27 C
Phnom Penh

ក្រុមហ៊ុន​​​ផលិត​​​សម្លៀក​​​បំពាក់​​​​​​ឲ្យ​​​រដ្ឋាភិបាល​​​អាមេរិក​​​​​​បដិសេធ​​​ថា ​​​មិន​​​បាន​​​រំលោភ​​​ច្បាប់​​​ការងារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​​​​ក្រុមហ៊ុន​​​ផលិត​​​​​​សម្លៀក​​​បំពាក់​​​ Zongtex Garment Manufacturing ម្នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​បាន​​​បដិសេធ​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុម​​​ហ៊ុន​​​នេះ​​​ពុំ​បាន​​​ជួល​​​​​​កម្មករ​​​​​​កម្មការិនី​​​​​​អាយុ​​​១៥​​​ឆ្នាំ​​​​​​ឲ្យ​​​​​​កាត់​​​ដេរ​​​សម្លៀក​​​បំពាក់​​​​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​អាមេរិក​​​ទេ​​​។ ការ​​​ចេញ​​​មុខ​​​បំភ្លឺ​​​នេះ​​​​​​ធ្វើ​​​ឡើង​​​បន្ទាប់ពី​​​មាន​​​​​​ការ​​​ចុះ​​​ផ្សាយ​​​ក្នុង​​​កាសែត​​​ The New York Times អំពី​​​បទ​​​ដ្ឋាន​​​មិន​សមស្រប​​​តាម​​​​រោងចក្រ​​​នានា​​​​​​ដែល​​​ផលិត​​​​​​សម្លៀក​​​បំពាក់​​​ឲ្យ​​​រដ្ឋាភិបាល​​​អាមេរិក​​​។

កាលពីថ្ងៃ​​​អាទិត្យ​​​ កាសែត​​​ The New York Times នេះ​​​បាន​​​ធ្វើ​​​សេចក្ដី​​​រាយការណ៍​​​ថា រដ្ឋា​​​ភិបាល​​​អាមេរិក​​​​​​​​​បាន​​​​​​ទទួល​​​យក​​​សម្លៀក​​​បំពាក់​​​មួយ​​​ចំនួន​​​​​​ពី​​​​​​រោងចក្រ​បែប​នេះ​​​ បើ​​​ទោះ​​​បី​​​ជា​​​ខ្លួន​​​មាន​​​គោល​​​នយោបាយ​​​“ពុំ​​​​អត់​​​ឱនជា​​​​​​ដាច់​​​ខាត” ​​​​​​ចំពោះ​​​ការ​​​ប្រើ​​​រោងចក្រ​​​ដែល​​​បាន​​​រំលោភ​​​ច្បាប់​​​​​​ក្នុង​​​ស្រុក​​​ក្ដី​។

កាសែត​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា សវនកម្ម​​​មួយ​​​ដែល​​​បាន​​​ធ្វើ​​​ឡើង​​​​​​ក្នុង​​​ឆ្នាំ​​​នេះ​​​បាន​​​រក​​​ឃើញ​​​ថា ក្រុមហ៊ុន​​​ Zongtex ដែល​​​ផលិត​​​សម្លៀក​​​បំពាក់​​​​​​ឲ្យ​​​​កង​​​ទ័ព​​​​​​អាកាស​​​​​​និង​​​កង​​​ទ័ព​​​ជើង​​​គោក​​​អាមេរិក​​​បាន​​​ប្រើ​​​កម្មករ​​​កម្មការិនី​​​​​​ជា​​​អនីតិ​ជន​​​​មាន​​​អាយុ​​​ត្រឹម​​​​​​១៥ឆ្នាំ​​​​​​​​និង​​​ថា ពេល​​​វេលា​​​ចូល​​​​​បន្ទប់​​​ទឹក​​​​​​ត្រូវ​​​បានគេ​​​​​​​កំហិត​​​​​​ខ្លាំង​​​ពេក​​​រហូត​​​​​​ដល់​​​ថ្នាក់​​​កម្មករ​​​កម្មការិនី​​​​​​បង្ខំ​​​ចិត្ត​​​បន្ទោ​​​បង់​​​ដាក់​ខោ​​​​របស់​​​ខ្លួន​ទៀត​ផង​​​។

លោក​​​ គីវ ចាន់​​​សីហា ប្រធាន​​​​​​ផ្នែក​​​គណ​​​នេយ្យ​​​នៅ​​​រោងចក្រ​​​ Zongtex ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​​​បាន​​​​​​និយាយ​​​ថា “ឥឡូវ​​​នេះ​​​ខ្ញុំ​​​​​​កំពុង​​​ពិនិត្យ​​​មើល​​​ព័ត៌មាន​​​នេះ​​​​​​។ ខ្ញុំ​​​ពុំ​​​ដឹង​​​ថា​​​ពួក​​​គេ​​​បាន​​​​​​ព័ត៌មា​​​ន​​​នេះ​​​មក​​​ពី​​​ណា​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា នេះ​​​​ជា​​​ព័ត៌​​​មាន​​​មិន​​​ត្រឹម​​​ត្រូវ​​​ឡើយ​ ព្រោះ​​​រោង​ចក្រ​​​​នេះ​​​មិន​​​​​​ដែល​​​​​​យក​​​អនីតិជន​​​មក​​​ធ្វើ​​​ការ​​​ឡើយ​​។ ​​យើង​​​តែ​​ងតែ​​​គោរព​​​ច្បាប់​​​ការងារ​​​។ ​មាន​​​​​​កម្មករ​​​​កម្មការិនី​​​ពី​​​បី​​​ទៅ​​​បួន​​​នាក់​​ដែរ ​ដែល​​​នៅ​​​សល់​​​មួយ​ខែ​ឬ ក៏ពី​​​រ​​​ខែ​​​ទៀត​​​​​​​​ឈាន​​​​​​ចូល​​​វ័យ​​​១៨​​​ឆ្នាំ​​​ ប៉ុន្តែ​​​ពួក​​​គេ​​​​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នេះ​​​​​​ដោយ​​​សារ​​​ពួក​​​គេ​​​មាន​​​ជំនាញ​​​​​​​​​កាត់​​​ដេរ​​​”។

តាម​រយៈ​​​បទ​​​សម្ភាស​​ន៍​​​ជា​​​មួយ​​​កាសែត​​​ The New York Times កម្មករ​​​កម្មការិនី​​​មួយ​​​ចំនួន​​​ ដែ​​​ល​​​អះអាង​​​ថា ខ្លួន​​​គឺ​​​ជា​​​អនីតិជន​​​នោះ​​​​​​ បាន​​​​​​និយាយ​​​ថា ខ្លួន​​​​​​ក៏​​​ត្រូ​​​វ​​​បាន​​​ប្រាប់​​​​​​ឲ្យ​​​លាក់​​​​​​មុខ​​​​​​កុំ​​​ឲ្យ​​​អ្នក​​​ចុះ​​​មក​​​ពិនិត្យ​​​រោងចក្រ​​​​​​​​​ឃើញ​​​ផង​​​ដែរ​​ ក្នុង​​​នោះ​​​មាន​​​ម្នាក់​​​បាន​​​និយាយ​​​ថា “ពេល​​​ខ្លះ​​​​​​គេ​​​បន្ទោរ​​​បង់​​​​​​ដាក់​ខោ​នៅ​​​កន្លែង​​​ម៉ាសីុន​​​ដេរ​​​​​​របស់​​​ខ្លួន​​​​​​តែ​​​ម្ដងក៏មាន​ដែរ​​​​”។

នៅ​​​តំបន់​​​អាសីុ​​​នេះ​​​រដ្ឋាភិបាល​​​អាមេរិក​​​​​​ក៏​​​នាំចូល​​​សម្លៀក​​​បំពាក់​​​ពី​​​​​​រោង​​​ចក្រ​​​​​​ក្នុង​​​ប្រទេស​​​ថៃ​​​ និង​​​ប្រទេស​​​វៀត​​​ណាម​​​ផង​​​ដែរ។ ពុំ​​​មាន​​​ច្បាប់​​​ណា​​​ដែល​​​ហាម​​​ឃាត​​​​​​់​​​រដ្ឋា​​​ភិ​​​បាល​​​​​​អាមេរិក​​​​​​ពី​​​ការ​​​​​​ទិញ​​​សម្លៀក​​​បំពាក់​​​ដែល​​​ផលិត​​​នៅ​​​បរទេស​​​ក្នុង​​​រោងចក្រ​​​ណា​​​​​​ដែល​​​អាច​​​មាន​​​ការ​​​​​​រំលោភ​​​ច្បាប់​​​ទេ​​​។

លោក​​​ កែន លូ អគ្គ​​​លេខា​​​ធិការ​​​នៃ​​​សមា​​​គមរោងចក្រ​​​កាត់​​​ដេរ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​​​​​​​ហៅ​​​កាត់​​​ថា GMAC បាន​​​ឲ្យ​​​ដឹង​​​ថា GMAC នឹង​​​​​​ស៊ើប​​​អង្កេត​​​​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ ប៉ុន្តែ​​​ក៏​​​បាន​​​សម្ដែង​​​មន្ទិល​​​​​​ចំពោះ​​​លទ្ធផល​​​នៃ​​​ការ​​​​​​រក​ឃើញ​នេះ​​​​​​ផង​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពាក់ព័ន្ធ​​​នឹង​​​កម្មករ​​​កម្មការ​​​ិនី​​​ពុំ​​​​ទាន់​​​គ្រប់​​​អាយុ​​​ ខ្ញុំ​​​នឹង​​​ស៊ើប​​​អង្កេត​​​។ Zongtex ស្ថិត​​​​​​នៅ​​​ក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​របស់​​​​​​អង្គការ​​​ពលកម្ម​​​​​​អន្តរជាតិ​​ [ហៅ​​​កាត់​​​ថា ILO]។ ប្រាកដ​​​ណាស​​​់​​​ថា រឿង​​​បែប​​​នេះ​​​​​​គេច​​​មិន​​​ផុត​​​ពី​​​ក្រសែ​​​ភ្នែក​​​របស់​​​ ILO​​​…ទេ​​​។ ខ្ញុំ​​​ប្រាកដ​​​ថា កាសែត​​​ The New York Times មិ​​​ន​​​បាន​​​ធ្វើ​​​សវនកម្ម​​​នៅ​​​រោងចក្រ​​​នេះ​​​ឡើយ​​​”។

GMAC បាន​​​​​​ឲ្យ​​​ដឹង​​​ថា ថៅកែ​​​របស់​​​​​​រោង​​​ចក្រ​​​នេះ​​​ ជា​​​ជន​​​ជាតិ​​​តៃ​វ៉ាន់​​​​​​និង​​​មានបុគ្គលិក​​​​បម្រើ​​​ការងារ​​​ចំនួន​​​២២៥​​​នាក់៕ សេរីវុធ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស