26 C
Phnom Penh

ជំងឺ​​​មន្ទិល​​​សង្ស័យ​​​កើត​​​មាន​​​ ក្នុង​​​ខណៈ​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាជញ្ជឹង​​​គិត​​​លើ​​​វាសនា​​​របស់​​​ខ្លួន​​​​​​​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អស់​​​រយៈ​​​ពេល​​​រាប់​​​ទសវត្សរ៍​​​មក​​​នេះ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​គ្រប់​​​គ្រង​​​ប្រទេស​​​កម្ពុជា​​​យ៉ាង​​​ស្រួល​​​​​​​​​រំភើយ​​​តាម​​​រយៈ​​​​​​​​​បំបែក​​​និង​​​យក​​​ឈ្នះ​​​លើ​​​​​​ ដោយ​​​ផ្តល់​​​​​​​​​រង្វាន់​​​​​​ជា​​​ការ​​​ដំឡើង​​​សក្តិ​​​​​​​​​យស​​​សំខាន់​​​​​​ដល់​​​ជន​​​ឋានៈ​​​ខ្ពង់​​​ខ្ពស់​​​ ដែល​​​​​​​​​បើ​​​មិន​​​ដូច្នេះ​​​ទេ​​​​​​ គឺ​​​អាច​​​ជំទាស់​​​នឹង​​​បក្ស​​​នេះ ក្នុង​​​ពេល​​​ដែល​​​ប្រើ​​​ហិង្សា​​​និង​​​ធ្វើ​​​ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​ដទៃ។​​​​​​​​​​​​​​​​​​​​​​​​​​​

យុទ្ធសាស្ត្រ​​​​​​នេះ​​​បាន​​​បំផ្លាញ​​​ចលនា​​​​​​រាជានិយម​​​របស់​​​ប្រទេស​​​នេះ​​​ គឺ​​​កាលពី​​​មុន​​​ធ្លាប់​​​ជា​​​ការ​​​គំរាម​​​​​​ដ៏​​​ធំ​​​បំផុត​​​​​​ចំពោះ​​​អំណាច​​​របស់​​​ខ្លួន ​​​​​​ហើយ​​​តំណាង​​​​​​ដោយ​​​​​​សម្តេច​​​ព្រះ នរោត្តម សីហនុ​​​​​​ដ៏​​​មាន​​​ប្រ​​​ជា​​​ប្រិយ​​​ភាព នា​​​ទសវត្សន៍​​​ឆ្នាំ​​​​​​២០០០ និង​​​រារាំង​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​​​​គណបក្ស​​​ប្រឆាំង​​​​​​​​​​​​ដទៃ​​​ទៀត​​​មិន​​​​​​ឲ្យ​​​ចូលមក​​​​​​ជិត​​​​​​ រហូត​​​ទាល់​​​តែ​​​​​​មាន​​​​​​ការ​​​កើន​​​ឡើង​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ឆ្នាំ​​​២០១៣។​​​​​​​​​

cam-photo-politics-channa-WEB-ONLY-800x533ក្រោយ​​​មក ​​​ខ្លួន​​​​​​ធ្វើ​​​ឲ្យ​​​​​​​​​ភ្ញាក់​​​ផ្អើល​​​ដល់​​​មនុស្ស​​​មួយ​​​ចំនួន នៅ​​​ពេល​​​​​​​​​ដែល​​​​​​គណបក្ស​​​កាន់​​​អំណាច​​​នេះ​​​​​​​​​បាន​​​បោះ​​​បង់​​​ចោល​​​​​​វប្បធម៌​​​សន្ទនា​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ហើយ​​​បាន​​​​​​បញ្ជា​​​ឲ្យ​​​​​​​​​គេ​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​​​ចំពោះ​​​​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ លោក សម រង្ស៊ី ​​​ដោយ​​​ប្រើ​​​​​​ពេល​​​​​​បើក​​​ការ​​​វាយ​​​ប្រហារ​​​ផ្នែក​​​នយោបាយ​​​យ៉ាង​​​ខ្លាំង​​​​​​​​​ទៅ​​​លើ​​​អនុប្រធាន​​​ដ៏​​​មាន​​​ប្រជា​​​​​​ប្រិយ​​​របស់​​​លោក គឺ​​​លោក កឹម សុខា។​​​​​​​​​​​​​​​​​​

ដោយ​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​​​​ធ្វើ​​​នៅ​​​​​​មួយ​​​ឆ្នាំ​​​ទៀត ហើយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​​នា​​​ឆ្នាំ​​​២០១៨​​​​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​​​​ជាង​​​ពីរ​​​ឆ្នាំ​​​ទៀត​​​នោះ ​​​កម្រិត​​​ថ្មី​​​នៃភាព​​​ច្របូក​​​ច្របល់​​​​​​បាន​​​ឈាន​​​ដល់​​​កម្រិត​​​ ក្នុង​​​ពេល​​​ដែល​​​​​​តំណាង​​​រាស្ត្រ អ្នក​​​ប្រើ​​​ហ្វេស​​​ប៊ុក​​​និង​​​អ្នក​​​ឃ្លាំ​​​មើល​​​​​​សិទ្ធិមនុស្ស​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ មាន​​​មន្ត្រី​​​អង្គការ​​​សហប្រជាតិ​​​មួយ​​​រូប​​​ត្រូវ​​​ចោទ​​​ប្រកាន់ ហើយ​​​​​​មាន​​​អ្នក​​​វិភាគ​​​នយោបាយ​​​ម្នាក់​​​​​​ត្រូវ​​​បានគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ប្តឹង​​​ពី​​​បទ​​​បរិហារកេរ្តិ៍​​​​​​។

ទោមនស្ស​​​របស់​​​ពលរដ្ឋ​​​​​​នឹង​​​រដ្ឋាភិបាល​​​​​​ក៏​​​​​​បាន​​​ជួប​​​​​​នឹង​​​​​​ជំងឺ​​​មន្ទិល​​​សង្ស័យ​​​​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ ក្នុង​​​ខណៈ​​​​​​ដែល​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​គំរាម​​​​​​ប្រើ​​​វិធានការ​​​​​​​​​ផ្លូវ​​​ច្បាប់​​​​​​ប្រឆាំង​​​នឹង​​​​​​អ្នក​​​ដែល​​​ពាក់​​​អាវ​​​ខ្មៅ​​​​​​គាំ​​​ទ្រ​​​អ្នក​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន ដោយ​​​​​​ផ្តល់​​​យោបល់​​​ថា ពួកគេ​​​អាច​​​ជា​​​ប្រផ្នូល​​​​​​នៃ​​​”បដិវត្តន៍​​​ពណ៌”។​​​​​​​​​​​​​​​

លោក ឆាំង សុង អតីត​​​សមាជិក​​​​​​ព្រឹទ្ធសភា​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ដោយ​​​សំដៅ​​​លើ​​​​​​ប្រធាន​​​ស្ថាបនិក​​​​​​គណបក្ស​​​កាន់​​​អំណាច​​​​​​ដែ​​​ល​​​បាន​​​ទទួលអនិច្ច​​​កម្ម​​​​​​កាល​​​ពី​​​ខែ​​​មិថុនា​​​ ហើយ​​​បាន​​​ក្លាយ​​​ជា​​​គូបដិបក្ស​​​របស់​​​លោក​​​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន ថា “តាមត្រង់​​​ទៅ ​​​ខ្ញុំ​​​មិន​​​ដឹង​​​ថា នរណា​​​គឺ​​​ជា​​​​​​អ្នក​​​រៀប​​​ផែនការ​​​​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​សព្វ​​​ថ្ងៃ​​​នេះទេ​​​ ​​​ចាប់​​​តាំង​​​ពី​​​មរណភាព​​​របស់​​​ ជា ស៊ីម មក”។​​​

លោក សុង បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ហ៊ុន សែន ទំនង​​​ជា​​​ដោះ​​​ស្រាយ​​​​​​ជាមួយ​​​​​​គណបក្ស​​​ប្រជាជន​​​ទាំង​​​អស់​​​ដោយ​​​ខ្លួន​​​លោក​​​ផ្ទាល់​​​ ដោយ​​​ប្រើ​​​​​​មន្ត្រី​​​បន្ទាប់​​​ៗ​​​​​​និង​​​មនុស្ស​​​ស៊ី​​​​​​ឈ្នួល​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​ដ៏​​​រសើប​​​បំផុត”។​​​​​​​​​​​​​​​

តាមពិត​​​ទៅ ​​​ដំណាល​​​គ្នា​​​នោះ ​​​​​​គណបក្ស​​​នេះ​​​​​​​​​គួរ​​​ប្រមូល​​​ផ្តុំ​​​​​​គ្នា​​​ដើម្បី​​​​​​​​​ជម្រះ​​​​​​នូវ​​​ការ​​​ថ្នាក់​​​ថ្នាំង​​​ចិត្ត​​​ ជា​​​ការ​​​ស្ទាប​​​ស្ទង់​​​​​​​​​ដោយ​​​មូលនិធិអាស៊ី​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​បាន​​​រក​​​ឃើញ​​​ត្រឹម​​​តែ​​​៣២​​​ភាគ​​​រយ​​​នៃ​​​ពលរដ្ឋ​​​ទាំង​​​អស់​​​​​​ប៉ុណ្ណោះ​​​ដែល​​​ពេញ​​​ចិត្ត​​​នឹង​​​​​​ទិសដៅ​​​របស់​​​ប្រទេសជាតិ​​​ គឺ​​​ផ្ទុយ​​​ទៅ​​​វិញ​​​ ខ្លួន​​​​​​បាន​​​បើក​​​ការ​​​វាយ​​​ប្រហារ​​​លើ​​​អ្នករិះ​​​គន់​​​ ដោយ​​​​​​ធ្វើ​​​កិច្ចការ​​​តិច​​​តួច​​​ដើម្បីពង្រឹង​​​​​​មតិ​​​សាធារណៈ។​​​​​​​​​

លោក សម រង្ស៊ី​​​​​​ មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿថា គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​បាន​​​បាត់​​​បង់​​​​​​គោលបំណង​​​ដ៏​​​សកម្ម​​​​​​ ក្រៅ​​​​​​តែ​​​ពី​​​​​​រក​​​​​​បាន​​​អំណាច​​​​​​នៃ​​​​​​មេដឹកនាំ​​​របស់​​​ខ្លួន​​​ប្រឆាំង​​​នឹង​​​ការគំរាមដែល​​​​​​ធ្វើ​​​ឡើង​​​ដោយ​​​​​​យុទ្ធនាការ​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​ទល់​​​នឹង​​​ភាពព្រងើយ​​​កន្តើយ​​​​​​​​​របស់​​​រដ្ឋាភិបាល​​​រាប់​​​ឆ្នាំ​​​មក​​​ហើយ។

លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​សារ​​​អ៊ីម៉េល​​​ថា “​​​គណបក្ស​​​សម័យ​​​សង្គ្រាម​​​ត្រជាក់​​​ដែល​​​មាន​​​​​​ការ​​​ជំរុញ​​​ទឹក​​​ចិត្ត​​​​​​​​​លុប​​​បំបាត់​​​​​​របប​​​ខ្មែរ​​​ក្រហម​​​​​​កាល​​​ពី​​​៣៧​​​ឆ្នាំ​​​មុន​​​ គឺ​​​​​​ពិត​​​ជា​​​កំពុង​​​ខំ​​​ត្រដរ​​​ដើម្បី​​​​​​រស់​​​រាន​​​មាន​​​ជីវិត​​​របស់​​​ខ្លួន​​​​​​ប៉ុណ្ណោះ”។

លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ប្រហែល​​​ជា​​​៨០​​​ភាគ​​​រយ​​​​​​នៃ​​​​​​ប្រជាពលរដ្ឋ​​​កម្ពុជា​​​​​​បច្ចុប្បន្ន​​​បាន​​​កើត​​​​​​ក្រោយ​​​​​​​​​​​​ឆ្នាំ​​​១៩៧៩ ឬ​​​មាន​​​វ័យ​​​ក្មេង​​​ពេក​​​​​​ពេល​​​នោះ​​​មិន​​​អាច​​​ចង​​​ចាំ​​​នូវ​​​អ្វី​​​ទាក់​​​ទង​​​នឹង​​​​​​ខ្មែរ​​​ក្រហម​​​បាន​​​​​​ទេ។ ដោយសារ​​​តែ​​​មាន​​​​​​ការ​​​អនុវត្ត​​​អភិបាល​​​កិច្ច​​​ទន់​​​ខ្សោយ​​​ តាមការ​​​យល់​​​ឃើញ ​​​គណបក្ស​​​​​ប្រជា​​​ជន​​​កម្ពុជា​​​មើល​​​ឃើញ​​​​​​​​​ការ​​​បាត់​​​បង់​​​​​​នូវ​​​មូលដ្ឋាន​​​ប្រជាប្រិយភាព​​​របស់​​​ខ្លួន​​​​​​​​​កាន់​​​តែ​​​បន្ត​​​​​​កើត​​​មាន​​​និង​​​ដ៏​​​​​​គំហុក​​​”។

តាម​​​ពិត ប្រជា​​​សាស្ត្រានុវត្តន៍​​​​​​កំពុង​​​តែ​​​​​​ផ្លាស់​​​ប្តូរ​​​យ៉ាង​​​គំហុក​​​ដែល​​​​​​ថា អ្នក​​​ដែល​​​​​​ដល់​​​អាយុ​​​បោះ​​​ឆ្នោត​​​​​​នៅ​​​ឆ្នាំ​​​នេះ​​​​​​ គឺនឹង​​​កើត​​​ក្រោយ​​​​​​​​​ការ​​​​​​ប្រយុទ្ធ​​​ប្រដាប់​​​អាវុធ​​​រវាង​​​បក្ស​​​និង​​​បក្ស​​​​​​​​​​​​កាល​​​ពី​​​ខែ​​​កក្កដា​​​​​​​​​ ឆ្នាំ​​​១៩៩៧​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ក្នុង​​​ពេល​​​នោះលោក ហ៊ុន សែន បាន​​​បណ្តេញ​​​ព្រះអង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ​​​​​​ ឲ្យ​​​ចេញ​​​ពី​​​អំណាច​​​។

វា​​​ជា​​​​​​ជំនាន់​​​​​​នៃ​​​អ្នក​​​បោះ​​​ឆ្នោត​​​​​​ដែល​​​ឃើញ​​​មាន​​​មនុស្ស​​​កាលីបៗ​​​​​​ស្លៀក​​​ពាក់​​​យោធា​​​​​​​​​លេងល្បែង​​​បាញ់​​​គ្រាប់​​​ពណ៌​​​​​​​​​ដាក់​​​គ្នា​​​រាល់​​​ពេល​​​ចុង​​​សប្តាហ៍ ជាជាង​​​ចូល​​​ឆាក​​​​​​​​​ប្រយុទ្ធ​​​​​​ក្នុង​​​សង្គ្រាម​​​ស៊ីវិល ចំណែក​​​ឯ​​​​​​អ្នក​​​ផ្សេង​​​ទៀត​​​នាំគ្នាពពាក់​​​ពពូន​​​ចេញ​​​ក្រៅ​​​ប្រទេស​​​​​​រាប់​​​រយ​​​រាប់​​​ពាន់​​​នាក់​​​ ដើម្បី​​​ស្វែង​​​រក​​​ការងារ​​​ធ្វើ​​​ ដោយ​​​មើល​​​ឃើញ​​​ឱកាស​​​​​​ការងារ​​​តិច​​​តួច​​​នៅ​​​ក្នុង​​​ប្រទេស​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​រដ្ឋាភិបាល​​​មួយ​​​​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​​​​​​​ជំងឺ​​​សង្គម​​​និង​​​សេដ្ឋកិច្ច​​​​​​ដ៏​​​រាល​​​ដាល​​​​​​​​​ គឺ​​​គួរ​​​​​​ធ្លាក់​​​​​​​​​យូរ​​​ណាស់​​​មក​​​ហើយក្នុង​​​លទ្ធិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​​ ហើយ​​​ថា​​​មាន​​​ការ​​​យល់​​​ដឹង​​​កាន់​​​តែ​​​ច្រើន​​​ថា ក្នុង​​​គោល​​​បំណង​​​​​​បន្ត​​​​​​ឲ្យ​​​មាន​​​ជីវិត​​​រស់​​​នៅ​​​ គឺ​​​”គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ត្រូវ​​​តែ​​​លុប​​​បំបាត់​​​ ឬ​​​សម្លាប់​​​ប្រជា​​​ធិបតេយ្យ​​​​​​ដោយ​​​យឺតៗ”។

មេដឹក​​​នាំ​​​បក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​​​​នេះ​​​ជា​​​ឈ្មោះ​​​ល្បែង​​​​​​ក្នុង​​​ពេល​​​អនាគត​​​ដែល​​​អាច​​​ដឹង​​​ជាមុន។ មាន​​​សេណារីយ៉ូ​​​​​​ជា​​​ច្រើន​​​​​​នៅ​​​ក្នុង​​​បរិបទ​​​នេះ គឺ​​​ការ​​​បង្ក្រាប​​​កាន់​​​តែ​​​ខ្លាំង ឃាតកម្ម​​​ផ្នែក​​​នយោបាយ​​​ ភេរវកម្ម​​​​​​រដ្ឋ ភាព​​​មាន​​​អាសន្ន​​​ រដ្ឋ​​​ប្រហារ​​​ជាដើម”។​​​​​​​​​​​​​​​

លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ការ​​​បោះ​​​ឆ្នោត​​​​​​គ្រោង​​​ធ្វើ​​​​​​នៅ​​​ឆ្នាំ​​​២០១៧​​​និង​​​ឆ្នាំ​​​២០១៨​​​​​​អាច​​​លុប​​​ចោល ឬ​​​ពន្យារ​​​ពេល ឬ​​​​​​ក្លាយ​​​ជា​​​រឿង​​​លេង​​​សើច​​​​​​ដោយ​​​មាន​​​​​​របប​​​​​​ដែល​​​បាត់​​​បង់​​​​​​ភាព​​​ស្របច្បាប់​​​របស់​​​ខ្លួន  ហើយ​​​កម្ពុជា​​​ក្លាយ​​​ជា​​​​​​រដ្ឋ​​​ក្រៅ​​​ច្បាប់”។​​​​​​​​​

ទោះ​​​ជាយ៉ាង​​​នេះ​​​ក្តី លោក សុផល អ៊ា អ្នក​​​និពន្ធ​​​សៀវ​​​ភៅ​​​ស្តី​​​ពី”​​​ការ​​​ពឹង​​​ជំនួយ​​​នៅ​​​កម្ពុជា៖​​​​​​របៀប​​​ដែល​​​ជំនួយ​​​បរទេស​​​ធ្វើ​​​ឲ្យ​​​អន្តរាយ​​​ដល់​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ”​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រវត្តិ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ក្នុង​​​ការ​​​កម្ទេច​​​​​​អ្នក​​​ប្រឆាំង​​​ ទន្ទឹម​​​នឹង​​​រក្សា​​​ឲ្យ​​​មាន​​​សភាព​​​ស៊ើៗ​​​នៃ​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​ គឺ​​​គេ​​​​​​​​​មិន​​​គួរ​​​ភ្លេច​​​ទេ ជា​​​ពិសេស​​​ដោយ​​​សារ​​​តែ​​​​​​មាន​​​កំណត់​​​ត្រា​​​នៃការ​​​​​​​​​​​​បន្ទន់​​​​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ឲ្យ​​​ធ្វើ​​​តាម​​​​​​បំណង​​​របស់​​​ខ្លួន ពេលណា​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​មក​​​ដល់។​​​​​​​​​​​​

អ្នក​​​និពន្ធ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ការ​​​លុបចោល​​​ការ​​​បោះ​​​ឆ្នោត​​​នឹង​​​ទាញ​​​យក​​​​​​របស់​​​មួយ​​​ចេញ ដែល​​​គេ​​​​​​អាច​​​នៅ​​​តែ​​​អះអាង​​​ថា​​​នឹង​​​កើត​​​ឡើង​​​នៅ​​​កម្ពុជា ​​​គឺ​​​​​​​​​ការ​​​បោះ​​​ឆ្នោត​​​តាម​​​កាលកំណត់​​​ ដោយឥត​​​គិត​​​អំពី​​​​​​ថា​​​តើ​​​ការ​​​បោះ​​​ឆ្នោត​​​នោះ​​​អាច​​​​​​ជួនកាល​​​មិនត្រឹម​​​ត្រូវ​​​និង​​​មិន​​​សេរី​​​យ៉ាង​​​ណា​​​នោះទេ”។​​​​​​​​​

អ្នក​​​និពន្ធ​​​រូប​​​នេះ​​​បាន​​​និយាយ​​​បន្ថែម​​​ថា “​​​ក្នុង​​​ករណី​​​ណា​​​ក៏​​​ដោយ លោក​​​អ្នក​​​​​មិន​​​ចាំ​​​ចាច់​​​​​​ត្រូវ​​​ការ​​​​​​ពន្យារ​​​ពេល ឬ​​​​​​លុប​​​ចោល​​​ការ​​​បោះ​​​ឆ្នោត​​​ទេ។ យើង​​​ដឹង​​​ថា គ.ជ.ប.​​​នឹង​​​​​​ក្លាយ​​​ជា​​​អាជ្ញាកណ្តាល​​​ផ្តាច់​​​ព្រ័ត្រ ហើយ គ.ជ.ប.​​​​​​​​​ក៏​​​ទំនង​​​ជា​​​​​​ត្រូវ​​​គេ​​​ចាប់​​​​​​បាន​​​​​​រួច​​​ហើយ​​​ដែរ”។​​​

គ.ជ.ប.​​​​​​បាន​​​ប្រកាស​​​​​​រួច​​​ហើយ​​​ចំពោះ​​​ការ​​​ពន្យារ​​​ពេល​​​បួន​​​លើក​​​​​​​​​​​​តាំង​​​ពី​​​ការ​​​ចាប់​​​ផ្តើម​​​​​​​​​បំពេញ​​​ភារកិច្ច​​​សំខាន់ៗ​​​​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​កសាង​​​​​​ឡើង​​​វិញ​​​នូវ​​​បញ្ជី​​​អ្នក​​​បោះ​​​ឆ្នោត​​​ជាតិ មុន​​​នឹង​​​​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​​​​នៅ​​​ឆ្នាំ​​​ក្រោយ។​​​ ទោះ​​​បី​​​មាន​​​ការ​​​កែទម្រង់​​​ក្រោយ​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​​​ឆ្នាំ​​​២០១៣​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ក៏​​​ដោយ ក៏​​​អង្គភាព​​​រដ្ឋបាល​​​របស់​​​ខ្លួន​​​​​​នៅ​​​តែ​​​ដឹក​​​នាំ​​​ដោយ​​​​​​មន្ត្រី​​​​​​​​​ជើង​​​ចាស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា គឺ​​​លោក ទេព នីថា ដែល​​​​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​នោះ​​​ដដែល។​​​​​​​​​​​​

មនុស្ស​​​​​​ដែល​​​​​​​​​គេ​​​​​​ធ្លាប់​​​សន្មត​​​ថា​​​ជា​​​អ្នក​​​តាម​​​ដាន​​​អំណាច​​​លោក នីថា គឺ​​​​​​លោក នី ចរិយា អនុប្រធាន​​​របស់​​​លោក ជា​​​អតីត​​​មន្ត្រី​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស គឺ​​​ស្ថិត​​​ក្នុង​​​បណ្តា​​​​​​មនុស្ស​​​ដែល​​​រដ្ឋាភិបាល​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​​​​កាល​​​ពី​​​ខែ​​​មុន​​​ក្នុង​​​ការ​​​បោស​​​សម្អាត​​​នៃ​​​​​អ្នក​​​រិះ​​​គន់​​​ដ៏​​​លេចធ្លោ។​​​​​​​​​​​​

ប៉ុន្តែ​​​​​​សាធារណជនបោះ​​​ឆ្នោត​​​​​​វ័យ​​​ក្មេង​​​និង​​​​​​មិន​​​សប្បាយ​​​ចិត្ត​​​​​​ដែល​​​ឥឡូវ​​​នេះ​​​ត្រូវ​​​គេ​​​សន្យា​​​ថា​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដោយ​​​សេរី​​​​​​ក្នុង​​​ឆ្នាំ​​​២០១៨ គឺ​​​មិន​​​អាច​​​ទោរ​​​ទន់​​​ទទួល​​​យក​​​​​​យុទ្ធនាការ​​​នៃ​​​កល្បិច​​​កខ្វក់​​​​​​ដែល​​​ឃើញ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​ឈ្នះ​​​ឆ្នោត ដោយ​​​​​​គ្រាន់​​​តែ​​​បំបែក​​​គណបក្ស​​​ប្រឆាំង​​​នោះ​​​ទេ។​​​​​​​​​​​​

លោក អ៊ូ ឫទ្ធី អ្នក​​​សរសេរ​​​ប្លុក​​​នយោបាយ​​​​​​ដ៏​​​លេចធ្លោដែល​​​​​​រៀប​​​ចំ​​​ការ​​​ជួបជុំ​​​​​​ប្រចាំ​​​សប្តាហ៍ដែល​​​មាន​​​ឈ្មោះ​​​ថា “កាហ្វេនយោបាយ”​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​បាន​​​និយាយ​​​អំពី​​​ភាពជ្រួល​​​ច្របល់​​​និង​​​ការ​​​ចាប់​​​ខ្លួន​​​ថា “​​​បញ្ហា​​​ធំ​​​មិន​​​ទាន់​​​កើត​​​ឡើង​​​នៅ​​​ឡើយ​​​ទេ”។

អ្នក​​​សរសេរ​​​ប្លុក​​​នយោបាយរូប​​​នេះ​​​បាន​​​និយាយ​​​ថា “បញ្ហា​​​ធំ​​​​​​គឺ​​​នៅ​​​ពេល​​​ដែល​​​​​​រដ្ឋាភិ​​​បាល​​​​​​ត្រូវ​​​ដោះ​​​ស្រាយ​​​​​​ជា​​​មួយ​​​ពល​​​រដ្ឋ​​​​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​ចាត់ចែង​​​​​​ការ​​​បោះ​​​ឆ្នោត។ ឥឡូវ​​​នេះ សាធារណជន​​​​​​រំពឹង​​​ថា​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដោយ​​​សេរី ត្រឹមត្រូវ​​​និង​​​​​​​​​​​​ដោយ​​​តម្លាភាព​​​​​​នៅ​​​ឆ្នាំ​​​២០១៧ ​​​និង​​​ឆ្នាំ​​​២០១៨”។​​​

លោក​​​បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​​​​បន្ត​​​បំបែក​​​​​​គណបក្ស​​​ប្រឆាំង​​​ដោយ​​​ខុស​​​ច្បាប់ បញ្ហា​​​គឺ​​​មិន​​​ចប់​​​ទេ ព្រោះ​​​សាធារណជន​​​​​​ដែល​​​គាំទ្រ​​​​​​គណបក្ស​​​ប្រឆាំង​​​​​​នឹង​​​ក្រោក​​​ឈរ​​​ឡើង”។​​​​​​

លោក វណ្ណា ហៃ វ័យ​​​២៩​​​ឆ្នាំ ជា​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​និង​​​​​​ជា​​​អ្នក​​​ជំនាញ​​​​​​ខាង​​​ថាមពល​​​​​​ដែល​​​ធ្វើ​​​ការ​​​​​​នៅ​​​ប្រទេស​​​ជប៉ុន​​​​​​បាន​​​និយាយ​​​ថា ​​​ទោះ​​​បី​​​ជា​​​មាន​​​សក្តានុពល​​​​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​លែង​​​មាន​​​ប្រសិទ្ធភាព​​​ទាំង​​​បង្ខំ​​​ក៏​​​ដោយ ក៏​​​ចលនា​​​​​​ប្រឆាំង​​​នឹង​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ គឺ​​​ធំ​​​ជាង​​​គណបក្ស​​​មួយ​​​ដែរ។​​​

លោក ហៃ ដែល​​​មាន​​​គម្រោង​​​វិល​​​ត្រឡប់​​​មកធ្វើ​​​​​​យុទ្ធនាការ​​​​​​​​​​​​បោះ​​​ឆ្នោត​​​ក្នុង​​​ឆ្នាំ​​​២០១៨ បាន​​​និយាយ​​​ថា “​​​ខ្ញុំ​​​មិន​​​គិត​​​ថា រដ្ឋាភិបាល​​​​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​អាច​​​បំបែក​​​​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ទេ។ ប៉ុន្តែ​​​ប្រសិន​​​បើ​​​​​​យើង​​​​​​ត្រូវ​​​និយាយ​​​ថា ពួក​​​គេ​​​​​​ទទួល​​​ជោគ​​​ជ័យ​​​ក្នុង​​​ការ​​​បំបែក​​​គណបក្ស​​​ប្រឆាំង​​​នោះ បញ្ហា​​​របស់​​​គេ​​​​​​នឹង​​​មិន​​​ចប់​​​ឡើយ”។

លោក ហៃ បាន​​​និយាយ​​​បន្ថែម​​​ថា “​​​ពលរដ្ឋ​​​នឹង​​​ក្រោក​​​ឈរ​​​ឡើង ហើយ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​​​​រដ្ឋា​​​ភិបាល រហូត​​​ទាល់​​​តែ​​​យើង​​​មាន​​​មេដឹក​​​នាំ​​​ថ្មី។ ទោះ​​​បី​​​ជា​​​គេ​​​អាច​​​ទាត់​​​ប្រធាន[​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ]  លោក  សម រង្ស៊ី ឬ​​​អនុប្រធាន ​​​កឹម សុខា ចេញ​​​ក៏​​​ដោយ ក៏​​​យុវជន​​​និង​​​មនុស្ស​​​ដូច​​​ជា​​​ខ្ញុំ​​​​​​នឹង​​​ក្រោក​​​ឈរ​​​ឡើង”។​​​

តាម​​​វិធី​​​ណាមួយ លោក ហៃ បាន​​​និយាយ​​​ថា លោក​​​ជឿ​​​ថា​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​មិន​​​អាច​​​​​ប្រើ​​​​​​​​​យុទ្ធសាស្ត្រ​​​​​​ដដែល ​​​​​​​​​ដែល​​​ខ្លួន​​​​​​បាន​​​ប្រើ​​​កាល​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​កាលពី​​​មុន​​​បាន​​​ទៀត​​​ទេ ពីព្រោះ​​​ខ្លួន​​​​​​លែង​​​គ្រប់​​​គ្រង​​​បណ្តាញ​​​ផ្សព្វ​​​ផ្សាយ​​​ទាំង​​​អស់​​​ទៀត​​​ហើយ។​​​​​​

លោក ហៃ បាន​​​និយាយ​​​ថា “​​​​​​ស្ទើរ​​​តែ​​​​​​ពល​​​រដ្ឋ​​​ទាំង​​​អស់​​​នៅ​​​កម្ពុជា​​​​​​ឥឡូវ​​​នេះ​​​ គឺ​​​ខក​​​ចិត្ត​​​នឹង​​​​​​បណ្តាញ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​​​ ដូចជា​​​វិទ្យុ ទូរទស្សន៍​​​និង​​​កាសែត​​​​​​ក្នុង​​​​​​​​​​​​ស្រុក ហើយ​​​ពួក​​​គេ​​​ពឹង​​​ផ្អែក​​​លើ​​​ហ្វេស​​​ប៊ុក​​​ ដែល​​​មាន​​​អ្វីៗ​​​ស្ទើរ​​​គ្រប់​​​បែបយ៉ាង​​​ត្រូវ​​​គេ​​​ចែក​​​រំលែក​​​ឲ្យ​​​គ្នា”។​​​

លោក ហៃ បាន​​​និយាយ​​​ថា “គេ​​​ក៏​​​តាម​​​ដាន​​​ព័ត៌មាន​​​តាម​​​វិទ្យុ​​​អាស៊ី​​​សេរី សំឡេង​​​សហរដ្ឋ​​​អាមេរិក ឬ​​​វិទ្យុ​​​បារាំង​​​អន្តរជាតិ គឺ​​​ទាំង​​​អស់​​​ហ្នឹង​​​ជា​​​វេទិកា​​ព័ត៌មាន​​​ឯករាជ្យ​​​​​​ដែល​​​នាំ​​​មក​​​នូវ​​​ព័ត៌មាន​​​ពិត​​​​​​ដល់​​​ពួកគេ”។​​​

លោក ផៃ ស៊ីផាន អ្នកនាំ​​​ពាក្យ​​​​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​​​​មិន​​​ព្រួយ​​​បារម្ភ​​​នឹង​​​​​​របាយការណ៍​​​ជា​​​ញឹក​​​ញាប់​​​​​​និង​​​​​​ការ​​​និយាយ​​​អំពី​​​អំពើ​​​ហិង្សា​​​​​​រដ្ឋ​​​និង​​​ពុក​​​រលួយ​​​​​​ដែល​​​បង្កើត​​​ឲ្យ​​​មាន​​​ការ​​​ផ្សព្វផ្សាយ​​​យ៉ាង​​​ច្រើន​​​​​​តាម​​​ស្ថានីយ៍​​​ទាំង​​​នោះទេ​​​ ដោយ​​​​​​លោក​​​លើក​​​ឡើង​​​ថា មាន​​​មនុស្ស​​​តិច​​​តួច​​​ណាស់​​​ខ្វល់​​​។​​​​​​

លោក ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​វិទ្យុអាស៊ី​​​សេរី​​​និង​​​សំឡេង​​​សហរដ្ឋ​​​អាមេរិក​​​​​​គ្រាន់​​​តែ​​​​​​​​​និយាយ​​​ដដែល​​​ៗ​​​អំពី​​​ពុក​​​រលួយ​​​និង​​​ការ​​​រំលោភ​​​អំណាច​​​ ប៉ុន្តែ​​​នៅ​​​ថ្នាក់​​​ឃុំ​​​សង្កាត់​​​ ពល​​​រដ្ឋ​​​​​​ព្រួយ​​​បារម្ភ​​​អំពី​​​ទឹក សន្តិសុខ​​​និង​​​តម្លៃ​​​សេវាកម្ម។ យើង​​​កំពុង​​​តែ​​​បំពេញ​​​ចិត្ត​​​ប្រជា​​​ពល​​​រដ្ឋ​​​លើ​​​បញ្ហា​​​ទាំង​​​នេះ”។

ប៉ុន្តែ​​​​​​វា​​​ជា​​​ក្តី​​​ព្រួយ​​​បារម្ភ​​​អំពី​​​ពុក​​​រលួយ​​​ដ៏​​​រាល​​​ដាល​​​និង​​​ការ​​​រំលោភ​​​អំណាច​​​របស់​​​​​​រដ្ឋា​​​ភិបាល​​​​​​​​​ដែល​​​ចែក​​​រំលែក​​​ឲ្យ​​​ដឹង​​​​​​​​​តាម​​​បណ្តាញ​​​សង្គម ​​​ដែល​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ច្រើន​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ឆ្នាំ​​​២០១៣ ហើយ​​​​​​​​​ដែល​​​ត្រូវ​​​គេ​​​រក​​​ឃើញ​​​ថា​​​ជា​​​បញ្ហា​​​សំខាន់​​​បំផុត​​​​​​នៅ​​​ក្នុង​​​​​​ការស្ទង់​​​មតិ​​​នា​​​ឆ្នាំ​​​២០១៤​​​របស់​​​មូល​​​និធិ​​​អាស៊ី។​​​​​​​​​

អំពើ​​​ពុក​​​រលួយ​​​ត្រូវ​​​បាន​​​គេ​​​​​​លើក​​​ឡើង​​​ថា​​​ជា​​​បញ្ហា​​​ធំ​​​បំផុតបស់​​​កម្ពុជា​​​​​​ ដោយ​​​មាន​​​អ្នក​​​ឆ្លើយ​​​តប​​​ច្រើន​​​បំផុត​​​ គឺ​​​២៩​​​ភាគ​​​រយ​​​ ដែល​​​នៅ​​​បន្ទាប់​​​​​​មក​​​គឺ​​​​​​​​​ការ​​​អត់​​​ការងារ​​​ធ្វើ​​​​​​និង​​​ភាព​​​ក្រី​​​ក្រ​​​​​​​​​មាន​​​១៧​​​ភាគ​​​រយ “សេដ្ឋ​​​កិច្ច​​​ជា​​​ទូទៅ”​​​មាន​​​១៣​​​ភាគ​​​រយ និង​​​ជម្លោះ​​​នយោ​​​បាយ​​​និង​​​ការ​​​ប្រ​​​ជែង​​​​​​គូបដិបក្ស​​​មាន​​​៨​​​ភាគរយ។​​​​​​​​​

លោក សាម អ៊ិន មេដឹកនាំ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​យូរ​​​ឆ្នាំ​​​​​​ដែល​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​បាន​​​ជួយ​​​​​​បង្កើត​​​គណបក្ស​​​ប្រជាធិបតេយ្យ​​​មូល​​​ដ្ឋានបាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ប៉ុន​​​ប៉ង​​​នាពេល​​​ថ្មីៗ​​​នេះ​​​ដើម្បី​​​រារាំង​​​ការ​​​អប់​​​រំ​​​​​​សាធារណជន ដោយ​​​តាម​​​ដាន​​​​​​អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​​​​និង​​​អ្នក​​​វិភាគ​​​នយោបាយ​​​ គឺ​​​​​​ហាក់ដូច​​​ជា​​​​​​​​​រឿង​​​មួយ​​​លំបាក​​​នឹង​​​មាន​​​ប្រសិទ្ធភាព។​​​​​​

លោក អ៊ិន បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​សង្ស័យ​​​ថា ​​​យុទ្ធសាស្ត្រ​​​​​​ពួកគេ​​​មិន​​​អាច​​​មាន​​​ប្រសិទ្ធភាព​​​បាន​​​ទេ។ ​​​ការ​​​យល់​​​ដឹង​​​របស់​​​ពល​​​រដ្ឋ​​​​​​​​​គឺ​​​មាន​​​នៅ​​​ទី​​​នោះ​​​ហើយ​​​។ អ្នក​​​មិន​​​អាច​​​​​​​​​លុប​​​រឿង​​​នោះ​​​ចេញ​​​ពី​​​​​​ចិត្ត​​​គំនិត​​​របស់​​​ពល​​​រដ្ឋ​​​បាន​​​ទេ។ គេ​​​ដឹង​​​អំពី​​​សិទ្ធិ​​​ពួកគេ ហើយ​​​គេ​​​ចង់​​​បាន​​​ការ​​​ផ្លាស់​​​ប្តូរ”។​​​​​​

លោក សុខ ឥសាន អ្នកនាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាបញ្ជាក់​​​​​​ថា គណបក្ស​​​កាន់​​​អំណាច​​​​​​នៅ​​​តែ​​​ប្តេជ្ញា​​​​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​ថា ​​​រដ្ឋាភិបាល​​​​​​បាន​​​កំពុង​​​ធ្វើ​​​ការ​​​កាត់​​​បន្ថយ​​​បញ្ហា​​​រចនា​​​សម្ពន្ធ​​​ធំៗ ​​​​​​ដូច​​​ជា​​​អំពើ​​​ពុក​​​រលួយ​​​​​​និង​​​ទីផ្សារ​​​ការងារ​​​អសកម្ម​​​​​​ដែល​​​ទាក់​​​ទាញ​​​យុវជន​​​ឲ្យ​​​ចូល​​​កម្លាំង​​​ការងារ​​​ជាដើម​​​។​​​​​​​​​

លោក ឥសាន បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មាន​​​យុទ្ធសាស្ត្រ​​​​​​ចតុកោណ​​​ក្នុង​​​ដំណាក់​​​ការ​​​បី​​​ គឺ​​​ប្រឹង​​​បណ្តុះ​​​បណ្តាល​​​​​​វិជ្ជា​​​ជីវៈ​​​ដល់​​​​​​យុវជន អ៊ី​​​ចឹង​​​​​​វា​​​នឹង​​​ងាយ​​​ស្រួល​​​សម្រាប់​​​ពួកគេ​​​​​​រក​​​បាន​​​ការងារ ហើយ​​​យើង​​​បាន​​​ប្រឹង​​​ប្រែង​​​យ៉ាង​​​ច្រើន​​​ ដើម្បី​​​ពង្រីក​​​​​​ទីផ្សារ​​ការងារ…​​​តាម​​​រយៈ​​​ទាក់​​​ទាញ​​​វិនិយោគ​​​បន្ថែម​​​ទៀត”។​​​​​​

អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ប៉ុន្តែ​​​សូម្បី​​​តែ​​​វៀត​​​ណាម​​​​​​និង​​​ថៃ ដែល​​​មាន​​​ការ​​​អភិវឌ្ឍ​​​ជាង​​​ប្រទេស​​​យើង ក៏​​​មាន​​​កម្លាំង​​​ការងារ​​​ធ្វើ​​​ការ​​​នៅ​​​ក្រៅ​​​ប្រទេស​​​​​​​​​គេ​​​ដែរ។ ចំពោះ​​​កម្ពុជា ការ​​​ងារ​​​ក្រៅ​​​ប្រទេស​​​​​​មាន​​​ប្រាក់​​​កម្រៃ​​​ច្រើន​​​​​​ជាង​​​នៅ​​​ក្នុង​​​ប្រទេស”។​​​

លោក ឥសាន បាន​​​និយាយ​​​ថា “ដោយមាន​​​ចំណូល​​​បែបហ្នឹង ជីវភាព​​​គ្រួសារ​​​​​​របស់​​​កម្មករ​​​ទាំង​​​នេះ​​​ក៏​​​ធូរធារ​​​ដែរ ហើយ​​​ផ្ទះ​​​គេ​​​ក៏​​​ធំ​​​ដែរ បើយើង​​​ទៅ​​​តាម​​​ភូមិ”។​​​

ប៉ុន្តែ​​​លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ច្បាស់​​​ណាស់​​​ថា ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដឹកនាំ​​​ដោយ​​​លោក ហ៊ុន សែន គឺ​​​បាន​​​ឈប់​​​​​​​​​ខ្វល់​​​នឹង​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​​​​របស់​​​ប្រទេស ហើយ​​​ពេល​​​នេះ​​​​​​គឺ​​​ផ្តោត​​​លើ​​​ការ​​​ប្រឹង​​​ត្រដរ​​​​​​​​​​​​​​​​​​រស់​​​រាន​​​មាន​​​ជីវិត​​​របស់​​​ខ្លួន​​​ប៉ុណ្ណោះ។​​​​​​​​​

លោក រង្ស៊ី បាន​​​មានប្រសាសន៍​​​ថា “ហ៊ុន សែន គឺ​​​ឆ្លាត​​​ណាស់ នៅ​​​ពេល​​​ដែល​​​​​​ដល់​​​ចំណុច​​​ក្តោប​​​ក្តាប់​​​អំណាច​​​​​​ គឺ​​​មានន័យ​​​ថា ​​​បន្ត​​​ធ្វើ​​​​​​ឆ្លាត ឬ​​​មាន​​​​​​វិធានការ​​​​​​ដោយ​​​កលយុទ្ធ​​​អាក្រក់​​​​​​​​​ដែល​​​សំដៅ​​​លើ​​​ការ​​​លុប​​​បំបាត់​​​​​​​​​អ្នក​​​ណា​​​ដែល​​​លោក​​​គិត​​​ថា​​​ជា​​​សត្រូវ​​​និង​​​គូ​​​ប្រជែង​​​របស់​​​លោក​​​នោះ”។​​​​​​

លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “​​​ដូច្នេះ​​​ហើយ ទើប​​​​​​មាន​​​ការគ្រប់​​​គ្រង​​​​​​ខុស​​​លើ​​​​​​ប្រទេស​​​ជាតិ​​​​​​និង​​​ការ​​​ថ្នាក់​​​ថ្នាំង​​​ស្រពន់​​​ចិត្ត​​​របស់​​​ពលរដ្ឋ​​​កាន់​​​តែ​​​ខ្លាំង​​​ ដោយសារ​​​តែ​​​​​​​​​បក្ស​​​ពួក​​​និយម ពុករលួយ ភាពក្រីក្រ​​​ត្រាំត្រែង អយុត្តិធម៌សង្គម​​​ និទណ្ឌភាព និង​​​ការ​​​បង្ក្រាប​​​ផ្នែក​​​នយោបាយ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង”។​​​​​​

មេដឹកនាំ​​​ប​​​ក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​​​ការ​​​គំរាម​​​ដល់​​​មរណៈ​​​ដែល​​​ប្រឈម​​​ដោយ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា គឺ​​​មិន​​​មែន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទេ ប៉ុន្តែ​​​គណបក្ស​​​ប្រជា​​​ជន​​​ខ្លួន​​​ឯង​​​​​​ដែល​​​មិន​​​សម​​​តាម​​​កាល​​​សម័យ មាន​​​ភាពផ្ទុយ​​​គ្នា​​​ផ្ទៃ​​​ក្នុង និង​​​ភាព​​​មិន​​​ទាក់​​​ទង​​​គ្នា​​​របស់​​​ខ្លួន។ តើ​​​ឌីណូស័រ​​​ផ្នែក​​​នយោបាយ​​​អាច​​​មាន​​​ជីវិត​​​រស់​​​នៅ​​​ក្នុង​​​សម័យ​​​ទំនើប​​​បាន​​​ទេ?”​​​​​​​​​​​​៕(រាយការណ៍​​​បន្ថែម​​​ដោយ​​​កង សុធា)

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស