កម្មកររោងចក្រកាត់ដេររាប់រយនាក់បានធ្វើការតវ៉ានៅខាងក្រៅសួនឧស្សាហកម្មវឌ្ឍនៈ២នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីម្សិលមិញ ទាមទារឲ្យរោងចក្រទទួលយកកម្មករ១១នាក់ចូលបម្រើការងារវិញ ពីព្រោះពួកគេបានអះអាងថា ត្រូវបានបណ្តេញចេញពីការងារដោយមិនត្រឹមត្រូវនៅរោងចក្រកាត់ដេរ Dongdu Textile បន្ទាប់ពីពួកគេបានបង្កើតសហជីព។

កម្មករនិងបុគ្គលិកក្រុមហ៊ុនបាននិយាយថា ការចរចារវាងតំណាងកម្មករ អ្នកគ្រប់គ្រងរោងចក្រ និងមន្ត្រីក្រសួងការងារបានជាប់គាំងនៅរោងចក្រនេះដែលស្ថិតនៅក្នុងសង្កាត់ក្រាំងពង្រ បន្ទាប់ពីរោងចក្រ Dongdu Textile ជារោងចក្រផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុនលក់រាយរបស់អូស្ត្រាលីឈ្មោះ Bonds បានបដិសេធមិនព្រមទទួលយកកម្មករទាំងនោះឲ្យចូលបម្រើការងារវិញ។
លោក ងួន ពិសិដ្ឋ តំណាងសហជីពអភិវឌ្ឍន៍ការងារកម្មករកម្ពុជា ជាសហជីពដែលកម្មករបង្កើតឡើងនោះបានមានប្រសាសន៍ថា “ បន្ទាប់ពីមានការចរចាអស់រយៈពេលប្រហែលមួយម៉ោង ក្រុមហ៊ុនបានបដិសេធដាច់អហង្ការមិនព្រមទទួលយកកម្មករទាំង១១នាក់នេះចូលបម្រើការងារវិញជាដាច់ខាត ដោយសាររោងចក្របានចោទប្រកាន់ពួកគេថា បានញុះញង់ និងគំរាមកំហែងកម្មករ ឲ្យធ្វើការតវ៉ា”។
លោក ពិសិដ្ឋ បានមានប្រសាសន៍ថា “ ពួក គេមានការរើសអើងចំពោះសហជីពយើង ពីព្រោះសហជីពបានការពារនិងជួយកម្មករនៅពេលដែលរោងចក្របានបំភិតបំភ័យ និងគំរាមកំហែងកម្មករ ហើយបង្ខំឲ្យកម្មករធ្វើការលើសម៉ោង ដាក់កម្លាំងនគរបាល កងរាជអាវុធហត្ថ និងសន្តិសុខនៅក្នុងរោងចក្រ ដើម្បីគំរាមកំហែង និងបំភិតបំភ័យតំណាងកម្មករ”។ កម្មករក៏បានដាក់ញត្តិសុំជំនួយពីសហជីពកាត់ដេរដទៃទៀតដើម្បីតស៊ូប្រឆាំង រោងចក្រកាត់ដេរ Dongdu Textile នេះ។
លោក រ៉ុកគី ឆាយ អគ្គនាយករងរោងចក្រកាត់ដេរ Dongdu Textile បានមានប្រសាសន៍ថា ការយកតំណាងសហជីពទាំង១១នាក់ឲ្យចូលបម្រើការងារវិញមិនអាចឡើយ“ ដោយ សារពួកគេបានញុះញង់កម្មករ” ឲ្យទាមទារដករូបលោកចេញពីតំណែង។
លោក ឆាយ បានបន្ថែមថា “បើទោះមាន កម្មករជាច្រើនធ្វើការតវ៉ាក៏ដោយ ក៏យើងនៅមានកម្មករប្រហែលពី៤០០ទៅ៥០០នាក់កំពុងធ្វើការនៅក្នុងរោងចក្រដែរ។ ការតវ៉ាធ្វើឲ្យប៉ះពាល់ដល់ការរកសីុរបស់យើង ហើយធ្វើឲ្យនិយោជកបាត់បង់ទំនុកចិត្តទៀតផង”។
លោក មុំ សុខមាន អាយុ៣៣ឆ្នាំ តំណាងសហជីពមួយរូបនៅក្នុងចំណោមតំណាងសហជីពដែលត្រូវបណ្តេញចេញនោះបាននិយាយថា លោកត្រូវបានបណ្តេញចេញពីការងារដោយសារលោកព្យាយាមបង្កើតសហជីពថ្មីនៅក្នុងរោងចក្រនេះ”។
លោកបានមានប្រសាសន៍ថា “ពួកគេបានដកខ្ញុំចេញដោយសារយើងបានបង្កើតសហជីព ហើយយើងបានជួយការពារកម្មករមិនឲ្យមានការបំភិតបំភ័យ និងការបង្ខិតបង្ខំនៅក្នុងរោងចក្រនេះ”។ លោកបានមានប្រសាសន៍ថា“ យើងមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថា យើងជាសហជីពស្របច្បាប់ដែលទទួលស្គាល់ដោយក្រសួងការងារ ប៉ុន្តែ រោងចក្រមិនទទួលស្គាល់ពួកយើងទេ”។
កម្មករម្នាក់ទៀតឈ្មោះ សេង រិទ្ធី អាយុ២៧ឆ្នាំបាននិយាយថា គេចាត់ទុកកម្មករដូចអ្នកទោសអ៊ីចឹង។លោកបាននិយាយថា ពួកគេបង្ខំយើងឲ្យធ្វើការថែមម៉ោង និង ចូលធ្វើការមុនម៉ោង ហើយពួកគេបានដាក់កងរាជអាវុធហត្ថ នគរបាល និងសន្តិសុខនៅក្នុងរោងចក្រដើម្បីតាមដានពួកយើង”។
កូដករបានបំបែកគ្នាចេញពីមុខរោងចក្រនៅពេលថ្ងៃត្រង់ថ្ងៃម្សិលមិញ ប៉ុន្តែមានគម្រោងបន្តការតវ៉ានៅថ្ងៃនេះទៀត៕ សារុន
(រាយការណ៍បន្ថែមដោយ Lauren Crothers)