31 C
Phnom Penh

ផ្ត​ន្ទាទោស​ប្រធាន​ការិយាល័យ​សង្គមកិច្ច កំពុងស៊ើបអង្កេត​​ប្រាក់​កិបកេងរបស់មន្ទីរ​អប់រំខេត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មេធាវី​​បាន​​ឲ្យ​ដឹង​​​ថា កាលពី​ថ្ងៃសុក្រ សាលាដំបូងខេត្ត​កំពង់​ចាម​​​​​​​បាន​ផ្តន្ទា​​​ទោស​ប្រធាន​ការិយាល័យ​សង្គមកិច្ច​ស្រុក​ស្រីសន្ធរ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំឆ្នាំ តាម​ការ​ចោទ​ប្រកាន់ពីបទ​ពុក​រលួយ និង​ក្លែង​ឯកសារ ប៉ុន្តែ​​បាន​ព្យួរ​បទ​ចោទ​ប្រកាន់​ទាំង​ពីរ​នេះ​។

យោងតាម​លោក គា អ៊ាវ ជាមេធាវី​​ ​បាន​ឲ្យ​ដឹងថា លោក ម៉ាន់ យូស្រេង អាយុ​៤១ឆ្នាំ ក៏ត្រូវបាន​ពិន័យ​ជា​ប្រាក់ចំនួន​៦លាន​រៀល​ផងដែរ ​​បន្ទាប់ពី​តុលាការ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពី​បទ​ក្លែងស្នាម​មេដៃ​​​គ្រូ​​​បង្រៀន​ចូលនិវត្ត​ដែលត្រូវបាន​កា​ត់​ប្រាក់​សោធន​​​និវត្តន៍​​កាលពី​ខែមីនា​ឆ្នាំ​២០១២ និង​ប្រាក់​ឧបត្ថម្ភប្រចាំខែ​​ពេញ​​​មួយ​ឆ្នាំ​២០១០។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ធ្វើ​ការ​​​​​​​ស៊ើប​អង្កេត​​​លើ​ករណីនេះ ហើយ​បាន​ចេញ​​​​​​ផ្សាយ​លទ្ធផល​របស់ខ្លួន​កាលពី​ខែ​វិច្ឆិកា ដែល​​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​​នេះ​តែម្តង។

កាលពីម្សិលមិញ លោក អ៊ាវ ​បានមាន​ប្រសាសន៍ថា “ខ្ញុំគិ​ត​ថា សាល​​​ក្រមនេះ​សម​​​ហេតុ​ផល​សម្រាប់កូនក្តី​របស់ខ្ញុំ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​តុលាការ​ដោះលែង​គាត់​ឲ្យ​នៅ​​​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ព្រោះ​គាត់​មាន​ជំងឺ”។ លោក​​​​បញ្ជាក់ថា ជន​រងគ្រោះ​១០នាក់​ទទួល​បាន​ប្រាក់​​ប្រហែល​៧៥០ដុល្លារ​​​រួច​ហើយនៅក្នុង​រឿង​ក្តី​ដាច់ដោយឡែក​មួយ​ទៀត អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​កំពុង​​ស៊ើប​អង្កេតករណី​លោក ស៊ីវ សុខន ប្រធាន​​​មន្ទីរ​​​អប់រំខេត្ត​តាកែវ ពីបទ​កិប​កេង​ប្រាក់​រដ្ឋ​ចំនួន​៥០០លាន​រៀល​។

ក្រុមមន្ត្រី​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​​មិន​អាច​ទាក់ទង​សុំអត្ថា​ធិប្បាយបាន​​​ទេ ប៉ុន្តែលោក សុខន លើក​ឡើង​​ថា អង្គ​​​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​សរសេរ​​​លិខិត​​​​មក​លោក​ស្នើ​ឲ្យ​លោក​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​។ លោក​បន្ថែម​ថា លោក​បាន​បដិ​សេធ​ការ​ចោទប្រកាន់នេះ។ លោក សុខន​ បាន​បញ្ជាក់ថា “ខ្ញុំនឹង​​មិន​ធ្វើ​​​​​អ្វី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ ព្រោះខ្ញុំ​ជា​​​ប្រធាន”។

លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​មាន​ប្រសាសន៍ថា ក្រសួង​របស់​​​លោក​ដែល​បាន​ធ្វើ​សវនកម្ម​កាលពី​ដើម​ឆ្នាំ​​​នេះ​ទំនង​ជា​​ឲ្យ​លោក​ សុខន រួច​ផុត​​ពីការ​ចោទ​ប្រកាន់។​ លោក​បានមាន​ប្រសាសន៍ថា “ខ្ញុំបាន​បញ្ជូន​​​​​​​សវនករ​ទៅធ្វើសវនកម្ម​​លើ​ចុងចោទ​រូបនេះ​ពីរ​​​បីលើក​ហើយក្នុង​ខេត្ត​តាកែវ ហើយខ្លួន​ខ្ញុំ​​​ផ្ទាល់​ក៏បាន​ទៅ​ទីនោះ​ដែរ​ដើម្បី​ធ្វើ​សវនកម្ម​ [មន្ទីរអប់រំនោះ] ពីព្រោះ​ខ្ញុំមាន​ការ​សង្ស័យ​អំពី​ពាក្យបណ្តឹង​នេះ”។

លោក​បាន​បន្ថែមថា “បន្ទាប់ពី​ពិនិត្យ​និង​ពិភាក្សា​លើ​ឯកសារ​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រកាន់​ពី​ភាគី​អនាមិករួចមក​​ ខ្ញុំ​មិន​បាន​រក​ឃើញ​ភ័ស្តុ​តាង​ណាមួយ​​​ពាក់​​​ព័ន្ធ​​​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​នេះ​ទេ”។ លោក ហង្ស ជួនណារ៉ុន បាន​សន្និ​ដ្ឋាន​ថា ពាក្យបណ្តឹង​នេះ​​ត្រូវបាន​ប្តឹង​ដោយ​ជន​​​​​ម្នាក់​ដែលមាន​ជម្លោះ​ផ្ទាល់ខ្លួន​ជា​មួយ​ប្រធាន​​​​​​មន្ទីរ​​រូប​នេះ។ លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​រកឃើញ​ភ័ស្តុតាង​ផ្ទុយ​ពីនេះ ខ្ញុំនឹង​​ធ្វើ​ការ​សើុបអង្កេត​ករណីនេះ​ម្តងទៀត”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស