31 C
Phnom Penh

ករណី​ឆ្លង​និង​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​និង​ជំងឺ​គ្រុន​ចាញ់​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ២០១៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួ​លេខ​ថ្មី​បំផុត​ពី​ក្រសួង​សុខា​​ភិបាល​ឲ្យ​ដឹង​ថា​ ការ​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​​​ឈាម​ និង​គ្រុន​ចាញ់​ បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​នេះ​បើ​ធៀប​​​​​នឹងរយៈ​ពេល​​​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១២ ជា​ឆ្នាំ​​​​​​​​ដែល​ជំងឺ​គ្រុន​ឈាម​មាន​ការ​ឆ្លង​ខ្ពស់នោះ​។

លោក​​ ង៉ាន​ ចន្ថា ប្រធាន​កម្មវិធី​ទប់ស្កាត់​ជំងឺគ្រុន​ឈាមនៅ​ក្រសួង​សុខាភិបាលបាន​ឲ្យ​ដឹង​ថា​ ​ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​មនុស្ស​ចំនួន​៥៩​នាក់ហើយ​បាន​ឆ្លង​ទៅ​លើ​មនុស្ស​ចំនួន​១៧.៤៩១នាក់​ អំឡុង​រយៈពេល​៤៩​​សប្តាហ៍​ដំបូង​នៅ​ឆ្នាំ​នេះ​។ ការ​ស្លាប់​និង​ការ​ឆ្លង​ដោយសារ​ជំងឺ​គ្រុន​ឈាម​​​​​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ពោល​​គឺ​ បាន​ធ្លាក់​ចុះ​ពីការ​ស្លាប់​ចំនួន​១៨៣​​​ ករណី​និង​ការឆ្លង​ចំនួន​៤១.៧១៦​ករណី​ ដែល​ត្រូវ​បាន​កត់​ត្រា​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​​២០១២ ​ជាឆ្នាំ​ដែល​ការ​ឆ្លង​នូវ​ជំងឺ​គ្រុន​ឈាម​​​​​មាន​ការ​កើន​ឡើង​ខ្ពស់​។ ការ​ស្លាប់​ដោយសារជំងឺ​គ្រុន​ឈាមនៅក្នុង​ឆ្នាំ​នេះ​ក៏​បាន​ធ្លាក់​ចុះ​បន្តិច​ពីករណី​ស្លាប់​ចំនួន​៥៦​ករណី​​​​​​​ដែល​ត្រូវបាន​កត់​ត្រា​កាល​ពី​ឆ្នាំ​២០០៨ ផង​ដែរ​។

លោក​ ចន្ថា​ បាន​ពន្យល់​ថា ករណី​ឆ្លងនៃ​​ជំងឺ​គ្រុន​​ឈាម​ដែល​មាន​ការកើ​ន​ឡើង​ខ្ពស់​អំឡុង​​​​​ឆ្នាំ​​កើត​មាន​​ជំងឺនេះច្រើន​នោះ​ ​វា​អាច​ធ្វើ​ឲ្យ​មាន​ភាព​សុំាសម្រាប់​ពីរបី​ឆ្នាំក្រោយ​។ ប៉ុន្តែ​លោក​បាន​បន្ថែមថា  ឪពុក​ម្តាយ​ក្រ​​​នាំ​កូន​ៗ​ដែល​ឈឺ​របស់​ខ្លួន​ទៅ​កាន់​មន្ទីរពេទ្យ មុន​ពេល​ស្ថានភាព​ជំងឺ​ធ្លាក់​ក្នុង​សភាពធ្ងន់ធ្ងរ។
លោក​បាន​មាន​ប្រសាសន៍​ថា​ “ពួក​គាត់​នៅ​តែ​ជឿជាក់​លើ​គ្លីនិក​ឯកជន​ ហើយ​មិន​បាន​នាំ​កូន​ៗ​របស់​ខ្លួន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា​ឡើយ​”។

លោក​ ច ម៉េង​ជួ ប្រធាន​មជ្ឈមណ្ឌលជាតិ​​គ្រប់​គ្រង​ជំងឺ​គ្រុន​ចាញ់​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​​​កម្ពុជា​ក៏នៅ​ប្រឈម​នឹងហានិភ័យ​នៅ​ថ្ងៃ​អនា​​​គត​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ដែល​ករណី​ឆ្លង​នៃ​គ្រុន​ឈាម​មាន​ការ​រីក​រាល​ដាល​​​ច្រើន​​ផង​ដែរ។ លោក​មាន​ប្រសាសន៍​ថា​ “ទោះ​បី​ជា​ហានិ​​​​​​​​ភ័យ​នៃការ​ឆ្លង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ក៏​ដោយ​ ក៏​ប្រទេស​កម្ពុជា​ត្រូវ​តែ​ចង​​ចាំនៅ​ក្នុង​ចិត្តដែរ​ថា​ ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​តំបន់ដែល​ជំងឺ​[គ្រុនឈាម] មាន​ការ​ផ្ទុះ​ឡើង​ខ្លាំង​នៅក្នុង​ពិភពលោក​​​”។

ការ​ស្លាប់​និង​ការ​ឆ្លង​នៃ​ជំងឺគ្រុន​ចាញ់​​​ក៏​មាន​​​ការ​ធ្លាក់​ចុះ​​ដែរ​នៅ​ក្នុង​ឆ្នាំ​នេះ​។ យោង​តាម​មជ្ឈមណ្ឌលជាតិ​គ្រប់​គ្រង​ជំងឺ​គ្រុន​ចាញ់​បាន​ឲ្យ​ដឹង​ថា​ មេរោគ​ដែល​កើត​ចេញ​ពី​មូស​ដែក​គោល​បាន​សម្លាប់​មនុស្ស​ចំនួន​៩នាក់​ និង​បាន​ឆ្លង​ទៅ​លើ​មនុស្ស​ចំនួន​៣៧.២៨៧នាក់​ អំឡុង​រយៈពេល​១១ខែ​ដំបូង​​​នៅ​ក្នុង​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​ការ​ស្លាប់​ចំនួន​៣៩​ករណី​និង​ការ​ឆ្លង​ចំនួន​៦៤.៣៧៦​​ករណី អំឡុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១២។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះគឺ​នៅ​តាម​ព្រំ​ដែន​កម្ពុជា​ថៃ​ភាគខាងលិច​ ព្រោះ​​​មិន​មាន​ការ​ស្លាប់​កើត​ឡើងឡើយ​។ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ជំងឺ​ដែល​សុំានិង​ថ្នាំ​នេះ​នៅ​តាម​ព្រំ​ដែន​កម្ពុជា​ថៃ​នៅ​ឆ្នាំ​២០០៧​​ហើយ​ចាប់​តាំង​ពី​ពេល​នោះមក​​ ភាព​សុំានៃ​ជំងឺនេះ​កាន់​តែ​មាន​សភាព​ខ្លាំង​ទៅ​ៗ​។ កម្មវិធី​ចែក​មុង​ជ្រលក់​ថ្នាំ​នៅ​តាម​ព្រំដែន​ ការ​បញ្ជូន​មន្ត្រី​សុខាភិបាល​ដែល​មាន​ជំនាញ​ច្បាស់​លាស់​ទៅ​ប្រចាំ​ការ​នៅ​ភូមិដែល​មាន​​ការ​ឆ្លង​ខ្លាំង​ និង​ការ​ពារ​ទាន់​ពេល​វេលា​ បាន​ជួយ​កាត់​បន្ថយ​ករណី​ឆ្លង​និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់៕ ស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស