36 C
Phnom Penh

នគរ​​​បាល​​​គំរាម​​​ចាប់ខ្លួន​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​ ពេល​​​​​​បន្ត​​​តាម​​​ស្វែង​​​រក​​​​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ ខណៈ​​​ពេល​​​អាជ្ញាធរ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​​​​បន្ត​​​តាម​​​ស្វែង​​​រក​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​​​​ប្រាំ​​​នាក់​​​ដែល​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ អធិការ​​​នគរ​​​បាល​​​ស្រុក​​​មួយ​​​រូប​​​បាន​​​ព្រមាន​​​ថា ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​ រក​​​ឃើញ​​​ថា ផ្តល់​​​​កន្លែង​​​ជ្រក​​​កោន​​​ដល់​​​ក្រុម​​​នេះ នឹង​​​ត្រូវ​​​ចាប់​​​ខ្លួន​​​។

អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​ម្នាក់​​​ឈ្មោះ​​​​​​ រចំ ជីប អាយុ​​​៤៨​​​ឆ្នាំ​​​ ដែល​​​បាន​​​ជួយ​​​​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​ដែល​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជាង​​​៣០០នាក់​​​ចន្លោះ​​​ពី​​​ឆ្នាំ​​​២០០៤​​​ដល់​​​ឆ្នាំ​​​២០០៦​​​ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា នគរ​​​បាល​​​បាន​​​ទៅ​​​ដល់​​​ផ្ទះ​​​របស់គាត់​​​​​​ ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្រុក​​​អូរ​​​យ៉ាដាវ កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ ហើយ​​​បាន​​​ប្រាប់​​គាត់​​​ឲ្យ​​​ផ្តិត​​​មេដាយ​​​លើ​​​ឯកសារ​​​មួយ​​​ដោយ​​​សន្យា​​​មិន​​​លាក់​​​បំពួន​​​ក្រុម​​​នេះ​​​។

គាត់​​​និយាយ​​​ថា “លោក​​​អធិការ​​​ស្រុក​​​បាន​​​ប្រាប់​​​ឲ្យ​​​ខ្ញុំ​​​ផ្តិត​​​មេដាយ​​​ បើ​​​ខ្ញុំ​​​មិន​​​ពាក់​​​ព័ន្ធ​​​ជា​​​មួយ​​​ជន​​​ជាតិ​​​វៀតណាម​​​ទាំង​​​នោះ​​​ [ម៉ុង​​​តាញ៉ា] ទេ ប៉ុន្តែ ខ្ញុំ​​​បដិសេធ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​ដែល​​​ឃើញ​​​មនុស្ស​​​ទាំង​​​នោះ​​​ទេ​​​”។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា នគរ​​​បាល​​​បាន​​​គំរាម​​​ចាប់ខ្លួន​​​គាត់​​​​​​ មុន​​​ពេល​​​ចាក​​​ចេញ​​​ទៅ​​​វិញ​​​។

លោក​​​ ម៉ៅ ស៊ុន អធិការ​​​នគរ​​​បាល​​​ស្រុក​​​បរកែវ​​​ បាន​​​បញ្ជាក់​​​ថា លោក​​​ និង​​​នគរ​​​បាល​​​បួន​​​ូរូប​​​ទៀតពិត​​​ជា​​​​​​បាន​​​ប្រាប់​​​ឲ្យ​​​លោក​​​ រចំ ជីប ផ្តិត​​​មេដាយ​​​លើ​​​ឯកសារ​​​មួយ​​​ប្រាកដ​​​មែន​​​ ប៉ុន្តែ លោក​​​មិន​​​បាន​​​លើក​​​​​​ឡើង​​​ថា នៅ​​​ក្នុង​​​លិខិត​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​អ្វី​​​ខ្លះ​​​​​​ទេ​​​។

លោក​​​ ម៉ៅ ស៊ុន ដែល​​​នគរ​​​​​​បាល​​​របស់​​​លោក​​​បាន​​​ជួយ​​​នគរ​​​បាល​​​ស្រុក​​​អូរយ៉ាដាវ ដើម្បី​​​ស្វែង​​​រក​​​​​​​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​ បាន​​​មាន​​​ប្រសាសន៍​​៍​​​បន្ថែម​​​ថា ជន​​​ជាតិ​​​ចារ៉ាយ​​​ណា​​​ដែលតាម​​​អាជ្ញាធរ​​​រក​​​ឃើញ​​​​​​ថា លាក​​់​​​បំពួន​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​ នឹង​​​ត្រូវ​​​ចាប់ខ្លួន​​​។ លោក​​​បាន​​​បន្ត​​​ថា “យើង​​​នឹង​​​ចាប់ខ្លួន​​​ បើ​​​យើង​​​រក​​​ឃើញ​​​អ្នក​​​ដែល​​​យក​​​រក្សា​​​ជន​​​អន្តោប្រវេសន៍​​​វៀតណាម​​​ខុស​​​ច្បាប់​​​ទាំង​​​នេះ ពីព្រោះ​​​ពួក​​​គេ​​​កំពុង​​​លាក់​​​បំពួន​​​មនុស្ស​​​ពី​​​អាជ្ញាធរ​​​​​​ដោយ​​​ខុស​​​ច្បាប់​​​”។

កាល​​​ពី​​​​​ថ្ងៃ​​ព្រហស្បតិ៍ នគរ​​​បាល​​​បាន​​​ចាប់​​​ផ្តើម​​​​​​ចុះ​​​ឆែក​​​ឆេរ​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​មួយ​​​ដើម្បី​​​ស្វែង​​​រក​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​ទាំង​​​នេះ​​​ ជា​​​ក្រុម​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​មួយ​​​ដែល​​​រង​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុកម្នេញ ជា​​​យូរ​​​មក​​​ហើយ​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម​​​។ ប៉ុន្តែ កាល​​​ពី​​​ចុង​​​សប្តាហ៍​​​កន្លង​​​ទៅ​​​នេះ​​​ អាជ្ញាធរ​​​ងាក​​​ទៅ​​​ឆែក​​​ឆេរ​​​តាម​​​ផ្ទះ​​​របស់​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​ ជា​​​កុល​​​សម្ព័ន្ធ​​​មួយ​​​ក្នុង​​​ចំណោម​​​កុល​​​សម្ព័ន្ធ​​​ជាង​​​៣០​​​ ដែល​​​កន្លង​​​មក​​​​​​បាន​​​ជួយ​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា។

លោក ងួន គឿន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​បញ្ជាក់​​​ថា នគរ​​​បាល​​​កំពុង​​​តាម​​​ប្រមាញ់ “ជន​​​អន្តោប្រវេសន​​​៍​​​ខុស​​​ច្បាប់​​​ទាំង​​​េនះ​​​” នៅឡើយ​​​ដោយ​​​ផ្តោត​​​​​​ការ​​​រុក​​​រក​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​​​​ភូមិ​​​ឡុំ ឃុំ​​​ប៉ក់​​​ញៃ ស្រុក​​​អូរយ៉ាដាវ​​​ ហើយ​​ “នឹង​​​ចាប់​​​វិធាន​​​ការ​​​តាម​​​ច្បាប់​​​” ប្រសិន​​​បើ​​​រក​​​ឃើញ​​​ពួក​​គេ​​​។

លោក​​​ស្រី វែន ហៀលី​​​ (Wan-Hea Lee) នាយក​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ប្រចាំ​​​ប្រទេសកម្ពុជា​​​ ដែល​​​បាន​​​ជួយ​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​១៣​​​នាក់​​​ផ្សេង​​​ទៀត​​​ឲ្យ​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដើម្បី​​​ដាក់​​​ពាក្យ​​​សុំ​​​ឋានៈ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​គិត​​​ថា ការ​​​ជួយ​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​មិន​​​ខុស​​​ច្បាប់​​​នោះ​​​ទេ​​​។

លោក​​​ស្រី​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “តាម​​​ដែល​​​ខ្ញុំ​​​ដឹង ​​​ការ​​​ជួយ​​​ជន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ឲ្យ​​​ទទួល​​​បាន​​​ដំណើរ​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​​​សិទ្ធិ​​​ជ្រក​​​កោន ​​​មិន​​​មែន​​​ជា​​​បទ​​​ល្មើស​​​ទេ​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​​​​​​​មិន​​​អាច​​​យក​​​វា​​​ធ្វើ​​​ជា​​​មូល​​​ដ្ឋាន​​​ច្បាប់​​​សម្រាប់​​​ការ​​​ចាប់ខ្លួន ឬ​​​សវនាការ​​​បាន​​​ឡើយ​​​”៕សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស