លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីម្សិលមិញថា លោក សម រង្ស៊ី ប្រធានគណបក្សរបស់លោកនឹងមិនវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដើម្បីប្រឈមមុខនឹងទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំនៅប៉ុន្មានថ្ងៃខាងមុខនេះទេ ហើយសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីអនុញ្ញាតឲ្យលោកវិលត្រឡប់មកវិញដោយមានសេរីភាព។
បន្ទាប់ពីការប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្ររបស់ខ្លួននៅទីស្នាក់ការកណ្ដាលរបស់គណបក្សនៅក្នុងរាជធានីភ្នំពេញ លោក អេង ឆៃអ៊ាង ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៊ី បានមានប្រសាសន៍ថា ប្រធានគណបក្សប្រឆាំងរូបនេះគ្មានគម្រោងវិលត្រឡប់មកវិញភ្លាមៗទេ។
លោកថ្លែងថា “គណៈកម្មការអចិន្ត្រៃយ៍ របស់គណបក្សសង្គ្រោះជាតិបានប្រជុំ ហើយរបៀបវារៈនៃកិច្ចប្រជុំ គឺយើងពិភាក្សាអំពីដំណើរវិវត្តន៍មកកាន់មាតុប្រទេសវិញរបស់លោកប្រធាន សម រង្ស៊ី ហើយនិងការងារនៅរដ្ឋសភាជាតិ។ ជារួមគណៈកម្មការអចិន្ត្រៃយ៍យើងទាំងអស់គ្នាយល់ឃើញថា លោកប្រធាននឹងចាំបាច់ត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញ ប៉ុន្តែមិនមែនវិលត្រឡប់មកស្អែកឬខានស្អែកទេ គឺត្រូវជ្រើសពេលវេលាសមស្របណាមួយ។ ចន្លោះពេលវេលា ហ្នឹងគណបក្សនឹងខិតខំធ្វើកិច្ចការដើម្បីមានដំណោះស្រាយនយោបាយដោយ សន្តិវិធី។ បានន័យថា ការវិលត្រឡប់របស់លោកមកវិញ គឺដោយសន្តិវិធី។ ហ្នឹងគឺយើងបានឯកភាពគ្នា”។

ដោយបច្ចុប្បន្នរដ្ឋសភាកំពុងស្ថិតក្នុងសម័យប្រជុំ និងកំពុងត្រៀមពិភាក្សាអនុម័តច្បាប់មួយចំនួន ដែលទំនងជារាប់បញ្ចូលទាំងច្បាប់សហជីពថ្មីដ៏ចម្រូងចម្រាសផងដែរនោះ លោក អេង ឆៃអា៊ង ក៏បានលើកឡើងដែរថា តំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិនឹងមានការលំបាកក្នុងការចូលរួម ដោយសារតែព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ។
លោកបានមានប្រសាសន៍បន្តថា “ទាក់ទង នឹងការងារនៅរដ្ឋសភា គឺយើងរង់ចាំមើលស្ថានការណ៍សិន ព្រោះយើងដឹងហើយថា បើយើងនិយាយអំពីរទេះភ្លើង ក្បាលរទេះយើងត្រូវគេកាត់ ដូច្នេះកន្ទុយរទេះភ្លើងទៅណាក៏ទៅតាមក្បាលដែរ អញ្ចឹងទាល់តែដោះស្រាយធ្វើម៉េចឲ្យមានការភ្ជាប់ក្បាលរទេះភ្លើងមកវិញសិន។ កន្ទុយត្រូវរង់ចាំមើលសិន រង់ចាំមើលឲ្យមានដំណោះស្រាយ នយោបាយមួយសមរម្យសមស្របដែលធានាពីស្ថិរភាព ធានាអំពីការការពារអ្នកតំណាងរាស្ត្រដោយអត់មានការភ័យខ្លាច អាហ្នឹងបានយើងអាចបំពេញកិច្ចការរបស់យើងឲ្យបានត្រឹមត្រូវ”។
លោក កែវ ភិរម្យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានចូលរួមការប្រជុំនេះដែរ បានមានប្រសាសន៍ថា ត្រង់ថាតើការសម្រេចទាំងនោះមានន័យថា លោក សម រង្ស៊ី នៅពេលនេះនឹងវិលត្រឡប់មកវិញលុះត្រាតែមានកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យលោក ចូលមកវិញដោយមានសេរីភាព ឬយ៉ាងណានោះ លោកមិនអាចនិយាយបានទេ។
លោកបានមានប្រសាសន៍សំដៅដល់តំណាងរាស្ត្រគណបក្សប្រឆាំងសំខាន់ៗ ចំនួនបីរូបថា “យើងនឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅជួបលោកប្រធាននៅថ្ងៃស្អែក ដូច្នេះរាល់ព័ត៌មានណាមួយយើងមិនអាចនិយាយបានទេ រហូតទាល់តែគណៈប្រតិភូដែលមានលោក សុន ឆ័យ លោក អេង ឆៃអ៊ាង និងលោក យ៉ែម បុញ្ញរិទ្ធ វិលត្រឡប់មកវិញ”។
មន្ត្រីរបស់គណបក្សប្រឆាំងមិននិយាយថា តើពេលនេះលោក សម រង្ស៊ី កំពុងស្ថិតនៅក្នុងប្រទេសណាឡើយ ដោយគ្រាន់តែឲ្យដឹងថា លោកកំពុងនៅជាមួយលោក កឹម សុខា អនុប្រធានរបស់លោកនៅក្នុងប្រទេសអាស៊ាន “ជាមិត្ត” ហើយកំពុងពិចារណាជម្រើស របស់លោក។
នៅក្នុងទីក្រុងប៊ូសាន (Busan) ប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃសៅរ៍ លោក សម រង្ស៊ី បានសន្យាវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមការគ្រោងទុកនៅយប់ថ្ងៃច័ន្ទ។ ទោះជាយ៉ាងណា លោកបានផ្លាស់ប្ដូរគម្រោង នេះនៅប៉ុន្មានម៉ោងមុនពេលដែលលោកត្រូវមកដល់កម្ពុជាមុនការគ្រោងទុក ដោយលើកឡើងពីការព្រួយបារម្ភអំពីអំពើហិង្សា។
ទោសជាប់ពន្ធនាគាររបស់លោក សម រង្ស៊ី កើតចេញពីបណ្ដឹងបរិហារកេរ្តិ៍មួយដែលលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានឈ្នះកាលពីឆ្នាំ២០១១ ទាក់ទិននឹងសុន្ទរកថារបស់លោក សម រង្ស៊ី ចោទប្រកាន់លោកថា បានជួយគ្រប់គ្រងគុកបឹងត្របែកជាមួយក្រុមចាប់ចងរបស់ខ្មែរក្រហមនៅចុងទសវត្សរ៍ឆ្នាំ១៩៧០។
មជ្ឈដ្ឋានទូទៅជឿថា ការផ្ដន្ទាទោសនេះត្រូវបានចាត់ទុកជាមោឃៈដោយសារមានព្រះរាជទានលើកលែងទោសដែលលោក សម រង្ស៊ី ទទួលបាននៅប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ហើយមេធាវីរបស់លោក ហោ ណាំហុង ទើប តែស្នើសុំឲ្យតុលាការអនុវត្តសាលក្រមក្នុងសំណុំរឿងនេះកាលពីថ្ងៃសុក្រប៉ុណ្ណោះ។ បន្ទាប់មក គណបក្សប្រជាជនកម្ពុជាបានទាត់លោក សម រង្ស៊ី ចេញពីសភាកាលពីថ្ងៃច័ន្ទ។
កាលពីថ្ងៃអង្គារ លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកជឿថា លោក សយ សុភាព ដែលជាម្ចាស់សារព័ត៌មានដើមអំពិល និងជាអ្នកសម្រុះសម្រួលជាយូរមកហើយសម្រាប់លោក ហ៊ុន សែន កំពុងតែចរចាជាមួយមន្ត្រីគណបក្សសង្គ្រោះជាតិដែលប្រហែលជាអនុញ្ញាតឲ្យលោកវិលត្រឡប់មកកាន់មាតុប្រទេសវិញដោយមានសេរីភាព។
ចំណែកឯលោក សយ សុភាព បានចាត់ទុកថា ការប្រឹងប្រែងរបស់លោកក្នុងការសម្រុះសម្រួលឲ្យមានការចរចាគ្នារវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន គឺគ្រាន់ តែជា “ការផ្ដល់គំនិតយោបល់” ប៉ុណ្ណោះ បើទោះបីជាកន្លងមកលោក ហ៊ុន សែន ធ្លាប់បានថ្លែងអំណរគុណលោកចំពោះការចរចាឲ្យមានដំណោះស្រាយជាមួយគូប្រជែងខាងនយោបាយរបស់លោកក្ដី។
កាលពីម្សិលមិញ លោក សយ សុភាព បានមានប្រសាសន៍ថា លោកជឿថា ការរៀបចំដែលអាចទៅរួចណាមួយដើម្បីអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញ ប្រហែលជាតម្រូវឲ្យប្រធានគណបក្សប្រឆាំង រូបនេះសរសេរលិខិតសុំទោសលោក ហោ ណាំហុង ចំពោះការដែលលើកឡើងថា លោកបានចូលដៃជើងជាមួយខ្មែរក្រហម។
លោកបានថ្លែងថា “នៅពេលខាងមុខ ប៉ុន្តែមិនមែនពេលនេះទេ នេះអាចជាច្រកចេញ។ យើងជាអ្នកកាសែត ហើយយើងត្រូវតែសុំទោសចំពោះរឿងនេះ។ គាត់អាចសរសេរលិខិតសុំទោសទៅលោក ហោ ណាំហុង បាន។ វាស្រេចទៅលើលោក សម រង្ស៊ី និងអ្នកនយោបាយ”។
នៅពេលសួរថា តើលោកបានស្នើដោយផ្ទាល់ឲ្យមានដំណោះស្រាយបែបនេះទៅតំណាងរបស់លោក សម រង្ស៊ី នៅក្នុងការចរចាគ្នាឬយ៉ាងណានោះ លោក សយ សុភាព បានឆ្លើយថា លោកពិតជាបានលើកឡើងមែន ប៉ុន្តែមិនបានសង្កត់ធ្ងន់ពីបញ្ហានេះទេ។
លោកបានលើកឡើងទៀតថា ”អ្នកកាសែតតែងតែមានគំនិតយោបល់។ កើតចេញពីចិត្តសប្បុរស យើងគ្រាន់តែអាចលើក ឡើងពីវាប៉ុណ្ណោះ ហើយវាស្រេចទៅលើពួកគាត់ថាតើពួកគាត់ស្ដាប់ឬក៏អត់”។
ទោះជាយ៉ាងណា លោក សយ សុភាព បាន គូសបញ្ជាក់ថា សូម្បីការសរសេរលិខិតបែបនេះក៏ប្រហែលជាមិនអាចធានាឲ្យលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញដោយមានសេរីភាពបានដែរ ហើយបានអំពាវនាវឲ្យប្រធាន គណបក្សប្រឆាំងរូបនេះឈប់ព្យាយាមធ្វើឲ្យរដ្ឋាភិបាលខឹង ខណៈកំពុងនៅបរទេស។
លោកបានលើកឡើងថា “ប្រសិនបើបញ្ហាបុគ្គលនៅតែបន្តកើតឡើង វានឹងមាន
ការលំបាក។ ដូច្នេះសូមទទួលស្គាល់ភាពពិតនៃប្រវត្តិសាស្ត្រ និងអ្នកដែលបានធ្វើអ្វីខ្លះដើម្បីប្រទេសជាតិ។ អ្វីដែលយើងមានថ្ងៃនេះគឺដោយសារការរួមចំណែកយ៉ាងធំធេងពីគណបក្សប្រជាជនកម្ពុជា”។
លោក សម រង្ស៊ី មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញថា តើលោកនឹងពិចារណាសុំទោសឬយ៉ាងណាចំពោះការអះអាងរបស់លោកដែលលោកបានគាំទ្រជាច្រើនឆ្នាំមកហើយ និងខណៈលោក ហោ ណាំហុង កំពុងដំណើរការប្ដឹងផ្ដល់នៅក្នុងប្រទេសបារាំង និងប្រទេសកម្ពុជា។
កាលពីឆ្នាំ២០០៦ប្រធានគណបក្សប្រឆាំងរូបនេះបានធ្វើមាតុភូមិនិវត្តពីការនិរទេសខ្លួនមកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីលោកបានសរសេរលិខិតសុំទោសចំពោះការចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នកបញ្ជាឲ្យគប់គ្រាប់បែកក្នុងឆ្នាំ១៩៩៧ទៅលើបាតុកម្មមួយនៅក្នុងរាជធានីភ្នំពេញដែលបណ្ដាលឲ្យមនុស្ស១៦នាក់បាត់បង់ជីវិត និងជាច្រើនទាក់ទៀតរងរបួស។
គណបក្សកាន់អំណាចបានប្រើប្រាស់ការមិននិយាយស្ដីរបស់លោក សម រង្ស៊ី អំពីការវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយប្រឈមមុខការជាប់ពន្ធនាគារ ដើម្បីចំអកឡកឡាយឲ្យប្រធានគណបក្សសង្គ្រោះជាតិរូបនេះដែលកាលពីពេលថ្មីៗនេះព្យាយាមប្រៀបធៀបចលនាគណបក្សប្រឆាំងរបស់លោកទៅនឹងចលនាគណបក្សប្រឆាំងរបស់លោកស្រី អ៊ុង សាន ស៊ូជី មេដឹកនាំប្រជាធិបតេយ្យនៅភូមា។
ទោះជាយ៉ាងណា លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍ថា លោកជឿថា លោក សម រង្ស៊ី កំពុងធ្វើត្រូវក្នុងការគេចវេះពីការជាប់ពន្ធនាគារ ដោយលើកឡើងថា ការតស៊ូប្រយុទ្ធរបស់លោកគឺស្ថិតក្នុងដំណាក់កាលខុសគ្នាពីការតស៊ូប្រយុទ្ធ របស់លោកស្រី អ៊ុង សាន ស៊ូជី នៅពេលលោកស្រីត្រូវបានឃុំខ្លួនអស់រយៈពេលជាង២ទសវត្សរ៍។
លោកមានប្រសាសន៍ទៀតថា “បញ្ហាគឺនៅត្រង់ថា គេកំពុងប្រៀបធៀបលោក សម រង្ស៊ី ទៅលោកស្រី អ៊ុង សាន ស៊ូជី។ លោកស្រីត្រូវបានឃុំខ្លួនឲ្យនៅតែក្នុងផ្ទះ វាខុសគ្នាស្រឡះពីនៅទីនេះ។ វាគ្មានកិត្តិយសទេនៅពេលជាប់ពន្ធនាគារ។ គេនឹងធ្វើបាបយើងហើយបន្ទាប់មកបង្ហាញវាឲ្យសាធារណជនបានឃើញ។ ពួកគេបានចាប់ផ្ដើមការសន្ទនាគ្នារួចទៅហើយ ពួកគេគួរតែពង្រឹងវាបន្ថែម។ នោះជាអនាគត ប្រសិនបើពួកគេចង់ឲ្យមានអន្តរកាលរលូន។ ដើម្បីឲ្យមានអន្តរកាលរលូន វាត្រូវការឲ្យថ្នាក់ដឹកនាំនៃដៃគូនយោបាយពិភាក្សាគ្នា”។
លោកបានលើកឡើងបន្តថា លោក សម រង្ស៊ី ដឹងច្បាស់ណាស់អំពីភាពព្រៃផ្សៃ និងភាពឆេវឆាវរបស់លោក ហ៊ុន សែន ដែលមានទៅលើអ្នកប្រឆាំងរបស់លោកខាងនយោបាយ។ “វាមិនងាយស្រួលទេ។ ក្មេងជំនាន់ក្រោយគិតខុសពីខ្ញុំ។ ជំនាន់ខ្ញុំមានការបាក់ស្បាតច្រើន។ សូម្បីលោក សម រង្ស៊ី ប៊ិះនឹងបាត់បង់ជីវិតនៅក្នុងហេតុការណ៍គប់គ្រាប់បែកនៅក្នុងឆ្នាំ១៩៩៧។ រឿងនោះវាអាចកើតឡើងម្ដងទៀត។ ប៉ុន្តែក្មេងជំនាន់ក្រោយ ដែលខ្ញុំមើលឃើញតាមហ្វេសប៊ុក ពួកគេគ្មានការភ័យខ្លាចបែបនេះទេ។ ពួកគេនិយាយ ថា ត្រូវតែប្រឈមមុខ ពួកគេហា៊នប្រឈមមុខ។ ប្រហែលជាយើងត្រូវរៀនសូត្រពីពួកគេហើយ”៕ សុខុម