31 C
Phnom Penh

និស្សិត​នៅ​សាកល​វិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល​​​​មិន​ចូល​រួម​ប្រឡង​ថ្មី​កំណត់​ដោយ​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រហែល​ពាក់​កណ្តាល​ក្នុង​ចំណោម​ចំនួន​និស្សិត​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខា​ភិបាល​ក្នុង​ឆ្នាំ​សិក្សា​២០១៤​ ប្រឈម​នឹង​ការ​រៀន​មិន​ចប់​ក្នុង​ឆ្នាំ​នេះ​ ដោយ​សារ​តែ​បាន​បដិ​សេធ​​មិន​ចុះ​ឈ្មោះ​ប្រឡ​ង​ផ្តាច់​ព្រ័ត្រ​ដែល​ជា​​លក្ខខណ្ឌ​តម្រូ​វ​ថ្មី​។

និស្សិត​ប្រហែលជា​​៧០​នាក់​ក្នុង​ចំណោម​និស្សិត​១៤០​នាក់​គ្រោង​នឹង​បញ្ចប់​ការ​សិក្សា​រយៈពេល​ប្រាំ​បី​ឆ្នាំ​របស់​ខ្លួន​ក្នុង​ខែ​នេះ​ក៏​ប៉ុន្តែ​​ពួក​គេ​បាន​ធ្វើ​ពហិការ​មិន​ចុះ​ឈ្មោះ​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មេសាដើម្បី​មិន​ចូល​រួម​ប្រឡង​នេះ​ ដោយ​ត្អូញ​ត្អែរ​ថា ក្រសួង​សុខាភិបាល​គ្រាន់​តែ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៧​ខែមេសា​​ថា ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦​ខែមេសា​ខាងមុខ​នេះ​។

កាល​ពី​មុន​ និស្សិត​ពេទ្យ​ត្រូវ​បាន​វាយ​តម្លៃ​​ដោយ​ផ្អែក​លើ​កិច្ច​ការ​សាលា​រៀង​រាល់​ឆ្នាំ​របស់​ខ្លួន​ និង​ត្រូវ​បាន​ផ្តល់​ការ​ងារ​ឲ្យ​ធ្វើ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាលដែល​ធ្វើ​ការ​ក្នុង​វិស័យ​សុខាភិបាល​។ ក៏​ប៉ុន្តែ​ ឥឡូវ​នេះ​ពួក​គេ​ត្រូវ​ប្រឡង​​ឲ្យ​ជាប់​ដើម្បី​បំពេញ​លក្ខខណ្ឌ​បន្ថែម​។

អនុក្រឹត្យ​ឆ្នាំ​២០០៧​​ចែង​ថា ការ​ប្រឡង​​ថ្នាក់​ជាតិ​សម្រាប់​និស្សិត​ពេទ្យ​ត្រូវ​បាន​អនុ​វត្ត​ចាប់​ពី​ឆ្នាំ​នោះ​ត​ទៅ​។ ​ប៉ុន្តែ​ យោង​តាម​និស្សិត​​​ទាំងនោះ​​បាន​ឲ្យ​ដឹង​ថា អនុក្រឹត្យ​នោះ​បច្ចុប្បននេះ​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួង​សុខា​ភិ​បាល​។​ មន្ត្រី​នៅ​ក្រសួង​សុខាភិបាល​មិន​អាច​​ទាក់ទង​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​។

កាល​ពី​ថ្ងៃ​ទី​១១​ខែ​មេសា​ ក្រសួង​សុខាភិ​បាល​បាន​សរសេរ​លិខិត​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន​ សែន​ ដោយ​បាន​លើកឡើង​ថា និស្សិត​​បាន​យល់​ព្រម​ទទួល​យក​ការ​ប្រឡង​ថ្មី​នេះ​។ និស្សិត​មួយ​ក្រុម​បាន​ឆ្លើយ​តប​វិញ​តាម​​រយៈសកម្មភាព​តវ៉ា​នៅ​ខាង​ក្រៅ​សាកល​វិទ្យា​​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ និង​ធ្វើ​សេចក្តី​ព្រាងញត្តិ​មួយ​ដើម្បី​បញ្ជាក់​ថា ពួក​គេ​មិន​បាន​​ចុះ​ហត្ថលេខា​យល់​ព្រម​ចំពោះ​ការ​ផ្លាស់​ប្តូរ​នេះ​ទេ​។ គួរ​បញ្ជាក់​ថា និស្សិត​ទាំងនោះ​ធ្វើ​សេចក្តី​ព្រាង​ញត្តិ​នេះ​ហើយ​បាន​ផ្ញើ​ជូន​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។

ជា​ការ​ឆ្លើយ​តប​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​លើ​ក​ឡើង​ថា “និស្សិត​នៅ​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ត្រូវ​តែ​ចូល​រួម​ប្រឡង​ថ្នាក់​ជាតិ​ទៅ​តាម​សេចក្តី​ណែ​នាំ​របស់​ក្រសួង​សុខាភិបាល​។ ប្រសិន​បើ​ពួក​គេ​ប្រឡង​​មិន​ជាប់​​ទេ​នោះ​ ពួក​គេ​មិន​អាច​ដាក់​ពាក្យ​ធ្វើ​ការ​ងារ​ពេញ​ម៉ោង​​ជា​មួយ​រដ្ឋាភិបាល​បាន​ទេ​​ហើយ​លក្ខណ​ៈសម្បត្តិ​​របស់​ពួក​គេ​មិន​មាន​លក្ខណៈ​ពេញ​លេញ​ឡើយ​”។

និស្សិត​ពេទ្យ​មួយ​រូប​​ឈ្មោះ​ ឃុន​ សុផេន អាយុ​២៧​ឆ្នាំ​ ដែល​ដំបូង​ឡើយ​បាន​ចូល​រួមត​វ៉ា​ប្រឆាំង​នឹង​សេចក្តី​ប្រកាស​នេះ​ និង​បាន​បដិសេធ​មិន​ចុះ​ឈ្មោះ​ប្រឡង​ បាន​លើក​ឡើង​​​កាល​ពី​ម្សិល​មិញ​ថា លោក​នឹង​ចូល​រួម​ប្រឡង​ដោយ​សារ​តែ​លោក​មាន​អាយុ​ជិត​៣០​ឆ្នាំ​ហើយ​​ដែល​អាយុ​អតិបរមា​សម្រាប់​បេក្ខជន​​ដាក់​ពាក្យ​ធ្វើ​ការ​ជា​មន្ត្រី​រាជ​ការ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ខ្ញុំ​ប្រឡង​មិន​ជាប់​ទេ​នោះ​ មាន​ន័យ​ថា ខ្ញុំ​នឹង​បាត់​​បង់​ឱកាស​ធ្វើ​ការ​ជា​វេជ្ជបណ្ឌិត​ឲ្យ​រដ្ឋាភិ​បាល​”។  លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា និស្សិត​ត្រូវ​បង់​ប្រាក់​១២៥​ដុល្លារ​​ដើម្បី​ចុះ​ឈ្មោះ​ប្រឡង​ថ្នាក់​ជាតិ​នេះ​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស