38.8 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចេញ​​​ដំណើរ​​​ទៅកាន់​​​​​​ទីក្រុង​​​មូស្គូ​​​នៅ​​​​​មុន​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់​ផ្ដើម​ដំណើរ​​ទស្សនកិច្ច​រយៈ​ពេល​បួន​ថ្ងៃ​ទៅ​កាន់​ទីក្រុង​មូស្គូ ទីដែល​លោក​រំពឹង​ថា នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​មួយ​ចំនួន​ ព្រមទាំង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​រុស្ស៊ី-អាស៊ាន​ផង​ដែរ​។

យោង​តាម​លោក ស្រី ថាមរុង្គ ​រដ្ឋមន្ត្រី​ដែល​ធ្វើ​ដំណើរក្នុង​ក្រុម​​គណៈប្រតិភូ​របស់​លោក ហ៊ុន សែន ដែល​បាន​និយាយ​ទៅ​កាន់​​អ្នក​យក​ព័ត៌មាន​នៅ​​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​មុន​ពេល​ចេញ​ដំណើរ​កាលពី​​យប់​​ថ្ងៃ​ច័ន្ទបាន​ឱ្យ​ដឹង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​គ្រោង​​​​ជួប​​ប្រជុំ​ជាមួយ​លោក វ៉្លាឌីមៀ ពូទីន ​(Vladimir Putin) ប្រធានា​ធិបតី​រុស្ស៊ី​នៅ​​ថ្ងៃ​ព្រហស្បតិ៍​អំឡុង​កិច្ច​ប្រជុំ​កំពូល​នោះ ហើយ​លោក​ក៏​នឹង​ជួប​ប្រជុំ​ជាមួយ​លោក ង្វៀន សួនភុក (Nguyen Xuan Phuc) ​នាយក​រដ្ឋមន្ត្រី​ថ្មី​វៀត​ណាម​​​​​​ដើម្បី “​ពង្រឹង​ និង​ពង្រីក​​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិ​ការ” ​រវាង​ប្រទេស​ទាំង​ពីរផង​ដែរ​។

cam-hun-sen​យោង​តាម​លោក ស្រី ថាមរុង្គ បាន​ឲ្យ​​ដឹង​ថា លោក​​ ហ៊ុន សែន និង​លោក​ ឌីមីទ្រី មេដ​វេដេវ (Dmitry Medvedev) ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​​ក៏​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​ប្រាំបី​រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ​។ លោក មេដវេដេវ បាន​ក្លាយ​ជា​​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី​ដំបូង​​​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៧​មក ដែល​មក​បំពេញ​​​​ទស្សនកិច្ច​នៅ​កម្ពុជា​ដែល​នៅ​ពេល​​នោះ​​លោក​​​​បាន​ដឹកនាំ​គណៈប្រតិភូ​​មក​កាន់​រាជ​ធានី​​​ភ្នំពេញ​ និង​ខេត្ត​សៀមរាប​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​។

លោក ស្រី ថាមរុង្គ បាន​មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​ពីរ​នឹង​បង្កើត​​មជ្ឈមណ្ឌល​ព័ត៌​មាន​រួម​សម្រាប់​ថាមពល​នុយក្លេអ៊ែរ និង​ចុះ​ហត្ថលេខា​​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្ដីពី​ការ​បង្កើត​ក្រុម​ការ​ងារ​រួម​មួយ​​ក្នុង​គោល​បំណង​ដើម្បី​ពិនិត្យ​​មើល​ថា​តើ​ថាមពល​នុយ​ក្លេអ៊ែរ​​​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដូច​ម្ដេច​សម្រាប់​ “គោល​បំណង​សន្តិភាព”។

យុត្តិធម៌​ក៏​នឹង​ជា​ប្រធានបទ​ដ៏​សំខាន់​នៃ​កិច្ច​ប្រជុំ​ផង​ដែរ ដោយ​ប្រទេស​ទាំង​ពីរ​ចុះ​ហត្ថលេខា​លើ​​សន្ធិសញ្ញា​បត្យាប័ន​ ព្រមទាំង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​​​ក្រសួង​យុត្តិធម៌​របស់​ប្រទេស​កម្ពុជា និង​ការិយាល័យ​អគ្គរដ្ឋអាជ្ញា​​របស់ប្រទេស​​រុស្ស៊ី​។

ឧក្រិដ្ឋជន​រុស្ស៊ី​សំខាន់​ៗ​មួយ​ចំនួន​ទទួល​​​​បាន​​​ការ​​​ពន្យារពេល​កាត់​ទោស​​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា ​​បើទោះ​ជា​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ការ​ចាប់​​​ខ្លួន​ និង​ការ​និរទេស​អ្នក​រត់​គេចខ្លួន​ជន​ជាតិ​រុស្ស៊ី​​​សំខាន់ៗ​មួយ​ចំនួន​ក៏ដោយ​។លោក សេរហ្គេ ​ប៉ូលុនស្គី ​(Sergei Polonsky)​​​មហាសេដ្ឋី​​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ ដែល​រស់​នៅ​ក្នុង​ជីវិត​​​ហ៊ឺហា​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​អនុញ្ញាត​​​​ឲ្យ​ស្នាក់​នៅ​បី​ឆ្នាំ​បន្ទាប់ពី​​ត្រូវ​បាន​ចោទ​ប្រកាន់​​​ពីបទ​កិបកេង​ប្រាក់​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៣ មុន​ពេល​ត្រូវ​បាន​និរទេសទៅវិញ​​កាលពី​ឆ្នាំ​មុន​។

លោក វ៉្លាឌីមៀ បាតាលីន (Vladimir Batalin) ​​​អតីត​អ្នក​រត់​គេចខ្លួន​ បច្ចុប្បន្ន​នេះ​កំពុង​​តស៊ូ​ជាមួយ​ការ​និរទេស​ខ្លួន​បន្ទាប់ពី​​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុង​ព្រះសីហនុ​ តាម​ការ​ចោទ​ប្រកាន់​​ពីបទ​កិបកេង​ប្រាក់ជា​​ច្រើន​ឆ្នាំ​មក​នោះ​​។

លោក ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មានលម្អិត​អំពី​សន្ធិ​សញ្ញា​នេះ​ទេ​​កាលពី​ម្សិលមិញ។

លោក ហ៊ុន សែន និង​លោក មេដវេដេវ ក៏​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​ និង​​បង្កើត​​ភាព​ជាដៃគូ​រវាង​ក្រសួង​មហា​ផ្ទៃរុស្ស៊ី និង​កម្ពុជា​ផង​ដែរ​។

​បំណុល​ដែល​មាន​ទឹក​ប្រាក់​១,៥ពាន់​លាន​​​ដុល្លារ​​ដែល​កម្ពុជា​ជំពាក់​រុស្ស៊ី បាន​ខ្ចី​កាល​ពី​អតីត​សហភាព​សូវៀត​​បន្ទាប់ពី​ការ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩​​នោះ​ មិន​ស្ថិត​​​នៅ​ក្នុង​របៀប​វារៈ​ផ្លូវ​ការ​ទេ​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​​​​កម្មវិធី​ដំណើរ​ទស្សនកិច្ច​របស់​លោក​​នៅ​​ក្នុង​ទំព័រ​ហ្វេសប៊ុក​កាលពី​ម្សិលមិញ។

លោក​បាន​សរសេរ​ថា “​ថ្ងៃ​នេះ យើង​មាន​កម្មវិធី​ពេញ ហើយ​ព្រឹក​ស្អែក​យើង​នឹង​ជួប​ជាមួយ​ក្មួយ​ប្រុស​ ក្មួយស្រី​ដែល​ជា​និស្សិត​ខ្មែរ​ស្នាក់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​”៕ សារុន​ (រាយ​ការណ៍​បន្ថែម​ដោយ Taylor O’ Connell)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស