អាជ្ញាធរដែលស៊ើបអង្កេតផ្ទះមួយកន្លែងក្នុងខណ្ឌទួលគោកក្រុងភ្នំពេញ បានរឹបអូសយកជីនិងថ្នាំសម្លាប់សត្វល្អិតជាង២៦០កេសកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីអ្នកជិតខាងរបស់បុរសចិនរូបនេះត្អូញត្អែរអំពីក្លិនអាក្រក់ភាយចេញពីផ្ទះរបស់គាត់ ហើយដែលពួកគាត់បារម្ភថា អាចជាឧស្ម័នគ្រោះថ្នាក់។
យោងតាមចៅសង្កាត់ លោក នៅ ភក្តី បានឲ្យដឹងថា មន្ត្រីសង្កាត់ទឹកល្អក់ដំបូងឡើយបានពិនិត្យបរិវេណផ្ទះជួលនៅផ្លូវ២៤៥កាលពីយប់ថ្ងៃអង្គារ ប៉ុន្តែបានសម្រេចការពារផ្ទះនោះ និងត្រឡប់មកវិញនៅព្រឹកបន្ទាប់ ក្រោយពីសម្រេចថា ការឆែកឆេរនៅពេលយប់វាគ្រោះថ្នាក់ពេក។
លោក ភក្តី បាននិយាយថា “កម្លាំងរបស់យើងបានចាក់សោផ្ទះនោះជាបណ្តោះអាសន្ន និងបានត្រឡប់មកវិញនៅព្រឹកបន្ទាប់ដើម្បីធ្វើរបាយការណ៍។ ប៉ុន្តែយើងប្រាកដណាស់ថា ថ្នាំសម្លាប់សត្វល្អិត ឬជីត្រូវបានគេស្តុកនៅខាងក្នុងផ្ទះដោយគ្មានការអនុញ្ញាត”។ លោកបានបន្ថែមថា ផ្ទះនោះត្រូវបានជួលដោយជនជាតិចិន អាយុ៣២ឆ្នាំ ឈ្មោះ វូ ជុនឈៀង។
លោក សៀង បូរិន ប្រធានមន្ទីរកសិកម្មក្រុងបាននិយាយថា អ្នកជំនាញគីមីបានចូលអគារនោះនៅម៉ោងប្រហែល៩ព្រឹក ហើយបានរកឃើញជីនិងថ្នាំសម្លាប់សត្វល្អិត២៦៧កេស។
លោក បូរិន បាននិយាយថា “ទំនិញទាំងអស់បាននាំចូលមានអាជ្ញាប័ណ្ណ ប៉ុន្តែស្តុកទំនិញទាំងនោះនៅទីនេះដោយគ្មានការអនុញ្ញាត ហើយជីប្រភេទនេះមិនអាចស្តុកនៅជិតផ្ទះរបស់ប្រជាជនបានទេ ពីព្រោះវាមានគ្រោះថ្នាក់ដល់សុខភាព”។
លោកបាននិយាយថា “ក្នុងករណីនេះ ជីមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទេ…ប៉ុន្តែយោងតាមច្បាប់ ជីទាំងនោះស្តុកដោយខុសច្បាប់ ដែលអាចជាប់ពិន័យយ៉ាងហោចណាស់១០លានរៀល”។ លោកបានបន្ថែមថា សារធាតុគីមីត្រូវបានយកទៅរក្សាទុកនៅមន្ទីរកសិកម្មក្រុង។
យោងតាមលោក បូរិន ដែលបាននិយាយថា បុរសជនជាតិចិនរូបនេះធ្វើការនៅក្រុមហ៊ុន Li Zhen Qiu ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលនាំសារធាតុគីមីចូល បានឲ្យដឹងថា ជនជាតិចិនដែលជួលផ្ទះមិននៅផ្ទះទេ ពេលដែលគេធ្វើការឆែកឆេរនោះ។
អ្នកជិតខាង ឈ្មោះ ទុង យ៉េង អាយុ៦៧ឆ្នាំ បាននិយាយថា អ្នកភូមិបារម្ភខ្លាចថា ក្លិននោះពុល។
លោកបាននិយាយថា “ខ្ញុំមិនអាចទ្រាំនឹងក្លិននេះបានទេ ពីព្រោះវាធ្វើឲ្យខ្ញុំក្អក វាធុំក្លិនអាក្រក់ណាស់ វាអាចធ្វើឲ្យខូចសុខភាពរបស់យើង មានផ្ទះជាង៤០នៅជុំវិញទីនេះ។ ដូច្នេះខ្ញុំគិតថា អាជ្ញាធរគួរអនុវត្តច្បាប់ទាក់ទិននឹងករណីនេះ”៕ មានិត