លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានមន្ត្រីអំពីការរៀបចំបែបបទប័ណ្ណការងារសម្រាប់បុគ្គលិកបរទេស ឲ្យប្រកាន់ខ្ជាប់់យ៉ាងម៉ឹងម៉ាត់នូវច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់ បើពុំនោះទេប្រឈមនឹងការចុះមកពិនិត្យពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ។
នៅពេលថ្មីៗនេះ រដ្ឋាភិបាលបានចាប់ផ្តើមពង្រឹងការអនុវត្តបទប្បញ្ញត្តិច្បាប់ដែលចេញយូរមកហើយប៉ុន្មានតែច្រើនតែមិនអនុវត្ត ដែលតម្រូវឲ្យបុគ្គលិកបរទេសទាំងអស់ក្នុងប្រទេសនេះកាន់ប័ណ្ណការងារ ហើយការនេះបណ្តាលឲ្យមានភាពច្របូកច្របល់និងការធុញទ្រាន់នៅទូទាំងសហគមន៍ជនបរទេសនៅកម្ពុជា។
ថ្លែងនៅពេលបញ្ចប់ការប្រជុំប្រចាំឆ្នាំរយៈពេលពីរថ្ងៃរបស់ក្រសួងការងារក្នុងក្រុងភ្នំពេញ លោក អិុត សំហេង បានមានប្រសាសន៍ថា មន្ត្រីមាន”ភាពចន្លោះប្រហោង”ខ្លះក្នុងការចេញប័ណ្ណនេះ។
លោកបានមានប្រសាសន៍ថា “នេះជាបញ្ហារសើប ពីព្រោះនៅពេលដែលជនបរទេសមានបញ្ហាតូចមួយ ពួកគេស្រែក និងមួម៉ៅ ហើយវានឹងប៉ះពាល់ដល់ការវិនិយោគ។ ដូច្នេះយើងត្រូវអនុវត្តយ៉ាងទៀងទាត់និងត្រឹមត្រូវ។ យើងត្រូវពិនិត្យការពិន័យនិងទោសទណ្ឌដោយយកចិត្តទុកដាក់។
លោកបានមានប្រសាសន៍ថា “ក្នុងខេត្តមួយចំនួន មានភាពចន្លោះប្រហោងច្រើនក្នុងការអនុវត្ត ដូច្នេះនៅឆ្នាំនេះ យើងត្រូវអនុវត្តឲ្យបានត្រឹមត្រូវនិងកុំឲ្យមានភាពចន្លោះប្រហោង។ នៅពេលមន្ត្រីធ្វើខុស ពួកគេត្រូវទទួលខុសត្រូវដោយខ្លួនឯង ដូច្នេះត្រូវប្រយ័ត្ន។ ពេលណាអង្គភាពប្រឆាំងអំពើពុករលួយរកឃើញកំហុស គ្មាននរណាអាចជួយអ្នកបានទេ”។
យោងតាមក្រសួងការងារបានឲ្យដឹងថា កាលពីឆ្នាំមុនរដ្ឋាភិបាលបានចេញប័ណ្ណការងារចំនួន២០.០០០ កើនពី៨.០០០ពីមួយឆ្នាំមុន។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីការប្រជុំកាលពីថ្ងៃព្រហស្បតិ៍ លោក អិុត សំហេង បានពន្យល់បន្ថែមបន្តិចលើសេចក្តីប្រកាសរបស់លោកនៅថ្ងៃមុនថា រោងចក្រកាត់ដេរបានទទួលការព្រមានចំពោះការរំលោភច្បាប់ការងារក្នុងឆ្នាំ២០១៤។
លោកបានមានប្រសាសន៍ថា ការព្រមានបានធ្វើឡើងនៅរយៈពេលប្រាំមួយខែចុងក្រោយនៃឆ្នាំមុន ហើយថា រោងចក្រនឹងមានពេលមួយខែទៅបីខែដើម្បីកែកំហុសរបស់ខ្លួន បើពុំនោះទេនឹងប្រឈមការពិន័យជាប្រាក់ពីមួយលានរៀលទៅបួនលានរៀល។
ប៉ុន្តែលោករដ្ឋមន្ត្រីមិនព្រមប្រាប់ឲ្យដឹង ថារោងចក្រណាមួយដែលមិនព្រមធ្វើតាមទេ ព្រោះខ្លាចខូចកេរ្តិ៍ឈ្មោះរោងចក្រទាំងនោះ។ “វានឹងប៉ះពាល់កេរ្តិ៍ឈ្មោះ ការនាំចេញនិងកម្មកររបស់រោងចក្រ ដូច្នេះគួរកុំផ្សព្វផ្សាយវាអី”៕ មានិត