ក្រុមមន្ត្រីបាននិយាយកាលពីមិ្សលមិញថា មន្ត្រីកងរាជអាវុធហត្ថម្នាក់ និងទាហានកងយោធពលខេមរភូមិន្ទចូលនិវត្តម្នាក់ត្រូវបានឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បន្ទាប់ពីវាយអ្នករើសអេតចាយមួយក្រុមមានគ្នា១១នាក់ ដែលតាមចោទថាបានលួចសម្លៀកពាក់ឈុតក្នុងប្រពន្ធរបស់ខ្លួន។
លោក ឡាយ ផាន់នី នាយប៉ុស្តិ៍សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានមានប្រសាសន៍ថា បុរសពីរនាក់នេះដែលលោកមិនស្គាល់ឈ្មោះទំនងជាស្រវឹងស្រានៅពេលពួកគេវាយមនុស្សមួយក្រុមនេះកាលពីរសៀលថ្ងៃសៅរ៍។
លោក ផាន់នី បានមានប្រសាសន៍ថា “ពួកគេបានចាប់ផ្ដើមវាយមនុស្សគ្រប់គ្នាដែលពួកគេបានជួប ហើយពួកគេមិនខ្វល់ថា ជាមនុស្សចាស់ឬក្មេងឡើយ ពួកគេវាយដៃ ជើង និងខ្នង”។ លោកបានបន្ថែមថា ស្ត្រីមានផ្ទៃពោះម្នាក់ត្រូវបានវាយចំក្បាល ហើយបានធូរស្រាលហើយនៅក្នុងមន្ទីរពេទ្យ។
លោកបានមានប្រសាសន៍ថា “ក្មេងមួយចំនួនត្រូវបានវាយដំ ចំណែកអ្នកដែលមានសំណាងមួយចំនួនទៀតបានរត់គេចខ្លួនដើម្បីសុវត្ថិភាព ហើយមិនបានរងរបួសឡើយ”។
លោក ផាន់នី បានមានប្រសាសន៍ថា មន្ត្រីកងរាជអាវុធហត្ថរូបនេះបានចោទប្រកាន់អ្នករើសអេតចាយមួយក្រុមដែលរស់នៅក្នុងតំបន់អនាធិបតេយ្យតាមផ្លូវរថភ្លើងខាងក្រោយផ្ទះរបស់គាត់ថា បានលួចសម្លៀកបំពាក់ឈុតក្នុងពីផ្ទះរបស់លោក។
លោក អ៊ុក គឹម ចៅសង្កាត់ស្វាយប៉ោ បានមានប្រសាសន៍ថា មន្ត្រីរូបនេះ និងទាហានចូលនិវត្តត្រូវបានថ្នាក់លើរបស់ខ្លួនហៅមកអប់រំ ហើយសន្យាថានឹងមិនវាយដំនរណាម្នាក់ទៀតឡើយនៅពេលអនាគត។
លោក អ៊ុក គឹម បានមានប្រសាសន៍ថា “ពួកគេត្រូវបានអប់រំកុំឲ្យធ្វើដូចនេះទៀត ហើយបញ្ហានេះត្រូវបានដោះស្រាយរវាងពួកគេនិងអ្នករងរបួស ដោយការសន្យាថាពួកគេនឹងមិនធ្វើរឿងនេះទៀតឡើយ។
ទោះជាយ៉ាងណា លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានមានប្រសាសន៍ថា បុរសទាំងពីរនាក់នេះកំពុងត្រូវឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនៅឡើយកាលពីម្សិលមិញ ហើយនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តដើម្បីសាកសួរនៅថ្ងៃនេះ។
លោក ខេង ទីតូ បានមានប្រសាសន៍ថា “ជនសង្ស័យទាំងពីរនាក់នេះនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃស្អែក តែលោកបានបដិសេធមិនប្រាប់ឈ្មោះ ឬឋានន្តរស័ក្ដិបុរសទាំងពីរនាក់នេះឡើយ”៕សារុន