27 C
Phnom Penh

GMAC និយាយការ​ពារកងកម្លំាងប្រដាប់អាវុធ​ដែល​សម្លាប់​កម្មករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សមាជិក​ជាន់​ខ្ពស់​ម្នាក់​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​​កាត់​ថា GMAC បាន​​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​ប្រើ​​អំពើ​ហិង្សា​បណ្ដាល​​ឲ្យមាន​មនុស្ស​ស្លាប់​ពីសំណាក់​កង​រាជអាវុធ​ហត្ថ​លើ​កម្មករ​កម្មការិនី​ធ្វើកូដកម្ម​ដែល​អំឡុង​ពេល​នោះ មនុស្ស​ប្រាំនាក់​បា​ន​បាត់​បង់ជីវិត​ ហើយ​ជាង​២០​នាក់​បាន​របួស​ដោយ​សារ​គ្រាប់​កាំភ្លើង​​។

គួររ​ំឭក​ថា កង​រាជ​អាវុធ​ហត្ថ​បាន​ធ្វើការ​បាញ់​រះ​ពេល​មាន​ការ​គប់​ដុំថ្ម​ពីសំណាក់​ក្រុម​អ្នក​តវ៉ា​ជា​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​រាប់​រយ​នាក់​នៅ​លើ​ផ្លូវ​វ៉េង​ស្រេង ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ ដែល​ជា​កម្មករ​កម្មការិនី​រាប់​ពាន់​នាក់​ធ្វើ​កូដកម្ម​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​​​ប្រាក់​ខែ​អប្បបរមា​។ ក្រុម​អ្ន​ក​តវ៉ា​បាន​ដាក់​របាំង​នៅ​លើ​ផ្លូវ​ ​និង​​បាន​នាំគ្នា​​ប្រើ​ដប​សាំង​ជា​អាវុធ​។

ខណៈ​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​មួយ​បាន​ហៅ​ការ​សម្លាប់​មនុស្ស​នេះ​ថា ជា​ករណី​​​អាក្រក់​បំផុត​នៃ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ជន​ស៊ីវិល​ពីសំណាក់​រដ្ឋាភិបាល​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​នោះ លោក កែន លូ អគ្គលេខាធិការ​សមាគម GMAC បាន​លើក​ឡើង​កាលពីម្សិល​មិញ​ថា អាជ្ញាធរ​បាន​ឆ្លើយ​តប​ចំពោះការ​តវ៉ា​យ៉ាង​ស​ម​ស្រប។ លោក​បាន​និយាយ​ថា “GMAC ថ្កោល​ទោស​ការ​ប្រើ​អំពើ​ហិង្សា​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា នគរ​បាល​ត្រូវ​បំបែក​ក្រុម​កុបករ​ ហើយ​ណា​មួយ​ក្រុម​កុបករ​មិន​បាន​ស្ដាប់​ការ​ព្រមាន​ដោយ​ផ្ទាល់​មាត់​ទេ”។

លោក​ កែន លូ បាន​លើក​ឡើង​ថា ការ​​បាញ់​​​​លើ​ក្រុម​អ្នក​តវ៉ា​ពី​សំណាក់​កង​រាជ​អាវុធ​ហត្ថ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​។ លោក​និយាយ​ថា “បាទ​ ប្រាកដ​ណាស់​។ ពួក​គេ​ [ក្រុម​អ្នក​តវ៉ា​] បានគប់​ដុំថ្ម​ និង​របស់​របរ​ផ្សេង​ៗ​ទៀតមុន​​ តើ​ចង់​ឲ្យ​ពួកគាត់​ [កង​រាជ​អាវុធ​ហត្ថ​] ឆ្លើយ​តប​យ៉ាង​ម៉េច​វិញ​”។ មុន​ពេល​មាន​ការ​ប៉ះទង្គិច​គ្នា​បណ្ដាល​​ឲ្យ​មាន​មនុស្ស​ស្លាប់​កាលពីថ្ងៃ​សុក្រ​ GMAC បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរ​ចាត់​វិធានការ​តឹង​រ៉ឹង​ជាង​មុន​ លើ​សហជីព​ចំនួន​ប្រាំមួយ​ដែល​គេ​ដឹង​ថា សុទ្ធ​​​តែ​មាន​ភាព​ឯក​រាជ្យ​​ មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន និង​លើ​សកម្មភាព​ធ្វើកូដកម្ម​របស់​សមាជិក​សហ​​​ជីព​ទាំង​ប្រាំមួយនាក់​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​រួច​​​ទៅហើយ​ក្នុង​ការ​ធ្វើ​ឲ្យ​ខូ​ច​ខាត​ទ្រព្យ​សម្បត្តិ​រោងចក្រ​ទ្រង់ទ្រាយ​តូច​ និង​​​លើ​ការ​គំរាម​កម្ម​ករ​​​កម្មការិនី​​ដែល​មិន​ចង់​ធ្វើ​កូដកម្ម​។ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ សហជីព​ទាំង​ប្រាំ​មួយ​​​នៅ​មិន​ទាន់​​សម្រេច​ចិត្ត​ថា តើ​នឹង​បន្ត​ការ​តវ៉ា​របស់​ខ្លួន​ ឬអត់ទេ​។

អ្នកស្រី​ ឆេង ឡាង អនុ​ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​វាយនភ័​ណ្ឌ​កាត់​ដេរ​​កម្ពុជា​ ហៅ​កាត់​ថា NIFTUC ​មាន​ប្រសាសន៍​ថា “យើង​អាច​នឹង​ប្ដូរ​ផែនការ​ធ្វើការ​តវ៉ា​នៅ​ថ្ងៃ​ច័ន្ទ ​ព្រោះ​យើង​មិន​ចង់​ឲ្យ​មាន​កម្មករ​កម្មការិនី​បាត់​បង់​ជីវិត​ដោយ​សារ​ការ​ធ្វើ​បាតុ​កម្ម​ទៀត​ទេ”។ អ្នកស្រី​ ឡាង បាន​ឲ្យ​ដឹង​ថា សហជីព​ទាំង​ប្រាំបី​មិន​ទាន់​មាន​ឱកាស​ព្រម​ព្រៀង​គ្នា​លើ​ជំហរ​រួម​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​កូដកម្ម​​បន្ត​ទេ បន្ទាប់ពីមាន​ការ​សម្លាប់​​កម្មករ​ និង​ការ​ប្រើ​អំពើ​ហិង្សា​កាលពីថ្ងៃ​សុក្រ​នោះ​។

អ្នក​ស្រី​​ ឡាង​ បាន​និយាយ​ថា ថ្នាក់​ដឹកនាំ​សហ​​ជីព​​ទាំង​នោះ​​​​មាន​កា​រ​ភ័យ​ខ្លាច​ណាស់​មិន​ទាន់​ហ៊ាន​ជួប​ប្រជុំ​គ្នា​ទេ​​ ហើយណាមួយ​​កម្មករ​កម្ម​ការិនី​កាត់​ដេរ​ជាច្រើន​បាន​គេច​ខ្លួន​ទៅ​​ផ្ទះ​សំបែង​តាម​បណ្ដា​ខេត្ត​នានា​ផង​ ដោយ​លោក​បាន​​បន្ថែម​ថា លោក រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ ក៏​កំពុង​​លាក់​ខ្លួន​ផង​ដែរ​ បន្ទាប់​ពី​បាន​ទទួល​ដីកា​កោះ​ហៅ​​ទៅ​សាកសួរ​ពី​សាលា​ដំបូង​​រាជធានីភ្នំពេញ​។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “ថ្នាក់​ដឹក​នាំ​សហជីព​កំពុង​ព្រួយ​បារម្ភ​​ពី​សុវត្ថិភាព​​របស់​​ខ្លួន​​បន្ទាប់ពី​មេដឹកនាំ​សហជីព​ម្នាក់​បាន​ទទួល​ដីកា​​​ពី​តុលាការ​។ ឥឡូវ​នេះ​​​សហជីព​ផ្សេង​ៗ​ទៀត​កំពុ​ង​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន​។ គួរ​រំឭក​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សហ​ជីព​​ទាំង​ប្រាំ​មួយ​បាន​ព្រម​ព្រៀង​គ្នា​​បង្កើន​​ការ​តវ៉ា​​​ទាម​ទារ​ប្រាក់​ខែ​អប្បបរមា​​១៦០​ដុល្លារ​​នៅ​ទូទាំង​ប្រទេស​លើក​លែង​តែ​រដ្ឋា​ភិបាល​​និង​រោងចក្រ​នានា​​ព្រម​បន្ដ​ការ​ចរចា​អំពី​រឿង​ប្រាក់​ខែ​នេះ​ឲ្យ​បាន​មុន​​ ឬ​ត្រឹម​ថ្ងៃ​សៅរ៍​។ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​និង​ក្រសួង​ការ​ងារ​មិន​បាន​ទាក់​ទង​គ្នា​ទេ ចាប់​តាំង​ពីមាន​ការ​បង្ហូរឈាម​​នៅ​ថ្ងៃ​សុក្រមក​។​

លោក ហ៊ាង សុភក្ត្រ​ ព្រះរាជអាជ្ញារង​​អម​​​សាលា​ដំបូង​​រាជធានីភ្នំពេញ បាន​បញ្ជាក់​ថា លោក រ៉ុង ឈុន ត្រូវ​បាន​កោះ​ហៅ​​សម្រាប់​ការ​សាក​សួរ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា អំពីការ​ពាក់​ព័ន្ធ​របស់​លោក​ក្នុង​អំពើ​ហិង្សា​អំឡុ​ង​ការ​តវ៉ា​​អំពី​ប្រាក់​ខែ​អប្បបរមា​កន្លង​មក​ បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​ពី GMAC ។ លោក សុភក្ត្រ បាន​ថ្លែង​ថា “យើង​គ្រាន់​តែ​កោះ​ហៅ​គាត់​មក​សាក​សួរ​ប៉ុណ្ណោះ ព្រោះ​ [GMAC] បាន​ចោទ​គាត់​ពីបទ​ញុះញង់​​ [ឲ្យ​មាន]​​អំពើ​ហិង្សា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិ​សុខ​សង្គម​។

ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​គឺ​លោក​ សម រង្ស៊ី និង​លោក​ កឹម​ សុខា ក៏​ត្រូវ​បាន​កោះ​ហៅ​នៅ​ថ្ងៃ​តែ​មួយ​​ឲ្យ​​ឆ្លើយ​សំណួរ​​​​ពាក់ព័ន្ធ​នឹង​​ការ​ញុះញង់​ឲ្យ​មាន​​អំពើ​ហិង្សា​​ផង​ដែរ​។

លោក គង់ អាទិត្យ អនុ​ប្រធាន​សម្ព័ន្ធ​សហ​​ជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា មេដឹកនាំ​សហជីព​ទាំង​ប្រាំមួយ​ដែល​រួម​មាន​ទាំង​សហជីព​របស់​លោក​ផង​ដែរ​នោះ មិនទាន់​មាន​ឱកាស​ជួប​ពិភាក្សា​គ្នា​អំពី​អនាគត​របស់​ខ្លួនទេ​។ ហើយ​ថ្នាក់​ដឹកនាំ​សហជីព​ទំាងនោះ​កំពុង​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ឲ្យ​មាន​ការ​ចរចា​ជាមួយ​ក្រសួង​កា​រ​ងារ​ និយោ​​​ជក និង​ GMAC ដើម្បីពិភាក្សា​អំពីការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ ប៉ុន្តែ​ពួកគេ​មិន​ទាន់​បាន​ជូន​ដំណឹង​មក​យើង​​ថា តើ​កិច្ច​ប្រជុំ​បន្ទាប់​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណាទេ​”។ លោក ប្រាក់ ចាន់​ធឿន ប្រធាន​នាយ​ក​ដ្ឋានវិវាទ​​ការ​ងារ​នៅ​ក្រសួង​​ការងារ​​បាន​ឲ្យ​ដឹង​ថា ក្រសួង​នេះ​បាន​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​​សហជីព​ទាំង​ប្រាំមួយ​ឲ្យ​មក​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ពុធ ដែល​នៅ​ពេល​នោះ​សហជីព​ទាំ​ង​​​នេះ​​ឲ្យ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម បើ​មិន​ដូច្នេះ​ទេ ត្រូវ​ប្រឈម​នឹង​វិធានការ​តាម​ផ្លូវ​ច្បាប់​។

លោក​បាន​មាន​ប្រសាសន៍​ថា យើង​បា​ន​កំណត់ពេ​ល​ជួប​ប្រជុំ​ជាមួយ​​​ថ្នាក់​ដឹក​នាំ​​សហ​ជីព​​ទាំង​នោះ​ ដើម្បីប្រាប់​ពួកគេ​កុំ​​ឲ្យ​បង្ក​​បញ្ហា​​ដែលអាច​បង្ក​ឲ្យ​មាន​ភាព​ចលាចល​​នៅ​តាម​រោងចក្រ​នានា​ទៀត​”។ យើងមិន​​មាន​គម្រោង​​​​​ពិភាក្សាពី​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​អំឡុង​​​កិច្ច​ប្រជុំ​នោះ​ទេ​​ ប៉ុន្តែ​យើង​នឹង​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​សហជីព​ទាំង​នោះ​ឈប់​រំខាន​កម្មករ​កម្មការិនី​ពេល​ពួកគេ​វិល​ត្រឡប់​ទៅធ្វើការ​វិញ​ បើមិន​ដូច្នោះ​ទេ យើង​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​”។
លោក កែន លូ អគ្គលេខាធិការ​ GMAC បានអះអាង​ថា លោ​ក​មិន​ដឹង​ថា តើ​មាន​កម្ម​ករ​កម្មការិនី​កាត់​ដេរ​ប៉ុន្មាន​នាក់​នៅ​រាជ​ធានី​ភ្នំពេញ ចូល​ធ្វើការ​វិញ​ទេ​ ប៉ុន្តែ​បាន​បន្ថែម​ថា រោងចក្រ​ភាគ​ច្រើន​នឹង​ព្យាយាម​បើក​ទ្វារ​វិញ​នៅ​ថ្ងៃ​នេះ​។

លោក​បាន​លើក​ឡើង​ថា វិស័យ​កាត់​ដេរ​ដែល​បាន​ផ្ដល់​ប្រាក់​ចំណូល​ជាង​៥.០០០​លាន​​​ដុល្លារ​កាលពីឆ្នាំមុន​នេះ​ នឹង​រើប​ឡើង​វិញ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រាកដ​ណាស់​ថា មាន​ការ​ខូច​ខាត​…ប៉ុន្តែ​ខ្ញុំ​មិនគិត​ថា វា​មិន​អាច​ប៉ះប៉ូវ​វិញ​បាន​ទេ​”។

លោក កែន លូ​ បាន​អះអាង​ថា ការ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ​កម្មការិនី​ធ្វើកូដកម្ម​ពី​សំណាក់​រដ្ឋាភិបាល​នេះ​នឹង​មិនធ្វើ​ឲ្យ​ប៉ះ​ពាល់​​​ដល់​វិស័យ​នេះទេ​ ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើ​ឲ្យ​វិនិយោគិន​កាន់​តែ​មាន​ទំនុក​ចិត្ត​មិន​ចាក​ចេញ​​ពីកម្ពុជា​​ទៅ​ប្រទេស​ដទៃ​។ លោក​ កែន លូ ​បាន​មាន​ប្រសាសន៍​ថា “អាជ្ញាធរ​បាន​បង្ក្រាប​ក្រុមអ្នក​តវ៉ា​ [មែន​ ប៉ុន្តែ​]វា​គឺ​ជា​ការ​បោះ​ជំហានមួយ​ក្នុង​ផ្លូវ​ត្រូវ​”៕ សេរីវុធ​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស