33.3 C
Phnom Penh

បុគ្គលិក​សមា​គម​អាដ​ហុក​ច្រាន​ចោល​ការចោទប្រកាន់ពីបទ​សូកប៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិកសិទ្ធិមនុស្សពីររូបដែលត្រូវបានចោទ ប្រកាន់ពីបទសូកប៉ាន់ស្រីកំណាន់ដែលគេអះអាងថា ជារបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដើម្បីឲ្យនាងបដិសេធរឿងស្នេហាលួចលាក់នោះ បានច្រានចោលការចោទប្រកាន់អំឡុងពេលសាកសួរកាលពីម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញ។

បុគ្គលិកសមាគមសិទ្ធិមនុស្សអាដហុកទាំងពីររូបនេះត្រូវបានចាប់ខ្លួនកាលពីខែមេសាជាមួយលោក នី ចរិយា អតីតមន្ត្រីសមាគមអាដហុកដែលឥឡូវបម្រើការងារជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អង្គការមិនមែនរដ្ឋាភិបាលនេះបានបញ្ជាក់ថា ខ្លួនបានឲ្យប្រាក់នាង ខុម ចាន់តារា៉ទី ចំនួន២០៤ដុល្លារ ដើម្បីទ្រទ្រង់ជីវភាពរបស់នាងខណៈនាងត្រូវបានសាកសួរទាក់ទិននឹងបណ្តឹងសញ្ចរកម្ម ប៉ុន្តែ បានបដិសេធថា ប្រាក់េនះមិនមែនជាសំណូកទេ។

នាង ខុម ចាន់តារ៉ាទី មកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ សម្រាប់ការសាកសួរពាក់ព័ន្ធរឿងស្នេហាលួចលាក់របស់នាងជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
នាង ខុម ចាន់តារ៉ាទី មកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ សម្រាប់ការសាកសួរពាក់ព័ន្ធរឿងស្នេហាលួចលាក់របស់នាងជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

មេធាវីការពារក្តី លោក ហួន ជុនឌី បានលើកឡើងថា លោកស្រី លឹម មុនី បុគ្គលិកសិទ្ធិមនុស្សមួយរូបក្នុងចំណោមបុគ្គលិកសិទ្ធិមនុស្សទាំងពីររូបនេះ ត្រូវបានសាកសួរថាតើប្រាក់នេះគឺជាសំណូក និងថាតើអង្គការមិនមែនរដ្ឋាភិបាលនេះបានសន្យានាំនាងខុម ចាន់តារា៉ទី និងក្រុមគ្រួសារនាងចេញពីប្រទេស ឬយ៉ាងណា។

លោកបានមានប្រសាសន៍ថា “លោកស្រីលឹម មុនី បានបដិសេធអ្វីៗគ្រប់យ៉ាង។ប្រាក់នេះគឺជាគោលការណ៍របស់អាដហុកដើម្បីជួយជនរងគ្រោះ។ វាមិនមែនជាសំណូកទេ”។

ចុងចោទ យី សុខសាន ដែលត្រូវបានសាកសួរដាច់ដោយឡែកក៏បដិសេធការចោទប្រកាន់ដែរ។

លោកបានលើកឡើងបន្ទាប់ពីត្រូវបានសាកសួរថា “យើងមិនបានធ្វើរឿងនេះទេ។ ប្រសិនបើតុលាការឯករាជ្យយើងទាំងអស់គ្នានឹងទទួលបានយុត្តិធម៌”។

ចៅក្រមសើុបសួរ ធាម ច័ន្ទពិសិដ្ឋ ដែលបានសាកសួរបុគ្គលិកសិទ្ធមនុស្សទាំងពីររូបនេះមិនអាចទាក់ទងបានទេ។

កាលពីម្សិលមិញ តុលាការក៏បានសាកសួរ នាង ខុម ចាន់តារា៉ទី ហៅស្រីមុំដែរ ប៉ុន្តែ នាងបានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានឡើយ។

លោក គឹម វាសនា ដែលជាមេធាវីរបស់នាងបានលើកឡើងត្រឹមតែថា ព្រះរាជអាជ្ញា រង សៀង សុខ ផ្តោតលើការចោទប្រកាន់ពីបទសញ្ចរកម្មមកលើរូបនាង ហើយថា តុលាការនឹងកោះហៅលោក ពិន រតនា និងលោក តុ វា៉ន់ចាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធក្នុងករណីនេះ ក្នុងពេលឆាប់ៗ។ លោក ពិន រតនា និងលោក  តុ វ៉ាន់ចាន់ ដំបូងឡើយត្រូវបានកោះហៅមកសាកសួរកាលពីថ្ងៃទី១៦ ខែឧសភា។

តំណាងរាស្ត្រទាំងពីររូបនេះមិនអាចទាក់ទងបានទេ ប៉ុន្តែ លោក អេង ឆៃអ៊ាង ដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែរនោះបានលើកឡើងថា ពួកគាត់នឹងមិនចូលរួមការសាកសួរឡើយដោយលើកឡើងពីអភ័យឯកសិទ្ធិស្របច្បាប់របស់ពួកគាត់។ លោកបានបដិសេធមិនអត្ថាធិប្បាយថា តើតំណាងរាស្ត្រទាំងពីររូបនេះជាប់ពាក់ព័ន្ធក្នុងករណីនេះដោយរបៀបណានោះឡើយ។

គណបក្សសង្គ្រោះជាតិបានអះអាងថា អភ័យឯកសិទ្ធិស្របច្បាប់របស់តំណាងរាស្ត្រខ្លួនការពារពួកគាត់ពីការសាកសួរ ហើយថា ក្នុងចំណោមតំណាងរាស្ត្រទាំង៥៥រូបរបស់ខ្លួន គ្មានសមាជិកណាម្នាក់គោរពតាមដីកាកោះរបស់តុលាការឡើយ។ រដ្ឋាភិបាលបានលើកឡើងថា អភ័យឯកសិទ្ធិរបស់ពួកគាត់មិនអាចការពារពីការសាកសួរបានទេ។

នគរបាលបានប៉ុនប៉ុងចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី២៦ ខែឧសភា ដោយសារការធ្វើព្រងើយកន្តើយចំពោះដីកាកោះចំនួនពីរកាលពីខែមុន ប៉ុន្តែ មិនអាចចាប់ខ្លួនលោកបានឡើយដោយសារទំនងជាគ្មានដីកាពីតុលាការ។ ចាប់តាំងពីពេលនោះមក លោក កឹម សុខា បានស្នាក់នៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិរហូតដើម្បីគេចពីការប៉ុនប៉ងចាប់ខ្លួនបន្តទៀត។

ព្រះរាជអាជ្ញារង សៀង សុខ និងលោក លី សុផាណា អ្នកនាំពាក្យតុលាការសុទ្ធតែបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស