ក្រុមមន្ត្រីបានឲ្យដឹងថា កាលពីយប់ថ្ងៃអាទិត្យនគរបាលខេត្តស្វាយរៀងបានចាប់ខ្លួនឪពុកម្ដាយរបស់ឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ ដែលកំពុងរត់គេចខ្លួន និងដែលនគរបាលកំពុងតាមចាប់ខ្លួនពីបទរៀបចំផែនការធ្វើឃាតលោក អុឹង ម៉េងជឺ កាលពីខែវិច្ឆិកា ខណៈពួកគាត់ទាំងពីរនាក់ប៉ុនប៉ងរត់គេចទៅប្រទេសវៀតណាមតាមរយៈរថយន្តសង្គ្រោះបន្ទាន់។
យោងតាមមេធាវីរបស់ឪពុកម្ដាយលោក ថោង សារ៉ាត់ បានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបញ្ជូនឪពុកម្ដាយរបស់លោក ថោង សារ៉ាត់ ត្រឡប់ទៅពន្ធនាគារវិញពីបទរំលោភលើលក្ខខណ្ឌសុំនៅក្រៅឃុំ។ ដំបូងឡើយ ពួកគាត់ទាំងពីរនាក់ត្រូវបានបញ្ជូនទៅពន្ធនាគារពីបទរក្សាទុកអាវុធកាលពីថ្ងៃទី៧ ខែធ្នូ ក្រោយពេលនគរបាលបានឆ្មក់ចូលភូមគ្រឹះរបស់គ្រួសារពួកគាត់នៅក្នុងរាជធានីភ្នំពេញ ដោយរកឃើញអាវុធខុសច្បាប់មួយចំនួន។
បន្ទាប់ពីការដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី៧ ខែកុម្ភៈ លោក ថោង ចំរើន និងអ្នកស្រី កែវ សាវី ជាឪពុកម្ដាយរបស់លោក ថោង សារ៉ាត់ ត្រូវបានបង្គាប់មិនឲ្យចាកចេញពីប្រទេសឡើយប្រសិនបើគ្មានមេធាវីរបស់ខ្លួនដែលត្រូវស្នើសុំការអនុញ្ញាតពីតុលាការទៅជាមួយទេនោះ។
លោក ស៊ី សត្យា មេធាវីរបស់ឪពុកម្ដាយលោក ថោង សារ៉ាត់ បានមានប្រសាសន៍បន្ទាប់ពីលោក ថោង ចំរើន និងអ្នកស្រី កែវ សាវី ត្រូវចៅក្រមស៊ើបសួរ លី សុខឡេង សាកសួរកាលពីព្រឹកម្សិលមិញថា “តុលាការបានសម្រេចឃុំខ្លួនពួកគាត់ ព្រោះតុលាការអះអាងថា ពួកគាត់រំលោភសេចក្ដីបង្គាប់របស់តុលាការ។ ពួកគាត់គ្មានបំណងរត់គេចខ្លួនឡើយ”។ លោកបានពន្យល់ថា ឪពុកម្ដាយរបស់លោក ថោង សារ៉ាត់ បានជិះរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ។
តែទោះជាយ៉ាងណា លោក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីបានលើកឡើងថា នគរបាលខេត្តព្រៃវែងបានចាប់ខ្លួនឪពុកម្ដាយរបស់លោក ថោង សារ៉ាត់ ខណៈពួកគាត់កំពុងធ្វើដំណើរទៅកាន់ព្រំដែនវៀតណាម។
លោកបានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនពួកគាត់ ខណៈពួកគាត់កំពុងធ្វើដំណើរទៅវៀតណាម។ គាត់ [លោក ថោង ចំរើន] ចង់ទៅព្យាបាលជំងឺនៅប្រទេសវៀតណាម។ វាមិនដូចទៅនឹងអ្វីដែលមេធាវីបាននិយាយឡើយ”។
លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង បានលើកឡើងថា មន្ត្រីរបស់លោកបានចាប់ខ្លួនឪពុកម្ដាយរបស់លោក ថោង សារ៉ាត់ នៅតាមបណ្ដោយផ្លូវជាតិលេខ១ នៅក្នុងឃុំអ្នកលឿង ខណៈរថយន្តសង្គ្រោះបន្ទាន់កំពុងធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានចាប់ខ្លួនប្ដីប្រពន្ធទាំងពីរនាក់នេះនៅម៉ោង៩និង៣០យប់កាលពីម្សិលមិញតាមបទបញ្ជាពីស្នងការនគរបាលខេត្តព្រៃវែង”។ លោកបានបន្ថែមថា អ្នកបើកបរម្នាក់ និងស្ត្រីម្នាក់ដែលស្ថិតក្នុងឯកសណ្ឋានជាគិលានុបដ្ឋាយិកាក៏ស្ថិតនៅក្នុងរថយន្តនេះដែរ។
លោក ពន្លក បានលើកឡើងទៀតថា ឪពុកម្ដាយរបស់លោក ថោង សារ៉ាត់ បានជិះរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន ប៉ុន្តែថា លោកមិនបានសរសេរឈ្មោះគ្លីនិកនេះនៅក្នុងរបាយការណ៍របស់លោកឡើយ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “បន្ទាប់ពីយើងបានចាប់ខ្លួនពួកគាត់ យើងបានប្រគល់ពួកគាត់ទៅឲ្យកងកម្លាំងនគរបាលរាជធានីភ្នំពេញ”។
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
បញ្ហាសុខភាពរបស់លោក ថោង ចំរើន គឺជាមូលហេតុដែលធ្វើឲ្យសាលាដំបូងរាជធានីសម្រេចដោះលែងពួកគាត់ឲ្យនៅក្រៅឃុំកាលពីដើមខែនេះ ហើយលោក សត្យា បានលើកឡើងថា សុខភាពរបស់លោក ថោង ចំរើន នៅតែគួរឲ្យព្រួយបារម្ភ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើតុលាការបន្តឃុំខ្លួនគាត់ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់គាត់។ គាត់អាចស្លាប់ព្រោះជំងឺថ្លើមរបស់គាត់ធ្ងន់ធ្ងរណាស់”។
នៅពេលចូលទៅក្នុងតុលាការកាលពីម្សិលមិញ លោក ថោង ចំរើន ដែលមានឧបករណ៍ជំនួយបេះដូងជាប់ខ្លួន និងអ្នកស្រី កែវ សាវី មិនខ្វាយខ្វល់នឹងសំណួររបស់អ្នកយកព័ត៌មានឡើយ។
ឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ ដែលត្រូវបានចោទប្រកាន់ពីបទបញ្ជាឲ្យអង្គរក្សចំនួនបួននាក់របស់ខ្លួនធ្វើឃាតលោក អុឹង ម៉េងជឺ កំពុងរត់គេចខ្លួននៅឡើយ។ អង្គរក្សទាំងបួននាក់នេះកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារជាមួយអង្គរក្សទី៥ម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីខែមុនពីបទឲ្យម៉ូតូរបស់ខ្លួនទៅពួកគេ[អង្គរក្សទាំងបួន]ខ្ចី៕ ស៊ុយឈាង