ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ឬរៀបចំការបោះឆ្នោតថ្មីនោះ បានបន្តដល់ថ្ងៃទី៣ហើយកាលពីម្សិលមិញ ដោយមានពិធីសូត្រធម៌នៅទីលានប្រជាធិបតេយ្យ និងការហែក្បួនដោយការជិះយានយន្តរយៈពេលខ្លីនៅក្នុងខណ្ឌដូនពេញ។

បន្ទាប់ពីមានភ្លៀងនៅពេលព្រឹក និងភ្លៀងមួយប្រាវនៅពេលរសៀល លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សបានមកដល់ទីលានប្រជាធិបតេយ្យនៅម៉ោង៤និង៣០នាទីល្ងាច ហើយបានឡើងទៅលើវេទិកាតូចមួយនៅចំកណ្ដាលក្រុមអ្នកតវ៉ា។
នៅកណ្តាលអ្នកចូលរួមប្រហែលពីរបីពាន់នាក់ និងមានការចូលរួមពីសមាជិកសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ គឺលោក គួយ ប៊ុនរឿន និងលោកស្រី មូរ សុខហួរ នោះ លោក សម រង្ស៊ី និងលោក កឹម សុខា បានលុតជង្គង់ ពេលមានការសូត្រធម៌មុនពេលងាកមុខទៅរកព្រះសង្ឃមួយក្រុមដែលបានសូត្រធម៌តាមមីក្រូហ្វូន។ បន្ទាប់ពីការសូត្រធម៌នោះ លោក កឹម សុខា បានចាប់ផ្ដើមនិយាយទៅកាន់ក្រុមអ្នកតវ៉ា។
លោក កឹម សុខា បានមានប្រសាសន៍អំពីលោក ហ៊ុន សែន ថា “ប្រសិនបើលោកឯងមិនចង់ឲ្យប្រជាជនប្រើកម្លាំងបែបនេះដើម្បីទាមទារយុត្តិធម៌ទេ ត្រូវរៀបចំបោះឆ្នោតឡើងវិញ”។ បន្ទាប់មកលោក សម រង្ស៊ី បានថ្លែងសុន្ទរកថាខ្លីមុនពេលប្រកាសពីការចាប់ផ្ដើមការហែក្បួនលើកទី៣របស់គណបក្សសង្គ្រោះជាតិក្នុងរយៈពេលបីថ្ងៃ។
ឈរនៅលើរថយន្តតូចមួយ និងគ្រវីទង់ជាតិកម្ពុជា មេដឹកនាំគណបក្សប្រឆាំងបានដឹកនាំការហែក្បួនចេញពីទីលានប្រជាធិបតេយ្យ ហើយបន្ទាប់មកបានបត់ស្ដាំតាមតីរវិថីព្រះស៊ីសុវត្ថិ។ អ្នកគាំទ្រដែលហែក្បួនដោយថ្មើរជើង និងតាមម៉ូតូបានស្រែកម្ដងទៀតថា “ហ៊ុន សែន ចុះចេញទៅ” នៅពេលពួកគេដង្ហែក្បួនទៅដល់ស្ពានជ្រោយចង្វា ហើយបន្ទាប់មកបានបត់ឆ្វេងតាមរង្វង់មូលស្តាតចាស់ ហើយត្រឡប់មកតាមមហាវិថីព្រះមុនីវង្សមុនពេលបត់ចូលទីលានប្រជាធិបតេយ្យវិញ។
នគរបាលប្រឆាំងកុបកម្ម និងកងរាជអាវុធហត្ថជាថ្មីម្ដងទៀតមិនមានវត្តមាននៅតាមផ្លូវក្នុងទីក្រុងទេ ប៉ុន្តែក្រោយមកគេឃើញមានច្រើននៅខាងក្នុងបរិវេណសាលារាជធានី ពេលដែលគណបក្សប្រឆាំងហែក្បួនកាត់តាមនោះ។ ពេលត្រឡប់មកដល់ទីលានប្រជាធិបតេយ្យនៅម៉ោងប្រហែល៦ល្ងាច លោក សម រង្ស៊ី និងលោក កឹម សុខា បានអង្គុយចុះនៅពេលដែលអ្នកគាំទ្រវ័យក្មេងពីរនាក់បានច្រៀងចម្រៀងហ៊ីបហបពីរបទ ដែលបន្ទរទៅតាមសម្រែកពីក្រុមអ្នកតវ៉ាថា “ហ៊ុន សែន ចុះចេញទៅ”។
នៅពេលលោក សម រង្ស៊ី បញ្ចប់សុន្ទរកថានៅយប់នោះ ដែលមាននិយាយអំពីការរស់នៅបែបនិរទេសខ្លួននៅក្នុងប្រទេសបារាំងនោះ លោក កឹម សុខា បានព្រមានលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ លោក កឹម សុខា បានមានប្រសាសន៍ថា “ថ្ងៃណាមួយនឹងមានមនុស្សច្រើនមកចូលរួម ហើយយើងនឹងអង្គុយបិទផ្លូវ ប៉ុន្តែយើងមិនដឹងថា នឹងបិទផ្លូវណាមួយទេ ប្រសិនបើគេមិនព្រមរៀបចំបោះឆ្នោតថ្មីដើម្បីរកយុត្តិធម៌ទេនោះ។ យើងសូមប្រាប់ថា នៅពេលនេះ មានតែផ្លូវពីរប៉ុណ្ណោះ គឺបោះឆ្នោតសាជាថ្មី ឬចុះចេញ។ តើជ្រើសរើសយកមួយណា?” ៕ គឹមហឿន