លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំកងទ័ពឲ្យរៀនអំពីប្រវត្តិសាស្ត្រទើបដឹងអំពីការឃោសនារបស់គណបក្សប្រឆាំង ដែលអាចធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមម្ដងទៀត។

យោងតាមអត្ថបទមួយចុះផ្សាយនៅតាមគេហទំព័រផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃសុក្រ លោក ទៀ បាញ់ បានមានប្រសាសន៍ថា “ការឃោសនាមិនពិតដែលបណ្ដាលឲ្យមានការរើសអើងទៅលើពូជសាសន៍បានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ដូចបានកើតឡើងនៅក្នុងសង្គ្រាមកន្លងមក”។
រដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា “ខ្ញុំស្នើឲ្យកងទ័ពសិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាពីសម័យសង្គ្រាមរហូតដល់ពេលទទួលបានសន្ដិភាពដូចពេលបច្ចុប្បន្ននេះ”។ លោកបន្ថែមថាគណបក្សសង្គ្រោះជាតិកំពុងឃោសនាប្រកាន់ពូជសាសន៍ និងប្រឆាំងរដ្ឋាភិបាលដើម្បីបំបែកបំបាក់ការងារផ្ទៃក្នុងរបស់កម្ពុជា។
លោកក៏បានមានប្រសាសន៍ដែរថា គណបក្សប្រឆាំងអាចធ្វើឲ្យមានការវិលត្រឡប់ទៅរកសម័យកាលដូចកម្ពុជាប្រជាធិបតេយ្យ វិញ ដែលនៅពេលនោះខ្មែរក្រហមបានធ្វើឲ្យខ្មែរប្រឆាំងគ្នា និងសម្លាប់ប្រជាពលរដ្ឋអស់ជាង២លាននាក់។
ពេលបណ្ដុះស្មារតី៧មករា ពេលដែលកងទ័ពវៀតណាម និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានផ្ដួលរំលំខ្មែរក្រហមនោះ លោក ទៀ បាញ់ បានរំឭកកងទ័ពឲ្យគិតអំពីអ្នកដែលបានសង្គ្រោះជាតិពីរបបកាប់សម្លាប់ ប៉ុល ពត។
លោក ទៀ បាញ់ ដែលបានថ្លែងនៅពិធីសម្ពោធអគារថ្មីមួយនៅសាកលវិទ្យាល័យការពារជាតិក្នុងទីក្រុងភ្នំពេញដែលឧបត្ថម្ភដោយក្រសួងការពារជាតិវៀតណាមនោះ បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាពឹងផ្អែកលើកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសហការជាមួយកងទ័ពស្ម័គ្រចិត្តកម្ពុជាដើម្បីផ្ដួលរំលំរបប ប៉ុល ពត ដែលបាននាំមកនូវជ័យជម្នះកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩”។
គណបក្សសង្គ្រោះជាតិ បានបន្ទោសជាប់ជានិច្ចទៅលើវៀតណាមដោយចោទវៀតណាមថា បានទន្ទ្រានចូលទឹកដីកម្ពុជា និងចោទសមាជិករដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាថា ធ្វើមិនដឹងមិនឮចំពោះជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមនៅកម្ពុជា។
លោក ទៀ បាញ់ បានមានប្រសាសន៍ថា “គណបក្សប្រឆាំងកំពុងបំបែកបំបាក់ឯកភាពជាតិ និងបំបែកបំបាក់មិត្តភាពជាមួយប្រទេសជិតខាងដូចជាប្រទេសវៀតណាម។ គណបក្សប្រឆាំងក៏ឃោសនាឲ្យផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅពេលបច្ចុប្បន្នដែរ”។ កាលពីម្សិលមិញ គេមិនអាចទាក់ទងលោក ទៀ បាញ់ ដើម្បីសុំការអត្ថាធិប្បាយបានទេ។
ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានចូលរួមពិធីកាលពីថ្ងៃព្រហស្បតិ៍ដែរនោះ មានប្រសាសន៍ថា លោកមិនបានឃើញអត្ថបទនោះទេ និងមិនបញ្ជាក់ថា តើឧត្តមសេនីយ៍ ទៀ បាញ់ ត្រូវបានគេដកស្រងសម្ដីដាក់តាមគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជាពិតមែនឬអត់នោះទេ។
លោក សៅ សុខា ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរនៅពេលសួរថា តើការក្រើនរំឭករបស់លោក ទៀ បាញ់ មានបំណងរារាំងមិនឲ្យកងកម្លាំងប្រដាប់អាវុធគាំទ្រគណបក្សសង្គ្រោះជាតិ ឬយ៉ាងណានោះទេ។
លោក សៅ សុខា បានមានប្រសាសន៍ថា “ខ្ញុំបានឮថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ចង់ឲ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិសរសេរអំពីការពិតទៅក្នុងសៀវភៅប្រវត្តិសាស្ត្រពីអ្វីដែលបានកើតឡើងក្នុងអតីតកាល”។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍កាលពីម្សិលមិញថា លោកមិនយល់ស្របតាមការបកស្រាយរបស់លោក ទៀ បាញ់ អំពីប្រវត្តិសាស្ត្រ និងបុព្វហេតុនៃជម្លោះមុនៗនៅកម្ពុជាទេ ។
លោក កឹម សុខា បានមានប្រសាសន៍ថា “អ្វីដែលលោក ទៀ បាញ់ បាននិយាយហាក់បីដូចជាគាត់ភ័យខ្លាចដោយខ្លួនឯង ព្រោះសំឡេងឆ្នោត៧០ភាគរយនៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដា ចេញមកពីមន្ត្រីរាជការស៊ីវិលរបស់រដ្ឋាភិបាល និងទាហាន”។
លោក កឹម សុខា បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិមិនដែលធ្វើឲ្យប្រជាជនយល់ច្រឡំអំពីប្រវត្តិសាស្ត្រកម្ពុជាទេ។ សង្គ្រាមពិតប្រាកដកើតឡើងនៅកម្ពុជាដោយសារវៀតណាម។ ពួកគេមានសង្គ្រាមស៊ីវិល រវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង ហើយសង្គ្រាមនោះបានរាលដាលមកដល់កម្ពុជា”។
លោកបានមានប្រសាសន៍ថា “ ប្រជាជនខ្មែរនៅក្នុងជួរកងទ័ពទាំងអស់ដឹងច្បាស់ពីអ្នកដែលបានបង្កើតគណបក្សប្រជាជនកម្ពុជា គឺវៀតណាម។ គណបក្សសង្គ្រោះជាតិ ដែលតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបរបស់ខ្លួនកំពុងធ្វើពហិការមិនចូលរដ្ឋសភានោះ បានចាប់ផ្ដើមតវ៉ាជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ដើម្បីបង្ខំឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតថ្មី។
ពេលសួរថា តើកងរាជអាវុធហត្ថនឹងអន្តរាគមន៍នៅក្នុងការតវ៉ាប្រចាំថ្ងៃរបស់គណបក្សសង្គ្រោះជាតិ ឬយ៉ាងណានោះ លោក សៅ សុខា មានប្រសាសន៍ថា លោកនឹងបំពេញកាតព្វកិច្ចរបស់លោកក្នុងការការពារប្រទេស និងការពារសុភមង្គលរបស់ប្រជាជន៕គឹមហឿន