29.3 C
Phnom Penh

គ្រួសារ​នៅ​ខេត្ត​កោះកុង​ឈាន​ដល់​ការ​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន UDG

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ក្រសួង​បរិស្ថាន​ឲ្យ​ដឹង​ថា ប្រជាជន​ប្រហែល​១០០​គ្រួសារ​ទៀត​បាន​ទទួល​យក​កញ្ចប់​សំណង​ពី​ក្រុមហ៊ុន Union Development Group (UDG) ​ដើម្បី​រើ​ទី​លំនៅ និង​បើក​ផ្លូវ​ឲ្យ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ ដែល​ក្រុមហ៊ុន​ចិន​កំពុង​សាងសង់​តាម​បណ្តោយ​ឆ្នេរ​ខេត្ត​កោះកុង។

ក្រុមហ៊ុន UDG បាន​ជំរុញ​ប្រជាជន​ប្រហែល​១.០០០​គ្រួសារ​ឲ្យ​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគាត់​រួចហើយ ដើម្បី​បើក​ផ្លូវ​សម្រាប់​សាងសង់​ទីតាំង​ទេសចរណ៍​របស់​ខ្លួន​ដែល​មាន​ផ្ទៃ​ដី​ទំហំ​៤៥.០០០​ហិកតា​ក្នុង​តម្លៃ​៣,៨​ពាន់​​លាន​ដុល្លារ។

លោក ស៊្រុន ដារិទ្ធ នាយរង​ខុទ្ទកាល័យ​ក្រសួង​បរិស្ថាន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ប្រជាជន​ប្រហែល​១០០​គ្រួសារ​ដែល​មិន​ទាន់​រើ​ចេញ​ពី​ទីតាំង​នោះ បាន​ទទួល​យក​សំណើ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន ដែល​រួម​មាន​ដី​ចម្ការ​ពីរ​ហិកតា​និង​ដីឡូតិ៍​ទំហំ​៥.០០០​ម៉ែត្រ​ក្រឡា ដែល​នឹង​សាងសង់​ផ្ទះ​ថ្មី​នៅ​កន្លែង​តាំង​ទី​លំនៅ​ថ្មី​នោះ។

លោក​បាន​និយាយ​ថា “ពីរ​បី​ថ្ងៃ​កន្លង​មក​ហើយ យើង​បាន​សម្រប​សម្រួល​និង​ឈាន​ដល់​ដំណោះស្រាយ​មួយ​ជាមួយ​ប្រជាជន​ប្រហែល​១០០​គ្រួសារ ហើយ​ភាគី​ទាំង​សងខាង​បាន​ព្រមព្រៀង​គ្នា”។

លោក ស៊ីម គឹមសេន ដែល​គ្រួសារ​របស់​គាត់​ស្ថិត​ក្នុង​ចំណោម​២២​គ្រួសារ​ក្នុង​ភូមិ​នឹង​ទទួល​យក​សំណើ​នេះ បាន​និយាយ​ថា កញ្ចប់​នេះ​ក៏​មាន​បញ្ចូល​សំណង​៣០​ដុល្លារ​ក្នុង​ដើម​ឈើ​ហូប​ផ្លែ​ដែល​ខាត​បង់​មួយ​ដើម និង​រវាង​៣.០០០​ដុល្លារ​ទៅ​២០.០០០​ដុល្លារ​សម្រាប់​ផ្ទះ​របស់​គ្រួសារ​ទាំង​នោះ ទៅ​តាម​ទំហំ​ផ្ទះ។ លោក​បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ព្រមព្រៀង​ផ្តល់​បន្ថែម​ស៊ីម៉ងតិ៍ ខ្សាច់​មួយ​ចំនួន និង​សម្ភារ​សំណង់​ដែរ។

លោក គឹមសេន បាន​និយាយ​ថា “២២​គ្រួសារ​បាន​ទៅ​ទទួល​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​កាលពី​ថ្ងៃ​ទី​១៥​ខែ​ឧសភា។ ខ្ញុំ​បាន​ព្រម​រើ​ផ្ទះ ពីព្រោះ​ខ្ញុំ​គិត​ថា ក្រុមហ៊ុន​បាន​ផ្តល់​សំណង​សមរម្យ ហើយ​ខ្ញុំ​គិត​ថា ដី​របស់​ខ្ញុំ​សព្វថ្ងៃ​មិន​មាន​ប័ណ្ណ​កម្មសិទ្ធិ​ទេ។ យើង​នឹង​រើ​ទៅ​កន្លែង​ថ្មី នៅ​ពេល​ក្រុមហ៊ុន​បញ្ចប់​ការ​ឆ្ការ​ដី​រួច​រាល់”។

ប៉ុន្តែ​លោក​បាន​និយាយ​អំពី​ប្រាំ​គ្រួសារ​ក្នុង​ភូមិ​របស់​គាត់​ដែល​បាន​បដិសេធ​មិន​ទទួល​យក​សំណើ​នេះ។

លោក ប្រាក់ ថន សមាជិក​ម្នាក់​ក្នុង​គ្រួសារ​មួយ​ចំណោម​គ្រួសារ​ទាំង​នោះ បាន​និយាយ​ថា លោក​និង​គ្រួសារ​ដែល​មិន​ទទួល​យក​ការ​ព្រមព្រៀង​ផ្សេងទៀត​មិន​ចូល​ចិត្ត​កន្លែង​តាំង​លំនៅ​ថ្មី​នោះ​ទេ ហើយ​កំពុង​ទទូច​ចង់​ឲ្យ​ក្រុមហ៊ុន UDG ឲ្យ​ពួកគាត់​នៅ​កន្លែង​ដដែល។

លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​ចង់​ទទួល​យក​សំណង ឬ​រើ​ទៅ​កន្លែង​ថ្មី​ទេ ពីព្រោះ កន្លែង​យើង​នៅ​សព្វថ្ងៃ វា​ងាយ​ស្រួល​រកស៊ី​និង​ចិញ្ចឹម​សត្វ។ កន្លែង​នៅ​ថ្មី​នៅ​ជិត​ជើង​ភ្នំ។ មិន​មាន​ទឹក​ប្រើប្រាស់ និង​ពិបាក​ចិញ្ចឹម​សត្វ​ណាស់”។

លោក អិុន គង់ជិត មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង បាន​និយាយ​ថា ក្រុមហ៊ុន ដែល​មាន​ការ​ប្រឈម​មុខ​តានតឹង​និង​ហិង្សា​បួន​ប្រាំ​លើក​ជាមួយ​គ្រួសារ​ប្រជាជន​ដែល​រស់​នៅ​លើ​ការដ្ឋាន​គម្រោង បាន​បន្ទន់​ឥរិយាបថ​ដោះស្រាយ​របស់​ខ្លួន​ចុង​ក្រោយ​នេះ។

លោក​បាន​និយាយ​ថា “ក្រុមហ៊ុន​ចិន​បាន​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​ចរចា​ជាមួយ​អ្នក​ភូមិ។ កាលពី​មុន ក្រុមហ៊ុន​នេះ​តែងតែ​ប្រើ​កម្លាំង​និង​អំពើ​ហិង្សា ហើយ​មិន​ដែល​ចរចា​ទេ”។

តំណាង​ក្រុមហ៊ុន UDG មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕ និត

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស