39 C
Phnom Penh

កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន បរិច្ចាគ​ប្រាក់​​ដែល​ឈ្នះ​រឿងក្ដី​ក្នុង​តុលាការ​ទៅ​​ឲ្យ​អង្គការ​មនុស្សធម៌​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មេធាវី​របស់​លោក ហ៊ុន ម៉ានី បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​របស់​​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បរិច្ចាគ​ប្រាក់​ចំនួន​១០.០០០​ដុល្លារ​​ ដែល​លោក​បាន​​ឈ្នះ​​ក្ដី​ក្នុង​តុលាការ​​​ទៅ​ឲ្យ​អង្គការ​មនុស្សធម៌​មួយ​។ លោក ហ៊ុន ម៉ានី ​បាន​ឈ្នះ​​​ក្ដី​នៅ​ក្នុង​វិវាទ​មួយ​ជាមួយ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​មួយ ដែល​ប៉ុនប៉ង​ប្រើ​ឈ្មោះ​របស់​លោក​​ដើម្បី​ឲ្យ​គេ​ជម្រះ​ពន្ធគយ​ឲ្យ​បាន​ឆាប់​រហ័ស​​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

កាលពី​ថ្ងៃ​សុក្រ សាលា​ដំបូង​រាជ​ធានី​​​​ភ្នំពេញ​បាន​រក​ឃើញ​ថា លោក រាជ សុធន ​ប្រធាន​ក្រុម​ហ៊ុន​ដឹកជញ្ជូន​ RSL ពីបទ​​ឆបោក​បន្ទាប់ពី​លោក​បាន​ប្រាប់​អាជ្ញាធរ​កំពង់ផែ​កាលពី​ខែ​សីហា​ថា ទំនិញ​របស់​លោក​គឺ​ជា​របស់​លោក ហ៊ុន ម៉ានី ហេតុ​ដូច្នេះ​ត្រូវ​ជម្រះ​ពន្ធគយ​ឲ្យ​បាន​ឆាប់។

យោង​តាម​លោក លី ចាន់តុលា មេធាវី​របស់​លោក ហ៊ុន ម៉ានី បាន​ឲ្យ​ដឹង​ថា តុលាការ​​បាន​​សម្រេច​ផ្តន្ទាទោស​លោក សុធន ឲ្យ​ជាប់​ពន្ធនាគារ​ ប៉ុន្តែ​ព្យួរ​ទោស​នេះ ហើយ​បាន​បង្គាប់​ឲ្យ​លោក​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​​ចំនួន​១០.០០០​ដុល្លារ​ទៅ​ឲ្យ​កូន​ប្រុស​ពៅ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រូប​នេះ បន្ទាប់ពី​លោក​បាន​សារភាព​ចំពោះ​បទ​ល្មើស​របស់​ខ្លួន​។

​លោក លី ចាន់តុលា ​បាន​មាន​ប្រសាសន៍​ថា ” លោក សុធន បាន​សារភាព​ចំពោះ​មុខ​តុលាការ។ យោង​តាម​ច្បាប់ លោក សុធន ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ឆបោក​ ប៉ុន្តែ​នៅ​ពេល​លោក​ត្រូវ​បាន​សាកសួរ​ គាត់​បាន​សារភាព​ ហើយ​សន្យា​ថា​នឹង​មិន​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង​ម្ដង​ទៀត​​​ឡើយ​នៅ​ពេល​ក្រោយ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ” តុលាការ​បាន​ព្យួរ​ទោស​នេះ ព្រោះ​វា​ទើប​តែ​ជា​លើក​ទី១​ទេ​ដែល​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ឆបោក ហើយ​គាត់​ត្រូវ​តែ​សុំ​អភ័យ​ទោស​ចំពោះ​លោក ហ៊ុន ម៉ានី ​ហើយ​លោក​បាន​សន្យា​ថា ​រឿង​នេះ​នឹង​មិន​កើត​ឡើង​ម្ដង​ទៀត​ឡើយ​ ហើយ​គាត់​បាន​យល់​ព្រម​ផ្ដល់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​១០.០០០​ដុល្លារ​”។

លោក សុធន បាន​ប្រាប់​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​អំឡុង​​ពេល​បើក​សវនាការ​ថា លោក​បាន​ប្រើ​ឈ្មោះ​របស់​លោក ហ៊ុន ម៉ានី ដោយ​សំអាង​ថា ​លោក​កំពុង​តែ​ដឹក​​ជញ្ជូន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដែល​គេ​ឧបត្ថម្ភ​ឲ្យ​មួយ​គ្រឿង​​ទៅ​ឲ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​​របស់​លោក ហ៊ុន ម៉ានី។

លោក លី ចាន់តុលា បាន​លើក​ឡើង​ទៀត​ថា លោក ហ៊ុន មា៉នី​ បាន​ទទួល​យក​ប្រាក់​សំណង​ជំងឺ​ចិត្ត​ ហើយ​បាន​បរិច្ចាគ​ទៅ​ឲ្យ​មូលនិធិ​ Tramana ជា​អង្គការ​មនុស្សធម៌​មាន​មូលដ្ឋាន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​ជួយ​ក្មេងៗ​សិស្ស​សាលា​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​មិន​មែន​​ខំប្រឹង​តវ៉ា​រឿង​ក្ដី​នេះ​សម្រាប់​ប្រាក់​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា ” លោក ហ៊ុន ម៉ានី គិត​ថា រឿង​បែប​នេះ​វា​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ និង​កិត្តិយស​របស់​គាត់​​ ហេតុដូច្នេះទើប​គាត់​បរិច្ចាគ​ប្រាក់​នេះ​ដើម្បី​ជួយ​អង្គការ​ និង​ក្មេងៗ​”។

​នៅ​ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក សុធន បាន​អះអាង​ថា លោក​មិន​ដឹង​អំពី​ការ​បង្គាប់​ឲ្យ​ផ្ដល់​ប្រាក់​សំណង​ជំងឺ​ចិត្ត​នេះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មិន​ដឹង​អ្វី​ទាល់​តែ​សោះ​អំពី​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ។ ខ្ញុំ​នឹង​​ត្រួត​ពិនិត្យ​មើល​ ហើយ​បន្ទាប់​មក​ខ្ញុំ​អាច​នឹង​ដឹង​”។

លោក តុប ឈុនឡុង ​ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ ដែល​ដឹក​នាំ​ការ​បើក​សវនាការ​ក្នុង​សំណុំរឿង​នេះ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ។ រីឯ​អង្គការ​មិន​មែន​រដ្ឋាភិបាល​វិញ​ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ៕ ស៊ុយឈាង​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស