31 C
Phnom Penh

ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​ហេតុការណ៍​វាយ​តប់គ្នា​ជុំវិញ​​ប្រាក់​ចំណេញ​បាន​ពីការ​ប្រគុំតន្ត្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​នៅ​ក្នុង​វីឡាជួល​មួយ​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​បុរស​ជនជាតិ​ម៉ុលដាវីម្នាក់​​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​តប់​គ្នា​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ភាគីម្ខាង​​បាន​ទាម​ទារ​ចំណែក​នៃ​ប្រាក់​ចំណេញ​បាន​មកពី​ការ​ប្រគុំតន្ត្រី​ Kazantip ដែល​នឹង​ធ្វើ​ឡើង​នាពេលឆាប់ៗ​។russian2

លោក ម៉ែន វន្នី នាយ​ការិយាល័យ​នគរ​បាល​​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​​ខេត្ត​នេះ​​បាន​លើក​ឡើង​ថា ការ​​វាយ​តប់​គ្នា​បាន​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​សុក្រ​ នៅ​សណ្ឋាគារ និង​កាស៊ីណូ Queenco ក្នុង​សង្កាត់​លេខ៣ នៅ​ពេល​​បុរស​មួយ​ក្រុម​មាន​គ្នា​ប្រាំមួយ​នាក់​ដើរ​សំដៅទៅកាន់​ក្រុម​មួយ​ទៀត​ដែល​មាន​គ្នា​បួន​នាក់​។

លោក វន្នី បាន​លើក​ឡើង​ទៀត​ថា សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម​ដែល​មាន​គ្នា​បួន​នាក់​គឺ​ជា​អ្នក​គ្រប់គ្រងទូទៅ​នៅ​ក្រុម​ហ៊ុន​ទេសចរណ៍ Lotus Tours ដែល​មាន​ការិយាល័យ​​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​នេះ និង​​ដែល​កំពុង​លក់​សំបុត្រ​សម្រាប់​ការ​ចូល​ទស្សនា​ការ​ប្រគុំតន្ត្រី Kazantip។ ការ​ប្រគុំតន្ត្រី​ Kazantip ជា​ប្រភេទ​តន្ត្រី​កន្ត្រាក់​​អារម្មណ៍​​មាន​ប្រភព​ចេញពី​​តំបន់​គ្រីមៀ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កោះពស់​ចាប់ពី​ថ្ងៃពុធ រហូត​ដល់​ដំណាច់​ខែ​កុម្ភៈ​នេះ​។

លោក វន្នី បាន​លើក​ឡើង​បន្ត​ទៀត​ថា មនុស្ស​បីនាក់​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​នេះ​គឺ​ជា​ភ្ញៀវ​ទេសចរ និង​ជា​មិត្ត​ភក្ដិ​របស់​អ្នក​គ្រប់​គ្រង​ទូទៅ​រូប​នេះ​។

លោក វន្នី បាន​លើក​ឡើង​ដោយ​​ដក​ស្រង់​សេចក្ដី​រាយការណ៍​ដែល​សាក្សី​បាន​ប្រាប់​នគរ​បាល​​មក​ថា មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​អង្គុយ​ចុះ ក្រុម​ដែល​មាន​គ្នា​ចំនួន​ប្រាំមួយ​នាក់​បាន​ទាម​ទារ​ចំណែក​នៃ​ប្រាក់​ចំណេញ​បាន​មកពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគុំតន្ត្រី​ Kazantip នេះ។

លោក​បានមាន​ប្រសាសន៍​ថា “ពួកគេ​បាន​និយាយ​ថា ខ្លួន​ស្គាល់​ប្រពន្ធ និង​កូន​របស់​គាត់ [អ្នកគ្រប់គ្រងទូទៅ​] ​​ច្បាស់​ណាស់​ ហើយ​បាន​ទាម​ទារ​​​ពី​គាត់​នូវ​ចំណែក​៥០ភាគរយ​នៃ​ប្រាក់​ចំណេញ​បាន​មកពី​ការ​លក់​សំបុត្រ​។ ពួកគេ​បាន​និយាយ​ថា ប្រសិន​បើ​គាត់​មិន​យល់ព្រមទេ ពួកគេ​នឹង​សម្លាប់​ប្រពន្ធ​កូន​របស់​គាត់​”។

លោក វន្នី បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ពេល​អ្នកគ្រប់​គ្រង​រូប​នេះ​បដិសេធ​មិន​ព្រម​ផ្ដល់​ចំណែក​នៃ​ប្រាក់​ចំណេញ​ មាន​បុរស​ពីរ​នាក់​ទៀត​បាន​ចូល​រួម​ជាមួយ​ក្រុម​​មាន​គ្នា​ប្រាំមួយ​នាក់ ហើយបាន​​ចាប់ផ្ដើម​វាយ​ប្រហារ​ទៅ​លើក្រុម​មាន​គ្នា​បួន​នាក់​តែ​ម្ដង​។ ហើយ​មាន​តែ​បុរស​ម្នាក់​ប៉ុណ្ណោះ​​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​មាន​គ្នា​បួន​នាក់​ និង​ដែល​លោក វន្នី ​បាន​កំណត់​អត្តសញ្ញាណ​ថា ជា​បុរស​ជនជាតិ​​ម៉ុលដាវី អាយុ​២០​ឆ្នាំនោះ​បាន​រង​របួស។

លោក វន្នី បានមាន​ប្រសាសន៍​ថា “ជនរងគ្រោះ​ត្រូវ​គេ​ចាក់​ចំ​ឆ្អឹង​ជំនី​ខាង​ឆ្វេង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​​គ្លីនិក​មួយ​ក្នុង​មូលដ្ឋាន​”។

លោក​បានបន្ថែម​ទៀត​ថា សាក្សី​បាន​រាយ​ការណ៍​ថា មាន​ការ​បាញ់​កាំភ្លើង​ ប៉ុន្តែ​ថា នគរ​បាល​​មិន​បាន​​រក​ឃើញ​សំបកគ្រាប់​នៅ​កន្លែង​កើត​ហេតុ​ឡើយ​។ បន្ទាប់ពី​ការ​វាយ​តប់គ្នា ក្រុម​មាន​គ្នា​ប្រាំបីនាក់​បាន​គេច​ខ្លួន​​តាម​រថយន្ត​លុចស៊ីស និង​រថយន្ត​​ម៉ាក់​តាកូម៉ា។ ហើយ​នគរ​បាល​បាន​ដេញ​តាម​ពួកគេ​រហូត​ដល់​វីឡា​ជួល​មួយ​ក្នុង​សង្កាត់​លេខ​៣។ បន្ទាប់មក​នគរ​បាល​បាន​ឡោមព័ទ្ធ​វីឡា​នេះ ប៉ុន្តែ​មិន​បាន​ឆ្មក់​ចូល​​រហូត​ដល់​ព្រឹក​ថ្ងៃសៅរ៍។ អំឡុង​ការ​ឆ្មក់​ចូល​ នគរ​បាល​​បាន​ចាប់​ខ្លួន​ជនជាតិ​រុស្ស៊ីពីរ​នាក់ពី​បទ​សង្ស័យ​ថា បង្ក​របួស​ស្នាម​​ដោយ​ចេតនា ហើយ​ជន​ទាំង​ពីរ​នាក់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃស្អែក​។

នគរ​បាល​​ក៏​បាន​រឹបអូស​កាំភ្លើង​ខ្យល់​ដែល​មើល​ទៅ​ដូច​កាំភ្លើងខ្លីពិតៗ​ចំនួន​បី​ដើម កាំភ្លើង​ឆក់​ចំនួន​បីដើម កាំបិត​មួយ និង​​ដែកបំពង់ទីប​មួយ​​ដើម​ផង​ដែរ​។

លោក កុល ផល្លី ស្នង​ការ​រង​នគរ​បាល​ខេត្ត​នេះ​​បាន​កំណត់​អត្តសញ្ញាណ​ជនជាតិ​រុស្ស៊ី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​ពីរ​នាក់​នោះ​ថា មាន​ឈ្មោះ Alexey Burlacov អាយុ​៣១​ឆ្នាំ និង​ Aleksandr អាយុ​៣០​ឆ្នាំ។

លោក ផល្លី បានមាន​ប្រសាសន៍​ថា “ឥឡូវ​នេះ​ អ្នក​ទាំងពី​រនាក់​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ស្នងការដ្ឋាន​នគរ​បាល​របស់​យើង​ ហើយ​យើង​កំពុង​តែ​សាកសួរ​ពួកគេ​អំពី​បញ្ហា​នេះ​”។ លោក​បាន​បន្ថែម​ទៀត​ថា នគរ​បាល​​កំពុង​តែ​ស៊ើបអង្កេត​លើ​ករណី​​វាយ​តប់គ្នា​នេះ​ហើយ​ ហើយ​កំពុង​តែ​តាម​ស្វែង​​រក​ជនសង្ស័យ​បន្ថែម​ទៀត​។

តែទោះ​ជាយ៉ាង​ណា លោក​ Vladimir Palancica អាយុ​៣០​ឆ្នាំ ជា​អ្នកគ្រប់គ្រងទូទៅ​នៅ​ក្រុម​ហ៊ុន​ទេសចរណ៍ Lotus Tours បាន​លើក​ឡើង​ថា ​បុរស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​មិន​មែន​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​វាយ​ប្រហារ​មក​លើ​ក្រុម​លោក​ឡើយ​។

លោក Palancica បាន​មាន​ប្រសាសន៍​ថា “អ្នក​ទាំងពីរ​នាក់​នេះ​មិន​មែន​ជា​ជនល្មើស​ឡើយ”។ លោក​បាន​កំណត់​អត្តសញ្ញាណ​មេខ្លោង​​របស់​ក្រុម​ដែល​វាយ​ប្រហារ​មក​លើ​រូប​លោក​ថា ជា​បុគ្គលិក​ម្នាក់​​របស់​លោក Nikolai Doroshenko ដែល​ជា​អ្នក​ជំនួញ​ជនជាតិ​រុស្ស៊ី​ដ៏​លេចធ្លោ និង​ដែល​រស់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ជាយូរ​មក​ហើយ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “អ្នក​ទី១​ដែល​បាន​ចាប់​ផ្ដើម​បាញ់​កាំភ្លើង គឺ​ធ្វើ​ការ​ឲ្យ​លោក Doroshenko ព្រោះ​ខ្ញុំ​បាន​ឃើញ​ម្នាក់​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​ ហើយ​​​ជននេះ​​បាន​​ណែនាំខ្លួន​ឯង​​ថា ជា​មេក្រុម​សន្តិសុខ​របស់​លោក Doroshenko។ យប់​នៅ​ក្នុង​សណ្ឋាគារ​ Queenco នោះ​​ ជននេះ​បាន​មក​ជាមួយ​មនុស្ស​ចំនួន​១០​នាក់​ប្រដាប់​ដោយ​កាំបិត កាំភ្លើង និង​អ្វីៗ​ផ្សេងៗទៀត”។

លោក Ostap Doroshenko កូនប្រុស​របស់​លោក Doroshenko បាន​លើក​ឡើង​ថា បុរស​ដែល​លោក​ Palancica សំដៅ​លើ​នោះ​​មិន​មែន​ធ្វើ​ការ​ឲ្យ​គ្រួសារ​របស់​លោក​ឡើយ​។

លោក​បាន​​មាន​ប្រសាសន៍​ថា “ខ្ញុំ​ស្គាល់​ឈ្មោះ​របស់​ជននេះ​ ប៉ុន្តែ​ជននេះ​មិន​ដែល​ធ្វើ​ការ​​ឲ្យ​យើង​ទេ”។ លោក​បាន​បន្ថែម​ថា ទាំង​លោក និង​ឪពុក​របស់​លោក​បាន​ចាក​ចេញទៅ​ប្រទេស​ថៃ​កាលពី​ដើម​សប្ដាហ៍​មុន ហើយ​មិន​ពាក់​ព័ន្ធ​នៅ​ក្នុង​ហេតុ​​ការណ៍​វាយ​តប់គ្នា​កាលពី​ថ្ងៃសុក្រឡើយ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ” ខ្ញុំ​មិន​ដឹង​ថា នរណា​​បង្ក​បញ្ហា​នៅ​ទីនោះ​ឡើយ។ វា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ខ្ញុំ​ហើយ​នឹង​គ្រួសារ​របស់​ខ្ញុំឡើយ​”៕ ស៊ុយឈាង (រាយការណ៍​បន្ថែម​ដោយ Ben Woods)​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស