37 C
Phnom Penh

បន្ទាប់ពីការបាញ់​ស្លាប់​នៅ​ព្រំដែន ប្រជាជន​ខ្មែរ​ច្រើនទៀត​នៅ​ចូល​ដី​ព្រៃ​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​ទាហាន​ថៃ​កាលពី​សប្តាហ៍​មុន​បាន​បាញ់​ស្លាប់​ពលរដ្ឋ​ខ្មែរ​បី​នាក់​ដែល​បាន​ចូល​ប្រទេស​ថៃ​ដើម្បី​កាប់​ឈើ​ប្រណីត អភិបាល​ស្រុក​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ​គិត​ថា ដល់​ពេល​សមស្រប​ហើយ​ដើម្បី​ព្រមាន​អ្នក​ភូមិ​អំពី​គ្រោះថ្នាក់​ពី​ការ​ឆ្លង​ព្រំដែន។

លោក ជា គឹមសេង អភិបាល​ស្រុក​ជាំក្សាន្ត ដែល​មាន​ព្រំដែន​ជាប់​ខេត្ត​ឧប៊ុន រ៉ាតឆាថានី របស់​ប្រទេស​ថៃ​បាន​និយាយ​ថា “[កាលពី​ថ្ងៃ​ព្រហស្បតិ៍] យើង​បាន​បើក​វេទិកា​សាធារណៈ​មួយ​អំពី​ការ​ប្រថុយ​ប្រថាន​ជីវិត​របស់​អ្នកភូមិ​ក្នុង​ការ​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់​ចូល​ព្រៃ​ថៃ”។

លោក គឹមសេង បាន​និយាយ​ថា ប៉ុន្តែ​ក្នុង​ពេល​ដែល​វេទិកា​ក្នុង​ភូមិឈើទាលគង ឃុំ​ជាំក្សាន្ត កំពុង​ប្រព្រឹត្ត​ទៅ ប៉ូលិស​បាន​ប្រាប់​លោក​ថា ពួកគេ​ទើប​បាន​ឃើញ​បុរស​ប្រាំ​នាក់​សែង​បុរស​ទី៦​របួស​ភៀស​ខ្លួន​ពី​ព្រំដែន​ថៃ​មក។

លោក​បាន​និយាយ​ថា “បុរស​ប្រាំ​នាក់​មាន​ទាំង​ជនរងគ្រោះ​របួស​ម្នាក់​ផង​បាន​រត់​គេច​ចេញពី​ការ​បាញ់​ប្រហារ​នៅ​ថៃ​នា​ម៉ោង​៤​ល្ងាច”។ លោក​បាន​បន្ថែម​ថា ប៉ូលិស​បាន​ប្រាប់​លោក​ថា ក្រុម​នេះ​បាន​ឆ្លង​ចូល​ប្រទេស​ថៃ​រក​ឈើ​ប្រណីត​កាលពី​ថ្ងៃ​អាទិត្យ។

អភិបាល​ស្រុក​រូប​នេះ​បាន​ប្រាប់​ថា អ្នក​របួស​ឈ្មោះ អិន តូច អាយុ​២៨​ឆ្នាំ ត្រូវ​គេ​បាញ់​ចំ​ខ្នង​និង​ចំ​ត្រគាក។

លោក​បាន​និយាយ​ថា “គាត់​ជា​អ្នក​ភូមិ​នៅ​ឃុំ​ជាំក្សាន្ត។ សាច់​ញាតិ​របស់​គាត់​បាន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សៀមរាប”។

លោក គឹម សេង បាន​និយាយ​ថា តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ក្រុម​នេះ​មកដល់ បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​បាន​រត់​ចូល​ភូមិ ដោយ​គេច​រួច​ប្រផិត​ប្រផើយ​ពី​ទាហាន​ថៃ។ លោក​បាន​បន្ថែម​ថា ​លោក​មិន​បាន​សួរ​ឈ្មោះ​របស់​បុរស​នោះ​ទេ។

អភិបាល​ស្រុក​រូប​នេះ​បាន​និយាយ​ថា លោក​បាន​សម្ភាស​បុរស​នោះ​ផ្ទាល់ ដែល​បាន​ប្រាប់​លោក​ថា គាត់​និង​មនុស្ស​១៤​នាក់​ផ្សេងទៀត​មក​ពី​ខេត្ត​កំពត បាន​ចូល​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​រក​ឈើ​ប្រណីត។

លោក​បាន​និយាយ​ថា បុរស​នេះ​បាន​ប្រាប់​លោក​ថា ទាហាន​ថៃ​បាន​ប្រទះ​ឃើញ​ក្រុម​នេះ ហើយ​បាន​បាញ់​តែម្តង។ ខណៈ​ដែល​បុរស​នេះ​បាន​គេច​ខ្លួន​រួច មនុស្ស​១៤​នាក់​ផ្សេងទៀត​ត្រូវ​បាន​ចាប់​ខ្លួន។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “ឥឡូវ​នេះ យើង​បាន​នាំ​គាត់​ទៅ​ប៉ុស្តិ៍​របស់​យើង​ដើម្បី​សាកសួរ​ថែម​ទៀត ថា​ពួកគាត់​លួច​ចូល​ព្រៃ​ថៃ​របៀបណា និង​នរណា​ដែល​រៀបចំ​ឲ្យ​ពួកគេ”។

លោក គឹម សេង បាន​និយាយ​ថា កាលពី​ថ្ងៃ​ពុធ មន្ត្រី​នៅ​ខេត្ត​ព្រះវិហារ ​បាន​និយាយ​ថា ទាហាន​ថៃ​បាន​បាញ់​សម្លាប់​អ្នក​កាប់​ឈើ​ជាជន​ជាតិ​ខ្មែរ​បី​នាក់ និង​បាញ់​របួស​ម្នាក់​កាលពី​សប្តាហ៍​មុន។ អ្នក​របួស​និង​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ មកពី​ភូមិឈើ​ទាល។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ អភិបាល​ស្រុក​នេះ​បាន​និយាយ​ថា ប៉ូលិស​ស្រុក​នឹង​ស្រាវជ្រាវ​នៅ​ថ្ងៃ​នេះ​រក​អ្នក​ដែល​ព្យាយាម​ឆ្លង​ព្រំដែន ដើម្បី​ឃាត់​និង​បញ្ជូន​ពួកគេ​ទៅ​ផ្ទះ​វិញ។ លោក​បាន​និយាយ​ថា “បញ្ហា​នេះ​ធ្វើ​ឲ្យ​ភូមិ​របស់​យើង​ខ្វល់​ខ្វាយ​ណាស់”៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស