31 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​មន្ត្រី​នគរបាល​ពី​បទ​កឹប​កេង​ប្រាក់​ខែ​របស់​មន្ត្រី​ក្រោម​ឱវាទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរបាល​មូលដ្ឋាន​​បាន​ឲ្យ​ដឹង​ថា កាល​ពី​ម្សិល​មិញ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាប់​ខ្លួន​មន្ត្រី​នគរបាល​ស្រុក​ចំនួន​ពីរ​នាក់​នៅ​ក្នុង​ខេត្ត​កំពត​ពី​បទ​សង្ស័យ​ថា បាន​កឹប​កេង​ប្រាក់​ខែ​របស់​មន្ត្រីនគរបាល​ថ្នាក់​ឃុំ​និង​ថ្នាក់ស្រុក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។

លោក​ គឹម​ សុខន​ អធិការ​រង​នគរបាល​ស្រុក​​​បន្ទាយ​មាស​ បាន​បញ្ជាក់​អត្តសញ្ញាណ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នោះ​ដែល​ជា​នគរ​បាល​ដូច​គ្នា​ថា​ មួយ​​មាន​ឈ្មោះ​ ម៉ក់​ ហួត​ អធិការ​​រង​នគរបាល​​ស្រុក​ និងម្នាក់ទៀត​ឈ្មោះ​ ស៊្រុន​ ឡាំ អធិការ​នគរបាល​ស្រុក​ ហើយ​លោក​បាន​ឲ្យ​ដឹង​ថា សាលាដំបូង​ខេត្ត​កំពត​នឹ​ង​សា​ក​​សួរ​ជន​សង្ស័យ​ទាំង​ពីរ​នៅ​ថ្ងៃ​នេះ។

លោក​ សុខន បាន​មាន​ប្រសាសន៍​ថា “ មន្ត្រី​​​នគរបាល​ទាំង​ពីរ​នាក់នេះ​ត្រូ​វ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​ពី​បទ​កាត់​យក​ប្រាក់​ខែ​មន្ត្រី​នគរបាល​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ​”។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា លោក​មិន​បាន​ដឹងថា​​ តើ​ប្រាក់​ចំនួន​ប៉ុន្មាន​ដែលពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន​់​ថា​ បាន​លួច​អំឡុង​រយៈពេល​នោះ​ឡើយ​។

សាលាដំបូង​ខេត្ត​កំពត​ បាន​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​ពីរ​កំពុង​​ត្រូវ​បានសាកសួរ​ហើយ​។

លោក អុីវ ត្រាយ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពត​បាន​មាន​ប្រសាសន៍​ថា​ “សាលាដំបូង​បាន​សាក​សួរ​មន្ត្រី​នគរបាល​ទាំង​​​​​​​ពី​រ​នាក់​នេះ​ ហើយ​ពួក​គេ​ត្រូវបាន​ស៊ើប​អង្កេត​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ”។​

លោក​ ឱម យិុនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ឡើយ​ រីឯ​លោក​ ឃាង សេង​ ប្រធាន​អនុវតន៍្ត​ច្បាប់​របស់​អង្គភាព​នេះ​បាន​លើក​ឡើង​ថា លោក​មិន​បាន​ដឹង​ពី​ករណី​នេះ​ទេ​។

លោក​ ថ្លុង​ ភិរិន ស្នង​ការ​នគរបាល​ខេត្ត​កំពត​ ក៏​បាន​ឲ្យដឹង​ដែរ​ថា លោក​ក៏​មិន​បាន​ដឹង​ថា មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ទាំងពីរនាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កឹប​កេង​ប្រាក់​ខែ​ដែរ។

លោក​ យន់​ ផល្លី​ អ្នក​ស្រាវ​ជ្រាវ​ពាក់ព័ន្ធ​នឹង​ពន្ធនាគារ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ​ បាន​ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​ទទួល​បាន​ពាក្យ​បណ្តឹង​អនាមិក​មួយ​ពី​មន្ត្រី​ដែល​ធ្វើ​ការនៅ​​ក្រោម​ឱវាទ​របស់​ជន​សង្ស័យ​ទាំង​ពីរ​ ដោយ​ចោទ​ប្រកាន់​ជន​ទាំង​ពីរ​នេះ​ថា បាន​កឹប​កេង​យក​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​របស់​ខ្លួន​​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ផ្តល់​ឲ្យ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ត្រូវ​បាន​ប្រាប់​ឲ្យ​អំពីបញ្ហា​កឹប​កេង​ប្រាក់នេះ​ប្រហែល​​បីឬបួន​ខែ​កន្លង​មក​ហើយ​៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស