30 C
Phnom Penh

សហជីព​​​ធ្វើ​​​ពិធី​​​បួង​​​សួង​​​សុំ​​​ឲ្យ​​​មានការ​​​ដោះ​​​លែង​​​សមាជិក​​​របស់​​​ខ្លួន​​​ដែល​​​តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​ចោទ​​​ប្រកាន់​​​មន្ត្រី​​​សហជីព​​​ម្នាក់​​​ កម្មករ​​​រោង​​​ចក្រ​​​ចំនួន​​​ពីរ​​​នាក់ និង​​​អ្នក​​​បើក​​​រថយន្ត​​​​​​ចំនួន​​​ពីរ​​​នាក់​​​ពី​​​បទ​​​បង្ក​​​​​​អំពើ​​​ហិង្សា និង​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​ដោយសារ​​​​​ពួកគេ​​​​​​ចូលរួម​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​មួយ​​​ដែល​​​ប្រែ​​​ក្លាយ​​​​​​ជា​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​ Juhui។

លោក ហាក់ តាំង​​​ប៊ុន ក្រឡា​​​បញ្ជី​​​របស់​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​ ប៉ុក​​​ សុវណ្ណ​​​មុនី​​​ បាន​​​បញ្ជាក់​​​ថា ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​រួម​​​មាន​​​ដូច​​​​​​ជា​​​ ឃុន សុខុម អាយុ​​​៣១​​​ឆ្នាំ​​​ជា​​​មន្ត្រី​​​ម្នាក់​​​នៅ​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា​​​ (សីុខៅ​​​ឌូ​​​) ម៉ុន សារ៉ែម អាយុ​​​២៩​​​ឆ្នាំ​​​ជា​​​កម្មករ​​​ដែល​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​ និង​​​ជា​​​អតីត​​​​​​តំណាង​​​សហជីព​​​​​​​​​នៅ​​​រោង​​​ចក្រ​​​ និង​​​​​​ បៀន សារីម អាយុ​​​៣៥​​​ឆ្នាំ​​​ ជា​​​កម្មករ​​​ដែល​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​ការងារ​​​ម្នាក់​​​ផ្សេង​​​ទៀត​​​។​​​មនុស្ស​​​ដែល​​​ក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ដែរ​​​នោះ​​​ គឺ​​​ នេត ពិសី អាយុ​​​២២​​​ឆ្នាំ​​​ និង​​​ កង សាវុធ អាយុ​​​២៤​​​​​​ឆ្នាំ​​​ជា​​​អ្នក​​​បើក​​​រថយន្ត​​​ដែល​​​ដឹក​​​កម្មករ​​​រោង​​​ចក្រ។

លោក តាំង​​​ប៊ុន បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​ទាំង​​​អស់​​​។ យើង​​​បាន​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​ឃុំ​​​ខ្លួន​​​ជា​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​នៅ​​​រសៀល​​​នេះ​​​”។

នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​កាល​​​ពី​​​ម្សិលមិញ កម្មករ​​​ប្រមាណ​​​៤០០នាក់​​​ដែល​​​ជា​​​ចំនួន​​​មួយ​​​ក្នុង​​​ចំណោម​​​កម្មករ​​​ប្រមាណ​​​៥.០០០នាក់​​​ដែល​​​បាន​​​បន្ត​​​ធ្វើ​​​កូដ​​​កម្ម​​​កាល​​​ពី​​​ខែ​​​មុន​​​ ដើម្បី​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​ បាន​​​ធ្វើ​​​ពិធី​​​សាសនា​​​មួយ​​​ដើម្បី​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​ចាប់ខ្លួន​​​មនុស្ស​​​ទាំង​​​១០​​​នាក់​​​ដែល​​​រ​​​ួម​​​ទាំង​​​មនុស្ស​​​ចំនួន​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ផង​​​ដែរ​​​។

លោក ប៊ុត ប៊ុន​​​ឈាន តំណាង​​​សហជីព​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​និមន្ត​​​ព្រះ​​​សង្ឃ​​​មក​​​ប្រោះ​​​ព្រំ​​​ដើម្បី​​​បណ្តេញ​​​ឧបទ្រព​​​ចង្រៃ​​​ចេញ​​​ពី​​​មនុស្ស​​​ទាំង​​​ប្រាំ​​​នាក់ ដែល​​​ត្រូវ​​​ដោះ​​​លែង​​​កាល​​​ពី​​​ម្សិលមិញ និង​​​ដើម្បី​​​បួង​​​សួង​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​មនុស្ស​​​ចំនួន​​​ប្រាំនាក់​​​ផ្សេង​​​ទៀត​​​ដែល​​​អាជ្ញាធរ​​​កំពុង​​​ឃុំ​​​ខ្លួន​​​នៅ​​​ឡើយ។ យើង​​​ចង់​​​បង្ហាញ​​​ឲ្យ​​​អាជ្ញាធរ​​​ឃើញ​​​ថា យើង​​​មិន​​​បាន​​​បង្ក​​​អំពើ​​​ហិង្សា​​​ទេ​​​”។

ប៉ុន្តែ នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​កំពុង​​​តាម​​​ចាប់​​​ខ្លួន​​​សមាជិក​​​សហជីព​​​ផ្សេង​​​ៗ​​​ទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ​​​សារ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ដែល​​​បណ្តាល​​​ឲ្យ​​​កម្មករ​​​រាប់​​​សិប​​​នាក់​​​រង​​​របួស នៅ​​​ពេល​​​​​​អំពើ​​​ហិង្សា​​​បាន​​​ផ្ទុះ​​​ឡើង​​​ បន្ទាប់​​​ពី​​​មន្ត្រី​​​នគរ​​​បាល​​​បាន​​​ព្យាយាម​​​បំបែក​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​។

លោក សាន សុភា នាយ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​តាម​​​ចាប់​​​ខ​​​្លួន​​​មនុស្ស​​​បន្ថែម​​​ទៀត​​​ដែល​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ករណី​​​នេះ​​​រួម​​​មាន​​​ដូច​​​ជា​​​អ្នក​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​​​​ផ្ទុះ​​​​អំពើ​​​ហិង្សា និង​​​ជន​​​ល្មើស​​​ជា​​​ដើម​​​”។

លោក​​​ ហិុត ហ៊ុន តំណាង​​​សហជីព​​​មួយ​​​រូប​​​ដែល​​​នគរ​​​បាល​​​កំពុង​​​តាម​​​ចាប់ខ្លួន​​​បាន​​​ឲ្យ​​​ដឹង​​​ថា ឥឡូវ​​​នេះ​​​គាត់​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​។ លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​អំពី​​​សុវត្ថិភាព​​​របស់​​​ខ្ញុំ​​​។ ពួក​​​គេ​​​បាន​​​ចាប់​​​ខ្លួន​​​សមាជិក​​​សហជីព​​​ ហើយ​​​កំពុង​​​គំរាម​​​កំហែង ដើម្បី​​​បញ្ឈប់​​​សកម្មភាព​​​របស់​​​យើង​​​។ យើង​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​ទៀត​​​បាន​​​ឡើយ​​​នៅ​​​ពេល​​​ឥឡូវ​​​នេះ”៕​​​ស៊ុយ​​​ឈាង​​​​​​​​​​​​​​​​​​

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស