31 C
Phnom Penh

ទីភ្នាក់​ងារ​​ JICA បង្ហាញ​ផែន​ការ​កសាង​ផ្លូវ​ល្បឿនលឿន​ពី​រាជ​ធានីភ្នំពេញ​ទៅ​ទីក្រុង​ហូជីមិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) បាន​បង្ហាញ​ផែន​ការ​របស់​ខ្លួន​កាលពីម្សិលមិញ នូវ​គម្រោង​ផ្លូវ​ល្បឿនលឿន​ពីរាជធានីភ្នំពេញទៅ​ទីក្រុង​ហូជីមិញ​ ដោយ​កាត់​បន្ថយ​រយៈ​ពេ​ល​ធ្វើ​ដំណើរ​ទ្វេ​ដង​រវាង​ទីក្រុង​ទាំង​ពីរ​។

ក្នុង​ចំនួន​ទឹក​ប្រាក់​ប៉ាន់​ស្មាន​២,២​ពាន់​លាន​​​ដុល្លារ​​ កាលបរិច្ឆេទ​កំណត់​ដំបូង​សម្រាប់​បញ្ចប់​គម្រោង​ផ្លូវ​ល្បឿនលឿន​នេះ​ គឺ​នៅ​ឆ្នាំ​២០៣០ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ដោយ​តំណាង​អង្គការ​ JICA នៅ​ក្នុង​សន្និសីទ​មួ​យ​ប្រារព្ធ​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ក្នុង​រាជ​ធានីភ្នំពេញ។

អង្គការ JICA បាន​ឲ្យ​ដឹង​ថា ផ្លូវ​ល្បឿនលឿន​​​កម្រិត​ហាយ​វ៉េ​នេះ នឹង​កាត់​បន្ថយ​រយៈ​ពេល​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ទាំង​ពីរ​ ពី​៦ម៉ោង​​មក​៣​ម៉ោង​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផ្លូវ​នេះ​នឹង​ត្រូវ​បាន​សាង​សង់​ដោយ​បែង​ចែក​ជា​បី​ដំណាក់​​​​កាល​ គឺ​ពីរាជ​ធានីភ្នំពេញទៅ​អ្ន​ក​លឿង​ ដែល​​​​​​​មានទីតាំង​ស្ថិត​នៅ​លើ​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ព្រៃវែង ពីអ្ន​ក​លឿង​ទៅ​ក្រុង​ស្វាយ​រៀង និង​​​​​​​ពីក្រុង​ស្វាយ​រៀង ទៅក្រុង​បាវិត​នៅ​ព្រំដែន​វៀត​ណាម​។

អង្គការ JICA រំពឹង​ថា ដំណាក់កាល​ដំបូង​នៃ​គម្រោង​ផ្លូវ​ល្បឿនលឿននេះ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រហែល​ជា​ក្នុង​ឆ្នាំ​២០២០​។ ផ្លូវ​ប្រវែង​សរុប​១៧០​គីឡូម៉ែត្រពីរាជធានី​ភ្នំ​ពេញ ទៅ​ក្រុង​បាវិត​ ដោយ​មិន​ទាន់​គិត​​ប្រវែង​៩០​គីឡូម៉ែត្រ​នៅ​សល់​ទៅកាន់​ទីក្រុង​ហូជី​មិញ ត្រូវ​បាន​រំពឹង​ថា នឹង​បញ្ចប់​មុន​ឆ្នាំ​២០៣០​។ គម្រោ​ង​ផ្លូវ​បើក​លឿន​នេះ​​ គឺ​ជា​ផ្នែ​ក​មួយ​នៃ​​ផែន​ការ​ធំរបស់​អង្គការ ​JICA សម្រាប់​បង្កើត​ច្រក​របៀង​កាត់​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​នឹង​​​​ដាក់​បញ្ចូល​ទីក្រុង​បា​ង​កក​មក​ដល់​ផ្លូវ​មក​កាន់​រាជ​ធានី​ភ្នំពេញ​។

នៅ​ក្នុង​របាយការណ៍​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​ពេល​ជាមួយ​គ្នា​នឹង​សេចក្ដី​ប្រកាស​នេះ​ អង្គការ JICA បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ ដែល​ខិត​ខំ​​ធ្វើ​ពិពិធ​កម្ម​លើ​​វិស័យ​កាត់​ដេរ​ឲ្យ​ចូល​ទៅក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​​​បន្ថែម​​នោះ​ កំពុង​តាម​ពីក្រោយ​ប្រទេស​ដទៃ​​​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ ដោយសារ​ប្រទេស​នេះ​​មាន​សមត្ថភាព​ដឹក​ជញ្ជូន​ទំនិញ​បាន​យ៉ាង​លឿន​។

អង្គការ​ JICA បាន​លើក​ឡើ​ង​ថា “ឧស្សា​ហកម្ម​ទំនើប​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ ដូច​ជា​ឧស្សហកម្ម​ផលិ​ត​រថយន្ត​ និង​គ្រឿង​អេឡិច​ត្រូ​​និច​ត្រូវ​ការ​ប្រព័ន្ធ​ផ្គត់​ផ្គង់​គ្រឿង​ដំឡើង​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ផ្នែក​សន្និធិ​ និង​ល្បឿន​ ក៏ដូច​ជា​ស្ថិរភាព​នៃ​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​។ កត្តាទំាង​នេះ​ត្រូវ​ការ​ផ្លូវ​ល្បឿនលឿន​មួយ​សម្រាប់​ប្រើ​ប្រាស់”​​​។

គម្រោង​ផ្លូវ​នេះ​ក៏មាន​​គោល​បំណង​ពង្រឹង​​​កិច្ច​សហ​ប្រតិបត្តិការ​​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀត​ណាមដែរ​។ ទំហំពាណិជ្ជកម្ម​រវាង​​ប្រទេស​ទាំង​ពីរ​កើន​ឡើង​ដល់​៣,៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ពោ​លគឺ​បាន​កើត​ឡើង​​​២៥​ភាគរយ​ ពីមួយ​ឆ្នាំទៅមួយឆ្នាំ​​។ ប្រជា​ជន​វៀត​ណាម​ក៏បាន​​ចូល​រួម​យ៉ាង​ច្រើន​ធ្វើ​ជា​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ផង​ដែរ​ ពោល​គឺ​មាន​ចំណែក​២៣​ភាគ​រយ​នៃ​ចំនួន​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​សរុប​កាលពីឆ្នាំមុន​។

លោក​ ហាតា ស៊ុនជិ (Hata Shunji) ទីប្រឹក្សា​​​​​​​​អង្គការ​ JICA បាន​លើក​ឡើង​ថា ការ​ពន្លឿន​ដំណើរ​ការ​គយរវាង​ប្រទេស​ទាំង​ពីរ​នឹង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​ការ​សម្រេច​ឲ្យ​បាន​នូវ​ជោគ​ជ័យ​ក្នុង​គម្រោង​ផ្លូវបើក​លឿន​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ពិនិត្យ​ និង​សម្រេច​ឯកសារ​គយ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ប្រសិន​បើ​ដំណើរ​ការ​នេះ​ត្រូវ​ប្រើ​ពេល​យូរ​ គម្រោង​នេះ​មិន​មាន​ន័យ​ទេ​ ដូច្នេះ​យើង​រំពឹង​ថា ដំណើរ​ការ​ពិនិត្យ​ និង​សម្រេច​ឯកសារ​គយ​ និង​នៅ​ព្រំដែន​នឹង​ត្រូវ​ប្រើ​ពេល​វេលា​តិច​ជាង​មុន”​​​៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស