30 C
Phnom Penh

កម្មវិធី​ក្នុង​ទូរស័ព្ទ​ស្មាតហ្វូន​ជួយ​កសិករ​ដាំ​ស្រូវ​បាន​ទិន្នផល​ខ្ពស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​​កសិកម្ម​អន្តរជាតិ​មួយ កំពុង​រៀបចំ​បញ្ចេញ​គម្រោង​មួយ​ទូទាំង​ប្រទេស ក្នុង​ភាព​ជាដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឈិប​កំព្យូទ័រ Intel ដែល​ធ្វើ​ឲ្យ​កសិករ​ជាង​២៥.០០០​នាក់​នឹង​អាច​ទទួល​ការ​ណែ​នាំ​តាម​កាលៈទេសៈ​ផ្ទាល់​អំពីវិធី​ធ្វើ​ស្រែ​តាម​រយៈ​កម្មវិធី​ស្មាត​ហ្វូន (Smartphone​ App)។

មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) បាន​ធ្វើ​​គម្រោង​សាកល្បង​នេះ​កាលពី​សប្តាស៍​មុន​នៅ​ខេត្ត​កណ្តាល ដែល​កសិករ​បាន​ពិនិត្យ​ស្រែ​របស់​ខ្លួន និង​បាន​បញ្ចូល​ទិន្នន័យ​ក្នុង​ទូរស័ព្ទ។ ក្រោយពី​ធ្វើ​ការ​វិភាគ​ព័ត៌មាននោះ កម្មវិធី​ទូរស័ព្ទ​នេះ​បញ្ចូន​ព័ត៌មាន​មក​វិញ​អំពី​វិធី​ធ្វើ​ស្រែ​ល្អ​ប្រសើរ​​ដែល​អាច​ផ្តល់​ទិន្នផល​ខ្ពស់។

គម្រោង​នេះ​ជា​ដំបូង​នឹង​ត្រូវ​ណែនាំ​ដល់​កសិករ​នៅ​ខេត្ត​កណ្តាល កំពត តាកែវ ព្រៃវែង និង​ខេត្ត​ស្វាយ​រៀង ដោយ​មាន​ការ​គាំទ្រពី​បុគ្គលិក​កសិកម្ម​ដល់​មូល​ដ្ឋាន​១០០​នាក់ ហើយ​ប្រសិន​បើ​មាន​ជោគជ័យ កម្មវិធី​នេះ​នឹង​ត្រូវ​ពង្រីក​ដល់​​ខេត្ត​ផ្សេង​ទៀត។

លោក ម៉េង សត្តិ​ភូសិទ្ធ​​ មន្ត្រី​តំណាង​​របស់​អង្គការ IFAD នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ឆ្លើយ​តប​នៅ​ខេត្ត​កណ្តាល​គឺ​វិជ្ជមាន ដោយ​កម្មវិធី​ស្មាតហ្វូន​ផ្តល់​ចម្លើយពី​​អ្វី​គ្រប់​យ៉ាង​ពី​ប្រភេទ​​ដី​ដែល​កសិករ​គួរ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ដំណាំ។

ជា​ដំបូង អង្គការ IFAD នឹង​ផ្តល់​ទូរស័ព្ទស្មាត​ហ្វូន​ដល់​មន្ត្រី​ផ្សព្វផ្សាយ​កសិកម្ម​ដែល​នឹង​ទទួល​បាន​ការ​​​បណ្តុះ​បណ្តាល​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​របស់​កសិករ។

លោក សត្តិ​ភូសិទ្ធ​ បាន​មាន​ប្រសាសន៍​ថា “គម្រោង​នេះ​នឹងជ្រើសរើស​មន្ត្រី​ផ្សព្វផ្សាយ​កសិកម្ម​ក្នុង​ចំណោម​កសិករ អ្នក​រកស៊ី និង​មន្ត្រី​មូលដ្ឋាន ដែល​ធ្វើ​ការ​ក្នុង​វិស័យ​អង្ករ​មក​បណ្តុះ​បណ្តាល​ឲ្យ​ធ្វើ​ជា​មន្ត្រី​ផ្សព្វផ្សាយ​កសិកម្ម”។

លោក​បាន​បន្ត​ទៀត​ថា “ដំបូង​យើង​នឹង​ទិញ​ទូរស័ព្ទ​ឲ្យ​ពួកគាត់​ប្រើ ប៉ុន្តែ​ក្រោយ​មក​ពួកគាត់​ត្រូវ​ទិញ​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​មូលនិធិ​ទទួល​បាន​ពី​ការ​បង់ថ្លៃ​សមាជិកភាព​”។

លោក​បាន​បញ្ជាក់​ថា កសិករ​ដែល​ចង់​ចូលរួម​ក្នុង​គម្រោង​នេះ​នឹង​ត្រូវ​តម្រូវ​ឲ្យ​បង់​ប្រាក់​ប្រហែល​៤០.000​រៀល​ក្នុង​១ឆ្នាំដើម្បី​ចូល​ជា​សមាជិក។

លោក នូ គម កសិករ​នៅ​ខេត្ត​ព្រៃវែង បាន​លើក​ឡើង​ថា ចំនួន​ទឹក​ប្រាក់​នេះ​សមរម្យ​សម្រាប់​លោក ពីព្រោះ​វា​អាច​ជួយ​ផ្តល់​ព័ត៌មាន​ក្នុង​ការ​កម្ចាត់​សត្វ​ល្អិត​ ដែល​នាំ​ឲ្យ​ទិន្នផល​របស់​លោក​ថយ​ចុះ។

លោក នូ គម ​បាន​មាន​ប្រសាសន៍​ថា “បញ្ហា​សំខាន់​គឺ​នៅ​ត្រង់​ថា សត្វ​ចង្រៃ​ដូចជា ខ្យង​ក្រហម​ និង​សត្វ​ល្អិត វាទៅ​បំផ្លាញ​ដំណាំ ហើយ​ធ្វើ​ឲ្យ​ចុង​ស្រូវ​ដែល​មាន​ពណ៌​បៃតង​ចាស់ ក្លាយ​ជាពណ៌​លឿង​វិញ។ ដូច្នេះ យើង​ត្រូវ​ព្យាបាល​ដំណាំ​នេះ ប៉ុន្តែ​មាន​ប្រជាជន​តិចណាស់​ដែល​ដឹង​ពី​របៀប​ព្យាបាល ហើយ​ក៏​មិន​សូវ​​មានសកម្មភាព​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ដែរ​ពី​សំណាក់​មន្ត្រី​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែមទៀត​ថា “បច្ចេក​វិជ្ជា​បែបនេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​ផ្តល់​ទិន្នផល​ខ្ពស់​ជាងមុន”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស