31 C
Phnom Penh

សន្តិសុខ​​​សណ្តាប់​​​ធ្នាប់​​​សង្កាត់​​​ដែល​​​រង​​​របួស​​​នៅ​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​នៅ​​​តែ​​​ស្រពេចស្រពិល​​​​​​នៅ​​​ឡើយ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេល​​​នេះ​​​លោក​​​ ឆៃ វិទូ ដែល​​​ជា​​​សន្តិសុខ​​​សណ្តាប់​​​ធ្នាប់​​​ម្នាក់​​​នៅ​​​​​​សង្កាត់​​​ស្រះ​​​ចក​​​ កំពុង​​​​​​ស្រពេច​​​ស្រពិល​​​​​​នៅ​​​ឡើយ​​​។ ប៉ុន្តែ វា​​​មិន​​​មែនគ្រាន់​​​តែ​​​ដោយ​​​សារ​​​​​គាត់រង​​​របួស​​​ក្បាល​​​​​​​​​ធ្ងន់​​​​​ធ្ងរ​​​​​​អំឡុង​​​បាតុកម្ម​​​ហិង្សា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ជិត​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​​​​​​​​ថ្ងៃទី​​​១៥ ខែ​​​កក្កដា ប៉ុណ្ណោះ​​​ទេ។

សន្តិសុខ​​​សណ្តាប់​​​ធ្នាប់​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​តិច​​​តួច​​​រូប​​​នេះ​​​ កំពុង​​​តែ​​​ព្យាយាម​គិត​​​រក​​​​​​នឹក​​​មូល​​​ហេតុ​​ដែល​​​​​​គាត់​​​ត្រូវ​​​គេ​​​បញ្ជា​​​ឲ្យ​​​​​​ទៅ​​​ល្បាត​​​នៅ​​​ឯ​​​បាតុកម្ម​​​ហិង្សា​​​នៅ​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​​​​​​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន និង​​​អ្នក​​​ដែល​​​គួរ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​វាយ​​​ដំ​​​មក​​​លើ​​​រូប​​​​​​គាត់​​​។

បុរស​​​វ័យ​​​ ៤៥ឆ្នាំ​​​រូប​​​នេះ​​​បាន​​​និយាយ​​​​​ពីលើ​​​គ្រែ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​កាល​​​់​​​ម៉ែត​​​កាល​​​ពីម្សិលមិញ​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​គេ​​​បញ្ជូន​​​ពួក​​​យើង​​​ទៅ​​​កន្លែង​​​តវ៉ា​​​នៅ​​​ថ្ងៃ​​​នោះ​​​​​​ទេ”។

ភ្នែក​​​ស្តាំ​​​របស់​​​គាត់​​​នៅ​​​​​​ជាំ​​​​​​នៅឡើយ ធ្វើឲ្យ​​គាត់​​​​​​ពិបាក​​​បើក​​​ភ្នែក​​​ រី​​ឯ​​​​​​ក្បាល​​​​​​របស់​​​គាត់​​​ដែលរង​​​របួសយ៉ាង​​​ជ្រៅក៏​​​កំពុង​​​រុំ​​​បង់​​​ថ្មី​​​នៅឡើយ​​​ដែរ​​​​​។ គាត់​​​និយាយ​​​ថា ” យើង​​​មិន​​ធ្លាប់​​​​​ទៅ​​​ជួយ​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ ឬ​​​សន្តិសុខ​​​សង្កាត់​​​ណា​​​​ផ្សេងឡើយ​​​ពី​​​មុន​​​មក​​​។ ប្រហែល​​​ជា​​​ដោយសារ​​​ខ្វះ​​​កម្លាំង​​​ហើយ​​​មើល​​​ទៅ។ ខ្ញុំ​​​មិន​​​ទាន់​​​ដឹង​​​ថា គួរ​​​បន្ទោស​​​អ្នក​​​ណា​​​​​​ទេ​​ រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​ស្វែង​​​រក​​​ជន​​​ល្មើស​​​ឲ្យខ្ញុំ​​​”។

លោក វិទូ ស្ថិត​​​ក្នុង​​​ចំណោម​​​សន្តិសុខ​​​​​​ចំនួន​​​​​​៣៧​​​នាក់​​​ដែ​​​ល​​​រង​​​របួស​​​ ដោយ​​​ក្នុង​​​នោះ​​​មាន​​​ប្រាំមួយ​​​នាក់​​​រង​​​របួស​​​ធ្ងន់ នៅពេល​​​បាតុករ​​​គាំទ្រ​​​​​​គណបក្ស​​​ប្រឆាំង​​​បាន​​​វាយ​​​សង​​​សឹក​​​យ៉ាង​​​ខា្លាំង​​​ទៅលើ​​​សន្តិសុខ​​​​​​ស្លៀកពាក់​ឯកសណ្ឋាន​​​ពណ៌​​​ទឹក​​​ប៊ិច​​​មួយ​​​ក្រុម​​​ ដែល​​​គេ​​​បញ្ជូន​​​ឲ្យទៅ​​​បំបែក​​​ការ​​​តវ៉ា “​​​រំដោះ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ”។
សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​មាន​​​ឈ្មោះ​​​ល្បី​​​ណាស់​​​នៅ​​​ឆ្នាំ​​​នេះដោយ​​​សារ​​​​​​​​​ពួកគេ​​​បាន​​​ប្រើ​​អំពើ​​​ហិង្សា​​​ព្រៃ​​​ផ្សៃ​​​ទៅ​​​លើ​​​អ្នក​​​តវ៉ា ​​​ចំណែក​​​ឯកម្លាំង​​​សន្តិសុខ​​​​​​ដែល​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​ដើម្បី​​​​​បំបែក​​​​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​កក្កដា ​​​ក៏​​​មាន​​​លាយ​​​ឡំ​​​​​​សន្តិសុខ​​​​​មិន​​​សូវ​​​មាន​​​បទ​​​ពិសោធន៍​​​​​​មក​​ពី​​​អង្គភាព​​​ផ្សេងៗ​​​ដែរ​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​ គួច ចំរើន​​​ អភិ​​​បាល​​​ខណ្ឌ​​​ដូន​​​ពេញ។

លោក គួច ចំរើន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អាជ្ញាធរ​​​ត្រូវ​​​ការកម្លាំង​​​បន្ថែម​​ ពីព្រោះ​​​វា​​​ “ច្បាស់​​​ណាស់​​” ​​​ថា បាតុករគាំទ្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដឹក​​​នាំ​​​ដោយ​​​​​​លោកស្រី មូរ សុខ​​​ហួរ តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត ​​​មាន​​​បំណង​​​ចូល​​​ទៅ​​​ក្នុង​​​ទីលាន​​​ប្រជា​​​ធិប​​​តេយ្យ​​​ បំពាន​​​បម្រាម​​​មិន​​​ឲ្យ​​​ធ្វើ​​​បាតុ​​​កម្ម​​​ជា​​​សាធារណៈ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ចាប់​​​តាំង​​​ពី​​​ពួក​​​គេ​​​ប្រកាស​​​ថា ពួក​​​គេ​​​នឹង​​​មក​​​រំដោះ​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យមក​​​ យើង​​​បាន​​​​​​កោះ​​​ហៅសន្តិសុខ​​​បន្ថែម​​​ទៀត​​ទៅ​​​កាន់​​​ទី​​​នោះ​​​នៅ​​​ថ្ងៃ​​​នោះ​​​។ ហើយ​​​​​​មាន​​​ពេល​​​ខ្លះ ​​​យើង​​​​​​ក៏​​​​​​បាន​​​សុំ​​​ជួយ​​​ពី​​​ខណ្ឌ​​​ផ្សេង​​​ៗ​​​ទៀត​​ដែរ​​​​​​”។

ប៉ុន្តែ​​​លោក គួច ចំរើន ក៏​​​មាន​​​ប្រសាសន៍​​​ដែរថា សន្តិសុខ​​​​​មិន​​​សូវ​​​មាន​​​បទ​​​ពិសោធន៍​​​​​​ដែល​​​មក​​​ពី​​​អង្គភាព​​​ផ្សេង​​​ៗ​​​ទៀត នឹង​​​មិន​​​​​​​​​ត្រូវ​​​បាន​​​​​​បញ្ជូ​​ន​​​ទៅ​​​ឡើយ ​​​ប្រសិន​​​បើ​​​អាជ្ញាធរ​​គិត​​​ថា​​​ អាច​​កើត​​​មាន​​​អំពើ​​​ហិង្សា​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​បាតុករ​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​ថា “យើង​​​មិន​​​​បាន​​​​​​ដឹង​​ពី​​​ចេតនា​​​​​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​គិត​​​ទុក​​​ជា​​​មុន​​​របស់​​​ពួក​​​គេ​​​ឡើយ។ ប្រសិន​​​បើ​​​យើង​​​ដឹង​​​ យើង​​​ក៏​​​មិន​​​នាំ​​​សន្តិសុខ​​​របស់​​​យើង​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​​​​​​មក​​​ប្រឈម​​​​​​តតាំង​​​​​​​​នឹង​​​ពួក​​​គេ​​​ដែរ​​​”។

អាជ្ញាធរ​​​បាន​​​ចាប់​​​ខ្លួន​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រាំ​​​ពីរ​​​រូប​​​ និ​​​ង​​​សកម្ម​​​ជន​​​គណបក្ស​​​មួយ​​​រូប​​​​​​ទៀត ក្រោយ​​​ពី​​​មាន​​​​​​​​​ហេតុ​​​ការណ៍​​​​​​ប៉ះទង្គិច​​​គ្នា​​​ដោយ​​ហិង្សា​​​។ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​ចោទ​​​ប្រកាន់​​​ពួកគេ​​​​​​ភ្លាមៗ​​​ពី​​​បទ​​​​​ដឹក​​​នាំ​​​កុប​​​កម្ម​​​ និ​​​ង​​​បទ​​​ញុះ​​​ញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​។​​​បន្ទាប់​​​ពី​​​​​​ជាប់​​​ពន្ធ​​​នាគារ​​​ប្រហែល​​​មួយ​​​សប្តាហ៍ ​​​មន្ត្រី​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ត្រូវបាន​​​​​​ដោះ​​​លែង​​​កាល​​ពី​​​ថ្ងៃ​​​អង្គារ​​​ ពោល​​​គឺ​​​តែ​​​ប៉ុន្មាន​​​​​​ម៉ោង​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​​​មន្ត្រី ហ៊ុន​​​ សែន និង​​​លោក សម រង្ស៊ី ​​​បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ដើម្បី​​​បញ្ចប់​​​​​​ស្ថាន​​​ភាព​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​។​​​

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា​​​ជា​​​អ្នក​​​​​​​​​ផ្តល់​​​ដំបង​​​ឈើ​​​ឲ្យ​​​បាតុករ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា វីដេអូ​​​ស្តីពី​​​ហេតុការណ៍​​​ប៉ះទង្គិច​​​គ្នា​​​​​​​​​នោះ​​​ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​តាម​​​អីុន​​​ធើណិត​​​ ​​​បាន​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​​​ថា បាវ​​​​​​អង្ករ​​​​​​ច្រក​​​ដំបង​​​ពេញ​​​​​​ ត្រូវ​​​គេ​​​​​ដាក់​​ចុះ​​​ពី​​​រថយន្ត​​​មួ​​យ​​​គ្រឿង​​​របស់សាលារាជ​​​ធានី​​​ និង​​​​​​ប្រើ​​​ដោយ​​​សន្តិសុខ​​​។

លោក​​​ វិទូ​​​ និយាយ​​​ថា គាត់​​​មិន​​​ដឹង​​​ថា ដំបង​​​ទាំង​​​នោះ​​​ចេញ​​​​​ពី​​​កន្លែង​​​ណា​​​​​​ទេ​​​។ បុរស​​​ដែល​​​ត្រូវ​​​គេ​​​ដាល់​​​ ទាត់​​​ធាក់ និង​​​វាយ​​​ដំ​​​រូប​​​នេះ​​ និយាយ​​​​​​ទៀត​​​ថា “វា​​​ច្របូក​​​​​​ច្របល់​​​ណាស់​។ មនុស្ស​​​ជាច្រើន​​​បាន​​​មក​​​សួរ​​​ខ្ញុំ​​​ថា ខ្ញុំ​​​​​​ធ្វើ​​​ការ​​​ឲ្យ​​អ្នក​​​ណា​​​​​​។ ខ្ញុំ​​​មិន​​​ទាន់​​​ទាំង​​​បាន​​​​​​ឆ្លើយ​​​ផង ​​​ពួក​​​គេ​​​ក៏​​​ចាប់​​​ផ្តើម​​​វ៉ៃ​​​ខ្ញុំ​​​”។

លោក វិទូ ដែល​​​ទទួល​​​បាន​​​​​​ប្រាក់​​​ខែ​​​ត្រឹម​​​តែ​​​២៥​​​ដុល្លារ​​​​​​ពីការ​​ងារ​​​ជាស​​​ន្តិសុខ​​​សណ្តាប់​​​ធ្នាប់​​​សង្កាត់​​​ និង​​​​​​ប្រកប​​​របរ​​​ជា​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ដែរ​​​នោះ ​​​​​​និយាយ​​​ថា គាត់​​​និង​​​សន្តិសុខ​​​​​​ផ្សេងៗ​​​ទៀត​​​បាន​​​ចាក​​ចេញ​​​ពី​​​ជួរ​​​មុខ​​​នៃ​​​បាតុកម្ម​​​ នៅ​​​ពេល​​​ភាព​​​តាន​​​តឹង​​​ចាប់​​​ផ្ដើម​​​ពុះ​​​កញ្ជ្រោល​​​ឡើង។ គាត់​​​និយាយ​​​ទៀត​​​ថា ភ្លាម​​​នោះ​​​នៅ​​​សល់​​​តែ​​​គាត់​​​ម្នាក់​​​ឯង​​​គត់​​​​​​ ហើយ​​​មាន​​​បុរស​​​មួយ​​​ក្រុម​​​ពោរ​​​ពេញ​​​ដោយ​​​កំហឹង​​​ព័ទ្ធ​​​គាត់​​​ជុំ​​​ជិត​​​ ហើយ​​​ស្រែក​​​គំហក​​​ដាក់​​​គាត់​​​ខ្លាំង​​​ៗ។

លោក​​​ វិទូ និយាយ​​​ថា “ខ្ញុំ​​​បាន​​​អង្វរ​​​ឲ្យ​​​ពួកគេ​​​ឈប់​​​ ប៉ុន្តែ ពួក​​​គេ​​​គិត​​​តែ​​​ពីវ៉ៃ​​​ខ្ញុំ ហើយ​​​ខ្ញុំ​​​ក៏​​​សន្លប់។ យើង​​​មិន​​​ដែល​​​គិត​​​ដល់​​​ថា​​​មាន​​​​​​រឿង​​​បែប​​​​​នេះ​​​​​កើត​​​ឡើង​​​ទេ​​​។ មេ​​​របស់​​​យើង​​​មិន​​​ដែល​​​និយាយ​​​ថា វា​​នឹង​​​​​​អាច​​​ទៅ​​​​​​ជា​​​បែប​​​នេះ​​​ឡើយ​​​”។

បុរស​​​រូប​​​នេះ​​​និយាយបន្ត​ថា គាត់​​​មិន​​​ស្គាល់​​​ឈ្មោះ​​​ ឬ​​​លេខ​​​ទូរស័ព្ទ​​​​​​របស់​​​មេ​​​​​គាត់​​​នៅ​​​ក្នុង​​​ចួរ​​​កម្លាំង​​​សន្តិសុខ​​​សង្កាត់​​​ទេ។ លោក​​​ ឃឹម វុត្ថា ប្រធាន​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ បាន​​​បដិសេធ​​​មិន​​​និយាយ​​​អំពី​​​បាតុកម្ម​​​ហិង្សា​​​នេះ​​​ទេ​​​។

លោក វិទូ​​​ បាន​​​​​​លើក​​​ឡើង​​​ថា គាត់​​​នឹង​​​បន្ត​​​ធ្វើ​​​ការ​​​​​​ងារជា​​​សន្តិសុខ​​​ដដែល​​​ ជា​​​ការ​​​ងារ​​​មួយ​​​ដែល​​​ជា​​​ធម្មតា​​​​​​ពាក់​​​ព័ន្ធ​​​​​​​​នឹង​​​ការ​​​​​​​​​បោស​​​សំអាត​​​អ្នក​​​សុំ​​​ទាន​​​ពី​​​តាម​​​ផ្លូវ​​​ និង​​​ជួយ​​​សម្រួល​​​ចរាចរណ៍​​​។ គាត់​​​បាន​​​បន្ត​​​ថា “ខ្ញុំ​​​នឹង​​​នៅ​​​តែ​​​ធ្វើ​​​ជា​​​សន្តិ​​​សុខ​​​ដដែល​​​នៅ​​​ពេល​​​ខ្ញុំ​​​ជា។ ប៉ុន្តែ ខ្ញុំ​​​នឹង​​​គិត​​​ឲ្យ​​​បាន​​​ពីរ​​​ដង​​​មុន​​​នឹង​​​យល់​​​ព្រម​​​ទៅ​​​កន្លែង​​​បាតុកម្ម​​​នៅ​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​​​​​​​​​​​”៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស