សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានឲ្យដឹងកាលពីម្សិលមិញថា ចលាចលការងាររយៈពេលជាច្រើនសប្តាហ៍នេះ បានធ្វើឲ្យវិស័យឧស្សាហកម្មកាត់ដេរខាតបង់ប្រាក់២០០លានដុល្លារ ហើយអ្នកទិញអន្តរជាតិទំនងជាកាត់បន្ថយការបញ្ជាទិញសម្លៀកបំពាក់ប្រមាណ៣០ភាគរយនៅឆ្នាំនេះ ខណៈដែលការសម្លាប់កូដករប្រាំនាក់ដែលត្រូវបានចាត់ទុកថា ជា “កាខូចខាតបណ្តាលមកពីចលាចល” ។
ដោយមិនសប្បាយចិត្តចំពោះកូដកម្មនិងការតវ៉ារយៈពេលមួយសប្តាហ៍ដោយកម្មករកាត់ដេរដែលទាមទារប្រាក់ឈ្នួលអប្បបរមាប្រចាំខែក្នុងវិស័យនេះដល់ទៅ១៦០ដុល្លារនោះ កងរាជអាវុធហត្ថបានបាញ់សម្លាប់កម្មករកាត់ដេរចំនួនប្រាំនាក់ និងធ្វើឲ្យរបួសជាង២០នាក់នៅក្រៅរោងចក្រមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ។
ដោយសារអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលបរទេសនានា ថ្កោលទោស លោក កែន លូ អគ្គលេខាធិការរបស់ GMAC បានលើកឡើងកាលពីថ្ងៃអាទិត្យថា ការតបតរបស់កងរាជអាវុធហត្ថទៅនឹងក្រុមអ្នកចោលដុំថ្ម គឺសមហេតុសមផល “បំផុត” ហើយ។
នៅឯសន្និសីទកាសែតមួយនៅសណ្ឋាគារភ្នំពេញកាលពីម្សិលមិញ ដើម្បីកែតម្រូវការច្រានចោលដាច់អហង្ការរបស់ខ្លួនចំពោះការទាមទារប្រាក់ឈ្នួលរបស់កម្មករដែលធ្វើកូដកម្ម និងដើម្បីអំពាវនាវឲ្យមានការបញ្ចប់កូដកម្ម លោក វ៉ាន់ ស៊ូអៀង ប្រធាន GMAC បានមិនអើពើនឹងការសម្លាប់របស់កងរាជអាវុធហត្ថឡើយ ហើយបានបន្ទោសការស្លាប់នេះលើកម្មករខ្លួនឯង។
ឮលោក ស៊ូអៀង បានលើកឡើងនៅឯសន្និសីទកាសែតនេះថា “ការអន្តោគមន៍របស់នគរបាលដើម្បីធានាផ្លូវច្បាប់ និងបទបញ្ជា គឺសមហេតុ សមផលហើយ។ វាត្រូវតែជាការខូចខាតបណ្តាលមកពីចលាចល ដូច្នេះ យើងត្រូវរំពឹងទុកដូច្នោះដែរ។ ហេតុអ្វីបានជាអ្នកទាំងនោះដែលរំលោភ និងធ្វើបាតុកម្មខុសច្បាប់បង្កផលប៉ះពាល់ដល់បណ្តារោងចក្រ មិនមានការទទួលខុសត្រូវ ? ហេតុអ្វី? ។ ហើយប្រសិនបើមិនមានព្រឹត្តិការណ៍បែបនេះ ក៏គ្មានការអន្តរាគមន៍របស់នគរបាលបែបនេះដែរ។ហេតុអ្វីជានិច្ចកាលបង្ករឿងខុសរបៀបនេះ?”។
លោកបានលើកឡើងអំពីការបាញ់គ្រាប់ពិតនិងក្រុមអ្នកចោលដុំថ្មថា “សមាមាត្រ គឺការវាយតម្លៃរបស់អ្នក ម្នាក់ៗវាយតម្លៃ”។ លោកបន្តថា “ វាជារឿងដ៏ក្រៀមក្រំមួយចំពោះអ្នកទាំងឡាយដែលរងប៉ះពាល់ ស្លាប់ វាជារឿងដ៏ក្រៀមក្រំមួយ។ ខ្ញុំមិនចង់ឲ្យមានរឿងដូច្នោះទេ ខ្ញុំមិនចង់សោះ ដូច្នេះហេតុអ្វី[ក្រុមអ្នកតវ៉ា]ចាប់ផ្តើម?។
រយៈពេលប៉ុន្មានថ្ងៃកាលពីចុងសប្តាហ៍មុន GMAC បានប្តឹងអំពីការបំផ្លាញទ្រព្យសម្បត្តិដែលក្រុមកូដករតាមចោទថា បានសម្រុកចូលរោងចក្ររបស់សមាជិកខ្លួន។ ទោះជាយ៉ាងណា ដោយស្នើសុំឲ្យធ្វើការវាយតម្លៃឲ្យហ្មត់ចត់អំពីការខាតបង់នៃការខូចខាតទាំងនោះកាលពីម្សិលមិញ លោក ស៊ូអៀង បានលើកឡើងថា ការប៉ាន់ប្រមាណមួយនឹង “ឆាប់ពេកហើយ”។
GMAC គ្រាន់តែបង្ហាញក្រុមអ្នកយកព័ត៌មាននូវវីដេអូឃ្លីបខ្លីមួយអំពីកម្មករកាត់ដេរដែលទាត់និងវាយកម្ទេចរបងដែកនៅរោងចក្រ។ ដោយមិនអាចនិយាយអំពីការខូចខាតដល់រោងចក្រនេះនោះ លោក ស៊ូអៀង មានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការកំណត់ថ្លៃមួយទៅលើអ្វីដែលឧបសគ្គនៃការធ្វើកូដកម្មបានធ្វើឲ្យខូចខាតដល់រោងចក្រនៅក្នុងសមាគមរបស់លោក និងឧស្សាហកម្មរបស់រោងចក្រនេះ ពោលគឺខាតបង់ទឹកប្រាក់ចំនួន២០០លានដុល្លារក្នុងការលក់ផលិតផល និងចំណូល៧០លានដុល្លារក្នុងរយៈពេល៥០ថ្ងៃចុងក្រោយនេះ ហើយអ្នកទិញជាច្រើនបានគំរាមប្តឹង ឬលុបចោលកិច្ចសន្យាជុំវិញការផលិតដែលខាតបង់នេះ ហើយក្រុមហ៊ុនពីប្រាំទៅប្រាំពីរក្រុមហ៊ុនដែលកំពុងតែគិតអំពីការបង្កើតហាងនៅទីនេះ លុបចោលការទស្សនកិច្ចរបស់ខ្លួន។
លោកបានលើកឡើងថា មកទល់ត្រឹមឆ្នាំ២០១៤ ក្រុមហ៊ុនខ្លះដូចជា ក្រុមហ៊ុន H&M បានយល់ព្រមបង់ប្រាក់បន្ថែមទៀតសម្រាប់ការបញ្ជាទិញរបស់ខ្លួន ក៏ប៉ុន្តែបានព្រមានថា ការធ្លាក់ចុះយ៉ាងខ្លាំងនិងទាំងស្រុងក្នុងការបញ្ជាទិញត្រូវបានធានារួចរាល់ហើយ។ លោកបានថ្លែងថា “ឆ្នាំក្រោយ ប្រសិនបើជាអ្នកទិញនៅតែបន្តដាក់បរិមាណនៃការបញ្ជាទិញដដែល ដែលខ្ញុំសង្ស័យ ប្រសិនបើពួកគេដំឡើងថ្លៃដូចជាក្រុមហ៊ុន H&M យើងប្រហែលជាទប់ទល់បាន។
ប៉ុន្តែ ជាការពិតពួកគេនឹងមិនធ្វើដូច្នោះឡើយ។ យើងរំពឹងទុកថា នឹងមានការបាត់បង់ការបញ្ជាទិញពី២០ទៅ៣០ភាគរយ។ យើងអាចរំពឹងទុកថា អ្នកទិញខ្លះនឹងបញ្ចុះថ្លៃ ព្រោះពួកគេនិយាយថា ‘ខ្ញុំប្រថុយប្រថានក្នុងការដាក់ការបញ្ជាទិញក្នុងប្រទេសកម្ពុជា ពីព្រោះវាជាប្រទេសមួយដែលប្រកបដោយហានិភ័យ’ ”។
ប៉ុន្តែ លោក ស៊ូអៀង និងក្រុមគាំទ្រអាជីវកម្មផ្សេងទៀតនៅឯសន្និសីទកាសែតបានបញ្ជាក់ថា កម្មករកាត់ដេរទទួលប្រាក់ខែគ្រប់គ្រាន់ហើយ ហើយថា ការសុំដំឡើងប្រាក់ខែអប្បបរមាដល់១៦០ដុល្លារមិនគ្រាន់តែសម្លាប់ឧស្សាហកម្មកាត់ដេរក្នុងស្រុកនោះទេ ក៏ប៉ុន្តែ បំផ្លាញខ្ទេចខ្ទីទៅលើសេដ្ឋកិច្ចទាំងមូល។
លោក ប្រេតតុន ស៊ារ៉ូនី (Bretton Sciaroni) ទីប្រឹក្សាផ្នែកច្បាប់ជាយូរមកហើយរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលដឹកនាំក្លិបអាជីវកម្មអន្តរជាតិនៅក្នុងប្រទេសនេះ បានព្រមានថា ការឡើងប្រាក់ឈ្នួលទ្វេភ្លាមៗក្នុងវិស័យមួយដែលមានជនកម្ពុជាប្រមាណ៦០០.០០០នាក់ នឹងមានផលប៉ះពាល់អតិផរណាដ៏គ្រោះថ្នាក់មួយនៅទូទាំងប្រទេស។
លោក ស៊ារ៉ូនី បានឲ្យដឹងថា លោកមិនដឹងថា តើប្រាក់ឈ្នួលបែបណាដែលរោងចក្រ នឹងចាប់ផ្តើមដក ជាអ្វីដែលលោកហៅថា “ចំណុចកំពូល” ក៏ប៉ុន្តែ លោកបានបញ្ជាក់ថា ការតវ៉ាកាន់តែច្រើនដូចជា ការតវ៉ាក្នុងរាជធានីភ្នំពេញ ដែលគេបានឃើញកាលពីសប្តាហ៍មុន នឹងធ្វើឲ្យវិនិយោគិនញញើតមិនហ៊ានចូលមក។
ក្រុមហ៊ុនធនធានមនុស្សក្នុងស្រុក HR Inc. បានធ្វើការស្ទាបស្ទង់មួយអំពីកម្មករកាត់ដេរដែលទទួលបានចំណូល និងចំណាយនៅពាក់កណ្តាលឆ្នាំ២០១៣។ ក្រុមហ៊ុននេះបានរកឃើញថា កម្មករកាត់ដេរជាមធ្យមទទួលចំណូលជាមួយនឹងប្រាក់បន្ថែមម៉ោងរាល់ថ្ងៃ ពោលគឺ១៧៨ដុល្លារក្នុងមួយខែ ហើយប្រាក់នេះត្រូវបានចំណាយបន្ទាប់ពីផ្ញើទៅផ្ទះចំនួន៥៦ដុល្លារក្នុងមួយខែ។
លោក សាន់ដ្រា ដាមីកូ (Sandra D’Amico)នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនHR Inc. ដែលជាអនុប្រធានសហព័ន្ធនិយោជក និងសមាគមអាជីវកម្មកម្ពុជាផងដែរ បានឲ្យដឹងថា “ពិតមែនហើយ មានការពិភាក្សាមួយអំពីតើអ្វីទៅជាអាហារឆ្ងាញ់។ ប៉ុន្តែ ភាពពិតបង្ហាញថា មានប្រាក់បន្ថែម និងមានប្រាក់ចំណូលដែលអាចប្រើប្រាស់ក្នុងការចំណាយផ្សេងៗ”។
លោក ស៊ូអៀង ក៏បានអះអាងដែលថា កូដករមួយចំនួនតូចបានកំពុងតែយកឧស្សាហកម្មទាំងមូលជាចំណាប់ខ្មាំង ។ លោកមិនបានទទួលស្គាល់ការអំពាវនាវរបស់សហជីពដែលធ្វើកូដកម្មឲ្យបន្តការចរចាអំពីប្រាក់ឈ្នួលឡើយ ប៉ុន្តែ លោកបានថ្លែងថា ការចរចានៅពេលអនាគតណាមួយ នឹងកើតឡើងដោយគ្មានអំពើហិង្សាទៀតឡើយ។ លោក ស៊ូអៀង បានថ្លែងថា លោករំពឹងដែរថា កម្មករកាត់ដេរយ៉ាងតិច៨០ភាគរយ នឹងត្រឡប់មកកាន់រោងចក្រចំនួនជាង៤០០ទៀតក្នុងប្រទេសនេះវិញ បន្ទាប់ពីថ្ងៃឈប់សម្រាកទិវាជ័យជម្នះ៧មករា។
សហជីពចំនួនប្រាំមួយដែលនៅពីក្រោយការតវ៉ានេះបានបដិសេធដាច់អហង្កាថា មិនបានញុះញង់ឲ្យមានអំពើហិង្សាណាមួយកាលពីសប្តាហ៍មុននោះទេ ហើយកាលពីម្សិលមិញ បានលើកឡើងថា ខ្លួននៅតែទាមទារឲ្យការដំឡើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារ។
លោក ជា មុនី ប្រធានសហជីពកម្មករកាត់ដេរនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការព្រមានរបស់លោកផ្ទាល់ចំពោះរោងចក្រនានាថា ប្រសិនបើពួកគេមិនដំឡើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារទេនោះ កម្មករនឹងចេញពីប្រទេសដើម្បីស្វែងរកប្រាក់ឈ្នួលប្រសើរជាងនេះនៅក្រៅប្រទេស។ លោក មុនី បានលើកឡើងថា “ខ្ញុំចង់ព្រមានពួកគេថា ប្រសិនបើគ្មានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេនោះ ឧស្សាហកម្មនេះនឹងដួលរលំ ពីព្រោះកម្មករនឹងចេញទៅប្រទេសផ្សេងទៀត”។ លោកបានចាត់ទុកការព្រមានរបស់រោងចក្រចេញពីកម្ពុជា ថា ជាល្បិចចាស់គំរិលមួយ។
លោកបានមានប្រសាសន៍ថា “សូមឲ្យពួកគេដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារជាមុនសិន ដូច្នេះយើងអាចមើលឃើញថាតើរោងចក្រចំនួនប៉ុន្មានបិទ។ ពួកគេបានជជែកអំពីបញ្ហានេះរយៈពេល១០ឆ្នាំហើយ”។ លោក មុនី បានឲ្យដឹងថា សហជីពចំនួនប្រាំមួយមិនទាន់កំណត់ផែនការរបស់ខ្លួននៅឡើយទេ បន្ទាប់ពីថ្ងៃឈប់សម្រាកថ្ងៃនេះ ប៉ុន្តែរំពឹងថា មានកម្មករច្រើនបន្តការធ្វើកូដកម្មរបស់ខ្លួនទៀត ប៉ុន្តែ លោកមិនបាននិយាយថា កម្មករចំនួនប៉ុន្មាននាក់នោះទេ។
លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ បានលើកឡើងថា រោងចក្រគួរតែបញ្ជាក់ថា ខ្លួនមិនអាចលៃលកដំឡើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារដោយការបើកបញ្ជីរបស់ខ្លួននោះទេ។ លោកបានថ្លែងថា “បញ្ហាសំខាន់គឺថា ពួកគេត្រូវងាកមករកតុចរចាវិញ។ យើងនៅតែទាមទារ១៦០ដុល្លារ”។ សហជីពទាំងនេះបានច្រានចោលសំណើមួយពីរដ្ឋាភិបាល និងរោងចក្រសុំឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចំាខែ១០០ដុល្លារ៕ប៊ុននី