28 C
Phnom Penh

នគរបាល​ឃាត់ខ្លួន​ជន​ជាតិ​វៀត​ណាម​បន្ថែម​ទៀត​ខណៈបន្ត​ធ្វើ​ជំរឿន​លើ​ជនបរទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ព្រឹក​ម្សិលមិញ នគរ​បាល​ខេត្ត​រតនគិរី​បានលើក​ឡើង​ថា ពួកគេ​បាន​ឃាត់ខ្លួន​ជនជាតិវៀតណាម​យ៉ាង​​តិច​បី​នាក់​ ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ជនជាតិ​វៀតណាម​ប្រាំមួយ​នាក់​ត្រូវ​បាន​និរទេស​ទៅប្រទេសវៀត​ណាមវិញ​ដោយ​សារ​ការ​បន្ត​ធ្វើ​ជំរឿន​លើ​ជន​បរទេស​របស់​ក្រសួង​មហាផ្ទៃ។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ជំរឿន​ដែល​ក្រុម​មន្ត្រី​បាន​លើក​ឡើង​ថា នឹង​កាន់​តែ​ទូលំទូលាយ ហើយ​ធំជាងអ្វីដែល​យើង​បាន​ធ្វើ​ពីមុន​នោះ នៅ​ពេល​ឆាប់ៗ​នេះ​នឹង​ផ្ដោត​លើ​ជន​បរទេស​ដែល​មិន​មែន​ជា​ជនជាតិ​វៀតណាម​។

ក្រសួង​មហាផ្ទៃ​បាន​បង្កើត​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ខែ​មករា ហើយ​បាន​ដាក់​លោក សុខ ផល ដែល​ពេល​នោះ​ជា​អគ្គស្នង​ការ​រង​នគរ​បាល​ជាតិឲ្យ​ទ​ទួលប​ន្ទុក​។ ចាប់​តាំង​ពីពេល​នោះ​មក​ អគ្គនាយកដ្ឋាន​នេះ​បាន​សន្យា​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដែល​មាន​ស្រាប់​ឲ្យ​បាន​ល្អ​ប្រសើរ។

នៅ​ក្នុង​ខេត្ត​រតន​គិរី លោក ជា ប៊ុនធឿន ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​​បា​ន​រក​ឃើញ​ជនជាតិវៀតណាម​តែ១៩០​គ្រួសារប៉ុណ្ណោះ​រស់​នៅ​ក្នុង​ខេត្ត​នេះ​កាលពី​ពីរ​សប្ដាហ៍​កន្លង​មក បើប្រៀបធៀប​ទៅ​នឹង​ជនជាតិ​វៀតណាម​ប្រហែល​៣០០​គ្រួសារ​អំឡុង​ការ​ធ្វើ​ជំរឿនកន្លង​មក​​កាលពី​ឆ្នាំ​២០១២​។

លោក​បាន​មាន​ប្រសាសន៍​ថា ជនអន្តោប្រវេសន៍​​ខុស​ច្បាប់​ប្រាំមួយ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ហើយ​​​ពីរ​បី​នាក់​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ម្សិលមិញ។

លោក ប៊ុនធឿន បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​រក​ឃើញជនជាតិ​វៀតណាម​បី​ទៅ​បួន​នាក់​ទៀត ដែលទើបតែ​​បាន​មក​រស់​នៅ​ទីនេះ​ដោយ​ខុស​ច្បាប់​ប្រហែល​កន្លះ​ខែ​ទៅ​មួយ​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​យើ​ង​បាន​និរទេស​ជនជាតិ​វៀតណាម​ប្រាំមួយនាក់​ទៅ​ប្រទេស​វៀត​ណាម​វិញ។ ឥឡូវ​នេះ នគរ​បាល​ជំនាញរបស់យើង​កំពុង​សាក​សួរពួកគេ​”។

លោក​ ប៊ុនធឿន បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ជំរឿន​បាន​រក​ឃើញ​ថា ជនបរទេស​ភាគ​ច្រើន​ដែលរស់​នៅ​ក្នុង​ខេត្ត​នេះ​ គឺ​ជនជាតិវៀតណាម​ ប៉ុន្តែ​ក៏មាន​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​អាមេរិក​​ដែរ​ដែល​ធ្វើ​ឲ្យ​ចំនួន​ជនបរទេស​មាន​ច្រើន។

លោក​​បាន​​មាន​ប្រសាសន៍​ថា “ប្រហែល​៧០​ទៅ​៨០​ភាគរយ​ គឺ​ជា​ជនជាតិ​វៀតណាម​។ មាន​ជន​ជាតិ​វៀតណាម​ប្រហែល​៦០០​នាក់​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី”។

ឧត្តម​សេនីយ៍ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ជំរឿន​ដែល​កាលពី​សប្ដាហ៍​មុន​ក៏ឃើញ​មាន​ការ​ប្រគល់​ប័ណ្ណ​អន្តោប្រវេសន៍​ផ្លូវ​ការ​ដល់​ជនជាតិ​វៀតណាម​ ដែល​គ្មាន​ឯកសារ​ជាង​១០០​នាក់​នៅ​ក្នុង​ខេត្ត​កណ្ដាល​ផង​ដែរនោះ នៅពេល​ឆាប់ៗនេះ​នឹង​ពង្រីក​ទៅ​លើ​ជនបរទេស​ផ្សេង​ទៀត​ ដែល​មិនមែន​ជា​ជនជាតិ​វៀតណាម។

ឧត្តម​សេនីយ៍ ខៀវ សុភ័គ បាន​ប្រាប់​​អ្នក​យកព័ត៌មាន​បរទេស​តាម​ទូរស័ព្ទ​ថា ” នៅពេល​ក្រោយ​​អ្នក​នឹង​ឃើញធ្វើ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ឥឡូវ​នេះ​ធ្វើ​តែ​លើជនជាតិ​វៀតណាម​​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់​មក​ធ្វើ​លើជនបរទេស​ផ្សេងទៀត​។ មាន​ផ្ទៃ​ដី​ច្រើន​ណាស់​ដែល​ប្រទេសកម្ពុជាត្រូវ​គ្រប​ដណ្ដប់…។​ វានឹង​ជា​ពេល​វេលា​របស់​លោក​អ្នក សូមកុំព្រួយ”។

អ្នក​នាំាពាក្យ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា អ្នក​ប្រមូលទិន្នន័យ​ជំរឿន​មានភារកិច្ច​ប្រមូល​ព័ត៌​មាន​អំពី​ជន​បរទេស​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ទិន្នន័យ​ទាំង​អស់​ដែលទាក់​ទង​ទៅ​នឹង​​ប្រជា​ជន​ គឺ​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ទីកន្លែង​កំណើត ឈ្មោះ​ឪពុក​ម្ដាយ ប្រវត្តិរូប​សង្ខេប កន្លែង​ដែល​ពួកគេ​ធ្វើដំណើរមក​​ តាម​មធ្យោបាយ​ណា​ជាដើម​ ទាំង​អស់​នេះ​គឺ​ជា​ព័ត៌មាន​”។

លោក មុំ ស៊ីថា នាយ​នគរ​បាល​អន្តោប្រវេសន៍​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​រៀបចំ​ធ្វើ​ជំរឿន​នៅ​ក្នុង​រាជ​ធានី​ ហើយ​អាច​ចាប់​ផ្ដើម​ប្រមូលទិន្នន័យ​នៅ​ដើម​សប្ដាហ៍​ក្រោយ​។

ជំរឿន​ក៏កំពុងដំណើរការ​ធ្វើ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ផង​ដែរ​ កន្លែង​ដែល​មាន​ជនជាតិ​វៀតណាម​មួយ​ចំនួនធំ​រស់​នៅ​ក្នុង​ភូមិនានា​លើ​បឹង​ទន្លេសាប​។

លោក បាន ហេង ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ពេល​នេះ ការ​ធ្វើ​​ជំរឿន​មិនទាន់​បាន​ពង្រីក​ហួស​ក្រុង​ពោធិ៍សាត់ ​ស្រុក​បាកាន​ និង​ស្រុក​កណ្ដៀង​ស្ថិត​នៅ​តាម​បឹង​ទន្លេសាប​នៅ​ឡើយ​ទេ ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​អាច​ប្រាប់​លទ្ធផល​ជំរឿន​ដល់​អ្នក​បាន​​ទេ ពីព្រោះ​យើងមិន​ទាន់បាន​បូក​សរុប​នៅ​ឡើយ​។ មិន​មាន​បញ្ហា​ទាក់ទង​ការ​ធ្វើ​ជំរឿន​ទេ អ្វីៗប្រព្រឹត្ត​ទៅ​​តាម​ធម្មតា”។

លោក ប្រាក់ វុទ្ធី ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង បាន​បដិសេធ​មិន​និយាយ​ថា តើ​ការ​ធ្វើ​ជំរឿន​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ខេត្ត​របស់​លោក​ ដែល​មាន​ជនជាតិ​វៀតណាម​មួយ​ចំនួនធំ​រស់​នៅ​តាម​បឹង​ទន្លេ​សាបឬយ៉ាង​ណា​ឡើយ ។

លោក តុប សុវណ្ណ ស្នង​ការ​រង​នគរ​បាល​ខេត្ត​កណ្ដាល​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ជំរឿន​មិន​ទាន់​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​ទេ ប៉ុន្តែ​លិខិត​ស្នាក់​នៅ​ចំនួន​១០០​ត្រូវ​បាន​ចែក​កាលពី​សប្ដាហ៍​មុន​។

លោក សុវណ្ណ បាន​មាន​ប្រសាសន៍​ថា លិខិត​​នោះ​ដែលមាន​សុពលភាព​​ពីរ​ឆ្នាំ ត្រូវ​បាន​ផ្ដល់​ឲ្យ​ជនជាតិវៀតណាម​​ដែលបាន​កំណត់អត្តសញ្ញាណអំឡុង​ការ​ធ្វើ​ជំរឿន​ឆ្នាំ​២០១២។

លោកឧត្តម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​​ បាន​មាន​ប្រសាសន៍​ថា លោក​មិននៅ​ក្នុង​ប្រទេស​ទេ ប៉ុន្តែ​នឹង​ផ្ដល់​​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ថា តើ​ជំរឿន​នេះ​ត្រូវ​ធ្វើ​ដូច​ម្ដេចនោះ បន្ទាប់​ពី​លោក​ត្រឡប់​មក​វិញ​នៅ​ចុងសប្ដាហ៍​នេះ​៕ សារុន

(រាយ​ការណ៍​បន្ថែម​ដោយ​ AlexWillemyns)​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស