28 C
Phnom Penh

រដ្ឋាភិបាល​ពង្រីក​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​ព្រៃ​ឡង់​និង​បន្ថែម​ខេត្ត​ព្រះវិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​បាន​កែប្រែ​ផែនការ​ទាក់ទិន​នឹង​សេចក្តី​សម្រេច​ដ៏​ចម្រូងចម្រាស​ក្នុង​ការ​កាត់​បន្ថយ​ព្រំ​ប្រទល់​ដែល​ស្នើ​ឡើង​នៃ​តំបន់​ការពារ​ដែល​រង់ចាំ​យូរ​មក​ហើយ សម្រាប់​ព្រៃ​ឡង់​ដែល​រង​ការ​គំរាម​កំហែង ជា​ព្រៃ​ធំ​បំផុត​ខៀវ​​ស្រងាត់​គ្រប់​រដូវ​ដែល​នៅ​សល់​នៅ​អាស៊ី​អាគ្នេយ៍។

កាលពី​ខែ​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​បង្កើត​តំបន់​ការពារ​ថ្មី​ប្រាំ​កន្លែង​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​តំបន់​ការពារ​ទំហំ​៣០៥.០០០​ហិកតា​ក្នុង​ព្រៃ​ឡង់ ដែល​នៅ​តែ​ជា​ជម្រក​សត្វ​ដំរី​ព្រៃ​មួយ​ចំនួន បើ​ទោះ​ជា​មាន​ការ​រំលោភ​រុករាន​ជាច្រើន​ឆ្នាំ​ពី​ពួក​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​ទន្ទ្រាន​ធ្វើ​ចម្ការ​កៅស៊ូ​ក៏ដោយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អនុក្រឹត្យ​មួយ​ទៀត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​៩​ខែ​ឧសភា បាន​បង្កើន​ទំហំ​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​ដល់​ទៅ​៤៣២.០០០​ហិកតា។ វា​នៅ​តែ​តូច​ជាង​៦០០.០០០​ហិកតា ដែល​អ្នក​អភិរក្ស​មួយ​ចំនួន​និង​សហគមន៍​នានា​ក្នុង​មូលដ្ឋាន​បាន​ប្រាថ្នា​ចង់​បាន​យូរ​មក​ហើយ ប៉ុន្តែ​មាន​ចំនួន​ជិត​ប្រហែល​៤៥០.០០០​ហិកតា ដែល​ពួកគេ​បាន​រំពឹង​ទុក។

អនុក្រឹត្យ​ថ្មី​នេះ​មាន​ខ្លឹមសារ​ថា “រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​មាន​ទំហំ​៤៣១.៦៨៣​ហិកតា​ក្នុង​ខេត្ត​ស្ទឹងត្រែង កំពង់​ធំ ក្រចេះ និង​ខេត្ត​ព្រះវិហារ ដើម្បី​ធានា​សុវត្ថិភាព​និង​រក្សា​ជម្រក​សត្វ​ព្រៃ និង​ប្រព័ន្ធ​បរិស្ថាន”។

ផែនការ​ដើម​សម្រាប់​តំបន់​ការពារ​ព្រៃ​ឡង់​ទំហំ​៣០៥.០០០​ហិកតា​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ក្នុង​ក្រុង​ភ្នំពេញ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​អនុក្រឹត្យ​ទី​១​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ខែ​មេសា។ សមាជិក​ជាច្រើន​នៃ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ឯករាជ្យ ដែល​ដើរ​ល្បាត​ព្រៃ​ជា​រឿយៗ​ដើម្បី​ស្វែង​រក​ពួក​កាប់​ឈើ​ខុស​ច្បាប់ បាន​ត្អូញត្អែរ​ថា ផែនការ​នោះ​មិន​បាន​រាប់​បញ្ចូល​ខេត្ត​ព្រះវិហារ​ទាំង​មូល និង​បាន​អំពាវនាវ​ឲ្យ​ក្រុម​មន្ត្រី​ពិចារណា​ជាថ្មី។

អនុក្រឹត្យ​ដែល​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ពីរ​បី​ថ្ងៃ​ក្រោយមក​ទៀត ដោយ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​ទំហំ​៣០៥.០០០​ហិកតា ហាក់​ដូចជា​ធ្វើ​ឲ្យ​អស់​ក្តី​សង្ឃឹម​ដល់​ក្រុម​នេះ។

លោក ហឿន សុភាព សមាជិក​បណ្តាញ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុម​នេះ​រីករាយ​ដោយ​ឃើញ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ និង​ដាក់​បញ្ចូល​ខេត្ត​ព្រះវិហារ។

លោក​បាន​និយាយ​ថា “ប្រជាជន​យើង​សប្បាយ​រីករាយ​ណាស់​ដែល​វា​ត្រូវ​បាន​ដាក់​បញ្ចូល។ ការ​ដាក់​បញ្ចូល​ខេត្ត​ព្រះវិហារ​ក្នុង​តំបន់​ការពារ នឹង​ជួយ​សហគមន៍​នានា​ច្រើន​ណាស់ ពីព្រោះ​ពួកគាត់​រស់​នៅ​ក្នុង​តំបន់​នោះ ហើយ​ពឹង​អាស្រ័យ​អនុផល​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស