30 C
Phnom Penh

មន្ត្រី​​​នគរ​​​បាល​​​​​​ដែល​​​បាញ់​​​រថយន្ត​​​សង្ស័យ​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់​​​ជាប់​​​ចោទ​​​​​​មនុស្ស​​​ឃាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ សាលា​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ បាន​​​ចោទ​​​មន្ត្រី​​​នគរបាល​​​ម្នាក់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​​​​ដោយ​​​ចេតនា​​​ ជា​​​ការ​​​ចោទ​​​ប្រកាន់​​​ថ្មី​​​បំផុត​​​ក្នុង​​​និន្នាការ​​​នៃ​​​ជម្លោះ​​​ហិង្សា​​​កើន​​​ឡើង​​​ជុំវិញ​​​ឈើ​​​ប្រណីត​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​។

លោក ផេង​​​ សុ​​​ខេង ដែល​​​ត្រូវ​​​គេ​​​បញ្ជូន​​​ទៅ​​​តំបន់​​​ព្រៃ​​​​​​ការពារ​​​ស្រុក​​​កែវ​​​សីមា ដើម្បី​​​បង្ក្រាប​​​ក្រុម​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ​​​​​​​​​​​​​​​ បាន​​​បាញ់​​​លើ​​​រថយន្ត​​​មួយ​​​គ្រឿង​​​ ដែល​​​គេ​​​សង្ស័យ​​​​​​ថា ដឹក​​​ឈើ​​​ប្រណីត​​​ បណ្តាល​​​ឲ្យ​​​ស្លាប់​​​បុរស​​​ម្នាក់​​​ និង​​​របួស​​​ធ្ងន់​​​ម្នាក់​​​ទៀត​​​។

លោក ឃុត សុភៀង ព្រះ​​​រាជ​​​អាជ្ញា​​​​​​​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ព្រះ​​​រាជ​​​អាជ្ញា​​​បាន​​​សាក​​​សួរ​​​គាត់​​​ ហើយ​​​គាត់​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ពន្ធ​​​នាគារ​​​នៅ​​​ថ្ងៃ​​​នេះ។ គាត់​​​ជាប់​​​ចោទ​​​ពីបទ​​​មនុស្ស​​​​​​ឃាត​​​ដោយ​​​ចេតនា”។

លោក វា៉ន់ សុផានិត អាយុ​​​២៥​​​ឆ្នាំ​​​ ជា​​​អ្នក​​​បើក​​​បរ​​​រថ​​​យន្ត​​​នោះ​​​បាន​​​ស្លាប់។លោក ផាត ស៊ូកានី អាយុ​​​២២​​​ឆ្នាំ ជា​​​កូន​​​ចុង​​​របស់​​​​​​មេបញ្ជាការ​​​រង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ បាន​​​ត្រូវ​​គេ​​​បាញ់​​​ចំ​​​ដង​​​ខ្លួន​​​ ហើយ​​​ត្រូវ​​​គេ​​​បញ្ជូន​​​ទៅ​​ព្យាបាល​នៅ​ប្រទេស​​​វៀតណាម។

លោក សុខេង​​​  ស្ថិត​​​ក្នុង​​​ក្រុម​​​នគរបាល​​​ ទាហាន​​​ និង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ ដែល​​​កំពុង​ល្បាត​​​តំបន់​​​ព្រៃ​​​ការ​​​ពារ​​​នោះ​​​​​ ស្រាប់​​​តែ​​​រថយន្ត​​​តូយូ៉តា​កាម​​​រី​​​មួយ​​​គ្រឿង​​​បើក​​​សំដៅ​​​មក។

លោក ញែ៉ម វណ្ណី ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​នេះ​​​បាន​​​ព្យាយាម​​​ឃាត់​​​រថយន្ត​​​នោះ​​​ ដើម្បី​​​ឆែក​​​រក​​​ឈើ​​​ខុស​​​ច្បាប់​​​ ហើយ​​​ថា ពេល​​​ដែល​​​រថយន្ត​​​​​​មិន​​​ស្តាប់​​​សញ្ញា​​ឃាត់​​​ឲ្យ​​​ឈប់​​​ លោក សុខេង បាន​​​បាញ់​​​ព្រមាន​​​មួយ​​​គ្រាប់​​​ទៅលើ​​​ មុន​​​ពេល​​​បាញ់​​​គ្រាប់ទី​​​២​​​ ដែល​​​ប្លាត​​​​​​ចេញ​​​ពី​​​លោក​​​ សូ៊កានី  ត្រូវ​​​ វា៉ន់ សុផានិត ស្លាប់។ គេ​​​មិន​​​បាន​​​រក​​​ឃើញ​​​ឈើ​​​ក្នុង​​​រថយន្ត​​​នោះ​​​ទេ។

លោក​​​ សិុន​​​ វា៉ន់​​​វុធ​​​ អភិបាល​​​ស្រុក​​​​​​កែវ​​​សីមា ដែល​​​បាន​​​ឃើញ​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជា​​​ច្រើន​​​​​​កើត​​​ឡើង​​​ជុំ​​​វិញ​​​រឿង​​​ឈើ​​​ប្រណីត​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ​​​  បាន​​​មានប្រសាសន៍​​​ថា  លោក​​​​​​សុខេង មិន​​​ធ្វើ​​​តាម​​​​​​ការ​​​ណែ​​​នាំ​​​​​​ពេល​​​បំពេញ​​​ភារកិច្ច​​​ជា​​​មន្ត្រី​​​នគរបាលទេ​​​​​​ ហើយ​​​គួរ​​​ត្រូវ​​​ទទួល​​ខុស​​​ត្រូវ។ លោក វ៉ាន់​​​វុធ បាន​​​និយាយ​​​អំពី​​​ការ​​​បាញ់​​​នេះ​​​ថា  ” វា​​​ផ្ទុយ​​​នឹង​​​ការ​​​អនុវត្ត​​​ច្បាប់។ ច្បាប់​​​​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​សម្លាប់​​​មនុស្ស​​​ទេ​​​ពេល​​​ពួក​​​គេ​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​អាច​​​បិទ​​​ភ្នែក​​​របស់​​​យើង​​​ ចំពោះ​​​ជន​​​ប្រព្រឹត្ត​​​បទ​​​ឧ​​​ក្រិដ្ឋ​​​បាន​​​ឡើយ។ នេះ​​​ជា​​​មេរៀន​​​មួយ​​​សម្រាប់​​​អាជ្ញាធរ​​​ទាំង​​​អស់”។

លោក​​​ វ៉ាន់​​​វុធ ខ្លួន​​​ឯង​​​ធ្លាប់​​​បាន​​​ទទួល​​​​​​រង​​​អំពើ​​​ហិង្សា​ពី​ក្រុម​​​មន្ត្រី​​​ដែល​​​​​​ពាក់​​​ព័ន្ធ​​​ក្នុង​ការ​​​រក​​​ស៊ី​​​កាប់​​​ឈើ​​​។ កាល​​​ពី​​​ខែ​​​ឧសភា​​​ លោក ស៊ូ ម៉ារិទ្ធ ជា​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់​​​ តាម​​​ចោទ​​​ថា បាន​​​​​យក​​​កាំភ្លើង​​​ភ្ជង់​​​ក្បាល​​​របស់​​​លោក​​​ អំឡុ​​​ង​ពេល​​​ដើរ​​​ល្បាត​​​​​​មុន​​​ថ្ងៃរះ។ ក្រុម​​​ល្បាត​​​អំឡុង​​​ហេតុការ​​ណ៍នោះ បាន​​​ឃាត់​​​ និង​​​ឆែក​​​ឆេ​រ​​​រថយន្ត​​​លុច​​​ស៊ីស​​មួ​​​យ​គ្រឿង ហើយ​​​បាន​​​រក​​​ឃើញ​​​ឈើ​​​នាង​​​នួន ១៦​​​កំណាត់។

ក្រោយ​​​នោះ​​​បន្តិច រថយន្ត​​​ SUV​​​ ទី​២មួយ​គ្រឿង​បាន​​មក​​​ដល់​​​។ លោក​​​ មា៉រិទ្ធ បាន​​​ចេញ​​​ពី​​​រថ​​​យន្ត​​​ ហើយភ្ជង់​​​ក្បាល​​​​​​អភិបាល​​​ស្រុក មុន​​​ពេល​​​​​​អ្នក​​​ផ្សេង​​​ទៀត​​​ក្នុង​​​រថយន្ត​​​នោះ​​​ ដែល​​​ក៏​​​ជា​​​កម្លាំង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែរ បាន​​​បញ្ចុះ​​​បញ្ចូល​​​គាត់​​​ឲ្យ​​​ដាក់​​​កាំភ្លើង​​​ចុះ​​​។ គាត់​​​បាន​​​បើក​​​រថ​​​យន្ត​​​ចេញ​​​ទៅ​​​ ហើយ​​​មិន​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ទេ។

លោក វ៉ាន់វុធ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា “កង​រាជ​​​អាវុធហត្ថ​​​បាន​​​ដក​​គាត់​​​ចេញ​​​ពី​​​អង្គភាព​​​ ហើយ​​​តុលាការ​​​បាន​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​ ឥឡូវ​​​នេះ​​​ពួក​​​គេ​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​គាត់​​​”។

អភិបាល​​​ស្រុក​​​រូប​​​នេះ បាន​​​មានប្រសាសន៍​​​ថា លោក​​​ ម៉ារិទ្ធ​​​ បាន​​​កសាង​​​កេរ្តិ៍​​​ឈ្មោះ​​​ជា​​​ភ្នាក់​​​ងារ​​​ឥត​​​មេត្តា​​​ម្នាក់​​​ក្នុង​​​ការ​​​ប្រយុទ្ធ និង​​​អ្នក​​​កាប់​​​ឈើ​​​ប្រណីត​​​នៅ​​​ខេត្ត​​​មណ្ឌល​​​គិរី។ លោក​​​បាន​​​និយាយ​​​ថា “គាត់​​​បាន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​បាញ់​​​ និង​​​គំរាម​​​​​​អាជ្ញាធរ​​​ជាច្រើន​​​​​​លើក”។

ដោយសារ​​​ការ​​​បាញ់​​កាល​​​ពី​​​ថ្ងៃ​​​ពុធ និង​​​ការ​​​កក្រើក​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​នៅ​​​ខេត្ត​​​មណ្ឌល​​​គិរី ជា​​​ពិសេស​​​ស្រុក​​​កែវ​​​សីមា និង​​​ក្រុង​​​សែនមនោរម្យ លោក ស្វាយ សំអៀង អភិបាល​​​រង​​​ខេត្ត​​​​​​​​​​​​​​​​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​ទាំងអស់​​​ត្រូវ​​​តែ​​​ចង​​​ចាំ​​​ភារកិច្ច​​​របស់​​​ខ្លួន។

លោក សំអៀង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” ហេតុការ​​​ណ៍​​​ទាំង​​​​​​អស់​​​នេះ គឺ​​​សុទ្ធ​​​តែ​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​មនុស្ស​​​ ដែល​​​ប្រើ​​​តួនាទី​​​របស់​​​ខ្លួន​​​ដើម្បី​​​ការ​​​ពារ​​​ផល​​​ប្រយោជន៍​​​ខុស​​​ច្បាប់​​​ផ្ទាល់ខ្លួន​​​”។ “កាតព្វកិច្ច​​​គឺ​​​ត្រូវ​​​​​​អនុវត្ត​​​ច្បាប់ ប៉ុន្តែ បុគ្គល​​​មួយ​​​ចំនួន​​​ប្រើ​​​តួនាទី​​​របស់​​​ខ្លួន ដើម្បី​​​បង្កើត​​​ចលាចល​​​ ហើយ​​​នេះ​​​ជាដើម​​​ហេតុ​​​ ដែល​​​ឈាន​​​ទៅដល់​​​ការ​​​សម្លាប់​​​នេះ​​​”៕ មានិត​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស