34 C
Phnom Penh

​តុលាការបដិសេធ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​ឲ្យ​ចូល​ស្ដាប់​សវនាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ មេធាវី​ការ​ពារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១១​រូប​​ ដែល​កំពុង​ប្រឈម​ការ​ចោទ​ប្រកាន់ពី​បទ​កុបកម្ម បាន​ដើរ​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ជា​​ការ​តវ៉ា​ បន្ទាប់ពី​ចៅក្រម​​មិន​អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បីរូប ដែល​ប្រឈម​បទ​ចោទ​ប្រកាន់​ដូចគ្នា​ ​ចូល​ស្ដាប់​សវនាការ​មួយ​ថ្ងៃ​ពេញ​នៅ​ថ្ងៃ​ដំបូង។front

សរុប​ សកម្មជន​១១រូប និង​តំណាង​រាស្ត្រ​​​ប្រាំពីរ​រូប​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ដឹកនាំ​ ឬចូល​រួម​​ក្នុង​​កុបកម្ម ក្រោយ​ពី​មាន​​បាតុកម្ម​មួយ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា នៅទីលាន​ប្រជាធិបតេយ្យ ដែល​អំឡុង​ពេល​នោះ​​សន្តិសុខ​ខណ្ឌ​ដូនពេញ​ មួយ​ចំនួន​​បាន​រងរបួស​ ដោយ​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់​រង​ការ​វាយ​ដំធ្ងន់ធ្ងរ​នៅ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អ្នកតវ៉ា។ ប្រាំរូបក្នុង​ចំណោម​សកម្មជន​ទាំង​នោះ​កំពុង​ជាប់​ឃុំឃាំង​នៅ​ឡើយ។

ខណៈ​សវនាការ​កាលពី​ម្សិលមិញ​កំពុង​ប្រព្រឹត្តទៅ មេធាវី​ការ​ពារ​ដើម​ចោទ​​​​ទាំង​៣៩​នាក់​​នៅ​ក្នុង​សំណុំរឿង​នេះ ​បាន​ស្នើ​សុំ​ឲ្យ​អង្គចៅក្រម​បីរូប​​​បញ្ជា​​តំណាង​រាស្ត្រ​ជាប់​ចោទ​ ដែល​មិន​ប្រឈម​​ការ​ជំនុំជម្រះ​ ប៉ុន្តែ​បង្ហាញ​មុខ​ដើម្បី​​ឃ្លាំមើល​​ដំណើរ​ការ​កាត់​ក្ដី​ ឲ្យ​ចាក​ចេញពី​បន្ទប់​សវនាការ​។

បន្ទាប់ពី​​ពិចារណា​រយៈ​ពេល​ប្រហែល​២០នាទី អង្គចៅក្រម​បាន​យល់​ព្រម​តាម​សំណើ​នេះ។ ទោះបី​ជា​​តំណាង​រាស្ត្រ​ដែល​ជាប់​ចោទ​មាន​វត្តមាន​តែបី​រូប​ដូច​ជា​លោក ហូរ វ៉ាន់ លោកស្រី មូរ សុខហួរ និង​លោក ឡុង រី ជាដើម​ ចៅក្រម​ជំនុំជម្រះ​ តាំង ស៊ុនឡាយ បាន​​លើក​ឡើង​សំដៅ​ទៅតំណាង​រាស្ត្រ​ទាំង​ប្រាំពីរ​រូប​។

ចៅក្រម​ តាំង ស៊ុនឡាយ បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ​ទាំង​ប្រាំពីរ​រូប​ចូល​ស្ដាប់​នៅ​ក្នុង​​សាល​សវនាការ​ទេ ពីព្រោះ​ពួកគាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​តែមួយ​ ដូច្នេះ​សូម​លោក​ជំទាវ និង​ឯកឧត្ដម​មេត្តា​ចាក​ចេញពី​​សាល​​សវនា

ការ​”។

ដោយ​មាន​កំហឹង​ចំពោះ​សេចក្ដី​សម្រេច​នេះ លោក ជូង ជូងី មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធា​​វី​ការពារ​​សកម្មជន​ទាំង​នេះ​​​បាន​មាន​ប្រសាសន៍​ថា ក្រុម​មេធាវី​ការ​ពារ​ទាំង​មូល​​ក៏​​ចាក​ចេញ​ពីបន្ទប់​សវនាការ​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “បើ​ចៅក្រម​សម្រេច​ដូច​នេះ យើង​នឹង​ចាក​ចេញ​ពី​សាល​សវនាការ​។ នៅ​ពេល​ចៅក្រម​ជំនុំជម្រះ​​​​សម្រេច​បណ្ដេញ​តំណាង​រាស្ត្រ​ទាំង​ប្រាំពីរ​រូប​ចេញ​ពី​បន្ទប់​សវនាការ​ដូចនេះ​ សវនាការ​នេះ​មិន​មែន​ធ្វើ​ឡើង​ជា​សាធារណៈ​ទេ​”។

នៅ​​ត្រង់ចំណុច​នោះ​ ចៅក្រម​ តាំង ស៊ុនឡាយ បាន​ពន្យារ​ពេល​សវនាការ​ដោយ​គ្មាន​កាល​កំណត់​កាល​បរិច្ឆេទថ្មី។

បន្ទាប់ពី​ដើរ​ចេញពី​​សាល​សវនាការ​ លោកស្រី មូរ សុខហួរ បាន​ថ្កោល​ទោស​សេចក្ដី​សម្រេច​របស់​ចៅក្រម​​ដែល​បញ្ជា​ឲ្យ​លោកស្រី​ចាក​ចេញដោយ​សារ​តែ​លោកស្រី​ចូល​រួម​ក្នុង​សវនាការ​ក្នុង​ឋានៈ​ជា​​តំណាង​រាស្ត្រ​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ការ​ចូល​រួម​សវនាការ​គឺ​ជា​ភារកិច្ច និង​សិទ្ធិ​របស់​តំណាង​រាស្ត្រ​។ ការ​មិន​អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ​ចូល​ស្ដាប់​សវនាការ​សាធារណៈ​ ខ្ញុំ​គិត​ថា​នេះ​ជាការ​បំពាន​រដ្ឋធម្មនុញ្ញ។ គ្មាន​ច្បាប់​ណា​ចែង​ថា មិន​អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ​​ចូល​ស្ដាប់​សវនាការ​សាធារណៈ​ទេ”។

លោកស្រី មូរ សុខហួរ បាន​ប្ដេជ្ញា​ផ្គើន​បទបញ្ជា​នេះ​ ហើយ​​នឹង​បន្ត​​អង្គុយ​ស្ដាប់​សវនាការ​លើក​ក្រោយ​ នៅពេល​​កាលបរិច្ឆេទ​​បើក​សវនាការ​ត្រូវ​បាន​កំណត់។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ចៅក្រម​ពន្យារ​ពេល​សវនាការ​កាលពី​ម្សិលមិញ ព្រះរាជអាជ្ញា​រង​ កែវ សុជាតិ បាន​ស្នើ​ឲ្យ​អង្គចៅក្រម​ពិចារណា​តែង​តាំង​​​មេធាវី​ថ្មី​សម្រាប់​ចុង​ចោទ​ទាំង​នេះ ប្រសិន​បើ​​មេធាវី​បច្ចុប្បន្ន​របស់​ពួកគាត់​នៅ​តែ​បន្ត​ធ្វើពហិការ​មិន​ចូល​តុលាការ​។

លោក អឿ ណារិទ្ធ ជំនួយ​ការ​របស់​លោកស្រី មូរ សុខហួរ និង​ជា​ជនជាប់​ចោទ​​មួយ​រូប​​នៅ​ក្នុង​សំណុំ​រឿង​កាលពី​ម្សិលមិញ​ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​មិន​ទទួល​យក​មេធាវី​ផ្សេង​ឡើយ។​ លោក​បាន​លើក​ឡើង​ថា “ខ្ញុំ​ជា​ចុង​ចោទ​ ដូច្នេះ​ខ្ញុំ​មាន​សិទ្ធិ​ទទួលយក​​មេធាវី​ដែល​ខ្ញុំ​ជ្រើស​រើស។ បើ​មាន​សវនាការ​​មួយ​ទៀត ហើយ​គេ​បង្ខំ​ឲ្យ​ខ្ញុំ​ទទួល​យក​មេធាវី​ផ្សេង ខ្ញុំ​នឹង​មិន​ទទួល​យក​ដាច់​ខាត”។

ចុង​ចោទ​ទាំង​អស់​នៅ​ក្នុង​រឿង​នេះ​សុទ្ធ​តែ​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ឡើយ។ មនុស្ស​ប្រហែល​៣០០​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការ​​អំឡុង​សវនាការ​ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​ប្រាំរូប ដែល​កំពុង​ជាប់​ឃុំ​នៅ​ឡើយ ព្រមទាំង​១៤រូប​ទៀតដែល​កំពុង​ជាប់​ពន្ធនាគារ​ផង​ដែរ​។ ១៤​រូប​នោះ​រួម​មាន​ព្រះសង្ឃ និង​សកម្មជន​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ប្រាំពីរ​រូប​​មកពី​តំបន់​បឹងកក់ ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​កាលពី​ខែ​វិច្ឆិកា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​ពីបទ​​អូស​គ្រោង​គ្រែ​មួយ​តាម​មហាវិថី​ព្រះមុនីវង្ស​​ អំឡុង​ពេល​តវា៉៕ សុខុម​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស