37 C
Phnom Penh

កម្មករ​​​ដែល​​​ធ្វើ​​​កូដកម្ម​​​រារាំង​​​មិនឲ្យ​​​អាជ្ញាធរ​​​ចាប់​​​ខ្លួន​​​មេដឹក​​​នាំ​​​សហជីពរបស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​​​​និង​​​មន្ត្រី​​​បាន​​​និយាយ​​​ថា កម្មករ​​​នៅ​​​រោង​​​ចក្រ​​​ Cambo Handsome របស់​​​កូរ៉េ​​​ខាង​​​ត្បូង​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍សែនជ័យ​​​ ក្រុង​​​ភ្នំពេញ បាន​​​រារាំង​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ចាប់ខ្លួន​​​មេដឹកនាំ​​​សហជីព​​​ពីរ​​​នាក់​​​កាល​​​ពីម្សិលមិញ​​​។

តាម​​​ចោទ​​​ថា ​​​​​​លោក​​​ ហែម ដារិទ្ធ អភិបាល​​​ខណ្ឌ​​​បាន​​​បញ្ជា​​​ឲ្យ​​​សន្ដិសុខ​​​ខណ្ឌ​​​ចាប់​​​ខ្លួន​​​លោក​​​ ម៉ៅ វណ្ណៈ​​​ អនុប្រធាន​​​សហព័ន្ធ​​​សហជីព​​​មិត្តភាព​​​កម្មករ​​​ និង​​​លោក​​​ អីុ យ៉េត​​​ ជា​​​មន្ត្រី​​​សហជីព​​​ បន្ទាប់ពី​​​អ្នក​​​ទាំង​​​ពីរ​​​បាន​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​​​​ធ្វើ​​​កូដកម្ម​​​ ប៉ុន្តែ​​​កម្មករ​​​អាច​​​រារាំង​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​ ដោយ​​​ការ​​​ឡោម​​​ព័ទ្ធ​​​ មេដឹកនាំ​​​សហជីព​​​ទាំង​​​ពីរ​​​។

លោក​​​ វណ្ណៈ បាន​​​និយាយ​​​ថា “អភិបាល​​​ខណ្ឌ​​​បាន​​​បញ្ជា​​​សន្ដិសុខ​​​ប្រហែល​​​១០​​​នាក់​​​ឲ្យ​​​ចាប់​​​ខ្លួន​​​ខ្ញុំ​​​ និង​​​មន្ត្រី​​​របស់​​​ខ្ញុំ​​​ ប៉ុន្តែ​​​កម្មករ​​​បាន​​​ឈរ​​​ជុំ​​​វិញ​​​សន្ដិសុខ​​​ទាំង​​​នោះ​​​ភ្លាមៗ ហើយ​​​បាន​​​ចាប់​​​ទាញ​​​យើង​​​ចេញ​​​ពី​​​ពួក​​​គេ​​​”។

លោក​​​​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា អាជ្ញាធរ​​​កំពុង​​​ព្យាយាម​​​បំភិត​​​បំភ័យ​​​សេរីភាព​​​របស់​​​សហជីព​​​ ពីព្រោះ​​​យើង​​​គ្រាន់​​​តែ​​​បញ្ចេញ​​​មតិ​​​ទាមទារ​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើរ​​​សម្រាប់​​​កម្មករ​​​ប៉ុណ្ណោះ ដោយសារ​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​រោងចក្រ​​​រំលោភបំពាន​​​”។

លោក វណ្ណៈ បាន​​​និយាយ​​​ថា កម្មករ​​​ប្រហែល​​​២.០០០​​​នាក់​​​នៅ​​​រោងចក្រ​​​ក្នុង​​​សង្កាត់​​​ចោមចៅ​​​​​​ មិន​​​ចូល​​​ធ្វើ​​​ការទេ​​​ដោយ​​​សារ​​​មាន​​​វិវាទ​​​អំពី​​​កិច្ច​​​សន្យា​​​ និង​​​ប្រាក់​​​បំណាច់​​​ការ​​​ងារ​​​។ កម្មករ​​​ក៏​​កំពុង​​​ទាមទារ​​​ប្រាក់​​​ឧបត្ថម្ភ​​​ចំនួន​​​២០​​​ដុល្លារ​​​ និង​​​ទាមទារ​​​ឲ្យ​​​ដក​​​តំណាង​​​សហព័ន្ធ​​​សហជីព​​​ខ្មែរ​​​ ដែល​​​ពួក​​​គេ​​​និយាយ​​​ថា មិន​​​បម្រើ​​​ឲ្យ​​​ផល​​​ប្រយោជន៍​​​របស់​​​កម្មករ​​​។

លោក​​​ ដារិទ្ធ ជា​​​អភិបាល​​​ខណ្ឌ​​​បាន​​​និយាយ​​​ថា សន្ដិសុខ​​​ខណ្ឌ​​​មិន​​​មាន​​​បំណង​​​ចាប់​​​ខ្លួន​​​មន្ត្រី​​​សហជីព​​​ទេ​​​ ប៉ុន្តែ​​​គ្រាន់​​​តែ​​ចង់​​​ហៅ​​​ពួក​​​គេ​​​ទៅ​​​ជួប​​​។

ដោយ​​​សំដៅ​​​ដល់​​​មន្ត្រី​​​សហជីព​​​និង​​​កម្មករ​​​មួយ​​​ក្រុម​​​ ដែល​​​កំពុង​​​ឡើង​​​សវនាការ​​​ចំពោះ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​កូដកម្ម​​​ហិង្សា​​​របស់​​​កម្មករ​​​កាល​​​ពី​​​ខែ​​​មករានោះ​​​ លោក​​​ ដារិទ្ធ បាន​​​និយាយ​​​ថា “យើង​​​មិន​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​ទេ​​​ យើង​​​គ្រាន់​​​តែ​​​ហៅ​​​ពួក​​​គេ​​​ឲ្យ​​​ទៅ​​​សាលា​​​ខណ្ឌ​​​ ដើម្បី​​​រារាំង​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​ចែក​​​ខិត្តប័ណ្ណ​​​ពាក់ព័ន្ធ​​​នឹង​​​ចុង​​​ចោទ​​​ទាំង​​​២១​​​នាក់​​​ ដែល​​​តាម​​​ច្បាប់​​​ គឺ​​​ជា​​​ការ​​​ញុះញង់​​​កម្មករ​​​ផ្សេង​​​ទៀត​​​ ដែល​​​កំពុង​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​រោងចក្រ”។

លោក​​​ វណ្ណៈ បានបដិសេធ​​​ថា​​​មិន​​​បាន​​​ចែក​​​ខិត្តប័ណ្ណ​​​បែប​​​នេះ​​​ទេ​​​ ប៉ុន្តែ​​​បាន​​​និយាយ​​​ថា  កម្មករ​​​នឹង​​​បន្ត​​​ការ​​​ធ្វើ​​​កូដកម្ម​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​នេះ​​​ រហូត​​​ដល់​​​មាន​​​ដំណោះ​​​ស្រាយ​​​។

កម្មករ​​​ឈ្មោះ​​​ សេង សុខស្រីម៉ុម អាយុ​​​២៥​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា នាង​​​បាន​​​ធ្វើ​​​កា​​​រនៅ​​​រោង​​​ចក្រ​​​​​​ដែល​​​ផលិត​​​ទំនិញ​​​ និង​​​អាវ​​​ធំ​​​នេះ​​​អស់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​ហើយ​​​។ នាង​​​បាន​​​និយាយ​​​ថា “យើង​​​ចង់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ផ្ដល់​​​ប្រាក់​​​ដំណាច់​​​ការងារ​​​និង​​​ដក​​​មេដឹកនាំ​​​សហជីព​​​នេះ​​​ចេញ ពីព្រោះ​​​សហព័ន្ធ​​​សហជីព​​​ខ្មែរ​​​​​​មិន​​​បម្រើ​​​ផល​​​ប្រយោជន៍​​​របស់​​​កម្មករ​​​ទេ​​​  និង​​​បាន​​​គំរាម​​​ចាប់​​​កម្មករ​​​ដាក់ពន្ធនាគារ​​​ទៀតផង​​​ ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​ចូល​​​រួម​​​ធ្វើ​​​កូដកម្ម​​​”។ មន្ត្រី​​​សហព័ន្ធ​​​សហជីព​​​ខ្មែរ​​​ និង​​​លោក​​​ គឹម​​​ វូជុង​​​ អ្នក​​​គ្រប់គ្រង​​​រោងចក្រ​​​នេះ​​​មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ៕ គឹមហឿន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស