នៅក្នុងរបាយការណ៍ថ្មីមួយ អង្គការក្លូបលវីតណេស (Global Witness) ដែលជាអង្គការសិទ្ធិបរិស្ថានរបស់ចក្រភពអង់គ្លេស បានដាក់ឧកញ៉ាឈ្មួញឈើ ទ្រី ភាព ឲ្យស្ថិតនៅចំកណ្ដាលនៃប្រតិបត្តិការកាប់ឈើខុសច្បាប់ដ៏ធំដោយមានការឃុបឃិតជាមួយមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធា ដែលធ្វើឲ្យឈើកម្រៗបំផុតរបស់កម្ពុជាជិតផុតពូជ។
របាយការណ៍ដែលមានឈ្មោះថា “តម្លៃឈើប្រណីត៖ ការជួញដូរឈើមានតម្លៃខុសច្បាប់របស់កម្ពុជាជាមួយប្រទេសចិន” (The Cost of Luxury: Cambodia’s illegal trade in precious wood with China) ដែលត្រូវបានចេញផ្សាយកាលពីម្សិលមិញ រៀបរាប់សង្ខេបអំពីការស៊ើបការណ៍សម្ងាត់រយៈពេល៨ខែកាលពីឆ្នាំមុនដោយអង្គការនេះ ដែលអំឡុងពេលនោះក្រុមអ្នកស្រាវជ្រាវរបស់ខ្លួនបានតាមដានក្រុមកាប់ឈើ និងរថយន្តដឹកឈើរបស់លោក ទ្រី ភាព នៅទូទាំងប្រទេស បានសម្ភាសកម្មកររបស់គាត់ និងឈ្មួញកណ្ដាល ហើយបានតាមដានការដឹកជញ្ជូនឈើរបស់គាត់ទៅដល់ក្រុងហុងកុង ដោយប្រើប្រាស់ឯកសារគយដែលបែកធ្លាយ។
លោកស្រី មេហ្គែន ម៉ាកខិននីស (Megan MacInnes) ប្រធានក្រុមការងារទទួលបន្ទុកផ្នែកដីធ្លីរបស់អង្គការក្លូបលវីតណេស បានលើកឡើងនៅក្នុងរបាយការណ៍នេះថា “អ្នកទិញគ្រែមានដំបូល និងតុសម្អាងដែលមានតម្លៃថ្លៃៗនៅក្នុងប្រទេសចិនប្រហែលជាមិនដឹងថា ប្រាក់របស់ពួកគេហូរចូលក្នុងហោបា៉វរបស់ក្រុមទុច្ចរិតរកស៊ីឈើឡើយ។ ទ្រី ភាព និងបណ្ដាញរបស់គាត់កំពុងបំផ្លិចបំផ្លាញព្រៃចុងក្រោយរបស់កម្ពុជា និងបំផ្លាញរបរចិញ្ចឹមជីវិតរបស់សហគមន៍ជនជាតិដើមភាគតិច។ ទន្ទឹមនឹងនេះ មន្ត្រីនៅកម្ពុជាដែលគួរតែបញ្ឈប់សកម្មភាពពួកគេ បែរជារួមសមគំនិតជាមួយពួកគេដើម្បីជួយឲ្យឈើគេចពន្ធឆ្លងកាត់ដោយសុវត្ថិភាព និងត្រូវបាននាំចេញជាឈើស្របច្បាប់ទៅវិញ”។
ក្នុងនាមជាអតីតទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ទ្រី ភាព ទទួលបានសម្បទានដី និងសម្បទានរ៉ែជាច្រើននៅទូទាំងប្រទេស ហើយគាត់ត្រូវបរិច្ចាគប្រាក់យ៉ាងច្រើនជួយដល់មូលនិធិសប្បុរសធម៌របស់ភរិយាលោក ហ៊ុន សែន និងក្រសួងមួយចំនួនដែលទទួលបន្ទុកពិនិត្យតាមដានប្រតិបត្តិការរបស់គាត់។ គាត់មានសិទ្ធិផ្ដាច់មុខទិញយកឈើទាំងអស់ដែលកាប់នៅលើដីសម្បទានក្នុងខេត្តរតនគិរីភាគឦសាន និងឈើខុសច្បាប់ទាំងអស់ដែលអាជ្ញាធររឹបអូសបាននៅទូទាំងប្រទេស ដោយផ្ទុយនឹងលក្ខខណ្ឌច្បាប់ដែលចែងថា ឈើដែលរឹបអូសបានត្រូវដាក់ដេញថ្លៃជាសាធារណៈ។
របាយការណ៍របស់អង្គការក្លូបលវីតណេស បន្ថែមពីលើភ័ស្តុតាងកាន់តែច្រើនឡើងៗក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែលបង្ហាញថា លោក ទ្រី ភាព ទទួលបានសិទ្ធិទាំងនេះដើម្បីលាងឈើខុសច្បាប់ក្នុងចំនួនយ៉ាងច្រើន បំពានច្បាប់ប្រទេស និងដឹកជញ្ជូនឈើទាំងអស់នោះចេញក្រៅប្រទេសដោយប្រើប្រាស់អាជ្ញាប័ណ្ណនាំចេញគួរឲ្យសង្ស័យ។
ផ្លូវដឹកឈើដែលក្រុមអ្នកស្រាវជ្រាវរបស់អង្គការនេះបានគូសបង្ហាញនៅក្នុងរបាយការណ៍នេះ គឺបញ្ចប់ត្រឹមប្រទេសចិន ដោយនៅទីនោះគ្រែផលិតពីឈើកម្របំផុត ដែលត្រូវបានឆ្លាក់ជាក្បូរក្បាច់រចនាយ៉ាងផ្ចិតផ្ចង់ អាចលក់បានរហូតដល់ទៅ១លានដុល្លារក្នុងមួយគ្រឿង។ វាចាប់ផ្ដើមនៅក្នុងព្រៃដាច់ស្រយាលនៃឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា។
អង្គការក្លូបលវីតណេសបានលើកឡើងថា នៅទីនោះក្រុមការងាររបស់ខ្លួនបានចុះទៅដល់ទីតាំងកាប់ឈើខុសច្បាប់ ហើយបានមើលអ្នកកាប់ឈើកាប់បំផ្លាញឈើដែលមានតម្លៃបំផុតតាមប្រព័ន្ធ GPS។ ពួកគេបានតាមដានរថយន្តដឹកឈើទាំងនោះទៅកាន់ដេប៉ូឈើនានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនផ្សេងៗជាច្រើនទៀតរបស់លោក ទ្រី ភាព រហូតទៅដល់ដេប៉ូឈើរបស់គាត់នៅក្នុងក្រុងបានលុង និងបន្តពីនោះទៅដល់ព្រំដែនវៀតណាម ឬកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
កម្រស្របច្បាប់
ច្បាប់ព្រៃឈើដែលអនុម័តនៅឆ្នាំ២០០២របស់កម្ពុជា ហាមឃាត់ការកាប់ឈើកម្រនៅក្នុងព្រៃធម្មជាតិ ប៉ុន្តែរដ្ឋាភិបាលមិនដែលពិនិត្យតាមដានសារាចរមួយដែលមានរាយនាមឈើទាំងនោះឡើយ ប៉ុន្តែនៅក្នុងបញ្ជីរាយនាមប្រភេទឈើកម្ររបស់រដ្ឋាភិបាលក្នុងឆ្នាំ២០០០ រួមមានធ្នង់ នាងនួន និងគ្រញូងដែលជាប្រភេទឈើមានតម្លៃបំផុត។ នៅក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលបានចេញបទបញ្ជាពិសេសមួយហាមឃាត់ការប្រមូលទិញ ការស្តុកទុក ការកែច្នៃ ឬការនាំចេញឈើគ្រញូង។
ក្រុមអ្នកស្រាវជ្រាវរបស់អង្គការក្លូបលវីតណេស បានមើលឃើញបណ្ដាញរបស់លោក ទ្រី ភាព កាប់ និងដឹកជញ្ជូនប្រភេទឈើទាំងអស់នេះ។ របាយការណ៍នេះលើកឡើងថា “ខណៈពេលឃ្លាំមើលប្រតិបត្តិការរបស់ក្រុមហ៊ុន ទ្រី ភាព នៅលើដី ក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញថា សកម្មភាពកាប់ឆ្ការព្រៃ និងគំនរឈើនៅតាមដេប៉ូរបស់ក្រុមហ៊ុនទ្រីភាពនៅក្នុងព្រៃ ក្រុងបានលុង តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុននេះក្នុងស្រុកអូរយ៉ាដាវ និងដេប៉ូដ៏ធំនៅឧដុង្គ សុទ្ធតែមានឈើប្រណីតទាំងពីរនេះជាច្រើន” គឺនាងនួន និងគ្រញូង។
របាយការណ៍នេះបន្ថែមថា ” ការសម្ភាសជាមួយអ្នកដែលពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ពាសពេញ [ឧទ្យានជាតិវីរជ័យ] និងព្រៃនៅជុំវិញភាគខាងត្បូង បានបង្ហាញយ៉ាងច្បាស់ថា វាងាយស្រួលណាស់សម្រាប់ក្រុមហ៊ុន ទ្រី ភាព ប្រមូលឈើនៅខាងក្រៅតំបន់ [សម្បទាន] ហើយដឹកវាទៅកាន់ដេប៉ូនានានៅក្នុងខេត្ត ដោយនៅទីនោះឈើទាំងនោះត្រូវបានលាយចម្រុះគ្នាជាមួយឈើដែលដឹកចេញពីក្នុង [តំបន់សម្បទាន]។ តាមសេចក្ដីរាយការណ៍ថា ឈើភាគច្រើននៅក្នុងឧទ្យានជាតិនេះ និងតំបន់ជុំវិញ កំពុងត្រូវបានប្រមូលផលក្រោមការគ្រប់គ្រង ឬសម្រាប់លក់ឲ្យក្រុមហ៊ុន ទ្រី ភាព”។
អង្គការក្លូបលវីតណេសលើកឡើងថា អ្នកភូមិ និងអ្នកកាប់ឈើនៅក្នុងខេត្តនេះបានប្រាប់ពួកគេថា ឈ្មួញកណ្ដាលរបស់លោក ទ្រី ភាព បង្ហាញមុខជាមួយមន្ត្រីមកពីក្រសួងបរិស្ថានប្រហែល១ខែម្ដង ដើម្បីជំរុញការកាប់ឈើខុសច្បាប់ឲ្យចូលទៅក្នុងព្រៃបន្ថែមចម្ងាយពីរបីគីឡូម៉ែត្រ ដោយប្រគល់ដីទំហំតូចៗទាំងនោះឲ្យទៅ “អ្នកម៉ៅការបន្ត” ដែលមានរណារ រថយន្ត និងក្រុមការងារផ្ទាល់ខ្លួន។
របាយការណ៍នេះបញ្ជាក់ថា ទោះបីជាអ្នកដែលមិនចង់ចូលរួមក្ដី ក៏ត្រូវបានគេបញ្ចុះបញ្ចូលដែរបូករួមជាមួយនឹងការឲ្យកាដូផង និងការគំរាមកំហែងផង។ អ្នកភូមិម្នាក់បានប្រាប់ក្រុមអ្នកស្រាវជ្រាវទាំងនេះថា “បើយើងមិនកាប់ឈើទេ តើធ្វើម៉េចយើងអាចចិញ្ចឹមគ្រួសាររបស់យើងបាន? ហើយបើយើងមិនកាប់ ក៏ក្រុមហ៊ុនកាប់វាដែរ។ កាប់ឈើយកលុយ ប្រសើរជាងបាត់បង់ព្រៃឈើដោយមិនបានអ្វីទាំងអស់”។
អង្គការនេះលើកឡើងថា ខ្លួនបានបញ្ចេញឈ្មោះឈ្មួញកណ្ដាលរបស់លោក ទ្រី ភាព យ៉ាងហោចណាស់៨៩នាក់ ហើយអ្នកដែលមានឥទ្ធិពលបំផុតក្នុងចំណោមពួកគេ គឺឧត្ដមសេនីយ៍ទោ ហូម ហយ នៅក្នុងកងពលតូចលេខ៧០ នៃកងយោពលខេមរភូមិន្ទ ដែលធ្លាប់ជាកងអង្គរក្សផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី។ អង្គការនេះនិយាយថា អ្នកភូមិ អ្នកកាប់ឈើ និងប្រភពមួយដែលស្និទ្ធនឹងឧត្ដមសេនីយ៍រូបនេះ សុទ្ធតែបញ្ជាក់ពីការរៀបចំនេះ។
អង្គការក្លូបលវីតណេសនិយាយថា ខ្លួនទទួលបានកិច្ចសន្យាមួយរវាងឧត្ដមសេនីយ៍ទោ ហូម ហយ និងអ្នកភូមិមួយក្រុមដែលឧត្ដមសេនីយ៍រូបនេះស្ម័គ្រចិត្តសាងសង់ស្ពានមួយ និងសាលសហគមន៍ឲ្យពួកគេ “ដែលទំនងជាថ្នូរនឹងការអនុញ្ញាតឲ្យមនុស្សរបស់គាត់កាប់ឈើនៅក្នុងតំបន់នេះ។ ពួកគេបានយល់ព្រមតាមសំណើរបស់លោក ហូម ហយ ដោយស្ទាក់ស្ទើរ ដោយគិតថា ពួកគេគ្មានជម្រើស។ ទោះជាយ៉ាងណា បន្ទាប់ពីកាប់ឈើប្រណីតទាំងអស់រួចហើយ អ្នកកាប់ឈើរបស់ឈ្មួញកណ្ដាលរូបនេះបានរំកិលទៅមុខទៀត ប៉ុន្តែសាលនៅក្នុងភូមិ និងស្ពានមិនត្រូវបានកសាងទេ”។
អង្គការនេះនិយាយថា ខ្លួនធ្លាប់បានសរសេរលិខិតផ្ញើទៅឧត្ដមសេនីយ៍រូបនេះ ដើម្បីសុំការឆ្លើយបំភ្លឺកាលពីខែធ្នូ ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ។ នៅពេលអ្នកយកព័ត៌មានម្នាក់ទាក់ទងកាលពីម្សិលមិញ លោក ដួង រ៉ា មេបញ្ជាការរងកងពលតូចលេខ៧០ បានមានប្រសាសន៍ថា នៅក្នុងអង្គភាពរបស់លោក គ្មានអ្នកណាដែលមានឈ្មោះ ហូម ហយ នោះទេ។
ការដឹកជញ្ជូនខុសច្បាប់
ក្រៅពីការប្រមូលផលឈើកម្រ ច្បាប់របស់កម្ពុជាក៏ហាមឃាត់ការនាំចេញឈើមូល ឬឈើមានរាងការេ៉គ្រប់ប្រភេទដែលមានទំហំលើសពី២៥សង់ទីម៉ែត្រផងដែរ។
អង្គការក្លូបលវីតណេសនិយាយថា អ្នកស្រាវជ្រាវរបស់ខ្លួនបានឃ្លាំមើលដេប៉ូឈើរបស់លោក ទ្រី ភាព នៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ហើយឃើញក្រុមហ៊ុនលើកឈើដែលមានទំហំធំជាងច្បាប់កំណត់ និងកាប់ចេញពីឈើការពារដាក់ចូលក្នុងកុងតឺន័រ។ ក្នុងរយៈពេលពីរសប្ដាហ៍មកនេះ ពួកគេបានមើលឃើញថា ជាមធ្យមក្នុងមួួយថ្ងៃមានរថយន្តកុងតឺន័រចំនួន១៥គ្រឿងឆ្លងដែនចូលក្នុងប្រទេសវៀតណាម។ អ្នកបើកបរបានប្រាប់ពួកគេថា ឈើទាំងនោះដឹកឆ្ពោះទៅកំពង់ផែនវី ញន (Qui Nhon) របស់វៀតណាម ហើយដឹកបន្តឆ្ពោះទៅប្រទេសចិន។
អ្នកស្រាវជ្រាវទាំងនេះក៏បានតាមដានកុងតឺន័រមួយចំនួនដែលពួកគេមើលឃើញផ្ទុកឈើកម្រនៅក្នុងខេត្តរតនគិរី និងកន្លែងផ្សេងទៀតឆ្ពោះទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
ក្នុងរយៈពេលបួនសប្តាហ៍មកនេះ ពួកគេបានឃើញកុងទឺន័ររបស់លោក ទ្រី ភាព យ៉ាងហោចណាស់៣០គ្រឿង ត្រូវបានដឹកចូលក្នុងកំពង់ផែក្នុងមួយថ្ងៃៗ។
របាយការណ៍នេះមានខ្លឹមសារដូច្នេះថា “ចំនួនកុងទឺន័រទាំងនេះគឺមានផ្ទុកឈើប្រមាណ៩០០ម៉ែត្រគូបនៃឈើរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលឆ្លងកាត់កំពង់ផែក្នុងមួយថ្ងៃៗ ហើយនេះជាការប៉ាន់ប្រមាណមួយដែលមន្ត្រីគយម្នាក់បានបញ្ជាក់ប្រាប់ក្រុមអ្នកស្រាវជ្រាវ”។
ក្រុមអ្នកស្រាវជ្រាវនេះ ក៏ទទួលបានរបាយការណ៍ពីកំពង់ផែស្តីពីការដឹកជញ្ជូនឈើប្រមាណ៤.៦០៧របស់ក្រុមហ៊ុន ទ្រី ភាព កាលពីខែមីនា ផងដែរ។
អង្គការក្លូបលវីតណេស បានលើកឡើងថា របាយការណ៍នេះរួមានអាជ្ញាប័ណ្ណនាំចេញមួយដែលមានឈ្មោះ រដ្ឋបាលព្រៃឈើជាអ្នកនាំចេញ និងមានវិក្កយបត្ររបស់ក្រុមហ៊ុន ទ្រី ភាព ដែលសរសេរដោយមន្ត្រីគយម្នាក់ក្នុងនោះតម្លៃឈើក្នុងមួយម៉ែត្រគូបត្រូវបានដំឡើងតម្លៃជាងទ្វេដងពោលគឺដំឡើងពី៥១០ដុល្លារ ដល់១.២០០ដុល្លារ ដោយធ្វើឲ្យការដឹកឈើក្នុងមួយជើងមានទឹកប្រាក់រហូតដល់ទៅ៥,៥លានដុល្លារ។ តែទោះជាយ៉ាងណា ប័ណ្ណនាំចេញដែលចេញទៅឲ្យក្រុមហ៊ុន ទ្រី ភាព គ្រុប ប្រាំថ្ងៃក្រោយមានសរសេរតម្លៃឈើទាបជាងនេះ។
របាយការណ៍ទី២ សម្រាប់ការដឹកឈើប្រមាណ១០៥ម៉ែត្រគូបមួយជើងទៀត ដែលក៏ស្ថិតនៅក្នុងខែមីនាដែរនោះ អ្នកស្រាវជ្រាវបានរកឃើញប័ណ្ណដឹកជញ្ជូនឈើលើកមុនដែលមានការអនុញ្ញាតពីគយ ហើយប័ណ្ណនេះបានផុតកំណត់ទៅហើយ។របាយការណ៍នេះមានខ្លឹមសារថា “នេះមានន័យថា ការដឹកនាំចេញឈើលើកទី២នេះដោយលោក ទ្រី ភាព ប្រហែលជាត្រូវបានធ្វើឡើងដោយគ្មានប័ណ្ណអនុញ្ញាតត្រឹមត្រូវពីមន្ត្រីគយដែលអាចចាត់ទុកថា ជាការក្លែងបន្លំ”។
យោងតាមរបាយការណ៍ទាំងនោះ ការនាំឈើចេញទាំងពីរលើកគឺមានគោលដៅ ឆ្ពៅទីកាន់ប្រទេសចិនតាមរយៈក្រុមហ៊ុនដដែលនៅក្នុងទីក្រុងហុងកុងគឺក្រុមហ៊ុនដឹកជញ្ជូន Kin Chung ។
នៅក្នុងទីក្រុងហុងកុង អង្គការក្លូបលវីតណេស បានរកឃើញថា ក្រុមហ៊ុននេះបានធ្វើកំពុងធ្វើប្រតិបត្តិការនៅអគារដែលគ្មានអ្វីបញ្ជាក់ច្បាស់លាស់ដោយមានភាគហ៊ុនក្នុងមួយប័ណ្ណតម្លៃពីរដុល្លារហុងកុង ហើយភាគហ៊ុននេះត្រូវបានបែងចែកជាពីររវាងនាយកគ្រប់គ្រងចំនួនពីរនាក់។ ក្រុមហ៊ុននេះគ្មានលេខទូរស័ព្ទ ឬគេហទំព័រឡើយ ហើយក៏ទំនងជាគ្មានកំណត់ត្រាស្តីពីការជួញដូរឈើជាសាធារណៈផងដែរ។
ក្នុងចំណោមមនុស្សដែលអ្នកស្រាវជ្រាវបានសម្ភាសនៅអគារផ្សេងទៀតរបស់ក្រុមហ៊ុន Kin Chung គ្មាននរណាម្នាក់ដឹងអំពីការជួញដូរឈើរបស់ក្រុមហ៊ុននេះឡើយ។ នាយកគ្រប់គ្រងក្រុមហ៊ុននេះបានអះអាងថា ខ្លួនមិនដឹងថា មានអ្វីនៅក្នុងកុងទឺន័រដែលពួកគេបានដឹកជញ្ជូននោះឡើយ ហើយបានប្រាប់ក្រុមអ្នកស្រាវជ្រាវថា ពួកគេមិនដែលឃើញមានរបាយការណ៍នៃការដឹកជញ្ជូនពីប្រទេសកម្ពុជាមកចាប់ពីខែមីនាមកម្លេ៉ះ ហើយក៏មិនដឹងដែរថា ហេតុអ្វីបានជាឈ្មោះនិងអាសយដ្ឋានរបស់ក្រុមហ៊ុនពួកគេត្រូវបានយកទៅប្រើប្រាស់។
របាយការណ៍នេះមានខ្លឹមសារបន្តទៀតដូច្នេះថា “ការឆ្លើយតបបែបនេះ គឺមានតែធ្វើឲ្យគេសង្ស័យកាន់តែខ្លាំងចំពោះការជួញដូរឈើរបស់លោក ទ្រី ភាព តែប៉ុណ្ណោះ។ ការកាប់ឈើ ការកែច្នៃឈើ និងការនាំចេញឈើដោយក្រុមហ៊ុន ទ្រី ភាព គ្រុប ឬដៃគូរបស់ខ្លួន មិនគួរត្រូវបានចាត់ទុកថា ស្របច្បាប់នោះឡើយ ប្រសិនបើគ្មានអ្វីមកបញ្ជាក់នោះ”។
របាយការណ៍នេះមិនបានផ្តល់តួលេខថា តើឈើប្រភេទកម្រចំនួនប៉ុន្មាន ដែលលោក ទ្រី ភាព កំពុងដឹកជញ្ជូនទៅប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ប្រទេសកម្ពុជានោះឡើយ។ ប៉ុន្តែ បើយោងតាមការរកឃើញរបស់អង្គការក្លូបលវីតណេស និងទិន្នន័យពីមន្ត្រីគយរបស់ប្រទេសចិនបង្ហាញថា លោកកំពុងដឹកជញ្ជូនឈើប្រភេទកម្រនេះច្រើនណាស់។
ទិន្នន័យពីមន្ត្រីគយចិនដែលទទួលបានដោយទីភ្នាក់ងារសើុបអង្កេតបរិស្ថាន ដែលជាអង្គការសិទ្ធិបរិស្ថានមួយផ្សេងទៀតមានមូលដ្ឋាននៅអង់គ្លេស បង្ហាញថា ប្រទេសចិនបាននាំចូលឈើប្រភេទហុងមុ (Hongmu) ជិត២១.០០០ម៉ែត្រគូបពីប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ ដោយច្រើនជាងឆ្នាំ២០១២ជិតបីដង។ ឈើប្រភេទហុងមុនេះគឺជាប្រភេទឈើដែលមានតម្លៃសម្រាប់យកទៅធ្វើជាគ្រឿងសង្ហារិមក្នុងនោះរួមមានទាំងឈើគ្រញូងផងដែរ។
យោងតាមទិន្នន័យរបស់មន្ត្រីចិនដែលទទួលបានពីអង្គការក្លូប៊លវីតណេស ការនាំឈើប្រភេទហុងមុពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសចិនបានកើនឡើងលើសពី៥៥.០០០ម៉ែត្រគូបទៅទៀតក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០១៤តែមួយគត់ ហើយអង្គការនេះបានរកឃើញថា ឈើប្រមាណ៩៧ភាគរយក្នុងចំណោមឈើទាំងអស់គឺប្រទេសចិនបាននាំចូលពីប្រទេសកម្ពុជាអំឡុងរយៈពេលនោះ។
លោកស្រី មេហ្គែន ម៉ាកខិននីស បានលើកឡើងក្នុងរបាយការណ៍នេះថា “ការចូលកាប់បំផ្លាញព្រៃចុងក្រោយរបស់ប្រទេសកម្ពុជាដោយក្រុមហ៊ុន ទ្រី ភាព គ្រុប គឺវាស្មើទៅនឹងអំពើប្លន់ទាំងថ្ងៃ។ តាមទម្លាប់ ក្រុមហ៊ុននេះបំពានច្បាប់ដែលមានគោលបំណងការពារពលរដ្ឋខ្មែរ និងប្រព័ន្ធអេកូឡូហ្ស៊ី ពួកគាត់ពឹងផ្អែកលើដោយមិនញញើត។ ហើយនេះគឺជាឧទាហរណ៍មួយផ្សេងទៀតស្តីពីការប្រើអំណាចនយោបាយរបស់ប្រទេសកម្ពុជា និងការចង់បានប្រយោជន៍ជំនួញដោយកៀបសង្កត់លើសិទ្ធិប្រជាពលរដ្ឋ ហើយអ្នកលក់ដំុបានទាញយកធន់ធានធម្មជាតិរបស់ប្រទេសនេះដោយមានអ្នកមានអំណាចដែលប្រព្រឹត្តអំពើពុករលួយនៅពីក្រោយ”។
ការការពារ និងការបដិសេធ
នៅពេលទាក់ទងកាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាល និងបុគ្គលិករបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលសុទ្ធតែមិនព្រមធ្វើអត្ថាធិប្បាយបានបដិសេធចំពោះការអះអាងនៅក្នុងរបាយការណ៍នេះ ឬបានការពារការងាររបស់ខ្លួន។
លោក ជ័យ សិទ្ធិ ជាប្រធានក្រុមហ៊ុនដឹកជញ្ជូនមួយដែលទទួលដឹកឈើឲ្យក្រុមហ៊ុន ទ្រី ភាព គ្រុប បានលើកឡើងថា លោកលែងធ្វើការជាមួយឧកញ៉ារកស៊ីឈើរូបនេះហើយ ប៉ុន្តែ បានបដិសេធមិននិយាយថា តើពេលណាកិច្ចព្រមព្រៀងត្រូវបានបញ្ចប់នោះឡើយ ហើយក៏មិនបានប្រាប់អំពីការរកស៊ីជាមួយគ្នាក្នុងពេលកន្លងមកដែរ។
គេមិនអាចទាក់ទងអ្នកនាំពាក្យ និងប្រធានរដ្ឋបាលរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប សុំការអត្ថាធិប្បាយបានឡើយ។
រីឯលោក ប៉ុល វិសាល តំណាងក្រុមហ៊ុនរបស់ទ្រី ភាព គ្រុបប្រចាំខេត្តរតនគិរី ក៏មិនអាចទាក់ទងបានដែរ។
លោក សី លា ដែលមើលការខុសត្រូវក្រុមហ៊ុនរបស់លោក ទ្រី ភាព នៅក្នុងខេត្តព្រះវិហារបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ក្នុងរបាយការណ៍នេះ។
លោកបាននិយាយថា “អ្វីដែលអង្គការក្លូបលវីតណេស បានលើកឡើងក្នុងរបាយការណ៍គឺមិនពិតទេ ព្រោះយើងមិនដែលកាប់ឈើនៅក្នុង ឬក្រៅតំបន់ដីសម្បទានសេដ្ឋកិច្ចឡើយ។ យើងទិញតែឈើខុសច្បាប់ដែលរដ្ឋាភិបាលរឹបអូសបានប៉ុណ្ណោះសម្រាប់ការនាំចេញ។ យើងមិនខ្វល់អំពីព័ត៌មានរបស់អង្គការក្លូបលវីតណេសឡើយ ព្រោះពួកគេគ្រាន់តែចេញរបាយការណ៍េនះដើម្បីបំពុលបរិយាកាសប៉ុណ្ណោះ”។
លោក សែម ម៉េង អនុប្រធាននាយកដ្ឋានគយនៅក្រសួងពាណិជ្ជកម្មបានលើកឡើងថា លោកមិនអាចធ្វើអត្ថាធិប្បាយលើការនាំចេញពីកំពង់ផែក្រុងព្រះសីហនុបានឡើយ ព្រោះវាស្ថិតនៅក្រោមយុត្តាធិការរបស់អាជ្ញាធរកំពង់ផែ។ គេមិនអាចទាក់ទងលោក លូ គឹមឈុន ប្រធានកំពង់ផែនេះបានឡើយ។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានដែលគ្រប់គ្រងឧទ្យានជាតិវីរជ័យបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ព្រោះលោកនៅមិនទាន់បានអានរបាយការណ៍នេះនៅឡើយទេ។
នៅក្នុងការឆ្លើយតបដែលមានការរៀបចំមួយ រដ្ឋបាលព្រៃឈើបានបដិសេធថា ខ្លួនគ្មានធ្វើអ្វីខុសឡើយ។ ការឆ្លើយតបនេះមានខ្លឹមសារដូច្នេះថា “មកទល់ពេលេនះគ្មានអាជ្ញាប័ណ្ណត្រូវបានចេញសម្រាប់ការកាប់ឈើ ដឹកជញ្ជូនឈើ ឬនាំចេញអនុផលព្រៃឈើដែលមិនត្រឹមត្រូវ ឬផ្ទុយនឹងច្បាប់នោះឡើយ។ ការប្រមូលអនុផលព្រៃឈើត្រូវបានធ្វើឡើងដោយអនុឡោមទៅតាមគោលការដែលមានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា”។
ការឆ្លើយតបនេះបានលើកឡើងទៀតថា ឈើប្រភេទកម្រដែលកម្ពុជានាំចេញគឺជាឈើដែលអាជ្ញាធររឹបអូសបានពីអ្នកកាប់ឈើខុសច្បាប់ ឬក៏បានមកពីព្រៃឈើដែលត្រូវបានកាប់ឆ្ការរានសម្រាប់គម្រោងអភិវឌ្ឍន៍រួមមានដូចជា ទំនប់វារីអគ្គិសនី និងចម្ការផ្សេងៗជាដើមប៉ុណ្ណោះ។ ការឆ្លើយតបនេះ ក៏បានអួតអាងផងដែរថា ចម្ការទំហំ១,៩០០ហិកតានៅក្នុងខេត្តសៀមរាប គឺសម្រាប់ដំាឈើប្រភេទលេខមួយ ហើយការងារនេះគឺត្រូវបានធ្វើឡើងដើម្បីបង្កើតព្រៃឈើសម្រាប់ពាណិជ្ជកម្មកាបូន។
រដ្ឋបាលព្រៃឈើក៏បានគូសបញ្ជាក់ពីការសម្រេចរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៣ក្នុងការចូលរួមជាមួយប្រទេសចំនួន១៧៦ផ្សេងទៀតដើម្បីការពារឈើគ្រញូងក្រោមអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិនៃប្រភេទសត្វ និងរុក្ខជាតិជិតផុតពូជផងដែរ។
យោងតាមច្បាប់នេះ រដ្ឋាភិបាលត្រូវតែចេញអាជ្ញាប័ណ្ណពិសេសមួយសម្រាប់ការដឹកជញ្ជូនឈើគ្រញូងមិនទាន់កែច្នៃចេញពីប្រទេស។ ទោះបីជា ក្រុមអ្នកស្រាវជ្រាវរបស់អង្គការក្លូបលវីតណេសបានឃើញ និងកត់ត្រា នូវអ្វីដែលកើតឡើងភាគច្រើនអំឡុងឆ្នាំ២០១៤ក៏ដោយ តែរដ្ឋាភិបាលកម្ពុជានៅមិនទាន់ចេញអាជ្ញាប័ណ្ណបែបនេះណាមួយនៅឡើយទេ៕សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ អូន ភាព និង វ៉ាន់ រើន)