពោះទៅកាន់​មហាវិថី​ព្រះនរោត្តម ដែល​លោក​ សម រង្ស៊ី និង​លោក​​ កឹម សុខា បាន​ជិះ​នៅ​ផ្នែកខាង​ក្រោយ​ម៉ូតូ​ខ្មៅ​​​ពីរ​គ្រឿង​ និង​អម​ដោយ​សន្តិសុខ​ ដោយ​លោក​ឡើង​ឈរ​ដឹកនាំ​ការ​ហែក្បួន​ដោយ​ធ្វើ​ដំណើរ​យឺត​ៗ​ឆ្ពោះទៅកាន់​ផ្សារ​ចាស់​។

ពេល​​​​បត់​ស្ដាំ​ទៅតាម​ផ្លូវ​លេខ​១៣ ​ក្បួន​ម៉ូតូ​បាន​ចាប់​ផ្ដើម​បន្ថែមល្បឿន​ ខណៈ​ពេ​ល​ឆ្លង​កាត់​ផ្សារ​កណ្ដាល​ ហើយ​បត់​ទៅកាន់​ផ្លូវ​លេខ​១៥៤​។ អ្ន​ក​​ថ្មើរ​ជើង​បាន​រត់​​តាម​មេដឹកនាំ​របស់​ខ្លួន​ ដែល​​បាន​ដោះ​មួក​ការ​ពារ​សុវត្ថិភាព​ចេញ ហើយ​បន្ថែម​​​ល្បឿន​ទៅកាន់​ផ្លូវ​លេខ​៦៣​។​ ពេល​​​​ស្រែក​ថា “ហ៊ុន សែន ចុះ​ចេញ​ទៅ​ៗ​!” អ្នក​ហែក្បួន​ក៏​បាន​ធ្វើ​ដំណើ​រ​ឆ្លង​​​​កាត់​​​​ផ្សារទំនើ​ប​សូរិយា និង​ផ្សារ​កណ្ដាល​មុន​ពេល​ត្រឡប់​មក​កាន់​ទីលាន​ប្រជា​ធិបតេយ្យ​វិញ​​នៅ​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច។

សម្រាប់​ថ្ងៃទី២នេះ កង​រាជអាវុធ​ហត្ថ​ និង​នគរ​បាល​បង្ក្រាប​កុបកម្ម​​មិនឃើញ​មាន​វត្ត​មាន​នៅ​តាម​ដង​ផ្លូវ​ទេ​។ លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​​ប្រសា​ស​ន៍​ថា អាជ្ញា​ធរ​មិន​បាន​មក​ជិត​ការ​ហែ​ក្បួន​ទេ ពីព្រោះ​អ្នក​តវ៉ា​មិន​បាន​រំលោភ​ច្បាប់​ឡើយ​ ដោយ​គ្រាន់​តែ​ហែ​ក្បួន​កាត់​តាម​ផ្លូ​វ​មួយ​ចំនួន​ប៉ុណ្ណោះ។ លោក​ឧត្តមសេនីយ៍​​ត្រី ខេង ទីតូ​ បាន​មាន​​ប្រសាសន៍​ថា “ការ​ទាម​ទារ​គឺ​ជា​សិទ្ធិ​របស់​ពួកគេ​ ហើយការ​ធ្វើ​បាតុកម្ម​​គឺ​ជាសិទ្ធិ​របស់​ពួកគេ​។ នេះគឺ​​ជាកិច្ច​ការ​របស់​រដ្ឋាភិបាល​​ និង​​​រឿង​នយោបាយ ចំណែក​ឯ​អាជ្ញា​ធរ​គ្រាន់​តែ​រក្សា​សណ្ដាប់​ធ្នាប់​តែ​ប៉ុណ្ណោះ​។

នៅពេល​ការ​តវ៉ា​លើក​ដំបូង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ កាលពីខែ​កញ្ញា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាលពីថ្ងៃ​ទី​២៨ ខែ​កក្កដា ដ៏​ចម្រូង​ចម្រាស​មក​ កង​រាជ​អាវុធ​ហត្ថ​ ​និង​នគរ​បាល​បង្ក្រាប​កុប​កម្ម​បាន​បិទ​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​​បាន​បាញ់​គ្រាប់​ពិត​ទៅ​​​លើ​ក្រុម​យុវជន​ដែល​គប់​ដុំថ្ម​ ដោយ​​​​ធ្វើ​ឲ្យ​អ្នក​ឈរ​មើល​អាយុ​២៩​ឆ្នាំ​ម្នាក់​ស្លាប់​។

ត្រឡប់​មក​ដល់​ទីលាន​ប្រជា​ធិប​តេយ្យ​​វិញ បន្ទាប់​ពីការ​ហែក្បួន​តាម​ម៉ូតូ​កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី និង​លោក​ កឹម សុខា បាន​រង់​ចាំ​​ប្រហែល​១០​នាទី​ ទម្រាំអ្នក​តវ៉ា​​ត្រឡប់​មកដល់ជួបជុំគ្នា​វិញ​នៅខាង​​មុខ​វេទិកា​មុន​ពេល​លោក​ឡើង​និយាយ​។ លោក​ កឹម សុខា បាន​និយាយ​ថា “កាល​ពី​ម្សិលមិញ​ យើង​បាន​ហែក្បួន។ ថ្ងៃ​នេះ​យើង​ហែក្បួន​តាម​ម៉ូតូ តើ​ថ្ងៃ​ស្អែក​យើង​នឹង​ធ្វើ​អ្វី​ទៀត​?”។

លោក​ សម រង្ស៊ី​ ​បាន​មាន​ប្រសាសន៍​ថា “ថ្ងៃ​ស្អែក​យើង​នឹង​ជួប​ជុំគ្នា​ទៀត យើង​នឹង​ពិភាក្សា​​អំពីការ​​វិវឌ្ឍរបស់​យើង​ ហើយ​ប​ន្ទាប់​​​មក​យើង​ធ្វើការ​ហែក្បួន​តាម​មធ្យោ​បាយ​ផ្សេង​ៗ​ដូចជា​៖ ​ថ្មើរ​ជើង​ ​ជិះ​ក​គ្នា​​​​​​​ ជិះ​រទេះ​​​​គោ ឬ​រទេះ​សេះ​ និង​ជិះ​រ៉ឺម៉ក​ម៉ូតូកង់​បី ប៉ុ​ន្តែ​យើង​នឹង​បញ្ជូន​សារ​ដែលមាន​ខ្លឹម​សារ​ថា៖ ហ៊ុន សែន ចុះចេញទៅ​!” ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស