រយៈពេលជិតមួយឆ្នាំបន្ទាប់ពីក្រុមហ៊ុនកូកាកូឡា ដែលជាក្រុមហ៊ុនភេសជ្ជៈខ្នាតយក្សបានបញ្ជូនអ្នកស្រាវជ្រាវមួយក្រុមមកកាន់ប្រទេសកម្ពុជា ដើម្បីសើុបអង្កេតករណីរំលោភសិទ្ធិមនុស្សពីសំណាក់បណ្តាក្រុមហ៊ុនផលិតស្ករសដែលជួយធ្វើឲ្យភេសជ្ជរបស់ខ្លួនមានរសជាតិផ្អែមមកនោះ អង្គការមិនមែនរដ្ឋាភិបាលនានា និងគ្រួសារដែលបានបាត់បង់ដីធ្លីទៅលើចម្ការរបស់ក្រុមហ៊៊ុនផ្គត់ផ្គង់ទាំងនោះ និយាយថា មានការកែប្រែតិចតួច ឬក៏គ្មានសោះតែម្តង។
អ្នកស្រាវជ្រាវទាំងនេះបានចំណាយពេលជាងមួយសប្តាហ៍កាលពីចុងខែកុម្ភៈ និងដើមខែមីនា ឆ្នាំ២០១៤ដោយចុះទៅពិនិត្យមើលស្ថានភាពគ្រួសារដែលត្រូវបានបណ្តេញចេញពីដីស្រែចម្ការរបស់ខ្លួនពីសំណាក់ចម្ការអំពៅរបស់ក្រុមហ៊ុនថៃ ដែលផ្គត់ផ្គង់ស្ករសដល់ក្រុមហ៊ុនកូកាកូឡា។ ការចុះពិនិត្យមើលស្ថានភាពនេះធ្វើឡើងក្រោយពីក្រុមហ៊ុនភេសជ្ជៈនេះបានសន្យាកាលពីឆ្នាំ២០១៣ថា ខ្លួននឹង “មិនអត់ឱនឲ្យជាដាច់ខាត” ចំពោះការចាប់យកដីធ្លីពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ស្ករសរបស់ខ្លួន។
ជាផ្នែកមួយនៃការសន្យានេះ ក្រុមហ៊ុនកូកាកូឡាបានលើកឡើងថា ខ្លួននឹងចាប់ផ្តើមធ្វើសវនកម្មទូទាំងពិភពលោករយៈពេលរាប់ឆ្នាំទៅលើសង្វាក់ផ្គត់ផ្គង់របស់ខ្លួនដោយចាប់ផ្តើមពីប្រភពសំខាន់ៗរបស់ខ្លួនរួមមានទាំងក្រុមហ៊ុនមីត ផុល (Mitr Phol) របស់ថៃដែលមានភាគហ៊ុននៅក្នុងចម្ការអំពៅចំនួនបីក្នុងខេត្តឧត្តរមានជ័យ ផងដែរ។
អង្គការអក់ហ្វាម (Oxfam) ជាអង្គការតស៊ូមតិអន្តរជាតិដែលបានជួយជំរុញឲ្យក្រុមហ៊ុនកូកាកូឡា ចាត់វិធានការនេះ បានលើកឡើងថា ក្រុមហ៊ុនផលិតសូដានេះក៏ទទួលប្រភពផ្គត់ផ្គង់ពីក្រុមហ៊ុនថេត អែន លីល (Tate & Lyle) របស់ចក្រភពអង់គ្លេស ដែលទទួលបានការផ្គត់ផ្គង់ស្ករសពីក្រុមហ៊ុនថៃ មួយទៀតដែលមានចម្ការអំពៅនៅក្នុងខេត្តកោះកុង។
ចម្ការអំពៅកម្ពុជា រួមទាំងចម្ការអំពៅចំនួនពីរដែលក្រុមអ្នកស្រាវជ្រាវបានចុះទៅពិនិត្យមើលនៅក្នុងខេត្តកំពង់ស្ពឺផងនោះ គឺជាកម្មសិទ្ធិរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច ដែលរងការចោទប្រកាន់ថាបានលួចប្លន់ផ្ទះនិងដីស្រែចម្ការពីប្រជាពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារជាថ្នូរនឹងការផ្តល់សំណងដ៏តិចតួចដល់ពួកគាត់ ឬក៏គ្មានសោះតែម្ដង។ គ្រួសារខ្លះក្នុងចំណោមគ្រួសារទាំងនោះដែលអះអាងថាបានកាន់កាប់ដីរបស់ខ្លួនរាប់ទសវត្សរ៍មកហើយ និយាយថា ពួកគាត់ថែមទាំងរងការបាញ់ប្រហារ និងវាយដំពីសំណាក់នគរបាល ឬទាហានដែលជួយក្រុមហ៊ុនទាំងនោះ ហើយឈរមើលការដុតបំផ្លាញផ្ទះរបស់ពួកគាត់ខ្ទេចគ្មានសល់ទៀតផង។
លោក ទ្មិន ទី ដែលបានបាត់បង់ដីស្រែចម្ការ៥ហិកតារបស់គាត់នៅក្នុងខេត្តឧត្តរមានជ័យទៅលើចម្ការមួយរបស់ក្រុមហ៊ុនមីត ផល ក្នុងឆ្នាំ២០០៨ បានជួបជាមួយក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនកូកាកូឡាកាលពីឆ្នាំមុន។
គាត់និយាយថា គាត់មានសង្ឃឹមតិចតួចណាស់ដែលគិតថាក្រុមហ៊ុនភេសជ្ជៈមួួយនេះអាចធ្វើបានដើម្បីជួយដល់គ្រួសាររងគ្រោះសូម្បីនៅពេលនោះ បន្ទាប់ពីនគរបាលមូលដ្ឋានដែលបានដើរតាមអ្នកស្រាវជ្រាវទាំងនេះគ្រប់ជំហាន បានដាក់សម្ពាធឲ្យពួកគេលុបចោលគម្រោងជួបជុំជាមួយប្រជាពលរដ្ឋដែលរងការបណ្តេញចេញនៅក្នុងសហគមន៍។ ហើយពេលនេះគាត់មានសង្ឃឹមកាន់តែតិចជាងមុនទៅទៀត។
គាត់និយាយទៀតថា គាត់មិនទទួលបានដំណឹងពី ឬអំពីក្រុមហ៊ុនកូកាកូឡាឡើយចាប់តាំងការចុះទៅពិនិត្យមើលស្ថានភាពនោះមក ហើយថា ក្រុមហ៊ុនមីត ផល មិនបានធ្វើអ្វីដើម្បីជួយដល់គ្រួសារទាំងនេះទេ។ គាត់ និងអ្នកដែលរងការបណ្តេញចេញម្នាក់ទៀតថែមទាំងបានធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ទៀតផងកាលពីខែវិច្ឆិកា ដើម្បីលើកឡើងពីករណីរបស់ខ្លួនប្រាប់ដល់គណៈគ្រប់គ្រងក្រុមហ៊ុនមីត ផល ដោយផ្ទាល់ ប៉ុន្តែមិនទទួលបានជោគជ័យ។
គាត់និយាយថា “យើងបានស្នើសុំឲ្យក្រុមហ៊ុនជួយស្វែងរកដំណោះស្រាយឲ្យយើង ហើយពួកគេបានសន្យាឲ្យយើងដឹងនៅខែមករា។ ប៉ុន្តែពួកគេមិនទាន់មកជួបពួកយើងទេ”។
លោក ហូយ ឈួយ ដែលបានបាត់បង់ដីស្រែចម្ការប្រាំហិកតា និងផ្ទះរបស់គាត់ទៅលើចម្ការរបស់ក្រុមហ៊ុនមីត ផុល ក៏បាននិយាយដែរថា គ្រួសារដែលរងការបណ្តេញចេញនៅក្នុងខេត្តឧត្តរមានជ័យ មិនទទួលបានអ្វីទាំងអស់ពីក្រុមហ៊ុនថៃ មួយនេះ ចាប់តាំងពីក្រុមហ៊ុនកូកាកូឡា បានចុះទៅពិនិត្យមើលស្ថានភាពនោះមក។
គាត់និយាយថា ចម្ការទាំងនេះមិនបានផ្តល់សំណងដល់គាត់ទេ នៅពេលចាប់យកដីធ្លី និងផ្ទះរបស់គាត់កាលពីប៉ុន្មានឆ្នាំមុន ដោយបង្ខំឲ្យបុរសកសិករវ័យ៤៩ឆ្នាំរូបនេះរើទៅរស់នៅជាមួយកូនប្រុសរបស់គាត់។ គាត់បាននិយាយបន្តថា “ខ្ញុំកើតទុក្ខណាស់ដោយសារតែអាជ្ញាធរមិនបានរកយុត្តិធម៌ឲ្យយើង បន្ទាប់ពីពួកយើងបានបាត់បង់ធីធ្លីទាំងអស់”។
បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវផ្ទាល់ខ្លួនកាលពីឆ្នាំមុន គណៈកម្មការជាតិទទួលបន្ទុកសិទ្ធិមនុស្សរបស់ថៃ កាលពីខែសីហា បានបំភ្លឺជុំវិញសេចក្តីរាយការណ៍ដែលលើកឡើងថា ចម្ការរបស់ក្រុមហ៊ុនមីត ផុល បានចាប់យកដីធ្លីរបស់គ្រួសារទាំងនេះដោយខុសច្បាប់។
ប៉ុន្តែអង្គការអក់ហ្វាម និងអង្គការសមធម៌កម្ពុជា ដែលស្ថិតក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលតស៊ូមតិជួសមុខឲ្យគ្រួសារទាំងនេះ មើលមិនឃើញការប្រសើរឡើងណាមួយសម្រាប់គ្រួសារទាំងនេះទេ ចាប់តាំងពីការចុះពិនិត្យមើលស្ថានភាពរបស់ក្រុមហ៊ុនកូកាកូឡាមក។
យោងតាមអង្គការអក់ហ្វាម បានឲ្យដឹងថា អ្នកស្រាវជ្រាវទាំងនេះបានលើកឡើងអំឡុងពេលចុះពិនិត្យមើលស្ថានភាពរបស់ខ្លួនថា ខ្លួននឹងចេញរបាយការណ៍មួយស្តីពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួននៅពេលក្រោយក្នុងឆ្នាំនោះ តែក៏មិនឃើញចេញដែរ។
លោក គ្រីស អេចខេមែនស៍ (Chris Eijkemans) នាយកអង្គការអក់ហ្វាម ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍នៅសប្តាហ៍នេះថា ក្នុងឋានៈជាអ្នកទិញស្ករសធំបំផុតក្នុងពិភពលោក ក្រុមហ៊ុនកូកាកូឡា មាន “អំណាចធំធេងណាស់” ដើម្បីជះឥទ្ធិពលលើបណ្តាក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន និងឧស្សាហកម្មនេះទាំងមូល។
លោកបានមានប្រសាសន៍ថា “អង្គការអក់ហ្វាម និងបណ្តាដៃគូកំពុងធ្វើការជាមួយគ្នាដើម្បីធានាថា ក្រុមហ៊ុនកូកាកូឡា អនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឲ្យក្រុមហ៊ុនផ្គត់ផ្គង់នានារបស់ខ្លួនយកចិត្តទុកដាក់លើបញ្ហារំលោភសិទ្ធិមនុស្ស និងស្វែងរកវិធានការកែតម្រូវលើចំណុចដែលចាំបាច់។ យើងសង្ឃឹមថា ក្រុមហ៊ុនកូកាកូឡា និងភាគីពាក់ព័ន្ធ នឹងផ្តល់បច្ចុប្បន្នភាពលើស្ថានការណ៍វិវឌ្ឍជាសាធារណៈក្នុងឆាប់ៗ”។
ចំណែកឯក្រុមហ៊ុនកូកាកូឡា និយាយថា ខ្លួននឹងចេញផ្សាយលទ្ធផលនៃការចុះពិនិត្យមើលស្ថានភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៤ឡើយ ប៉ុន្តែប្រហែលជាបញ្ចេញការសិក្សាស្រាវជ្រាវបន្ថែមទៀតដែលខ្លួនគ្រោងធ្វើនៅប៉ុន្មានឆ្នាំខាងមុខ។
លោកស្រី សារ៉ូលីន ចូយ (Sharolyn Choy) អ្នកនាំពាក្យក្រុមហ៊ុនកូកាកូឡា ប្រចាំតំបន់ប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “ការសិក្សាស្រាវជ្រាវនេះ [នៅក្នុងប្រទេសកម្ពុជា] មិនមែនជាការធ្វើសវនកម្មលើការអនុលោមតាមបទប្បញ្ញត្តិសង្គមទេ ប៉ុន្តែវាជាដំណើរការមួយដែលបានប្រមូលអង្គហេតុ និងទស្សនៈផ្សេងៗ។ ដូច្នេះហើយ ក្រុមហ៊ុននឹងមិនចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវនៅកម្ពុជា ឡើយ។ ការសិក្សាស្រាវជ្រាវនេះខុសប្លែកពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការសិក្សាស្រាវជ្រាវជាមូលដ្ឋាននៅប្រទេសជាភាគីទី៣ ដែលក្នុងនោះ យើងនឹងពិនិត្យមើលបញ្ហាសិទ្ធិដីធ្លីនៅក្នុងប្រទេសរហូតដល់ទៅ៣០ត្រឹមឆ្នាំ២០២០ ដែលប្រហែលជាធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មនេះ និងនិយោជិតដែលបម្រើការងារក្នុងឧស្សាហកម្មនេះនៅក្នុងសង្វាក់ផ្គត់ផ្គង់ស្ករសរបស់ប្រព័ន្ធក្រុមហ៊ុនកូកាកូឡា។ ក្រុមហ៊ុននឹងចេញផ្សាយការសិក្សាទាំងនេះនៅពេលសិក្សាចប់រួចរាល់”។
លោកស្រីបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនកូកាកូឡា មិនបានលុបចោលកិច្ចសន្យារបស់ខ្លួនជាមួយក្រុមផ្គត់ផ្គង់ថៃ ណាមួយរបស់ខ្លួននោះទេ ហើយការពិភាក្សាជាមួយក្រុមហ៊ុនទាំងនោះកំពុងតែដំណើរការ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា អង្គការរបស់លោកបានផ្តល់ព័ត៌មានបច្ចុប្បន្នភាពជាប្រចាំស្តីពីប្រជាពលរដ្ឋដែលរងការបណ្តេញចេញដល់ក្រុមហ៊ុនកូកាកូឡា ចាប់តាំងពីក្រុមហ៊ុននេះបានចុះទៅពិនិត្យមើលស្ថានភាពកាលពីមួយឆ្នាំមុនមក ហើយអង្គការរបស់លោកមានកម្លាំងចិត្តធ្វើបែបនេះដោយសារមានសេចក្តីរាយការណ៍ពីសាលាខេត្តឧត្តរមានជ័យ កាលពីពីរខែមុនថា សម្បទានដីរបស់ចម្ការមួយក្នុងចំណោមចម្ការទាំងនោះត្រូវបានលុបចោល។
ប៉ុន្តែលោកបានមានប្រសាសន៍ថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនមីត ផុល បានបដិសេធមិនបញ្ជាក់ទេជុំវិញដំណឹង។ ហើទោះបីជាសម្បទានដីនោះត្រូវបានលុបចោលក្តី ក៏គេនៅតែរង់ចាំមើលថា តើគ្រួសារដែលត្រូវបានបណ្តេញចេញពីដីនោះ នឹងទទួលបានដីនោះត្រឡប់មកវិញឬយ៉ាងណា
លោកបានបន្តថា “ខ្ញុំប្រាកដថា ពួកគេ [ក្រុមហ៊ុនកូកាកូឡា] បានខិតខំណាស់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ប៉ុន្តែអ្វីដែលពួកគេកំពុងធ្វើ ខ្ញុំមិនប្រាកដទេ។ ការវិវឌ្ឍយឺតយ៉ាវដូចដែលយើងមើលឃើញស្រាប់។ ប៉ុន្តែយ៉ាងហោចណាស់ ទោះជាពេលនេះគ្មានលទ្ធផល ក៏យើងមើលឃើញការវិវឌ្ឍខ្លះៗដែល”។
លោក យឿន ប៊ុនថាន ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា
កាលពីចុងឆ្នាំ២០១៤ ចម្ការទាំងនោះបានយល់ព្រមប្រគល់ដីខ្លះជូនរដ្ឋវិញ ប៉ុន្តែជាក់ស្តែងមិនទាន់បានប្រគល់ឲ្យវិញទេ។
លោកបានបដិសេធមិនឆ្លើយសំណួរបន្ថែមទៀតទេ ហើយបានបង្វែរសំណួរទៅលោក វ៉ាត ប៉ារ៉ានិន អភិបាលរងខេត្ត។ចំណែកឯលោក វ៉ាត ប៉ារ៉ានិន បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយបានបង្វែរសំណួរទៅលោក អ៊ុក សុភ័ក្ត្រ អភិបាលក្រុងសំរោង ដែលបានបង្វែរសំណួរទៅលោក វ៉ាត ប៉ារ៉ានិន វិញ។
ចំណែកឯក្រុមហ៊ុនមីត ផុល មិនបានឆ្លើយតបនឹងសំណើសុំការឆ្លើយបំភ្លឺទេ ប៉ុន្តែកាលពីលើកមុនធ្លាប់បានបដិសេធថា ខ្លួនមិនបានធ្វើអ្វីខុសឡើយ។
នៅក្នុងការអត្ថាធិប្បាយដែលខ្លួនបានផ្ញើកាលពីឆ្នាំ២០១២ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងធនធានសិទ្ធិមនុស្ស (Business and Human Rights Resource Center) ជាអង្គការមិនស្វែងរកប្រាក់កម្រៃដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក្រុមហ៊ុនមីត ផុល បានលើកឡើងថា ខ្លួនមិនបានគាំទ្រការទន្ទ្រានយកដីកម្មសិទ្ធិឯកជន ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជនឡើយ។ ក្រុមហ៊ុននេះបាននិយាយទៀតថា ខ្លួនបានអនុវត្តរាល់ច្បាប់ដែលមានសុពលភាពនៅក្នុងការទទួលបានដីនៅខេត្តឧត្តរមានជ័យ ហើយថា “មន្ត្រីមានសមត្ថកិច្ច” ដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ បានពិភាក្សាជាមួយសហគមន៍ក្នុងមូលដ្ឋានជាមុនរួចរាល់ហើយ ហើយនេះជាការអះអាងដែលសហគមន៍ទាំងនេះច្រានចោលរហូតមក។
ក្រុមហ៊ុនមីតផុល ក៏បានអះអាងទៀតថា ចម្ការទាំងនេះបានជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋាន ជាការអះអាងមួយទៀតដែលសហគមន៍ទាំងនេះច្រានចោលដូចគ្នា៕ សុខុម