30.7 C
Phnom Penh

អាជ្ញាធរ​បញ្ជា​ឲ្យ​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​បញ្ឈប់ការ​ព្យាបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​បាត់​ដំបង​បាន​ចេញ​បទ​បញ្ជា​ឲ្យ​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​​ចំនួន​ប្រាំបួន​នាក់​ បិទ​កន្លែង​ព្យាបាល​​របស់​ខ្លួន​​នៅ​ក្នុង​ខេត្ត​នេះ ក្នុង​នោះ​មាន​ប្រាំមួយ​នាក់​នៅ​ក្នុង​​ឃុំរកា ស្រុក​សង្កែ ជា​ទីដែល​អ្នកភូមិ​ជាង​២៣០​នាក់​​ត្រូវ​បាន​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​​កាលពី​៣ខែ​កន្លង​មក​នេះ​។

មន្ត្រី​បាន​​​បន្ទោស​លោក យ៉ែម ជ្រិន គ្រូពេទ្យ​គ្មានអាជ្ញាប័ណ្ណ​ថាជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​អេដស៍​នេះ​។ លោក យ៉ែម ជ្រិន បាន​សារភាព​ថា ខ្លួន​តែងតែ​​ប្រើ​​សឺរ៉ាង​ដដែល​ៗឡើង​វិញ​​មែន ហើយ​លោក​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពីបទ​មនុស្ស​ឃាត​។ ការ​សិក្សា​ស្ទង់មតិ​មួយ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា មេរោគ​នេះ​ភាគច្រើនទំនង​ជា​ឆ្លង​រាល​ដាល​តាមរយៈ​ការ​ចាក់​ថ្នាំ និង​ព្យួរ​សេរ៉ូម​។

លោក ចាន់ សុផល អភិបាល​ខេត្ត​បាត់​ដំបង​បាន​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ចាប់​តាំង​ពី​លោក យ៉ែម ជ្រិន ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​កាលពី​​ថ្ងៃទី២២ ខែ​ធ្នូ​មក មាន​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​យ៉ាង​តិច​ចំនួន​ប្រាំ​បួន​នាក់​​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​ត្រូវ​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ព្យាបាល​របស់​ខ្លួន​។

លោក សុផល បាន​មាន​ប្រសាសន៍​ថា “យើង​បាន​បញ្ឈប់​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ប្រហែល​ប្រាំបួន​នាក់​ដែល​គ្មាន​ជំនាញ​ និង​បច្ចេកទេស​នៅ​ក្នុង​ខេត្ត​បាត់ដំបង”។ លោក​បាន​បន្ថែម​ថា ការ​ស៊ើបអង្កេត​លើ​លោក​ យ៉ែម ជ្រិន កំពុង​តែ​បន្ត​។

លោក សុផល បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ​ ប៉ុន្តែ​លោក វឿង ប៊ុនរ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ​បាន​លើក​ឡើង​ថា ​គ្រូពេទ្យ​គ្មានអាជ្ញាប័ណ្ណ​ចំនួន​ប្រាំមួយ​នាក់​​ក្នុង​ចំណោម​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ទាំង​ប្រាំបួន​នាក់​ គឺ​សុទ្ធ​តែ​នៅ​ក្នុង​ឃុំរកា។

លោក ប៊ុនរ៉េត បានមាន​ប្រសាសន៍​ថា “យើង​បាន​រក​ឃើញ​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ចំនួន​ប្រាំមួយ​នាក់ ដែល​​តែង​តែ​ចុះ​ទៅ​តាម​ផ្ទះ​របស់​អ្នកភូមិ​ដើម្បី​ចាក់​ថ្នាំ និង​ព្យាបាល​អ្នក​ជំងឺ​នៅ​ក្នុង​ឃុំរកា ហើយ​យើង​បាន​បញ្ជា​ឲ្យពួកគេ​បញ្ឈប់​ការ​ព្យាបាល​នេះ​”។

ក្រសួង​សុខាភិបាល​ និង​ក្រសួង​មហាផ្ទៃ​​បាន​​ចាប់​ផ្ដើម​គំនិត​ផ្ដួច​ផ្ដើម​រួម​គ្នា​មួយ​​​នៅ​ដើម​ខែនេះ ដើម្បី​លុប​បំបាត់​កន្លែង​​ព្យាបាល​គ្មាន​អាជ្ញាប័ណ្ណ​នៅទូទាំង​ប្រទេស​ ដែល​តែង​តែ​ផ្ដល់​តម្លៃ​ថោក និង​មាន​ភាព​ងាយ​ស្រួល​ជាង​កន្លែង​ព្យាបាល​​របស់​រដ្ឋ​។

លោក ទិត ឃីមុយ ប្រធាន​គម្រោង​នៅ​អង្គការ​ខាណា ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្ដល់​ការ​គាំទ្រ និង​​ទប់​ស្កាត់​មេរោគអេដស៍​ ដែល​កំពុង​ផ្ដល់ជំនួយ​ដល់​អ្នកភូមិ​ឃុំរកា​​​បាន​លើក​ឡើង​ថា គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ទាំង​ប្រាំពីរ​នាក់​ នៅ​ក្នុង​ឃុំ​នេះ​​​​ដែល​ជា​គោល​ដៅ​របស់​អាជ្ញាធរ​ក្នុង​នោះ​រួម​ទាំង​លោក យ៉ែម ជ្រិន ផង​​កម្រ​ផ្ដល់​ការ​ព្យាបាល​ពិត​ប្រាកដ​ណាស់​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​មិន​មែន​ជា​គ្រូពេទ្យ​ទេ។ ពួកគេ​គ្រាន់​តែទៅ​ព្យាបាល​អ្នកភូមិ ដោយ​ផ្ដល់​ត្រឹម​តែ​ការ​ចាក់​ថ្នាំប៉ុណ្ណោះ”។

ប៉ុន្តែ​លោកវេជ្ជបណ្ឌិត ឃីមុយ បាន​លើក​ឡើង​ទៀត​ថា អ្នកភូមិ​ដែល​ឆ្លង​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំរកា​បាន​បន្ទោស​តែ​ទៅ​លើ​លោក យ៉ែម ជ្រិន ​ម្នាក់ប៉ុណ្ណោះ​​ដែល​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​រាល​ដាល​នៃមេរោគ​អេដស៍​នេះ​ ដោយ​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ផ្សេងៗ​ទៀត​​​​រង​ការ​រិះគន់​ពី​អ្នកភូមិ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​។

ការ​​សិក្សា​ស្ទង់មតិ​របស់​រដ្ឋាភិបាល​​ដែល​បាន​​បញ្ចប់​កាលពី​ខែ​មុន​មិន​​​បាន​​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​ថា នរ​ណា​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​រាល​ដាល​នៃមេរោគ​អេដស៍​នេះ​ឡើយ។

ជា​ផ្នែក​នៃ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ឆ្លង​រាល​ដាល​នៃមេរោគ​អេដស៍​នៅ​ឃុំរកា​នេះ ​លោកស្រី ប៊ុន រ៉ានី ជា​ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​បាន​ចុះ​ទៅ​​ឃុំដែល​មាន​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​អេដស៍​នេះ​កាល​ពី​ថ្ងៃសុក្រ​។

អ្នកស្រី រឿន រ៉ាយ ភរិយា​របស់​ជំទប់​ឃុំ​ សឿម ឆម ​ដែល​ស្ថិត​ក្នុង​ចំណោម​​អ្នក​ដែល​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​បាន​លើក​ឡើង​ថា អ្នកស្រី​ និង​អ្នកភូមិ​ផ្សេងៗ​ទៀត​ដែល​ឆ្លង​មេរោគ​អេដស៍​ទទួល​បាន​​អង្ករ មី មុង កន្សែង និង​​ប្រាក់​ប្រហែល​២៥ដុល្លារ​ពី​លោកស្រី​ ប៊ុន រ៉ានី។

អ្នកស្រី រឿន រ៉ាយ បាន​អំពាវ​នាវ​សុំ​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា​​បន្ត​ផ្ដល់​ជំនួយ​តទៅ​ទៀត ព្រោះ​ថា គ្រួសារ​នីមួយ​ៗ​ដែល​មាន​សមាជិក​​ផ្ទុក​មេរោគ​អេដស៍​បាន​ចំណាយ​ប្រាក់​ជា​ប្រចាំ​នៅ​ក្នុង​ការ​​ថែទាំ​អ្នក​ជាទីស្រឡាញ់​របស់​ខ្លួន​ដែល​ឆ្លង​មេរោគ​អេដស៍។

អ្នកស្រី​បាននិយាយ​ថា “ខ្ញុំ​សូម​ស្នើ​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា​​មេត្តា​ជួយ​ខ្ញុំ និង​អ្នក​ភូមិ​ផ្សេងៗ​ទៀត​ដែល​ឆ្លង​មេរោគ​អេដស៍​តាម​រយៈ​ការ​ផ្គត់​ផ្គង់​អាហារ និង​ប្រាក់​ខ្លះៗ​ដើម្បី​ចិញ្ចឹម​ជីវិត​ក្នុង​មួយ​ខែៗ​ ព្រោះ​យើង​មិន​អាច​ធ្វើ​ការ​​ងារ​ដែល​យើង​ធ្លាប់​តែ​ធ្វើ​បានទៀត​ឡើយ”៕ ស៊ុយឈាង (រាយការណ៍​បន្ថែម​ដោយ Alex Consiglio)​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស