38 C
Phnom Penh

អ្នកភូមិ​​​ខេត្ត​​​កោះ​​​កុង​​​ស្នើ​​​​​​សុំ​​​ឲ្យ​​​តុលាការ​​​លុបចោល​​សេចក្តី​​​បង្គាប់​​​​​​បណ្តេញ​​​ចេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​អ្នក​​​ភូមិ​៤៧​គ្រួសារ​​ក្នុង​ខេត្ត​កោះ​​​កុង ដែល​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ចេញ​​​សេចក្តី​​​បង្គាប់​​​​ឲ្យ​​​ប្រគល់​ផ្ទះ​សំបែង​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ចិន ដែល​អះ​​​អាង​សិទ្ធ​ិកាន់​កាប់​តំបន់​នោះ​ បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​ស្នើ​សុំ​ឲ្យ​​លុប​ចោល​​សេចក្ដី​ជូន​ដំណឹង​ពី​​​ការ​បណ្ដេញ​ចេញ​នោះ។

នៅ​ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃទី២ ខែ​កុម្ភៈ លោក ចេង ប៊ុនលី អនុប្រធាន​សាលា​ដំបូង​ខេត្ត​កោះកុង បាន​បង្គាប់​ឲ្យ​គ្រួសារ​ទាំង​នេះ​ប្រគល់​អចលនទ្រព្យ​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុម​ហ៊ុន Union Development Group (UDG) ដែល​អភិវឌ្ឍ​ឧទ្យានជាតិ​បទុម​​​សាគរ​ លើ​​​ផ្ទៃ​ដី​៤៥.០០០​ហិក​​​តា​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ ដែល​ចំណាយ​​​ទឹក​ប្រាក់​៣,៨ពាន់​លាន​ដុល្លារ​។ ចាប់តាំង​ពី​ឆ្នាំ​២០០១​មក ក្រុម​ហ៊ុន​នេះ​បាន​បណ្ដេញ​អ្នកភូមិ​ប្រហែល​១.០០០​គ្រួសារ​ចេញ​ពី​តំបន់​គម្រោង​។

អ្នកភូមិ​ដែល​នៅ​សេសសល់​៤៧​គ្រួសារ​ទៀត​លើក​ឡើង​ថា ពួកគាត់​បាន​រស់​នៅ​ និង​ធ្វើ​ស្រែចម្ការ​លើ​ដី​នេះ​ច្រើន​ទសវត្សរ៍​មក​ហើយ​ ដែល​​​តាម​ច្បាប់​ភូមិបាល​កម្ពុជា​ត្រូវ​ប្រគល់​សិទ្ធិ​កាន់​កាប់​ដីធ្លី​ដល់​​​ពួកគាត់។

គ្រួសារ​អ្នកភូមិ​​​ទាំង​នោះ​​បាន​ធ្វើ​​​​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ចុះ​​​កាល​​​បរិច្ឆេទ​​​​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ដាក់​ជូន​នៅ​ថ្ងៃ​ដដែល​ទៅ​លោក​ ប៊ុនលី ដោយ​ផ្ទាល់។

ពាក្យ​បណ្ដឹង​នោះ​មាន​ខ្លឹមសារ​ថា “យើង​​​ជា​ប្រជាពលរដ្ឋ​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​អ្នក​​​ក្រីក្រ ហើយ​ពឹង​ផ្អែក​​លើ​​​ការ​នេសាទ ការ​ចម្លង​ទូក និង​ការ​ធ្វើ​ស្រែចម្ការ​ ហើយ​​​មិន​មាន​ដី​​​ធ្លី​​​​ ឬ​ផ្ទះ​សំបែង​​ក្រៅ​ពី​ផ្ទះ​បច្ចុប្បន្ន​របស់​យើង​ឡើយ។ សេចក្ដី​បង្គាប់​របស់​ចៅក្រម​ដូច​ជា​សម្លាប់​​​ពួក​​​យើង​អ៊ីចឹង។ ហេតុ​ដូច្នេះ​ហើយ…​សូម​លុប​ចោល​សេចក្ដី​បង្គាប់​នេះ​​​ទៅ​”។

លោក ប្រាក់ ថន តំណាង​ម្នាក់​​ក្នុង​ចំណោម​តំណាង​ប្រាំ​នាក់​របស់​​​អ្នកភូមិ​៤៧​គ្រួសារ ដែល​បាន​ចារ​លើ​ពាក្យ​បណ្ដឹង​នោះ​បាន​និយាយ​​កាលពី​ម្សិលមិញ​ថា លោក​បាន​រស់​នៅ​លើ​ដី​​​នេះ​​ចាប់​តាំង​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩​មក​ម្លេ៉ះ ហើយ​មិន​ដែល​ទទួល​បាន​សំណង​​ពី​​​ក្រុម​ហ៊ុន​ UDG ឡើយ។

លោក​បាន​និយាយ​ថា “ពួក​​​គេ​និយាយ​ថា យើង​ជំពាក់​បំណុល​ពួកគេ ដូច្នេះ​ពួកគេ​ចង់​ឲ្យ​យើង​ចាក​ចេញ​ពី​ផ្ទះ​របស់​យើង​។ ប៉ុន្តែ​យើង​មិន​បាន​ជំពាក់​បំណុល​​​ពួក​​​គេ​​​ឡើយ​។ យើង​មិន​បាន​​​​​​​ទទួល​​សំណង​ណាមួយ​​​សម្រាប់​ដីធ្លី​របស់​យើង​នៅ​ក្នុង​ភូមិ​នេះ​ឡើយ​”។

លោក អុិន គង់​​​ចិត្រ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លី​​​កា​​​ដូ​ប្រចាំ​ខេត្ត​នេះ​មាន​មាន​ប្រសាសន៍​ថា គ្រួសារ​អ្នកភូមិ​​​ទាំង​នេះ​​​មានការ​​​អះ​​​អាង​​​​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ច្រាន​ចោល​​​សេចក្តី​​​បង្គាប់​​​នៃ​​​ការ​បណ្ដេញ​ចេញ ពីព្រោះ​តុលាការ​មិន​បាន​ស៊ើបអង្កេត​ពី​​​ការ​អះ​​​សិទ្ធិ​កាន់​កាប់​ដី​​​ធ្លី​​​របស់​​​ពួកគាត់​​​នោះ​មុន​ពេល​ចេញ​សេចក្ដី​បង្គាប់​ឡើយ​។

លោក ប៊ុនលី មិន​អាច​ទាក់​ទង​បាន​ទេ​​​​កាលពី​ម្សិលមិញ។ លោក ប៊ុន លើត អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​មិន​មាន​សិទ្ធិ​អន្តរាគមន៍​ក្នុង​ករណី​នេះ​ទេ ពីព្រោះ​ករណី​នេះ​ស្ថិត​ក្នុង​ដៃ​តុលាការ៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស