ព្រះសង្ឃនៅវត្តមួយក្នុងរាជធានីភ្នំពេញ ដែលសាលារាជធានីគំរាមបិទចោលជុំវិញការចោទប្រកាន់ពីបទបង្កអំពើហិង្សាយ៉ាងរាលដាល និង “សកម្មភាពប្រឆាំងរដ្ឋាភិបាល” បានរៀបចំវីដេអូខុនហ្វើរិនមួយជាមួយអ្នកគាំទ្រនៅក្នុងប្រទេសកាណាដា និងប្រទេសអូស្ត្រាលីកាលពីម្សិលមិញ ដើម្បីកៀងគរការគាំទ្រ ហើយជាថ្មីម្ដងទៀតបានច្រានចោលការចោទប្រកាន់របស់សាលារាជធានី។
កាលពីសប្ដាហ៍មុន សាលារាជធានីបានប្រកាសថា ខ្លួននឹងចាប់ផ្ដើមការស៊ើបអង្កេតនៅវត្តសាមគ្គីរង្សី ដើម្បីសិក្សាស្រាវជ្រាវថា តើវត្តនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល និងថាតើព្រះសង្ឃក្នុងវត្តនេះត្រូវបានបំបួសជាផ្លូវការឬយ៉ាងណា។
ព្រះសង្ឃជាថ្នាក់ដឹកនាំគង់នៅវត្តសាមគ្គីរង្សីបានមានសង្ឃដីកាថា រដ្ឋាភិបាលចង់បិទវត្តនេះចោលដោយសារតែនេះជាវត្តមួយក្នុងចំណោមវត្តមួយចំនួនតូចនៅក្នុងប្រទេស ដែលហ៊ានក្រោកឈរការពារគ្រួសារដែលប្រឈមការបណ្ដេញចេញពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន។
កាលពីម្សិលមិញ វត្តនេះបានរៀបចំវីដេអូខុនហ្វើរិនមួយសម្រាប់ព្រះសង្ឃក្នុងវត្តនេះជាមួយអ្នកឧបត្ថម្ភគាំទ្រសំខាន់ចំនួនពីររូបរបស់វត្តនេះ គឺលោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសកាណាដា និងព្រះតេជគុណ លីវ ពៅ ជាព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់នៅប្រទេសអូស្ត្រាលី ដែលបានជួយហិរញ្ញវត្ថុច្រើនបំផុតដល់វត្តនេះ។
ខ្មែរកម្ពុជាក្រោមគឺជាជនជាតិភាគតិចខ្មែរមកពីកម្ពុជាក្រោម ជាតំបន់មួយនៅក្នុងប្រទេសវៀតណាមភាគខាងត្បូង ដែលធ្លាប់ជារបស់អាណាចក្រខ្មែរ។ វត្តសាមគ្គីរង្សីមានព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់នៅជាច្រើន។
ព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការស្ដីទីនៃវត្តសាមគ្គីរង្សី បានមានសង្ឃដីកាទៅកាន់អ្នកចូលរួម និងភ្ញៀវកិត្តិយសរបស់ព្រះអង្គថា វត្តនេះមានតែជួយប្រទេសជាតិ។
ព្រះអង្គបានមានសង្ឃដីកាយ៉ាងដូច្នេះថា ” យើងមិនដែលប្រឆាំងសម្ដេច [នាយករដ្ឋមន្ត្រី ហ៊ុន សែន] និងរដ្ឋាភិបាលទេ។ យើងបានរួមចំណែកយ៉ាងច្រើនជួយដល់សង្គមខ្មែរ ដើម្បីលុបបំបាត់ភាពក្រីក្រ និងអយុត្តិធម៌ក្នុងសង្គម។ យើងស្វាគមន៍ការចុះធ្វើអធិការកិច្ច [របស់សាលារាជធានី] ប៉ុន្តែបើពួកគេមកលើកព្រះសង្ឃបោះចូលឡាន មិនអាចទទួលយកបានទេ”។
លោក ថាច់ ង៉ុកថាច់ បានមានប្រសាសន៍ថា ព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលបានភៀសព្រះកាយពីប្រទេសវៀតណាម ដើម្បីរត់គេចពីការធ្វើទុក្ខបុកម្នេញនៅទីនោះ នឹងបាត់បង់កន្លែងស្នាក់អាស្រ័យដែលព្រះសង្ឃទាំងនេះមាននៅក្នុងប្រទេសកម្ពុជា ប្រសិនបើរដ្ឋាភិបាលបិទវត្តនេះចោល។
ព្រះតេជគុណ លីវ ពៅ បានមានសង្ឃដីកាសំដៅដល់ការអត្ថាធិប្បាយរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីទៅកាន់ប្រព័ន្ធផ្សាុយកាលពីពេលថ្មីៗនេះ ដែលលើកឡើងថា វត្តនេះរៀបផែនការអបគមន៍។
ព្រះអង្គបានបន្តថា “ព្រះសង្ឃគង់នៅវត្តសាមគ្គីរង្សីគ្មានបំណងធ្វើអបគមន៍ទេ។ ព្រះសង្ឃបានរងទុក្ខវេទនា ហើយបាននិមន្តមកប្រទេសកម្ពុជាដើម្បីគង់នៅវត្តសាមគ្គីរង្សី។ បើគាត់ឈូសវត្តនេះកម្ទេចចោល យើងមិនអាចទទួលយកបានទេ”។
លោក ឡុង ឌីម៉ង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ជុំវិញវីដេអូខុនហ្វើរិនកាលពីម្សិលមិញនៅវត្តសាមគ្គីរង្សី។ លោកបានលើកឡើងថា មន្ត្រីសាលារាជធានីនឹងចុះទៅវត្តនេះនៅថ្ងៃអង្គារ ដើម្បីធ្វើការស៊ើបអង្កេត៕ សុខុម