កាលពីម្សិលមិញ ក្រសួងមហាផ្ទៃបានគំរាមដកហូតអាជ្ញាប័ណ្ណសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ប្រសិនបើសមាគមនេះធ្វើបាតុកម្មតាមការគ្រោងទុកនៅសប្ដាហ៍ក្រោយក្នុងបំណងទាមទារប្រាក់ខែខ្ពស់ជាងមុនសម្រាប់គ្រូបង្រៀននៅទូទាំងប្រទេស។

មន្ត្រីម្នាក់នៅក្រសួងមហាផ្ទៃបានឲ្យដឹងថា ការគំរាមនេះគឺជាការឆ្លើយតបដោយផ្ទាល់ចំពោះការជាប់ពាក់ព័ន្ធរបស់លោក រ៉ុង ឈុន ប្រធានសមាគមនេះក្នុងការធ្វើកូដកម្មរបស់កម្មករកម្មការិនីរោងចក្រកាត់ដេរទៅទូទាំងប្រទេស និងចំពោះទំនាក់ទំនងរបស់លោកជាមួយគណបក្សសង្គ្រោះជាតិ។
សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាដែលមានសមាជិកជាង១០.០០០នាក់នៅទូទាំងប្រទេស បានសម្រេចកាលពីថ្ងៃអង្គារថា នឹងធ្វើបាតុកម្មរយៈពេលមួយសប្ដាហ៍នៅទូទាំងប្រទេសដោយចាប់ផ្ដើមនៅថ្ងៃច័ន្ទ ដើម្បីអំពាវនាវឲ្យមានការផ្ដល់ប្រាក់ខែ២៥០ដុល្លារក្នុងមួយខែសម្រាប់គ្រូបង្រៀនដែលមានប្រាក់ខែទាប។ សមាគមនេះបានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋាភិបាលក្នុងថ្ងៃតែមួយជាមួយនឹងសេចក្ដីលម្អិតពីផែនការនេះ។
លោក ឌុច សន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “យើងនឹងដកហូតអាជ្ញាប័ណ្ណប្រសិនបើគាត់ [លោក រ៉ុង ឈុន] ដឹកនាំការធ្វើបាតុកម្មដូចមានបញ្ជាក់ក្នុងលិខិតគាត់មែន”។ លោក សន បានឲ្យដឹងថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចឲ្យមានវិធានការដកហូតអាជ្ញាប័ណ្ណនេះបន្ទាប់ពីបានទទួលលិខិតរបស់សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ដែលបញ្ជាក់ថា គ្រូបង្រៀននឹងប្រមូលផ្ដុំគ្នាទាំងនៅរាជធានីភ្នំពេញនិងខេត្តក្រុងនានាក្នុងបំណងទាមទារឲ្យមានប្រាក់ខែខ្ពស់ជាងមុនដើម្បី “លើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់និងដើម្បីគូសបញ្ជាក់ពីគុណភាពក្នុងវិស័យអប់រំ”។
លោក រ៉ុង ឈុន បានអះអាងកាលពីម្សិលមិញថា ការគំរាមរបស់រដ្ឋាភិបាលក្នុងការបិទសមាគមរបស់លោក គឺធ្វើឡើងក្នុងបំណងបំភិតបំភ័យគ្រូបង្រៀនដែលមានប្រាក់ចំណូលយ៉ាងច្រើនត្រឹម១០០ដុល្លារក្នុងមួយខែ មិនឲ្យចូលរួមក្នុងបាតុកម្មរបស់សមាគមនេះ។ លោក រ៉ុង ឈុន បានមានប្រសាសន៍ថា “ខ្ញុំគិតថា ការគំរាមនេះធ្វើឡើងក្នុងបំណងបំភិតបំភ័យគ្រូបង្រៀនមិនឲ្យចូលរួមធ្វើបាតុកម្មទាមទារឲ្យមានការបង្កើនប្រាក់ខែអប្បបរមា។ សមាគមរបស់ខ្ញុំបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅឯក្រសួងមហាផ្ទៃ ដូច្នេះប្រសិនបើពួកគេបិទអង្គការរបស់ខ្ញុំមែននោះ ពួកគេធ្វើផ្ទុយនឹងច្បាប់ហើយ”។
លិខិតមួយច្បាប់ពីរដ្ឋាភិបាលចុះថ្ងៃទី២៧ ខែធ្នូ ផ្ញើជូនលោក រ៉ុង ឈុន មានការអះអាងថា សកម្មភាពនយោបាយរបស់មេដឹកនាំសមាគមនេះគឺផ្ទុយពីលក្ខន្តិកៈរបស់សមាគមគ្រូបង្រៀនដែលបានផ្ញើជូនក្រសួងមហាផ្ទៃក្នុងឆ្នាំ២០០១ ដែលមានការធានាអះអាងថា សមាគមនេះនឹងប្រកាន់ជំហរអព្យាក្រឹតផ្នែកនយោបាយ។ ក្រសួងមហាផ្ទៃនៅបានចេញលិខិតមួយច្បាប់ទៀតកាលពីសប្ដាហ៍មុនដោយបញ្ជាក់ថា រដ្ឋាភិបាលពុំទទួលស្គាល់លោក រ៉ុង ឈុន ជាប្រធានសហជីពទេ ព្រោះសហភាពសហជីពកម្ពុជា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក មិនបានចុះបញ្ជីជាមួយរដ្ឋាភិបាលឡើយ។
លោក ឌុច សន បានឲ្យដឹងថា លោកបានស្នើជាលក្ខណៈបុគ្គលឲ្យរដ្ឋាភិបាលដាក់ទោសលោក រ៉ុង ឈុន ចំពោះសកម្មភាពរបស់លោកក្នុងការគាំទ្រគណបក្សប្រឆាំង។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានធ្វើសំណើមួយទៅរដ្ឋមន្ត្រី [លោក ស ខេង] ស្នើឲ្យមានការសម្រេចដកអាជ្ញាប័ណ្ណរបស់សមាគមនេះ ព្រោះលោក រ៉ុង ឈុន ប្រើឈ្មោះសមាគមនេះដើម្បីបម្រើសកម្មភាពនយោបាយរបស់ខ្លួន”។
គួររំឭកថា លោក រ៉ុង ឈុន គឺជាអ្នកដើរតួនាទីស្នូលក្នុងការបង្កើតចលនាការងារមិនជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយនៅតែសកម្មក្នុងចលនារបស់គណបក្សសង្គ្រោះជាតិប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកក៏ស្ថិតនៅក្នុងចំណោមមេដឹកនាំសហជីពចំនួនប្រាំមួយរូប ដែលបានរៀបចំការធ្វើបាតុកម្មអូសបន្លាយក្នុងវិស័យកាត់ដេរដើម្បីទាមទារប្រាក់ខែអប្បបរមា១៦០ដុល្លារក្នុងមួយខែផងដែរ។
ទោះបីជារដ្ឋាភិបាលបានព្រមានថា នឹងបញ្ឈប់រាល់ការធ្វើបាតុកម្មរបស់កម្មករ កម្មការិនីរោងចក្រកាត់ដេរនៅថ្ងៃនេះក៏ដោយ ក៏លោក រ៉ុង ឈុន និងសហសេវិករបស់ខ្លួននៅតែបានប្ដេជ្ញាបន្តគាំទ្រកម្មករកម្មការិនី ដែលតវ៉ាតាមដងផ្លូវទាមទារប្រាក់ខែច្រើនជាងមុនដដែល។
លោក សុខ សំអឿន មេធាវីដ៏ល្បីមួយរូប និងជាប្រធានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា សកម្មភាពនយោបាយរបស់លោក រ៉ុង ឈុន គឺមិនពាក់ព័ន្ធនឹងការងាររបស់សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាទេ ប្រសិនបើសកម្មភាពនេះមានលក្ខណៈជាសកម្មភាពបុគ្គលនោះ។
លោកមានប្រសាសន៍ថា “លើកលែងតែក្នុងករណីគាត់ធ្វើសកម្មភាពតាងនាមឲ្យសមាគមប៉ុណ្ណោះ បើមិនដូច្នេះទេ ក្រសួង [មហាផ្ទៃ] មិនអាចដកហូតអាជ្ញាប័ណ្ណរបស់អង្គការនេះបានទេ។ ប្រសិនបើគាត់រំលោភឬបំពានលក្ខន្ដិកៈសមាគម [គ្រូបង្រៀនឯករាជ្យកម្ពុជា] របស់ខ្លួនវិញនោះរដ្ឋាភិបាលគ្រាន់តែប្រាប់សមាគមឲ្យចាត់វិធានការទៅជាការស្រេច។ សមាគមអាចដកគាត់ ឬក៏ព្រមានគាត់បាន”។
លោក Dave Welsh តំណាងប្រចាំប្រទេសរបស់មជ្ឈមណ្ឌល Solidarity Center ដែលជាអង្គការតស៊ូមតិផ្នែកការងារ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានលើកឡើងថា រដ្ឋាភិបាលដែលបានបណ្ដោយឲ្យមានការធ្វើបាតុកម្មទ្រង់ទ្រាយធំក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ មិនស្រណុកចិត្តរឿងលោក រ៉ុង ឈុន ប្រមូលផ្ដុំគ្រូបង្រៀនទេ។
លោក Dave Welsh បានមានប្រសាសន៍ថា [លោក រ៉ុង ឈុន] ភាគច្រើនតំណាងឲ្យកម្មករកម្មការិនីដែលរដ្ឋាភិបាលបដិសេធមិនផ្ដល់សិទ្ធិជាមូលដ្ឋាន ដូចជាគ្រូបង្រៀន និងមន្ត្រីរាជការស៊ីវិលជាដើម ដោយលោកបានធ្វើការកត់សម្គាល់ថា រដ្ឋាភិបាលនៅតែជំទាស់ដាច់ខាតចំពោះការប្រមូលផ្ដុំគ្រូបង្រៀន ទោះបីជាខ្លួនបានអនុម័តច្បាប់ការពារសិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំគ្នាឬបង្កើតជាសមាគមក៏ដោយ៕ សេរីវុធ