28 C
Phnom Penh

ចៅស្រី​ឃើញ​គេ​ចាក់​ជីដូន​របស់​ខ្លួន​រហូត​ដល់​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ស្ត្រី​អាយុ​៦៥ឆ្នាំ​ម្នាក់​ត្រូវ​គេ​ចាក់​ជាច្រើន​កាំបិត​ ហើយ​បាន​ស្លាប់​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​​កំពង់ធំ ខណៈ​ចៅស្រី​អាយុ​១២​ឆ្នាំ​របស់​ស្ត្រី​រងគ្រោះដែល​​ពួន​នៅ​ក្រោមគ្រែ​បាន​​​ឃើញ​អំពើ​ឃាត​កម្ម​ដ៏សាហាវ​នេះ​​ដោយ​ផ្ទាល់​ភ្នែក​។

លោក ពេជ្រ សុ នាយ​រង​នគរ​បាល​ប៉ុស្តិ៍​ឃុំចុង​ដូង​បាន​ឲ្យ​ដឹង​ថា អ្នកស្រី សៀង គឹមហ៊ូ កំពុង​ដេក​លេង​នៅ​ក្នុង​អង្រឹង​​​នៅ​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ឃុំចុង​ដូង​​​កាលពី​ថ្ងៃអាទិត្យ​ នៅពេល​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​បាញ់​គ្រាប់​​ព្រួញ​ដែក​ចូល​ក្នុង​ផ្ទះ​របស់អ្នកស្រី​។

លោក ពេជ្រ សុ បាន​លើក​ឡើង​ទៀត​ថា គ្រាប់ព្រួញនោះ​មិន​ត្រូវ​អ្នកស្រី សៀង គឹមហ៊ូ ឬក៏​ចៅស្រី​ណាម្នាក់​ក្នុង​ចំណោមចៅស្រី​ទាំង​បីនាក់​របស់អ្នក​ស្រី​ដែល​ក៏​នៅ​ក្នុង​ផ្ទះ​​​​នោះ​ដែរ​ឡើយ​។ ប៉ុន្តែ​បន្ទាប់មក​ឃាតករ​​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​ពាក់​អាវ​​ដៃវែង​ប៉ារ៉ា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ ហើយ​ចាក់​អ្នកស្រី​ សៀង គឹមហ៊ូ ជាច្រើន​កាំបិត​។

លោក ពេជ្រ សុ បាន​មាន​ប្រសាសន៍​ថា “បុរស​ម្នាក់​​បាន​ឡើង​ទៅ​លើ​ផ្ទះ​ហើយ​ចាក់​គាត់​រហូត​ដល់​ស្លាប់​។ បុរស​ម្នាក់​នេះ​​បាន​ពាក់​មួក​គ្របមុខ​ជិត​ ហើយ​​​ស្លៀក​ពាក់​​​ប៉ារ៉ា”។

លោក​ កែ ខាន់ណារ៉ា នាយរង​ការិយាល័យនគរ​បាល​ព្រហ្មទណ្ឌ​​​ខេត្ត​កំពង់ធំ បាន​លើក​ឡើង​ថា ចៅស្រី​ពីរ​នាក់​ក្នុង​ចំណោម​ចៅស្រី​ទាំង​បីរបស់​អ្នកស្រី សៀង គឹមហ៊ូ បាន​គេច​ខ្លួន​រួច​ ខណៈ​ហេតុការណ៍​បាន​កើត​ឡើង​ ប៉ុន្តែ​ចៅស្រី​ម្នាក់​ទៀត​​បាន​ពួន​នៅ​ក្នុង​ផ្ទះ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” អ្នកស្រី សៀង គឹមហ៊ូ បាន​ស្រែក​​ប្រាប់​ឲ្យ​ចៅស្រី​របស់​គាត់​រត់គេច​ខ្លួន ប៉ុន្តែ​ចៅស្រី​ម្នាក់​ក្នុង​ចំណោ​ចៅស្រី​ទាំង​បី​នាក់​របស់​គាត់មិន​អាច​រត់គេច​ខ្លួន​បាន​ឡើយ ហើយ​បាន​​សម្រេច​ពួន​នៅ​ក្រោមគ្រែ​។ នាង​បាន​ឃើញ​គ្រប់​សកម្មភាព​ទាំង​អស់​នៅពេល​​ជីដូន​របស់​នាង​ត្រូវ​គេ​ចាក់​សម្លាប់​។ នាង​មិន​អាច​បញ្ជាក់​អត្តសញ្ញាណ​ជនសង្ស័យ​បាន​ឡើយ។ ឥឡូវ​នេះ​នាង​កំពុង​តែ​ភ័យ​ខ្លាច និង​តក់ស្លុត​”។

លោក ខាន់ណារ៉ា បាន​លើក​ឡើង​ទៀត​ថា អ្នកស្រី សៀង គឹមហ៊ូ ត្រូវ​គេ​ចាក់​ម្ដង​ហើយ​ម្ដងទៀត​យ៉ាង​សាហាវ​ក្នុង​រយៈ​ពេល​៥នាទី ហើយពេល​គេ​ទៅ​ដល់​​គាត់​​បាន​ផុត​ដង្ហើម​បាត់​ទៅ​ហើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​មាន​របួស​ធ្ងន់​ណាស់​។ គាត់​ត្រូវ​របួស​ត្រង់​ខ្លួន​​ប្រាណ និង​ត្រង់ក្បាល​ ហើយ​ព្រលឹង​របស​់​គាត់​បាន​ចេញ​បាត់​ទៅ​ហើយ​”។

លោក​ ខាន់ណារ៉ា បាន​លើក​ឡើង​​បន្ត​ទៀត​ថា នគរ​បាល​​សង្ស័យ​ថា អំពើ​ឃាតកម្ម​នេះ​គឺ​ជា​រឿង​គំនុំ ព្រោះ​គ្មាន​អ្វី​​បាត់​ពីផ្ទះ​របស់​អ្នកស្រី​​​ សៀង គឹមហ៊ូ ឡើយ​បន្ទាប់ពី​កើត​ហេតុ​រួច​។

លោក​បាន​បន្ថែម​​ថា មានពាក្យ​ចចាមអារ៉ាម​ពីអ្នកភូមិ​​មួយ​ចំនួន​មក​ថា ជនរងគ្រោះ​ចេះ​​អំពើ​អាបធ្មប់​ ប៉ុន្តែ​ថា ពាក្យ​ចចាមអារ៉ាម​បែប​នេះ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ លោក​បានមាន​ប្រសាសន៍​ថា “យើង​កំពុង​តែ​ស៊ើបអង្កេត​ករណី​នេះ​ដើម្បី​​ចាប់​​ខ្លួន​ជនសង្ស័យ”៕ ស៊ុយឈាង​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស