30.4 C
Phnom Penh

រដ្ឋ​មន្ត្រី​នៃ​ក្រសួង​ចំនួន​បីជួប​គ្នាដើម្បី​ពិភាក្សា​អំពី​ការ​វាស់​វែង​ដី​ធ្លី​នៅ​តំបន់​ការ​ពារ​របស់​រដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​ច័ន្ទ​ រដ្ឋ​មន្ត្រី​ក្រសួងរៀបចំ​ដែន​ដី​​ នគរូបនី​យ​កម្ម​និង​សំណង់​ រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​​ និង​រដ្ឋ​មន្ត្រី​ក្រសួង​បរិ​ស្ថាន​ បាន​ជួប​​គ្នា​ដើម្បី​ពិភាក្សាអំពី​ការ​វាស់​វែង​ដី​រដ្ឋ​ និង​​ផែនការគ្រប់​គ្រង​​ ដី​ព្រៃ​ និង​ដី​សម្បទាន​សេដ្ឋកិច្ច​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ លោក​ សាយ​ សំអាល់​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ លោក​​​ អ៊ឹម ឈុន​លឹម រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម​និង​សំ​ណង់​ និង​លោក​ អ៊ុក រ៉ា​ប៊ុន​ រដ្ឋ​មន្ដ្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេ​សាទ​ បាន​លើក​ឡើង​ថា​ កិច្ច​ពិភាក្សា​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​កំណែ​ទម្រង់​​គោល​នយោបាយ​ដី​ធ្លី​។

លោក​ បេង​ហុង​ សុជាតិ​ខេមរ៉ូ​ អ្ន​ក​នាំ​ពាក្យក្រសួង​រៀបចំ​ដែន​ដី ​នគរូបនីយ​កម្ម​និង​សំណង់​ បាន​ឲ្យ​ដឹង​ថា ការ​វាស់​វែង​ដី​ធ្លី​របស់​រដ្ឋ​នេះ​ ក៏​មាន​បំណង​កំណត់​ថា​ តើ​នរណា​ខ្លះ​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ រស់​នៅ​លើ​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​ផង​ដែរ​។ លោក​បាន​ប្រសាសន៍​ដោយ​សំដៅ​ទៅ​លើ​តំបន់​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ការ​បណ្តេញ​​​​​​​​ចេញ​ទ្រង់​ទ្រាយ​ធំ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ថា​ “ឧទាហរណ៍​ តំបន់​ព្រៃ​ការពារ​ត្រូវ​ជន​កាប់​​​រាន​ព្រៃ​​ចូល​ទៅ​ចាប់​យក។​​ រីឯ​ការ​ចាប់​យក​ដី​ធ្លី​របស​់​រដ្ឋ​នៅ​តំបន់​ក្រុង​វិញ​ មានដូច​ជា​​នៅ​តំបន​់​បឹង​កក់​ តំបន់​បុរី​កីឡា​ និង​តំបន់​ផ្លូវ​រថ​ភ្លើង​ជា​ដើម”។

លោក​ សុជាតិ​ខេម​រ៉ូ​ បាន​លើក​ឡើង​បន្ត​ថា​ ការ​កំណត់​ផែន​ទី​ថ្មី​ឡើង​វិញ​ និង​ការ​វាស់​វែង​ដី​ធ្លី​ គឺ​វាមានសារៈ​សំខាន់​ណាស់​ ព្រោះ​ “មនុស្ស​ខ្លះ​បាន​ជំទាស់​ថា ពួក​គេ​មិន​ចាត់​ទុក​តំបន់​ទាំង​នោះ​ជា​ដី​របស់​រដ្ឋ​ឡើយ​”។ យោង​តាម​លោក​ សុជាតិ​ខេមរ៉ូ​ បាន​ឲ្យ​ដឹង​ថា​ ក្រសួង​នឹង​ធ្វើ​ជា​អ្នក​សម្រេច​ចុង​ក្រោយ ថា​ តើ​ដី​ធ្លី​ប្រភេទ​​ណា​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ព្រោះ​ក្រសួង​មាន “​ផែន​ទី​​ពេញ​លេញ​តាម​លក្ខណៈ​​បច្ចេក​ទេស” ។

លោក​ ប៉ែន​ ប៊ុណ្ណា​រ៍ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់ទទួល​បន្ទុក​​កម្មវិធី​ដី​ធ្លី​របស់​​អង្គការ​សិទ្ធិ​មនុស្សក្នុង​​​ស្រុក​​​ ​អាដហុក​ បាន​លើក​ឡើង​ថា “យឺត​​ពេល​ពេក​ហើយ​” សម្រាប់​រដ្ឋា​​​ភិបាល​​​​ធ្វើ​ការ​វាស់​វែងដី​​នៅ​តំបន់​ការ​ពារ​ ព្រោះ​​​​អ្នក​មាន​អំណាច​ បាន​ចូល​ទៅ​ចាប់​យក​ដី​ទាំង​នោះ​​​អស់​ហើយ​ ហើយ​លោក​ខ្លាច​ក្រែង​ថា​ អ្នក​ក្រី​​ក្រ​ទៅ​វិញ​ទេ​ ដែល​ជា​អ្នក​រង​គ្រោះ​​​​ដោយ​​សារ​កំណែ​ទម្រង់​គោល​នយោ​​​បាយ​ដី​ធ្លីនេះ​។ លោក ប៊ុណ្ណា​រ៍ ​មាន​ប្រសាសន៍​ថា ​“យើង​​​​​មិន​ដែល​ឃើញ​អ្ន​ក​មាន​អំណាច​ណា​ម្នាក់ត្រូវ​បាន​ផាក​ពិន័យ​តាម​ច្បាប់​នោះ​ឡើយ”។ លោក​បាន​​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “វា​ជា​រឿង​អយុត្តិ​ធម៌​ណាស់​សម្រាប់​អ្ន​ក​ភូមិ​ធម្មតា​ ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ចូល​ពន្ធនា​គារ​​ចំពោះ​ការ​ព្យាយាម​ការ​ពារ​ដី​ធ្លី​ដែល​ពួក​គាត់​មាន​សិទ្ធិ​កាន់​កាប់​ត្រឹម​ត្រូវ​តាម​ច្បាប់​”។

អ្នក​ស្រី​ សុង​ ស្រី​លាភ​ អ្ន​ក​ភូមិ​រស់​នៅ​ក្នុង​តំបន់​បឹង​កក់​ ដែល​បាន​រួម​ដៃ​គ្នា​ជាមួយ​សកម្ម​ជន​ប្រឆាំង​ការ​បណ្តេញចេញ​រាប់​សិប​នាក់​ផ្សេង​ទៀត​​ បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​តែង​​​​តែ​ទម្លាក់​កំហុស​លើ​ពលរដ្ឋ​ថា​ រស់​នៅ​លើ​ដី​រដ្ឋ​ដោយ​ “ខុស​ច្បាប់​” រាល់​ពេល​ដែល​​ពួក​គេ​ចង់​លួចប្លន់​ដី​របស់​គាត់។ អ្នក​ស្រី​ សុង ស្រីលាភ បាន​ឲ្យ​ដឹងបន្ថែម​​​ទៀត​​​​ថា​ រដ្ឋាភិបាល​ក៏​បាន​យក​​​ដី​ពី​អ្នក​ក្រីក្រ​ក្រោម​រូប​ភាព​អភិវឌ្ឍ​ន៍​​​ផង​ដែរ។​

អ្នក​ស្រី​បាន​បន្ត​ថា អ្នក​មាន​ទ្រ​ព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ និង​អ្ន​ក​មាន​អំណាច​មិន​ដែល​ទទួល​រង​ការ​ឈឺ​ចាប់​ស្រដៀង​នេះ​ឡើយ។​ អ្នក​ស្រី​បាន​និយាយ​ថា​ “​ពួក​គេ​តែង​តែ​ចោទ​ប្រកាន់​ពលរដ្ឋ​ថា​ បាន​រស់​នៅ​លើ​ដី​របស់​រដ្ឋ​ ប៉ុន្តែ​អ្នក​មាន​អំណាច​វិញ​អាច​រស់​នៅ​លើ​ដី​របស់​រដ្ឋ​បាន​”៕ ស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស