30 C
Phnom Penh

នគរ​បាល​ខេត្ត​ព្រះសីហនុ​ចាប់​ខ្លួនជនជាតិ​អាមេរិក​ម្នាក់​ពីបទ​កាន់​ទិដ្ឋាការ​ហួស​សុពលភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រីនគរ​បាល​មូលដ្ឋាន​បាន​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កាល​ពី​ថ្ងៃ​សៅរ៍ នគរ​បាល​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​អាមេរិក​​​អាយុ​២៥​ឆ្នាំ​ម្នាក់ ពីបទ​​ស្នាក់​នៅ​​ដោយ​ប្រើ​​ទិដ្ឋាការហួស​សុពលភាព​​។

​ការ​បង្ហោះ​មួយ​​នៅ​លើ​គេហទំព័រ​របស់​នគរ​បាល​ជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​បង្ហាញ​ថា បុរស​ម្នាក់​ឈ្មោះ Ian Andrew ​Heller ត្រូវ​បាន​ចាប់​ខ្លួន​ពីបទកាន់​ ” លិខិត​ឆ្លង​ដែន​ហួស​សុពល​ភាព​ដោយ​ខុស​ច្បាប់​” ក្នុង​ក្រុង​ព្រះសីហនុ។

លោក កែវ រតនា ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ” យើង​បាន​ចាប់​ខ្លួន​ជនបរទេស​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍ ព្រោះ​ជនបរទេស​រូប​នេះ​កាន់​ទិដ្ឋាការ​ហួស​សុពលភាព​ ហើយ​យើង​បាន​បញ្ជូន​បុរស​រូប​នេះ​ទៅ​​នាយកដ្ឋាន​អន្តោប្រវេសន៍​ [ក្នុង​រាជ​ធានី​ភ្នំពេញ] នៅ​ថ្ងៃ​ដដែល​”។

លោក រតនា បានអះអាង​ថា ជនបរទេស​រូប​នេះ​មានឈ្មោះ Heller មកពី​រដ្ឋ​ Nebraska ប៉ុន្តែ​បាន​បដិសេធ​មិន​​រៀបរាប់​ពី​ស្ថានភាព​នៃ​ការ​ចាប់​ខ្លួន​ ឬឃុំខ្លួន​ឡើយ​។

ការ​ចាប់​ខ្លួន​ជនជាតិ​អាមេរិករូបនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពេល​​មាន​ការ​ធ្វើ​ជំរឿនលើ​​ជនបរទេស​នៅ​ទូទាំង​​ប្រទេស​ ​ដោយ​ក្រសួង​​មហាផ្ទៃ​ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ចំនួន​១៤​នាក់​ត្រូវ​បាន​និរទេស​ចេញ​ពី​ខេត្ត​រតនគិរី​ទៅ​​ស្រុក​របស់​ខ្លួន​វិញ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា​មក​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា ជំរឿន​​ដែល​ជាផ្នែក​នៃ​ការ​ខំប្រឹង​ប្រែង​​ដើម្បី​អនុវត្ត​ច្បាប់​ដែល​គេ​ធ្វើ​ព្រងើយ​កន្តើយ​ជាយូរ​មក​ហើយ និង​ដែល​តម្រូវ​ឲ្យ​ជនបរទេស​​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប័ណ្ណ​ការ​ងារ​នោះ ក៏នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​អត្តសញ្ញាណ​​ជនបរទេស​ផ្សេង​ក្រៅពីជនជាតិ​វៀតណាម ដែល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​ផង​ដែរ​។

លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថ្មី​នៅ​ក្រសួង​មហាផ្ទៃ​ បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ចាប់​ខ្លួន​លោក Heller នេះឡើយ​កាលពី​ម្សិលមិញ​។

ឧត្ដមសេនីយ៍ សុខ ផល បាន​មាន​ប្រសាសន៍​ដោយ​សំដៅ​លើពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​កំពុង​បន្ត​នេះ​ថា ” ទុក​ពេល​ឲ្យ​ខ្ញុំ​មួយ​ថ្ងៃ គឺ​ថ្ងៃ​អាទិត្យ ព្រោះ​ខ្ញុំ​ត្រូវ​​ទៅ​ចូល​រួម​ក្នុង​ពិធី​កាន់​បិណ្ឌ”។

លោក Jay Raman អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ។ លោក​បានមាន​ប្រសាសន៍​ថា ” តាម​គោលនយោបាយ​ យើង​មិន​ពិភាក្សា​លើ​ករណី​បុគ្គល​ឡើយ​”៕ ស៊ុយឈាង

(រាយការណ៍​បន្ថែម​ដោយ George Wright)​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស