33 C
Phnom Penh

ទាហាន​​​បើក​​​វគ្គ​​​បណ្តុះ​​​​​​បណ្តាល​​​​​​ឧទ្យានុ​​រក្ស​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧទ្យានុ​​​រក្ស​​មួយ​ក្រុម​មាន​គ្នា​៥៦​នាក់​ មកពី​ក្រសួង​បរិស្ថាន​កាលពី​សប្ដាហ៍​មុន​បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​១ខែ​ក្នុង​រាជធានី​ភ្នំពេញ ដែល​រៀបចំ​ឡើង​ដោយ​កង​យោធពល​ខេមរភូមិន្ទ​ ដើម្បី​ជួយ​សង្គ្រោះ​តំបន់​ការ​ពារ​ក្នុង​ប្រទេស​កម្ពុជា​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់ ដែលជា​វគ្គ​បណ្ដុះ​បណ្ដាល​លើក​ទី១​សម្រាប់​ឧទ្យា​​​នុរក្ស​ក្នុង​ប្រទេស​កម្ពុជា។

លោក សៅ សុភាព អ្នក​នាំ​​​ពាក្យ​ក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ឧទ្យា​​​នុរក្ស​ទាំង​នេះ​មកពី​តំបន់​ការ​ពារ​ចំនួន​២៣​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​​​ក្រសួង និង​អ្នក​​​ផ្សេង​ទៀត​​ស្ថិត​ក្រោម​ការ​​​គ្រប់​គ្រង​របស់​ក្រសួង​កសិកម្ម​ ហើយ​បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

បើទោះ​​​ជា​​​​ឧទ្យានុរក្ស​ទាំង​នេះ​ទទួល​​​បាន​​​ការ​បណ្ដុះ​បណ្ដាល​មុនៗ​​ពី​ក្រសួង​នេះ និង​អង្គការ​មិន​មែន​រដ្ឋា​​​ភិបាល​​​ក៏ដោយ ក៏​​​លោក សៅ សុភាព បាន​មាន​ប្រសាសន៍​ថា នេះ​​​គឺ​ជា​លើក​​​ទី​១​ហើយ​ដែល​កង​យោធពល​ខេ​​មរ​​​ភូមិន្ទ​បាន​ចូល​រួម​។

​វគ្គ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​១ខែ​ដែល​រៀបចំ​ឡើង​ដោយ​លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន និង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​នាយ​​​រង​​​សេ​​​នា​​​ធិការ​ចម្រុះ​នៃ​​​កង​យោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ក្រុម​ការ​ងារប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ក្រសួង​ការ​ពារ​ជាតិ។

អ្នក​នាំ​​​ពាក្យ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “យើង​មាន​ការ​ព្រម​ព្រៀង​ជាមួយ​​​​​សេនា​ធិការ​ចម្រុះ​កង​យោធពល​ខេមរ​​​ភូមិន្ទ និង​ក្រុម​ការ​ងារ​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​ភេរវ​​​កម្ម​ ដើម្បី​ធ្វើ​ឲ្យ​ការ​ល្បាត​នៅ​ក្នុង​តំបន់​ការ​ពារ​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង ជា​​​ពិសេស​​​ដើម្បី​​​កាត់បន្ថយ​​​បទ​​​ឧក្រិដ្ឋ​​​ព្រៃ​​​ឈើ​។ យើង​សង្ឃឹម​ថា សិក្ខាកាម​ទាំង​នេះ​នឹង​ចែក​រំលែក​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​​​ជាមួយ​ឧទ្យា​​​នុរក្ស​ដទៃ​​​ទៀត​”។

លោក​​​បាន​​​បន្ថែម​​​ថា ឧទ្យានុរក្ស​ទាំង​នេះ​បើ​ទោះ​​​ជា​​​មិន​​​មាន​អាវុធ​ក៏ដោយ ក៏​​​ពួក​​​គេ​អាច​ធ្វើការ​​​ចាប់​ខ្លួន​បាន​ដែរ ហើយ​​ត្រូវ​រាយការណ៍​ពី​​​ការ​កាប់​ឈើ​ខុស​ច្បាប់​​ដល់​នគរ​បាល​។ លោក​បាន​មាន​ប្រសាសន៍​ថា ទោះ​​​យ៉ាងណា​​​ ឧទ្យានុរក្ស​ទាំង​នេះ​បាន​រៀន​ជំនាញ​ដ៏​​​មាន​តម្លៃ រួម​ទាំង​​​​របៀប​​រស់​នៅ​ក្នុង​ព្រៃឈើ​រយៈ​ពេល​ជា​ច្រើន​​ថ្ងៃ​ ប្រសិន​បើ​ពួកគេ​វង្វេង​ផ្លូវ​នៅ​ពេល​ល្បាត​ជាដើម​​​។

ការ​កាប់​ឈើ​ខុស​ច្បាប់​កើត​មាន​ទូទៅ​​​​ក្នុង​ឧទ្យាន​​​ជាតិ​ ដែន​ជម្រក​សត្វព្រៃ និង​ព្រៃ​ការ​ពារ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​អ្នក​​​ភូមិ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​​កត់​សម្គាល់​ឃើញ​ថា ទាហាន​ និង​ឧទ្យានុរក្ស​ដែល​ទទួល​បន្ទុក​ក្នុង​កិច្ចការ​របស់​ខ្លួន​តែង​តែ​​​ជា​​​អ្នក​​​​ជាប់​ពាក់​ព័ន្ធ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ខណៈ​ដែល​ដឹក​​​ឈើ​ខុស​ច្បាប់​​ឆ្លង​កាត់​ប្រទេស​។

លោក ឆាយ ធី អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដ​​​ហុក​ប្រចាំ​ខេត្ត​មណ្ឌល​គិរី​ដែល​​​ជា​​​ចំណុច​ក្ដៅ​នៃ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​បាន​មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះ​បណ្ដាល​ថ្មីៗ​នេះ​​​នឹង​​​គ្មាន​​​អ្វី​​​ផ្លាស់​​​ប្តូ​​រ​​​ឡើយ​​​​​​​បើ​​​គ្មាន​​​ឆន្ទៈ​​​ក្នុង​​​ការ​​​​​​​លុប​បំបាត់​អាជីវកម្ម​​​ខុស​ច្បាប់​​​នៅ​​​ថ្នាក់​​​កំពូលៗ​​​ក្នុង​​​ជួរ​​​រដ្ឋា​​​ភិ​​​បាល​​​ទេ​​​នោះ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “យើង​ឃើញ​ថា លោក​នាយក​រដ្ឋមន្ត្រី​​បាន​ចេញ​​​​បញ្ជា​ឲ្យ​ចាត់​វិធាន​​​ការ​ប្រឆាំង​បទ​ល្មើស​ព្រៃ​ឈើ​ពី​មុន​មក ប៉ុន្តែ​នៅ​​តែ​បន្ត​មាន​ដដែល​ ពីព្រោះ​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​អនុវត្ត​បទបញ្ជា​នោះ​ឡើយ។

លោក សៅ សុភាព បាន​​​មាន​ប្រសាសន៍​ថា កង​យោធ​​​ពល​​​ខេមរ​​​ភូមិន្ទ​​ជា​ស្ថាប័ន​មួយ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​បណ្ដុះ​បណ្ដាល​អ្នក​ដទៃ​​​ទៀត​ពី​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​ការ​​​​កាប់​ឈើ​ខុស​ច្បាប់។

លោក​បាន​​​មាន​ប្រសាសន៍​ថា “យើង​មិន​អាច​និយាយ​ថា កង​យោធពល​​​ខេរមភូមិន្ទ​បាន​ធ្វើ​ខុស​ទេ គឺបុគ្គល​តែ​បុណ្ណោះ។ ដូច្នេះ​បុគ្គល​ទាំង​នោះ​ត្រូវ​ប្រឈមមុខ​នឹង​ច្បាប់”៕ សារុន (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស