ភ្នំឧដុង្គ ខេត្តកណ្តាល-នៅចុងទសវត្សរ៍ឆ្នាំ១៩៥០ នៅពេលដែលសម្តេចឪ នរោត្តម សីហនុ ឡើងធ្វើជាប្រមុខរដ្ឋ ព្រះសុវណ្ណកោដ្ឋមួយដាក់តម្កល់ព្រះសារីរិកធាតុព្រះពុទ្ធជាម្ចាស់ ត្រូវបានដង្ហែពីប្រទេសស្រីលង្កា មកតម្កល់នៅក្នុងព្រះសក្យមុនីចេតិយមួយនៅខាងមុខស្ថានីយអយស្ម័យយាន ដែលពេលនេះបានក្លាយជាផ្លូវកាច់ជ្រុងស្ងាត់ជ្រងំមួយក្នុងរាជធានីភ្នំពេញ។

ជាងបួនទសវត្សរ៍ក្រោយមក ពោលគឺនៅក្នុងឆ្នាំ២០០២ ព្រះមហាក្សត្រ នរោត្តម សីហនុ បានដឹកនាំព្រះរាជពិធីដ៏ឱឡារិកមួយដើម្បីដង្ហែព្រះសារីរិកធាតុរបស់ព្រះពុទ្ធជាម្ចាស់ទៅតម្កល់នៅក្នុងព្រះសក្យមុនីចេតិយថ្មីមួយដែលមានការតុបតែងលម្អដោយក្បាច់ក្បូរយ៉ាងស្រស់ស្អាតជាមួយកាំជណ្តើរធ្វើពីថ្មម៉ាបដោយចំណាយអស់ប្រាក់សរុបជាច្រើនលានដុល្លារនៅលើកំពូលភ្នំឧដុង្គ។
ព្រះសក្យមុនីចេតិយថ្មីនេះ ត្រូវបានកសាងឡើងនៅជិតព្រះចេតិយដែលមានអាយុកាលរាប់សតវត្សរ៍ដែលដាក់តម្កល់អដ្ឋិធាតុរបស់រាជវង្សានុវង្ស។ ប៉ុន្តែ កាលពីសប្តាហ៍មុន ព្រះសុវណ្ណកោដ្ឋដែលដាក់តម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ ត្រូវបានចោរលួចដោយគ្មានបន្សល់ដាននៅវេលាទៀបភ្លឺ និងទំនងជាស្ថិតក្រោមការយាមកាមរបស់ឆ្មាំសន្តិសុខបីនាក់ដែលបម្រើការងារឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ករណីលួចរតនសម្បត្តិដ៏ពិសិដ្ឋនេះបានធ្វើឲ្យកក្រើកវិស័យព្រះពុទ្ធសាសនានៅទូទាំងប្រទេសកម្ពុជា។
ព្រះសង្ឃជាង១០០អង្គបាននិមន្តជួបជុំគ្នានៅលើកំពូលភ្នំឧដុង្គកាលពីថ្ងៃច័ន្ទ ដើម្បីធ្វើពិធីបួងសួងសុំឲ្យចោរយកព្រះសារីរិកធាតុត្រឡប់មកវិញ។ ព្រះសង្ឃមួយក្រុមផ្សេងទៀតប្រហែល២០០អង្គបានឡោមព័ទ្ធអង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃជាន់ខ្ពស់កាលពីថ្ងៃអង្គារ នៅសាលសន្និសីទចតុមុខ ដោយអំពាវនាវទាំងកំហឹងឲ្យមន្ត្រីសង្ឃជាន់ខ្ពស់ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធានារកឲ្យឃើញរតនសម្បត្តិរបស់ជាតិនេះមកវិញ។ ក្រុមព្រះសង្ឃដែលធ្វើការតវ៉ាបានលើកបដាមួយផ្ទាំងសរសេរ ជាអក្សរធំៗថា “ដោយសារតែអំពើពុករលួយ ទើបព្រះសារីរិកធាតុត្រូវចោរលួច” ។
លោក អេរីក ដេវីស (Erik Davis) អ្នកជំនាញ ខាងព្រះពុទ្ធសាសនារបស់កម្ពុជា នៅមហាវិទ្យាល័យ ម៉ាកាឡេស្ទ័រ (Macalester) ក្នុងរដ្ឋមីណេសូតា សហរដ្ឋអាេមរិក មានប្រសាសន៍ថា “ទាំងអស់នេះគឺជាទ្វេ គ្រោះ មិនធម្មតា និងមិននឹកស្មានដល់ [ សម្រាប់រដ្ឋាភិបាល]។ ខ្ញុំគ្មានមន្ទិលថា ព្រះសារីរិកធាតុគួរតែអាចការពារបានល្អប្រសើរជាងនេះនោះទេ ប៉ុន្តែមានរឿងជាច្រើនដែលរដ្ឋាភិបាលគួរតែធ្វើឲ្យបានល្អជាងនេះ”។
លោកបានលើកឡើងនៅក្នុងអ៊ីម៉េលមួយថា “បញ្ហានេះអាចជាបញ្ហាធំ ប៉ុន្តែ វានឹង អាស្រ័យលើសមត្ថភាពរបស់ព្រះសង្ឃ ឬតួអង្គមិនមែនជាព្រះសង្ឃ ក្នុងការចាត់ទុកវាជាបញ្ហាធំដែលប្រជាពលរដ្ឋ មិនថា ព្រះសង្ឃ ឬរដ្ឋាភិបាលទេដែលត្រូវតែដោះស្រាយ”។
លោក អេរីក ដេវីស បានលើកឡើងទៀតថា “មានផ្លូវជាច្រើន ខ្ញុំគិតថាវាអាស្រ័យ លើ [ ប្រជាពលរដ្ឋ] ថា តើពួកគាត់មានបំណង ប្រើប្រាស់ករណីលួចព្រះសារីរិកធាតុទាំងនេះធ្វើជាទឡ្ហីករណ៍ខាងនយោបាយអមដោយ ទស្សនយល់ឃើញថា ‘របបដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្នគ្មានសមត្ថភាពការពារបេតិកភណ្ឌដ៏ពិសិដ្ឋរបស់យើង’ ឬសូម្បីយល់ឃើញថា ‘វាជាសញ្ញាបង្ហាញពីភាពខុសច្បាប់របស់របបដឹកនាំបច្ចុប្បន្ន’ ឬយ៉ាងណា” ។
ការស៊ើបអង្កេតករណីចោរកម្មដឹកនាំដោយក្រសួងមហាផ្ទៃ មិនទាន់ទទួលបានតម្រុយអ្វីនៅឡើយទេ។ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនបុរសប្រាំនាក់ រួមទាំងឆ្មាំសន្តិសុខបីនាក់ដែលយាមកាមនៅព្រះសក្យមុនីចេតិយផង ទៅពន្ធនាគារ។
នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល នាសប្តាហ៍នេះ ឆ្មាំសន្តិសុខដែលនៅតែមានតួនាទីយាមកាមនៅភ្នំឧដុង្គនៅឡើយ រួមជាមួយក្រុមគ្រួសាររបស់ឆ្មាំសន្តិសុខ ដែលពេលនេះកំពុងជាប់ពន្ធនាគារ បានត្អូញត្អែរអំពីអង្គភាពយាមកាមមួយដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ និងដែលទទួលបានប្រាក់ខែបន្តិចបន្តួចសម្រាប់ការងាររបស់ពួកគាត់។
លោក ចាប សឿន អាយុ៥៤ឆ្នាំ ស្ថិតក្នុងចំណោមឆ្មាំសន្តិសុខចំនួន១៥នាក់ ដែលក្រសួងព្រះបរមរាជវាំងបានជ្រើសរើសឲ្យការពារបរិវេណព្រះសក្យមុនីចេតិយនៅលើកំពូលភ្នំឧដុង្គ នៅពេលព្រះសារីរិកធាតុព្រះពុទ្ធជាម្ចាស់ត្រូវបានដង្ហែទៅតម្កល់នៅទីនោះកាលពីឆ្នាំ២០០២។
ឈរនៅចំណុចយាមកាមរបស់ខ្លួនទល់មុខចេតិយមួយនៅពាក់កណ្តាលផ្លូវចុះពីភ្នំឧដុង្គកម្ពស់៤២ម៉ែត្រ លោក ចាប សឿន បាននិយាយថា ដោយសារតែឆ្មាំសន្តិសុខទទួលបានប្រាក់ខែត្រឹមតែ១៧០.០០០រៀល ឬប្រហែល៤២,៥០ដុល្លារនោះ គោលការណ៍បង្ហាញវត្តមានធូររលុង ហើយសហសេវិករបស់គាត់បានទូរស័ព្ទសុំច្បាប់ឈឺ ឬសុំច្បាប់ឈប់សម្រាកជាញឹកញាប់ ដើម្បីទៅធ្វើការងារផ្សេងៗទៀត។
នៅរាត្រីថ្ងៃទី១០ ខែធ្នូ នៅពេលព្រះសារីរិកធាតុត្រូវចោរលួច លោក ចាប សឿន និយាយថា ក្នុងចំណោមឆ្មាំសន្តិសុខប្រាំពីរនាក់ដែលត្រូវបានចាត់តាំងឲ្យយាមកាមការពារព្រះសក្យមុនីចេតិយ មានតែបីនាក់ប៉ុណ្ណោះ ដែលមានវត្តមាន។
នៅម៉ោងប្រហែល២រំលងអធ្រាត្រ ឆ្នាំសន្តិសុខម្នាក់ក្នុងចំណោមនោះបានរាយការណ៍ ប្រាប់អាជ្ញាធរថា មេសោពីរចាក់បិទទ្វារលាប ថ្នាំពណ៌មាសដែលមានតែមួយគត់របស់ព្រះសក្យមុនីចេតិយ ត្រូវចោរលួចកាត់ដាច់។
ឆ្មាំសន្តិសុខបីនាក់ដែលមានភារកិច្ចយាមកាម ឈ្មោះ ចោម ថៃ អាយុ៥៧ឆ្នាំ ឈ្មោះ សៀង សារិន អាយុ៥៨ឆ្នាំ និងឈ្មោះ កា សាក អាយុ៤៦ឆ្នាំ ត្រូវបានឃាត់ខ្លួនយកទៅសាកសួរ ហើយកាលពីថ្ងៃអាទិត្យ ឆ្មាំទាំងបីនាក់នេះត្រូវបានចោទប្រកាន់ពីបទចោរកម្ម។
អង្គុយនៅខាងក្រៅផ្ទះថ្មមានតែមួយបន្ទប់របស់ខ្លួនដែលស្ថិតនៅចម្ងាយប្រហែល មួយគីឡូម៉ែត្រពីភ្នំឧដុង្គ អ្នកស្រី ឡេង យ៉ែម អាយុ៦២ឆ្នាំដែលត្រូវជាប្រពន្ធរបស់លោក ចោម ថៃ បាននិយាយថា ជាធម្មតាប្តីរបស់គាត់ទៅធ្វើការពីម៉ោង៧យប់រហូតដល់ម៉ោង៧ព្រឹកនៅព្រះសក្យមុនីចេតិយ ហើយប្រាក់ខែរបស់គាត់មិនបានបើកជាញឹកញាប់។ អ្នកស្រីនិយាយថា “ប្រហែលប្រាំខែម្តងគាត់បើកប្រាក់ខែបានពីរ ឬបីខែ។ គាត់ធ្វើការងារនេះដោយសារតែគាត់មានវ័យចាស់ និងមិនអាចធ្វើអ្វីផ្សេងទៀតបាន”។
អ្នកស្រី ពឹង សាយហៀង ដែលត្រូវជាប្រពន្ធរបស់លោក សៀង សារិន បាននិយាយថា ប្តីរបស់គាត់ធ្វើជាគ្រូទាយនៅព្រះសក្យមុនី ចេតិយអំឡុងពេលថ្ងៃ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ទំនុកបម្រុងគ្រួសារ ដែលរស់នៅក្នុងផ្ទះខ្ទមឈើនៅជើងភ្នំឧដុង្គ។
អ្នកស្រី លឹង សុខុម អាយុ៤២ឆ្នាំដែលត្រូវជាប្អូនស្រីរបស់លោក សៀង សារិន បាននិយាយថា “ខ្ញុំហ៊ានភ្នាល់ដាក់ជីវិតថា គាត់មិនពាក់ព័ន្ធនឹងការលួចនេះទេ។ គាត់ស្រឡាញ់បេតិកភណ្ឌរបស់កម្ពុជា ហើយបានធ្វើការងារដើម្បីការពារវា”។ ក្រោយពីការចាប់ខ្លួនឆ្មាំសន្តិសុខទំាងនេះនគរបាលបានឆែកឆេរផ្ទះរបស់ពួកគេប៉ុន្តែ រកមិនឃើញភ័ស្តុតាងបញ្ជាក់ពីព្រះសារីរិក ធាតុដែលចោរបានលួចយកទៅនោះទេ។
លោក ផា សុខែម អាយុ៥៩ឆ្នាំជាប្រធានឆ្មាំសន្តិសុខយាមកាមការពារព្រះសក្យមុនីចេតិយ និងឈ្មោះ កាន់ សុភ័ក្ត្រ អាយុ៣៩ឆ្នាំជាអ្នករត់ម៉ូតូឌុបនៅស្រុកពញាឮ ក៏ត្រូវបានចោទប្រកាន់ពីបទលួចព្រះសារីរិកធាតុដែលមានអាយុកាល២.៥០០ឆ្នាំនេះដែរ។
យោងតាមអ្នកស្រី សាយ កេត អាយុ៧១ឆ្នាំដែលត្រូវជាម្តាយរបស់លោក កាន់ សុភ័ក្ត្រ បានឲ្យដឹងថា កូនប្រុសរបស់គាត់បានចេញទៅផឹកស្រាសជាមួយលោក កា សាក ដែលត្រូវជាជីដូនមួយ មុនពេលលោក កា សាក ទៅយាមនៅព្រះសក្យមុនីចេតិយនៅយប់នោះ។ អ្នកស្រីនិយាយថា បន្ទាប់ពីត្រឡប់មកផ្ទះវិញ កូនប្រុសរបស់គាត់បានចូលទៅក្នុងព្រៃនៅជិតផ្ទះ ដើម្បីរកកូនកង្កែបធ្វើនុយស្ទួចត្រីក្នុងបឹងមួយក្បែរនោះ។
អ្នកស្រីនិយាយថា កូនប្រុសរបស់អ្នកស្រីបានមកផ្ទះដេកនៅម៉ោងប្រហែល១១យប់។ នៅពេលព្រឹកឡើងនគរបាលបានទៅផ្ទះរបស់ពួកគាត់ ហើយបានដាក់ខ្នោះដៃលោក កាន់ សុភ័ក្ត្រ។ អ្នកស្រីនិយាយថា “ខ្ញុំគិតថា កូនប្រុសរបស់ខ្ញុំមិនពាក់ព័ន្ធក្នុងរឿងនេះទេ។កូនប្រុសខ្ញុំត្រូវបានចាប់ខ្លួនដោយសារតែមានអ្នកឆ្លើយថា កូនខ្ញុំបានផឹកសីុជាមួយឆ្មាំសន្តិសុខម្នាក់ក្នុងចំណោមឆ្នាំសន្តិសុខដែលត្រូវយាមកាមនៅយប់នោះ”។
យោងតាម អ្នកស្រី ជា ប៊ុនថា អាយុ៥៨ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់លោក ផា សុខែម បានឲ្យដឹងថា លោក ផា សុខែម ដែលពីមុនមានតួនាទីជានាយការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកពញាឮ កំពុងស្ថិតនៅផ្ទះរបស់ខ្លួនក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ ស្ថិតនៅចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីភ្នំឧដុង្គ នៅពេលគាត់ទទួលការហៅទូរស័ព្ទនៅម៉ោងប្រហែល៣រំលងអធ្រាត្រ ដោយប្រាប់គាត់ពីហេតុការណ៍ចោរគាស់ទ្វារព្រះសក្យមុនីចេតិយ។
អ្នកស្រី ជា ប៊ុនថា និយាយថា គាត់បានប្រញាប់ប្រញាល់ចូលរថយន្តតូយ៉ូតា កាមេរី របស់គាត់ ហើយបានបើកឆ្ពោះទៅព្រះសក្យមុនីចេតិយ។ដល់ពេលព្រឹកឡើងគាត់ក៏ត្រូវបានចាប់ខ្លួន។
នៅលើជញ្ជាំងផ្ទះរបស់គាត់ មានតាំងរូបថតលោក ផា សុខែម អំឡុងពេលបម្រើការងារឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលគ្រឿងឥស្សរយសពីលោក ហ៊ុន សែន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងឧបនាយករដ្ឋមន្ត្រី សុខ អាន។
លោក សុខែម មានតំណែងជាប្រធានការិយាល័យវប្បធម៌សុក្រ នៅពេលព្រះសក្យមុនីចេតិយថ្មីនេះត្រូវបានកសាងពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០២។ នៅពេលលោកចូលនិវត្តកាលពីឆ្នាំមុន លោកត្រូវបានចាត់តាំងឲ្យគ្រប់គ្រងឆ្មាំសន្តិសុខការពារព្រះសក្យមុនីចេតិយ នេះបើយោងតាមកូនប្រុសរបស់គាត់ឈ្មោះ ផា សូឌីណា ដែល ជាប្រធានរដ្ឋបាលនៅសាលាស្រុកពញាឮ។
លោក សូឌីណា បានលើកឡើងថា “មូលហេតុដែលធ្វើឲ្យគាត់ត្រូវចាប់ខ្លួន គឺដោយសារតែគាត់គ្រប់គ្រងឆ្មាំសន្តិសុខទាំងអស់នោះ។ វាជាការធ្វេសប្រហែសរបស់ឪពុកខ្ញុំក្នុងការគ្រប់គ្រងឆ្មាំសន្តិសុខ” ទើបបណ្តាលឲ្យព្រះសារីរិកធាតុត្រូវចោរលួច។
ថ្វីបើក្រុមគ្រួសាររបស់ជនសង្ស័យទាំងនេះបានបញ្ជាក់ថា ជនសង្ស័យគ្មានទោសកំហុសយ៉ាងណាក៏ដោយ ក៏លោក ដួង តេងអធិការស្រុកពញាឮបានមានប្រសាសន៍ថា ការចាប់ខ្លួននេះធ្វើឡើងផ្អែកលើស្នាមក្រយៅម្រាម ដៃប្រមូលបានពីព្រះសក្យមុនីចេតិយ រួមជាមួយនឹងសក្ខីកម្មទទួលបានអំឡុងពេលនគរបាលសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
ទោះជាយ៉ាងណា ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធានសមាគមបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលបានដឹកនាំការតវ៉ាកាលពីថ្ងៃអង្គារ នៅសាលសន្និសីទចតុមុខ បានមានសង្ឃដីកាថា ដោយសារតែរដ្ឋាភិបាលមិនបានឧបត្ថម្ភឆ្មាំយាមកាមការពារព្រះសក្យមុនីចេតិយ ទើបបណ្តាលឲ្យបាត់បង់ព្រះសារីរិកធាតុបែបនេះ។
ព្រះតេជគុណមានសង្ឃដីកាថា “អាត្មាហ៊ាននិយាយថា អំពើពុករលួយជាអ្នកបង្កឲ្យមានរឿងនេះ គឺដោយសារអ្នកទាំងនេះ [ឆ្មាំការពារព្រះសក្យមុនីចេតិយ] មិនទទួលបានប្រាក់ខែ និងគ្មានប្រាក់សម្រាប់ចិញ្ចឹមជីវិតដោយសារតែអំពើពុករលួយ”។ ព្រះតេជគុណបានលើកឡើងទៀតថា “ព្រះសារីរិកធាតុ គឺជារតនសម្បត្តិជាតិ និងជាទីពឹងរបស់សត្វលោក។នៅពេលយើងបាត់បង់ព្រះសារីរិកធាតុ គឺយើងបានបាត់បង់ទីពឹងរបស់យើង”។
លោក សុខ អឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ដែលជាអ្នកទទួលខុសត្រូវចំពោះការបើកប្រាក់ខែឲ្យឆ្មាំសន្តិសុខការពារនៅភ្នំឧដុង្គមានប្រសាសន៍ថា “ខ្ញុំមិនដែលយក ឬកាត់ប្រាក់ខែរបស់ពួកគាត់ដូចពួកគាត់អះអាងទេ ប៉ុន្តែ ខ្ញុំទទួលស្គាល់ថា ថវិកាជាតិមានការយឺតយា៉វ ដូច្នេះ ប្រាក់ខែក៏យឺតយ៉ាវដែរ តែមិនបាត់ទេ”។
នៅពេលសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតទូទាំងប្រទេស ដើម្បីស្វែងរកព្រះសារីរិកធាតុដែលចោរលួចទៅ សន្តិសុខយាមកាមនៅព្រះសក្យមុនីចេតិយនៅភ្នំឧដុង្គ ត្រូវបានបង្កើន ដោយក្នុងនោះមន្ត្រីនគរបាលជាតិចំនួនបីនាក់ និងមន្ត្រីកងរាជអាវុធហត្ថចំនួនបីនាក់ត្រូវបានចាត់តាំងឲ្យយាមការពារ២៤ម៉ោងក្នុងមួយថ្ងៃ។
លោក ហេង សុផល អធិការរងស្រុកពញាឮបានទទួលស្គាល់ថា “ប៉ុន្តែ បញ្ជូនកម្លាំង មកពេលនេះគឺវាយឺតពេលទៅហើយ។ ព្រះសារីរិកធាតុត្រូវបានចោរលួចបាត់អស់ទៅហើយ”៕ សុខុម