26 C
Phnom Penh

ក្រុម​ការ​ងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​​ពិភាក្សា​ជុំវិញ ការចុះ​ឈ្មោះអ្នក​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមការងារ​កំណែទម្រង់ការ​បោះឆ្នោត​​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​​កាលពី​ម្សិលមិញ បាន​ធ្វើការ​ចរចា​​អំពី​ប័ណ្ណដែលអ្នក​បោះ​ឆ្នោត​​នឹង​តម្រូវ​ឲ្យ​បង្ហាញ​នៅ​ថ្ងៃបោះឆ្នោត​ ប្រសិន​បើ​ពួកគេ​មិន​មាន​អត្តសញ្ញាណប័ណ្ណ។

លោក គួយ​ ប៊ុនរឿន មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​​ដែល​ដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចរចា​​ឲ្យ​សរសេរ​ច្បាប់​បោះ​ឆ្នោត​ឡើងវិញ​នោះ បាន​មាន​ប្រសាសន៍ថា ភាគី​ទាំងពីរ​បាន​ព្រម​ព្រៀង​គ្នា​​ថា អ្នកដែល​ចុះឈ្មោះបោះឆ្នោត​​ នឹង​តម្រូវ​ឲ្យ​ផ្តល់​រូបថត និង​ស្នាម​ម្រាម​ដៃ។

លោក​បានមាន​ប្រសាសន៍ថា “​ទី១ យើង​បាន​ព្រម​ព្រៀង​គ្នា​​ជុំវិញ​បញ្ហា​នៃការ​សម្គាល់អត្ត​សញ្ញាណ​​អ្នកបោះ​ឆ្នោត​ម្នាក់​ៗតាម​រយៈការ​តម្រូវ​ឲ្យ​​អ្នក​បោះ​ឆ្នោត​​កត់​ត្រា​ទិន្នន័យ​របស់​ខ្លួន​​ដោយ​ការ​បង្ហាញ​រូបថតភ្ជាប់មក​ជាមួយ​ និង​ការ​ស្កែន​​ស្នាម​ម្រាមដៃ​ និង​បន្ទាប់​មក​​ប្រើ​ទាំង​ពីរ​នេះ​ជា​មូលដ្ឋាន….សម្រាប់​បញ្ជីឈ្មោះ​បោះឆ្នោត”។

លោក គួយ ប៊ុនរឿន បានមាន​ប្រសាសន៍ថា ក្រុមការ​ងារ​​ក៏បាន​ឈានដល់​ការ​ព្រមព្រៀង​អំពី​រយៈ​ពេល​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឆ្នាំបោះឆ្នោត​ផងដែរ​ ដោយ​សម្រេច​ថា នឹង​បន្ត​រយៈពេលពី​៣០ទៅ​៥០ថ្ងៃ​​ដើម្បី​អនុញ្ញាត​​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ធានាថា បញ្ជីឈ្នោះ​អ្នក​បោះឆ្នោត​ត្រឹមត្រូវ។

លោក​ឧបនាយក​រដ្ឋមន្ត្រី ប៊ិន ឈិន ដែលបាន​ដឹកនាំ​គណបក្ស​កាន់អំណាច​នៅក្នុងការ​ចរចា​នោះ​​បានមាន​ប្រសាសន៍ថា​ គណបក្ស​សង្គ្រោះជាតិ​បាន​ទទូចពីមុនមក​​ថា ប័ណ្ណបោះ​ឆ្នោត​ពិសេស​​ត្រូវ​បាន​ចេញ​ដល់​អ្នកបោះឆ្នោត​ដែលបាន​ចុះ​ឈ្នោះ ហើយ​ឥឡូវ​នេះ​បាន​ព្រម​ព្រៀង​ថា​ ប័ណ្ណបោះឆ្នោត​​ទៀងទាត់​​នឹង​គ្រប់គ្រាន់ហើយ។

​លោក​បាន​មាន​ប្រសាសន៍​ថា “​ឥឡូវ​នេះ​ យើ​ង​ព្រមព្រៀង​​ប្រើ​​អត្តសញ្ញាណប័ណ្ណ​​ជា​មូលដ្ឋាន​គ្រឹះ ខណៈដែលពួកគេ​មិន​បាន​ព្រម​ព្រៀង​ពីមុន។ បញ្ហាដែលចាំបាច់ត្រូវពិភាក្សា​បន្ថែម​គឺថា ប្រសិន​បើ​​មិន​មាន​អត្ត​សញ្ញាណប័ណ្ណខ្មែរ​ តើ​ត្រូ​វប្រើ​ជម្រើ​សអ្វី?”។

លោក​ ប៊ិន ឈិន បាន​មាន​ប្រសាសន៍ថា គណបក្ស​កាន់អំណាច​រីករាយ​ដែល​គ.ជ.ប.​បន្ត​ប្រើ​ប្រាស់ទម្រង់​ពិសេស​ “១០១៨” ដល់​អ្នក​បោះ​ឆ្នោត​ដែលមិន​មាន​អត្ត​សញ្ញាណប័ណ្ណ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​​ចង់​ឲ្យ​ចេញ​ប័ណ្ណ​បោះឆ្នោត​ពិសេស​​ដល់​អ្នក​ដែលមិន​មាន​អត្ត​សញ្ញាណ​ប័ណ្ណ។

លោក ប៊ិន ឈិន បាន​មាន​ប្រសាសន៍ថា គណបក្ស​សង្គ្រោះជាតិ​​ក៏បាន​ស្នើឲ្យ​បើក​មណ្ឌល​ចុះឈ្មោះ​បោះឆ្នោត​​តាម​ព្រំដែន​ថៃ​​ ដើម្បីកាត់​បន្ថយ​ការ​ធ្វើដំណើរ​​​​​របស់​ពលករ​ចំណាក​ស្រុក​ដើម្បី​ចុះ​ឈ្មោះ​​បោះ​ឆ្នោត ប៉ុន្តែ​​បាន​លើក​ឡើង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​មិនមាន​តួនាទី​លើ​សំណើនោះ​ទេ៕សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស