
កាលពីថ្ងៃសុក្រ តុលាការក្រុងភ្នំពេញបានលើកពេលសវនាការជំនុំជម្រះឪពុកម្តាយរបស់លោក ថោង សារ៉ាត់ ជាមន្ត្រីក្រសួងការពារជាតិដែលកំពុងរត់គេចខ្លួន ដែលអ្នកទាំងពីរកំពុងប្រឈមនឹងបទចោទកាន់កាប់អាវុធខុសច្បាប់។
លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីខែធ្នូ បន្ទាប់ពីនគរបាលបានរកឃើញអាវុធ និងគ្រាប់កាំភ្លើងក្នុងផ្ទះរបស់អ្នកទាំងពីរក្នុងពេលកំពុងសើុបអង្កេតកូនប្រុសរបស់ពួកគាត់ គឺឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ដែលគេសង្ស័យថា បានរៀបចំឃាតកម្មកាលពីខែវិច្ឆិកាលើឧកញ៉ា អឹុង ម៉េងជឺ ប្រធានក្រុមហ៊ុនសីុមិុច។
ពេលបានដោះលែងឲ្យនៅក្រៅឃុំទៅហើយ ឪពុកម្តាយរបស់ ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួនជាថ្មីកាលពីខែកុម្ភៈ ខណៈដែលពួកគេព្យាយាមគេចខ្លួនចេញពីប្រទេសតាមរថយន្តពេទ្យឆ្ពោះទៅព្រំដែនវៀតណាម។
ក្នុងតុលាការកាលពីថ្ងៃសុក្រ ចៅក្រម ឃី ឆៃ បាននិយាយថា “តុលាការសម្រេចលើករឿងនេះ ពីព្រោះមេធាវីរបស់ជនជាប់ចោទបានដាក់ពាក្យសុំលើក”។
ទាក់ទងតាមទូរស័ព្ទ និងស្នើសុំពន្យល់អំពីការលើកពេលនេះ ចៅក្រម ឃី ឆៃ បាននិយាយថា “មេធាវីសុំលើក ពីព្រោះគាត់សិក្សាសំណុំរឿងមិនទាន់គ្រប់ជ្រុងជ្រោយ”។
ក្នុងបន្ទប់តុលាការ អ្នកស្រី សារី បាននិយាយថា អ្នកស្រីបានបន្ថយចំនួនក្រុមមេធាវីការពារអ្នកស្រី ទុកតែលោក លឹម វណ្ណា និង លោក ស៊ី សត្យា ប៉ុណ្ណោះ ហើយថាមេធាវីផ្សេងទៀតដែលអ្នកស្រី និងប្តីរបស់អ្នកស្រីជួលពីមុនលែងធ្វើការលើរឿងក្តីនេះទៀតហើយ។ អ្នកស្រីមិនបានផ្តល់មូលហេតុ ចំពោះសេចក្តីសម្រេចនេះទេ។
លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង បានឲ្យដឹងថា ពីមុនមានមេធាវីប្រាំពីរនាក់ការពារអ្នកទាំងពីរ។
លោក ចំរើន និងអ្នកស្រី សារី បានបដិសេធមិនឆ្លើយសំណួរអ្នកកាសែត ពេលពួកគេចាកចេញពីបន្ទប់សវនាការ។
ដំបូងឡើយអ្នកទាំងពីរត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារព្រៃសនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំមុន ក្រោយពីមានការឆែកឆេរផ្ទះសំបែងរបស់ពួកគេក្នុងក្រុងភ្នំពេញ ដែលបានរកឃើញអាវុធ និងគ្រាប់កាំភ្លើងខុសច្បាប់ ក្នុងនោះមានកាំភ្លើងអាកា-៤៧បីដើម និងកាំភ្លើងខ្លីមួួយដើម។
ការចូលឆែកឆេរនេះជាផ្នែកមួយនៃការសើុបអង្កេតលើកូនប្រុសរបស់ពួកគាត់ ដែលជាប់ចោទថាបានបញ្ជាឲ្យសម្លាប់លោក អឹុង ម៉េងជឺ ដែលត្រូវគេបាញ់ជាច្រើនគ្រាប់ បន្ទាប់ពីចុះពីរថយន្ត SUV របស់គាត់នៅមុខហាងលក់ផ្លែឈើមួយកន្លែងក្នុងក្រុងភ្នំពេញ។
អង្គរក្សបួននាក់របស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ កំពុងជាប់ពន្ធនាគារនៅឡើយ ដោយអង្គរក្សពីរនាក់ជាប់ចោទពីបទឃាតកម្ម និងពីរនាក់ផ្សេងទៀតជាប់ចោទពីបទផ្សំគំនិតក្នុងអំពើឃាតកម្ម៕ និត