38 C
Phnom Penh

នគរ​បាល​​​ចាប់​​​អ្នក​ទោស​​​លួច​​​រត់​​​បាន​​​ម្នាក់​​​វិញ​​​ ហើយ​​​ប្រាំ​​​នាក់​​​ទៀត​​​កំពុង​​​រត់​​​គេចខ្លួន​នៅ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​​មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នក​ទោស​ម្នាក់​ដែល​បាន​​​លួច​រត់​ចេញ​ជាមួយ​អ្នក​ទោស​ប្រាំ​នាក់​ទៀត​ពី​​​ពន្ធ​​នា​​​គារ​ខេត្ត​រតនគិរី​កាល​ពី​សប្ដាហ៍​មុននោះ ត្រូវ​នគរ​បាល​ចាប់​បាន​វិញ​​នៅ​ក្នុង​ខេត្ត​ក្រចេះ​កាល​​​ពី​ថ្ងៃ​សុក្រ។

លោក ទិត្យ ​​​សាឃឿន ស្នង​ការ​រង​នគរ​បាល​ខេត្ត​រតនគិរី​ទទួល​បន្ទុក​ព្រហ្ម​​​ទណ្ឌ​​​កម្រិត​ធ្ងន់​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​​ទទួល​បាន​តម្រុយ​កាលពី​ថ្ងៃ​សុក្រ​ថា អ្នកទោស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទោស​ទាំង​នោះ​​​គឺ​​​ឈ្មោះ ស៊ី ណយ អាយុ​៣៥​ឆ្នាំ​បាន​ស្នាក់​នៅ​ផ្ទះ​សំណាក់​មួយ​ក្នុង​ស្រុក​ឆ្លូង ខេត្ត​​​ក្រចេះ។

លោក​បាន​មាន​​ប្រសាសន៍​ថា ” យើង​មាន​បណ្ដាញ​ផ្ដល់​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​យើង​ឈាន​ទៅ​ចាត់​វិធានការ​នេះ”។

លោក​ សាឃឿន បាន​បន្ថែម​ថា នាយកដ្ឋាន​របស់​លោក​បាន​សហការ​ជាមួយ​នគរ​បាល​​ខេត្ត​ក្រចេះ ដែល​បាន​ចាប់​ខ្លួន​​​អ្នក​​​ទោស​​​ឈ្មោះ​ ស៊ី ណយ នៅ​ម៉ោង​១០យប់​ក្នុង​ព្រះ​​​សំណាក់​ហាន់​​​ជ័យ៤ស្ថិត​ក្នុង​ឃុំ​​​ហាន់​​​ជ័យ។

អ្នក​​​ទោស​ទាំង​​​ប្រាំ​​​មួយ​នាក់​នេះ​បាន​​​លួច​រត់​កាល​​​ពី​ថ្ងៃ​​​ព្រហស្បតិ៍​នៅ​វេលា​ព្រឹកព្រលឹម​ស្រាង​​​ៗ ដោយ​​ពួក​​​គេ​ប្រើ​​​រណា​​​អារ​​​ដែក​អារ​របា​ដែក​​បង្អួច​​បន្ទប់​ឃុំខ្លួន​របស់​ពួកគេ​ និង​ដង្កាប់ ដើម្បី​កាត់​​​របង​លួស​បន្លា​ដែល​ព័ទ្ធជុំវិញ​បរិវេណ​​​ពន្ធនាគារ​នោះ។

អ្នក​ទោស​ប្រាំ​​​នាក់​ទៀត​​​ដែលកំពុង​រត់គេច​ខ្លួន​នៅ​​​ឡើយគឺ​ឈ្មោះ ចាន់ សារ៉ស់ អ៊ុក ចន្ធូ លឹម ស៊ីថា ឡាស់ សារ៉េត និង​ អ៊ុន សុភាព។ អ្នក​ទោស​ទី៧​ឈ្មោះ វ៉ន ប្រុស ត្រូវ​​មន្ត្រី​ពន្ធនាគារ​ម្នាក់​ចាប់​បាន​អំឡុង​ពេលលួច​រត់ចេញ​នោះ​។

បន្ទាប់ពី​សាក​សួរ​អ្នក​ទោស​ដែល​ចាប់​បាន​វិញ​នេះ លោក សាឃឿន បាន​មាន​ប្រសាសន៍​ថា នគរ​បាល​បាន​កំណត់​​​ថា ​ឈ្មោះ សារ៉ស់ ដែល​កំពុង​អនុវត្ត​ទោស​ពី​​​បទ​ប្លន់​នោះ​ ជា​មេ​​​គំនិត​នៃ​ផែន​ការ​លួច​រត់​នេះ​។

លោក​បាន​បន្ថែម​ថា នគរ​បាល​មិនទាន់​ដឹង​ថា តើ​អ្នក​​ទោស​ទាំង​នេះ​បាន​រណា​អារ​ដែក​ និង​ដង្កាប់​​​តាមវិធី​​​ណា​​​ឡើយ​។

លោក សាឃឿន បាន​មាន​ប្រសាសន៍​ថា ” វា​អាច​ថា ពួកគេ​​បាន​ឧបករណ៍​ទាំង​នេះ​ពី​ខាង​ក្រៅ​មក ពីព្រោះ​ពួកគេ​បាន​ទាក់​ទង​ជាមួយ​អ្នក​​​ដទៃ​នៅ​ខាង​ក្រៅ”។ លោក​បាន​បន្ថែម​ថា អ្នក​ទោស​​​មាន​​​សិទ្ធិ​​​និយាយ​ទូរស័ព្ទ​ទាក់​ទង​ទៅ​សាច់​ញាតិ។

យោង​តាម​លោក ទិន សុវណ្ណី ប្រធាន​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ថា អ្នក​ទោស​ឈ្មោះ ស៊ី ណយ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញាពី​​​បទ​ជួញដូរ​គ្រឿង​ញៀន​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​​ពន្ធនាគារ​ខេត្ត​រតនគិរី​​វិញ​ហើយ៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស